​កម្មករ​រោងចក្រ​នៅ​កំពង់ចាម​ហែ​ក្បួន​តវ៉ា​ឲ្យ​ដោះលែង​តំណាង​របស់​ខ្លួន​៥​នាក់​​

ដោយ៖​ ឡេង ចាន់​រតនា​
ថ្ងៃសុក្រ ទី31 តុលា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

កម្មកររោងចក្រ Juhui Footwear Co.,Ltd ជួបជុំគ្នានៅមុខសាលាតំបូងខេត្តកំពង់ចាម (រូបពី៖ សហជីពស៊ីខាវឌូ)

​កម្មករ​រោងចក្រ ជូ ហួយ ហ្វ៊ូត​វែ (Juhui Footwear) ក្នុង​ខេត្ត​កំពង់ចាម​មាន​គ្នា​ប្រមាណ​៣០០​នាក់ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ធ្វើ​ការហែក្បួន​តវ៉ា​ទាមទារ​ឲ្យ​តុលាការខេត្ដ​នេះ ដោះ​តំណាង​ខ្លួន​៥​នាក់ និង​ទាមទារ​ឲ្យ​រោងចក្រ​ទទួល​កម្មករ​ដែរ​ត្រូវបាន​បញ្ឈប់​ចូលធ្វើការ​វិញ​។​

​មន្ដ្រី​ផ្នែក​ច្បាប់​នៅ​សហជីព​ស៊ី​ខៅ​ឌូ​លោក ប៊ុត ប៊ុន​ឈាន ឲ្យ​VOD​ដឹង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា កម្មករ​បាន​ហែ​ក្បួន​ទៅមុខ​សាលាដំបូង​ខេត្ដ​កំពង់ចាម ដើម្បី​ទាមទារ​តវ៉ា​ឲ្យ​ដោះលែង​តំណាង​របស់​ខ្លួន​៥​នាក់​ទៀត​ដែល​សមត្ថកិច្ច​បាន​ចាប់ខ្លួន​ទៅ​ដាក់​ពន្ធនាគារ​ខេត្ដ​កំពុងចាម​កាលពី​ថ្ងៃ​សៅរ៍ ទី​២៥ ខែតុលា ឆ្នាំ​២០១៤ ដែល​ក្រោយមក​អ្នក​ទាំង​៥​ត្រូវ​តុលាការ​បញ្ជូនទៅ​មន្ទី​ឃុំឃាំង​នៅ​ពន្ធនាគារ​វត្ដ​ធ្នង់​ជា​បណ្ដោះអាសន្ន​។​

​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន សមត្ថកិច្ច​ខេត្ត​កំពង់ចាម​បាន​ឃាត់ខ្លួន​កម្មករ  និង​សមាជិក​សហជីព​ស៊ី​ខៅ​ឌូ​ចំនួន​១០​នាក់ បន្ទាប់ពី​មាន​ករណី​ផ្ទុះ​ហិង្សា​រវាង​សមត្ថកិច្ច និង​កម្មករ ខណៈ​កម្មករ​តវ៉ា​ទាមទារ​លក្ខខណ្ឌ​ការងារ​ពី​ភាគី​រោងចក្រ ជូ ហួយ ហ្វ៊ូត​វែ ។ បន្ទាប់​ពី​តំណាង​អយ្យការ​បាន​សាកសួរ​ជន​ដែល​ត្រូវបាន​ចាប់ខ្លួន​ទាំង​នោះ នៅ​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ តុលាការ​បាន​សម្រេច​ដោះលែង​មនុស្ស​៥​នាក់ តែ​បន្ត​ឃុំខ្លួន​៥​នាក់​ទៀត ។​

​លោក ប៊ុត ប៊ុន​ឈាន បញ្ជាក់ថា ការហែក្បួន​របស់​កម្ម​ករ​នៅថ្ងៃនេះ គឺ​ដើម្បី​ទាមទារ​នូវ​ចំណុច​សំខាន់ៗ​៣ គឺ​ទី​១​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​តំណាង​របស់​ខ្លួន​៥​នាក់​ដែល​ជាប់​ឃុំឃាំង ទី​២​ស្នើឲ្យ​ក្រុមហ៊ុន​ទទួលយកក​ម្មករ​ដែ​ល​ក្រុមហ៊ុន​បាន​បញ្ឈប់​ឲ្យ​ពួកគាត់​បាន​ចូលធ្វើការ​វិញ និង​ទី​៣​ឲ្យ​ក្រុមហ៊ុន​គិត​ប្រាក់​រំ​ឮ​ក​ជូន​ពួកគាត់​ស្របតាម​ច្បាប់​។​

​កម្មការិនី​ដែល​បាន​ចូលរួម​ធ្វើការ​តវ៉ា​អ្នកស្រី ស​ត គន្ធា ប្រាប់ VOD នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​៣១​ខែ​តុលា​នេះ​ថា ខាង​តុលាការ​មិន​បាន​អើពើ និង​មិន​ចេញ​មក​ដោះស្រាយ​ឲ្យ​ពួកគាត់​នោះ​ទេ ។

អ្នកស្រី​អំពាវនាវ​ឲ្យ​រាជរដ្ឋាភិបាលជួយដោះ​ស្រាយ​បញ្ហា​របស់​កម្មករ និង​សំណូមពរ​ឲ្យ​តុលា​ដោះលែង​កម្មករ​ទាំង​៥​នាក់​ពីព្រោះ​ពួកគាត់​ជា​ជន​គ្មាន​កំហុស​។​

VOD​មិនទាន់​អាច​ស្វែងរក​ការទំនាក់ទំនង​ចៅក្រម​ដែល​កាន់​សំណុំរឿង​នេះ និង​ប្រធាន​តុលាការខេត្ត​កំពង់ចាម ដើម្បី​សុំ​ការអត្ថាធិប្បាយ​នៅឡើយ​ទេ ។​

​កម្មករ​រោងចក្រ ជូ ហួយ ហ្វ៊ូត​វែ បាន​ធ្វើ​ការតវ៉ា​ជា​ច្រើនលើក​ច្រើនសារ​ចាប់តាំងពី​ដើម​ខែ​តុលា​ម​ក ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​មួយចំនួន តែ​ពុំ​ទទួលបាន​ដំណោះស្រាយ​ច្បាស់លាស់​ណាមួយ ។ លក្ខខណ្ឌ​ការងារ​ទាំងនោះ​រួមមាន បន្ថែម​លុយ​បាយ​ថ្ងៃត្រង់ ស្នើ​ឲ្យ​ភាគី​ក្រុមហ៊ុន​គោរព​កិច្ចព្រមព្រៀង​ជាមួយ​កម្មករ​កាលពី​ឆ្នាំ ២០១២ ទាមទារ​លុយ​បន្ថែម​ម៉ោង​ពេល​ល្ងាច បន្ថែម​លុយ​ធ្វើដំណើរ និង​លុយ​ព្រីម​(​ប្រាក់​រង្វាន់​ទៀត​ទាត់​)​។​

​កម្មករ​ឲ្យដឹងថា​រោងចក្រ ជូ ហួយ ហ្វ៊ូត​វែ ស្ថិតក្នុង​ភូមិ​រវៀង ឃុំ​ខ្នរ​ដំបង ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម មាន​កម្មករ​សរុប​ជាង​៦​ពាន់​នាក់​៕

សូមសរសេរមកលោក ឡេង ចាន់​រតនា​ តាមរយៈ cjlengchanratana@gmail.com​​

What Next?

Recent Articles