ដោយ៖ ឡេង ចាន់រតនា
ថ្ងៃសុក្រ ទី31 តុលា 2014
http://vodhotnews.com
កម្មកររោងចក្រ ជូ ហួយ ហ្វ៊ូតវែ (Juhui Footwear) ក្នុងខេត្តកំពង់ចាមមានគ្នាប្រមាណ៣០០នាក់ នៅព្រឹកថ្ងៃសុក្រនេះ ធ្វើការហែក្បួនតវ៉ាទាមទារឲ្យតុលាការខេត្ដនេះ ដោះតំណាងខ្លួន៥នាក់ និងទាមទារឲ្យរោងចក្រទទួលកម្មករដែរត្រូវបានបញ្ឈប់ចូលធ្វើការវិញ។
មន្ដ្រីផ្នែកច្បាប់នៅសហជីពស៊ីខៅឌូលោក ប៊ុត ប៊ុនឈាន ឲ្យVODដឹងនៅថ្ងៃសុក្រនេះថា កម្មករបានហែក្បួនទៅមុខសាលាដំបូងខេត្ដកំពង់ចាម ដើម្បីទាមទារតវ៉ាឲ្យដោះលែងតំណាងរបស់ខ្លួន៥នាក់ទៀតដែលសមត្ថកិច្ចបានចាប់ខ្លួនទៅដាក់ពន្ធនាគារខេត្ដកំពុងចាមកាលពីថ្ងៃសៅរ៍ ទី២៥ ខែតុលា ឆ្នាំ២០១៤ ដែលក្រោយមកអ្នកទាំង៥ត្រូវតុលាការបញ្ជូនទៅមន្ទីឃុំឃាំងនៅពន្ធនាគារវត្ដធ្នង់ជាបណ្ដោះអាសន្ន។
កាលពីថ្ងៃសៅរ៍សប្តាហ៍មុន សមត្ថកិច្ចខេត្តកំពង់ចាមបានឃាត់ខ្លួនកម្មករ និងសមាជិកសហជីពស៊ីខៅឌូចំនួន១០នាក់ បន្ទាប់ពីមានករណីផ្ទុះហិង្សារវាងសមត្ថកិច្ច និងកម្មករ ខណៈកម្មករតវ៉ាទាមទារលក្ខខណ្ឌការងារពីភាគីរោងចក្រ ជូ ហួយ ហ្វ៊ូតវែ ។ បន្ទាប់ពីតំណាងអយ្យការបានសាកសួរជនដែលត្រូវបានចាប់ខ្លួនទាំងនោះ នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ តុលាការបានសម្រេចដោះលែងមនុស្ស៥នាក់ តែបន្តឃុំខ្លួន៥នាក់ទៀត ។
លោក ប៊ុត ប៊ុនឈាន បញ្ជាក់ថា ការហែក្បួនរបស់កម្មករនៅថ្ងៃនេះ គឺដើម្បីទាមទារនូវចំណុចសំខាន់ៗ៣ គឺទី១ទាមទារឲ្យតុលាការដោះលែងតំណាងរបស់ខ្លួន៥នាក់ដែលជាប់ឃុំឃាំង ទី២ស្នើឲ្យក្រុមហ៊ុនទទួលយកកម្មករដែលក្រុមហ៊ុនបានបញ្ឈប់ឲ្យពួកគាត់បានចូលធ្វើការវិញ និងទី៣ឲ្យក្រុមហ៊ុនគិតប្រាក់រំឮកជូនពួកគាត់ស្របតាមច្បាប់។
កម្មការិនីដែលបានចូលរួមធ្វើការតវ៉ាអ្នកស្រី សត គន្ធា ប្រាប់ VOD នៅព្រឹកថ្ងៃសុក្រទី៣១ខែតុលានេះថា ខាងតុលាការមិនបានអើពើ និងមិនចេញមកដោះស្រាយឲ្យពួកគាត់នោះទេ ។
អ្នកស្រីអំពាវនាវឲ្យរាជរដ្ឋាភិបាលជួយដោះស្រាយបញ្ហារបស់កម្មករ និងសំណូមពរឲ្យតុលាដោះលែងកម្មករទាំង៥នាក់ពីព្រោះពួកគាត់ជាជនគ្មានកំហុស។
VODមិនទាន់អាចស្វែងរកការទំនាក់ទំនងចៅក្រមដែលកាន់សំណុំរឿងនេះ និងប្រធានតុលាការខេត្តកំពង់ចាម ដើម្បីសុំការអត្ថាធិប្បាយនៅឡើយទេ ។
កម្មកររោងចក្រ ជូ ហួយ ហ្វ៊ូតវែ បានធ្វើការតវ៉ាជាច្រើនលើកច្រើនសារចាប់តាំងពីដើមខែតុលាមក ដើម្បីទាមទារលក្ខខណ្ឌការងារមួយចំនួន តែពុំទទួលបានដំណោះស្រាយច្បាស់លាស់ណាមួយ ។ លក្ខខណ្ឌការងារទាំងនោះរួមមាន បន្ថែមលុយបាយថ្ងៃត្រង់ ស្នើឲ្យភាគីក្រុមហ៊ុនគោរពកិច្ចព្រមព្រៀងជាមួយកម្មករកាលពីឆ្នាំ ២០១២ ទាមទារលុយបន្ថែមម៉ោងពេលល្ងាច បន្ថែមលុយធ្វើដំណើរ និងលុយព្រីម(ប្រាក់រង្វាន់ទៀតទាត់)។
កម្មករឲ្យដឹងថារោងចក្រ ជូ ហួយ ហ្វ៊ូតវែ ស្ថិតក្នុងភូមិរវៀង ឃុំខ្នរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានកម្មករសរុបជាង៦ពាន់នាក់៕
សូមសរសេរមកលោក ឡេង ចាន់រតនា តាមរយៈ cjlengchanratana@gmail.com