
Sat, 1 November 2014
ភ្នំពេញប៉ុស្តិ៍
ព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប ដែលជាបុណ្យប្រពៃណីខ្មែរ នឹងប្រារព្ធធ្វើឡើងសាជាថ្មីម្ដងទៀតនៅថ្ងៃទី៥ ទី៦ និងទី៧ ខែវិច្ឆិកាខាងមុខនេះ បន្ទាប់ពីបានអាក់ខានរយៈពេល៣ឆ្នាំជាប់គ្នា តាំងពីឆ្នាំ២០១១មក។
នៅឆ្នាំ២០១៤នេះ ព្រះរាជពិធីបុណ្យដ៏ធំប្រចាំឆ្នាំដែលរាជធានីភ្នំពេញជាម្ចាស់ផ្ទះរៀបចំទទួលការមកដល់នៃកីឡាករអុំទូក និងភ្ញៀវទេសចរជាតិ មកពីបណ្ដាខេត្តផ្សេងៗរាប់លាននាក់ ចូលមកលេងកម្សាន្ត រយៈពេល៣ថ្ងៃ ដែលក្នុងនោះមានការប្រណាំងទូក បណ្ដែតប្រទីប ការប្រគំតន្ត្រី និងការលក់ផលិតផលចុះថ្លៃតាមតំបន់សួនច្បារជាប់មាត់ទន្លេចតុមុខ។

ហេតុការណ៍រត់ជាន់គ្នាលើស្ពានពេជ្រក្នុងឆ្នាំ២០១០ បានធ្វើឲ្យមនុស្សស្លាប់ ៣៥៣នាក់ គឺជាសោកនាដកម្មមួយដ៏គួររន្ធត់។ ការចងចាំនេះ បានដក់ជាប់ក្នុងអារម្មណ៍ប្រជាពលរដ្ឋទូទៅរហូតមកដល់សព្វថ្ងៃនេះ។ ដោយហេតុនេះហើយ LIFT សូមណែនាំមិត្តយុវវ័យ ក៏ដូចជាសាធារណជនទាំងអស់ដែលនឹងទៅចូលរួមកម្មវិធីនេះឲ្យបានដឹងពីព័ត៌មានមួយចំនួន ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយ ដែលអាចនឹងកើតឡើងអំឡុងពេលបីថ្ងៃនោះ។ យើងរំពឹងថា វានឹងជាទិវាមួយដែលនាំមកនូវក្តីសប្បាយដល់ប្រជាពលរដ្ឋ ប៉ុន្តែ យើងក៏ត្រូវមានវិធានការការពារខ្លះៗ សម្រាប់រឿងដែលអាក្រក់បំផុតដែលអាចកើតឡើងផងដែរ។
កន្លែងដែលអាចនឹងមានមនុស្សកកកុញច្រើនជាទូទៅនៅរៀងរាល់ពីធីបុណ្យអុំទូកតែងតែមាននូវការប្រគំតន្ត្រីផ្សេងៗពីបណ្តាស្ថានីយទូរទស្សន៍មួយចំនួនក្នុងស្រុកដែលអាចនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលកោះពេជ្រ សួនសន្តិភាព ឬផ្សាររាត្រីជាដើម។ ចំណែកឯការប្រណាំងទូកនឹងធ្វើឡើងនៅតាមដងទន្លេសាបមុខព្រះបរមរាជវាំង។ ដូច្នេះ បណ្ដាចំណុចទីតាំងទាំងអស់នោះ អាចនឹងមានការកកស្ទះខ្លាំងជាងកន្លែងផ្សេង។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឲ្យដឹងថា៖ «សាលារាជធានីភ្នំពេញមិនអាចធ្វើការសន្និដ្ឋានបានទេថា កន្លែងណានឹងមានការកកស្ទះខ្លាំង តែសាលាក្រុងនឹងធ្វើការពង្រាយកន្លែងលក់ដូរ និងការប្រគំតន្ត្រីឲ្យបានច្រើនកន្លែងដើម្បីបង្ការភាពស្ទះ និងឧបទ្ទវហេតុដែលអាចកើតឡើងផ្សេងៗ»។
លោកក៏បានប្រាប់ឲ្យដឹងផងដែរថា សម្រាប់ស្តង់លក់ដូរក្នុងឆ្នាំនេះនឹងធ្វើការពង្រាយនៅតាមកន្លែងផ្សេងៗគ្នាដូចជានៅមុខវត្តបទុម ផ្សារចាស់ ខាងត្រើយម្ខាង ទីលានប្រជាធិបតេយ្យជាដើម។ សម្រាប់ឆាកប្រគំតន្ត្រីវិញនឹងមាននៅតាមកន្លែងផ្សេងៗច្រើនជាលើកមុនៗផងដែរ ក្នុងន័យកាត់បន្ថយការផ្តុំមនុស្សមួយកន្លែង។ លោកថា លោកមិនអាចរៀបរាប់អស់នោះទេ តែជារួមនឹងមាននៅកោះពេជ្រ វត្តបទុម មុខណាហ្គាវើល ទីលានប្រជាធិបតេយ្យ ផ្សាររាត្រី។ល។
លោកថា សាលាក្រុងនឹងធ្វើយ៉ាងណាទុកកន្លែងដែលមានសួនច្បារសម្រាប់ឲ្យប្រជាពលរដ្ឋដើរលេងកម្សាន្ត។
ទន្ទឹមគ្នានេះដែរ ក្រៅពីទីតាំងដែលរៀបរាប់ខាងលើ មានមតិជាច្រើនបានព្យាកថា ទីតាំងផ្សារអ៊ីអន ក៏អាចនឹងមានការកកស្ទះខ្លាំងដែរ ដែលអាជ្ញាធរគួរត្រៀមខ្លួនឲ្យរួចជាស្រេចដោយហេតុថា នៅពេលនោះផ្សារនឹងមានកម្មវិធីលក់បញ្ចុះតម្លៃ និងការប្រគំតន្ត្រី។ ម្យ៉ាងទៀតផ្សារមួយនេះក៏ជាទិសដៅរបស់យុវជនសម្រាប់ដើរកម្សាន្ត ទិញរបស់ផងដែរ។
តាមការសន្និដ្ឋានរបស់ កញ្ញាសិរី លាភី ជំនួយការផ្នែកទីផ្សាររបស់ផ្សារអ៊ីអន ផ្អែកលើចំនួនអតិថិជនរបស់ផ្សារអ៊ីអនជារៀងរាល់ថ្ងៃ ក្នុងពេលបុណ្យអុំទូកចំនួន នឹងអាចមានការកើនឡើងទ្វេដង។ កញ្ញាបាននិយាយថា៖ «ក្នុងមួយថ្ងៃផ្សានេះមានអតិថិជនប្រមាណជា៣ទៅ៤ម៉ឺននាក់ ដូច្នេះសម្រាប់ថ្ងៃបុណ្យអុំទូក គឺអាចនឹងការកើនឡើងដល់ ៨ ទៅ១០ម៉ឺននាក់ក្នុងមួយថ្ងៃ»។
បើតាមកញ្ញាលាភី ក្រៅពីមានការលក់បញ្ចុះតម្លៃសម្រាប់មុខទំនិញនៅក្នុងផ្សារអ៊ីអន ក្រុមហ៊ុនទូរស័ព្ទចល័ត ក៏នឹងមានការប្រគំតន្ត្រី នៅខាងក្រៅបរិវេណផ្សារផងដែរ។ សម្រាប់បញ្ហាសន្តិសុខ ខាងផ្សារទំនើបមួយនេះបានសហការជាមួយសាលារាជធានីភ្នំពេញរួចជាស្រេចក្នុងការបង្ការនូវអស្ថិភាពផ្សេងៗក៏ដូចជាមានត្រៀមឡានទឹក និងឡានសង្គ្រោះផងដែរ។
ទីតាំងមួយទៀតដែលជាគោលដៅនៃការកកស្ទះនោះគឺមជ្ឈមណ្ឌលកោះពេជ្រដែលនឹងមានការប្រគំតន្ត្រីរបស់ស្ថានីយទូរទស្សន៍ចំនួនបីដូចជា ស្ថានីយទូរទស្សន៍ហង្សមាស បាយ័ន និងអាស៊ីអាគ្នេយ៍។ បើតាមលោក ពេជ្រ ស៊ាងលេង បុគ្គលិកផ្នែកទីផ្សានៅផ្សាររាត្រីកោះពេជ្រ បានប្រាប់ LIFT ឲ្យដឹងផងដែរថា៖ «សម្រាប់ចំនួនមនុស្សដែលនឹងមកចូលរួមលេងកម្សាន្តនៅមជ្ឈមណ្ឌលកោះពេជ្រប៉ុន្មាននាក់នោះ ខាងលោកក៏មិនអាចកំណត់បានដែរ»។
យ៉ាងណាមិញ លោកថា សម្រាប់ការរក្សាសន្តិសុខសណ្តាប់ធ្នាប់គឺខាងលោកនឹងមានជាបង្គន់អនាម័យចំនួន ៦០ ហើយប៉េអឹម និងប៉ូលិស ចំនួន២០០នាក់ បន្ថែមពីលើកម្លាំងរបស់សាលាក្រុង។
សម្រាប់អ្នកដែលមិនចូលចិត្តភាពអ៊ូអរ ទីតាំងខាងលើប្រហែលជាមិនមែនជាជម្រើសល្អទេ។ មានកន្លែងជាច្រើនទៀតដែលសាលាក្រុងបានរៀបចំដែលយុវជនអាចដើរកម្សាន្តបាន ដោយមិនចាំបាច់ទៅប្រជ្រៀតគ្នាទៅតែមួយកន្លែងនោះទេ។ ធ្វើដូចនេះគេអាចចូលរួមកាត់បន្ថយនូវការកកស្ទះខ្លះក្នុងអំឡុងពិធីបុណ្យអុំទូកបានមួយចំណែកដែរ។
បញ្ហាអនាម័យ និងបរិស្ថាន
ក្នុងពេលដែលមនុស្សរាប់លាននាក់ត្រូវបានគេគ្រោងថានឹងសម្រុកចូលមកកម្សាន្តក្នុងរាជធានីនារយៈពេល៣ថ្ងៃ។ បញ្ហាសំរាម ការបន្ទោបង់ អនាម័យ ប្រាកដជានឹងក្លាយជាបញ្ហា។
បើតាមលោកផែ សុខតាំង មានវ័យជាង៤០ឆ្នាំជាពលរដ្ឋដែលមានទីលំនៅតាមបណ្ដោយមាត់ទន្លេសាប ជាទីប្រារព្ធពិធីបានឲ្យដឹងថា រាល់ពិធីបុណ្យអុំទូកម្តងៗ ប្រជាពលរដ្ឋបានបោះសំរាមចោលពាសវាលពាសកាល ពិសេសគឺការបន្ទោបង់។
លោកថា អ្នកចូលរួមទាំងអ្នកទីក្រុង និងអ្នកជនបទគួរប្រកាន់ឥរិយាបថប្រកបដោយអនាម័យខ្ពស់នៅតាមទីសាធារណៈ។ គួរគប្បីគ្រប់គ្រងសំរាមឱ្យបានល្អ ការបន្ទោបង់ត្រូវលៃលករកបន្ទប់ទឹកសាធារណៈឱ្យបានត្រឹមត្រូវ។
ទន្ទឹមនឹងគ្នានេះ អ្នកស្រីឆាយ សាវីន វ័យ៣០ឆ្នាំក៏បានផ្ដល់ជាយោបល់ដែរថា អាជ្ញាធរ មន្ត្រីមានសមត្ថកិច្ចរៀបចំកម្មវិធីបុណ្យអុំទូកគួរសិក្សាឡើងវិញពីមេរៀនដ៏ជូរចត់ និងរន្ធត់ពីឧប្បត្តិហេតុរត់ជាន់គ្នាកាលពីឆ្នាំ២០១០។
អ្នកស្រីសាវីន ដែលមានទីលំនៅក្នុងតំបន់ផ្សារកណ្ដាលបាននិយាយថា៖ «ដូចឆ្នាំ២០១០អ៊ីចឹង គ្មានរៀបចំអីស្រួលបួលឱ្យថាមានផ្លូវណាទៅ ផ្លូវណាមកទេ ដើរច្របូកច្របល់គ្នារញ៉េរញ៉ៃ មិនដឹងទិសតំបន់ អ៊ីចឹងហើយបានពេលមានហេតុអាសន្នរត់ទៅណាមិនរួច»។
អ្នកស្រីបានស្នើថា អាជ្ញាធរគួរតែមានវិធានការចែកចាយនូវព័ត៌មានឱ្យបានគ្រប់គ្រាន់ដល់កីឡាករអ្នកចូលរួមក៏ដូចជាសាធារណជនដែលព័ត៌មានទាំងនោះ អ្នកស្រីបានស្នើថា គួរតែរាប់បញ្ចូលតារាងកម្មវិធីបុណ្យ ផែនទីសម្រាប់ធ្វើដំណើរសម្រាប់ជម្លៀសពេលមានអាសន្ន និងលេខទូរស័ព្ទទាន់ហេតុការណ៍ពេលមានគ្រោះថ្នាក់ ឬឧប្បត្តិហេតុជាយថាហេតុណាមួយកើតឡើង។
អ្នកស្រីសាវីន ក៏បានផ្ដល់ជាមតិថា អ្នកចូលរួមទាំងឡាយគួរតែបង្កើនការប្រុងប្រយ័ត្នដោយខ្លួនឯង ថែរក្សាទ្រព្យសម្បតិ្តផ្ទាល់ខ្លួន ព្រោះពេលហ្នឹងវាមានជនខិលខូចបន្លំចាំយក។ បើមានការប្រជ្រៀតណែនណាន់តាន់តាប់ពេកគួរដើរ ឬរកវិធីចៀសចេញក្រែងមានគ្រោះថ្នាក់ជាន់គ្នាជាន់អ៊ីចឹង។
របៀបស្វែងរកការសង្គ្រោះផ្សេងៗ
បើតាមលោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឲ្យដឹងថា សាលាក្រុងនឹងមិនមានជាផែនទីសម្រាប់បង្ហាញពីទីតាំងទាំងអស់នៅអំឡុងពេលពិធីបុណ្យអុំទូកនោះទេ។ យ៉ាងណាក៏ដោយខាងសាលារាជធានីភ្នំពេញនឹងមានដាក់ជាស្លាកសញ្ញាផ្សេងៗដែលអាចឲ្យប្រជាពលរដ្ឋស្វែងរកបាននូវបង្គន់សាធារណៈ កន្លែងសង្គ្រោះបន្ទាន់ កន្លែងប្រកាសបាត់ក្មេងជាដើម។
លោកថា សម្រាប់លេខប្រកាសអាសន្នគឺ ០១២ ៩៩៩ ៩៩៩ ដែលប្រជាពលរដ្ឋអាចទំនាក់ទំនងបាននៅពេលមានបញ្ហាកើតឡើងផ្សេងៗ ឬអាចទំនាក់ទំនងតាមលេខ ១១៧សម្រាប់ប៉ូលិស ១១៨សម្រាប់អគ្គិភ័យ និង១១៩សម្រាប់ការសង្រ្គោះបន្ទាន់។
កាលពីចុងខែតុលាកន្លងទៅ លោកខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសធ្លាប់បានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ផងដែរថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះនឹងមានមន្ត្រីកងរាជអាវុធហត្ថចំនួន២០០០នាក់ ត្រៀមខ្លួនសម្រាប់ថែរក្សាសណ្តាប់ធ្នាប់សន្តិសុខនៅតំបន់កន្លែងប្រារព្ធពិធីបុណ្យអុំទូក និងជួយសហការជាមួយកងកម្លាំងនគរបាលជាតិដើម្បីរៀបចំចរាចរណ៍នៅរាជធានីភ្នំពេញ។ ចំណែកកម្លាំងរាជអាវុធហត្ថចំនួន១០០០នាក់ទៀត ក៏នឹងត្រៀមសម្រាប់សង្គ្រោះបឋមក្នុងករណីមានឧបទ្ទវហេតុកើតឡើងនៅអំឡុងពេលបីថ្ងៃនោះផងដែរ។
ការសង្គ្រោះបឋម
បើតាមកញ្ញា វន ម៉ាលីស និស្សិតពេទ្យឆ្នាំទី៧ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ជាទូទៅសម្រាប់ព្រឹត្តិការណ៍ធំៗដូចជាពិធីបុណ្យអុំទូកនេះ គេគួរគប្បីប្រុងប្រយ័ត្ន និងបង្ការនូវគ្រោះថ្នាក់ដែលអាចកើតមានឡើងចំនួនបី ដូចជា ការដួលសន្លប់ ដោយសារមនុស្សច្រើនកកកុញ ការស្លាក់(Choking) និងការលង់ទឹក។
ការថប់ខ្យល់ខ្លាំង៖ បើឃើញអ្នកមានអាការថប់ខ្យល់ខ្លាំង ហើយពិបាកដកដង្ហើម គេត្រូវប្រញាប់យកអ្នកជំងឺចេញពីហ្វូងមនុស្សឲ្យបានឆាប់រហ័ស ហើយស្វែងរកកន្លែងដែលត្រជាក់ និងមានខ្យល់ដកដង្ហើមគ្រប់គ្រាន់។ គេអាចយកផ្លិតបក់ផងដែរ ដើម្បីឲ្យអ្នកជំងឺអាចដកដង្ហើមបានស្រួលជាងមុន។
ការស្លាក់(Choking)៖ ជាទូទៅការស្លាក់ត្រូវបានបែងចែកទៅតាមអាយុរបស់អ្នកជំងឺ។ ឧទាហរណ៍បើករណីក្មេងដែលមានអាយុ១ឆ្នាំឡើងទៅនឹងមានអាការដូចជាក្អក ឬនិយាយមិនចេញបបូរមាត់ឡើងពណ៌ស្វាយជាដើម។ ប្រសិនបើការស្លាក់កើតលើមនុស្សធំវិញ គេអាចមើលដឹងតាមរយៈអ្នកជំងឺខ្លួនឯងនឹងយកដៃដាក់ជុំវិញក។
វិធីសង្គ្រោះ
ទីមួយ៖ គេត្រូវឈរនៅពីក្រោយអ្នកជំងឺ។ ទីពីរ៖ ឈរពីក្រោយ ឬលុតឱបជង្គង់ពីក្រោយ (បើអ្នកជំងឺទាប ឬជាកូនក្មេង)បន្ទាប់មកយកដៃទាំងពីរអោបត្រង់កន្លែងចង្កេះរបស់អ្នកជំងឺ។ ទីបី៖ ដៃម្ខាងត្រូវក្តាប់ហើយដាក់នៅត្រង់ចុងដង្ហើមរបស់អ្នកជំងឺ។ ទីបួន៖ ដៃម្ខាងទៀតដាក់ពីលើដៃដែលសង្កត់ត្រង់ចុងដង្ហើមនោះ។ ទីប្រាំ៖ សង្កត់ត្រង់កន្លែងចុងដង្ហើមនោះពី៤ទៅ៥ដង។ ទីប្រាំមួយ៖ ពិនិត្យមើលថា តើចំណី ឫរបស់នោះចេញខ្ជាក់ចេញពីមាត់ ឬនៅ។
ការលង់ទឹក៖ ជំហានដំបូងបំផុតបន្ទាប់ពីអ្នកជំងឺត្រូវបាន ស្រង់ចេញមកពីទឹកភ្លាមគឺត្រូវពិនិត្យថា តើអ្នកជំងឺនៅមានជីពចរ ឬបេះដូងលោតប្រក្រតី ឬទេ?បើសិនជារកឃើញថា មានករណីគាំងបេះដូងគឺចាំបាច់ត្រូវធ្វើ CPR ដល់អ្នកជំងឺជាបន្ទាន់។ ប្រសិនជាអ្នកជំងឺនៅមានចលនាបេះដូងលោតធម្មតា គេគ្រាន់តែដាក់អ្នកជំងឺឲ្យគេងផ្អៀង ហើយពិនិត្យរកមើលនៅក្នុងមាត់ថា តើមានស្លាក់ ឬជាប់អ្វីដែរឬទេ?បន្ទាប់ពីយករបស់នៅក្នុងមាត់ចេញ ហើយត្រូវ បញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ។
ការធ្វើ CPR គឺគេធ្វើលើអ្នកជំងឺ ក្នុងករណីដែលរកឃើញថា អ្នកជំងឺមានការគាំងបេះដូង (cardiac arrest)។ ដើម្បីពិនិត្យមើលថា តើអ្នកជំងឺមានគាំងបេះដូង ឬអត់គឺ ទីមួយ៖ ទះស្មាអ្នកជំងឺខ្លាំងៗ ហើយនិយាយជាមួយអ្នកជំងឺ(មើលរូបទី១)។ ទីពីរ៖ ពិនិត្យមើលខ្យល់ដង្ហើមពោះ និងទ្រូងថា មានភាពប្រក្រតីដូចមនុស្សធម្មតា ឬទេ(ដូចរូបទី១)។ ទីបី៖ ពិនិត្យមើលជីពចរត្រង់កដែលនៅសងខាងបំពង់ខ្យល់ (ឆ្វេងឬស្តាំ)(មើលរូបទី២)៕
ការអនុវត្ត CPR (មើលរូបទី៣ ៤ និង៥)
សុង គឹមសួរ និងអូន ឆេងប៉រ
