ដោយ៖ ខាន់ លក្ខិណា
ថ្ងៃសៅរ៍ ទី1 វិច្ឆិកា 2014
http://vodhotnews.com
ប្រជាពលរដ្ឋនៅស្រុកមួយនៃខេត្តកំពង់ចាម រិះគន់ថា ការធ្វើផ្លូវខុសបច្ចេកទេស គ្មានស្លាកសញ្ញាចរាចរណ៍ ឬចំណាំងផ្លាត ជាហេតុបណ្ដាលឲ្យប្រជាពលរដ្ឋជួបគ្រោះថ្នាក់ជាច្រើនលើកច្រើនសារ។
ពលរដ្ឋនៅភូមិជ័យ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម លោកឆេង លី ប្រាប់VOD នៅថ្ងៃសៅរ៍នេះថា ផ្លូវកៅស៊ូតាមដងទន្លេមេគង្គនៅក្នុងភូមិរបស់គាត់ ត្រង់ចំណុចផ្លូវកែងតែងតែមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាញឹកញាប់ បណ្ដាលឲ្យមនុស្សរបួស ពិការ ខូចខាតទ្រព្យសម្បត្តិ និងស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់។
លោកឆេង លី បន្តថា មូលហេតុបណ្ដាលឲ្យមានគ្រោះថ្នាក់កើតឡើងជាបន្តបន្ទាប់នេះ ដោយសារចំណុចផ្លូវកែងនោះមិនមានដាក់ស្លាកសញ្ញាចរាចរណ៍ គ្មានឧបករណ៍ចំណាំងផ្លាតសម្គាល់នៅពេលយប់ ដើម្បី បញ្ជាក់ថានៅខាងមុខមានផ្លូវកែង ឬមិនមានរបាំងផ្លូវជាដើម។
ទាក់ទងនឹងបញ្ហានេះ មេឃុំមានជ័យ ស្រុកស្រីសន្ធរ លោកឌឹម ប៊ុនហុង ប្រាប់ VOD នៅថ្ងៃសៅរ៍នេះថា លោកនឹងដាក់លិខិតស្នើទៅថ្នាក់លើ ដើម្បីចាត់វិធានចំពោះបញ្ហាទាំងអស់នេះ ប៉ុន្តែនៅពេលនេះលោកកំពុងជាប់រវល់។
VOD មិនអាចទាក់ទងមន្ត្រីមន្ទីរសាធារណៈការខេត្តកំពង់ចាម ដើម្បីបំភ្លឺករណីនេះបានទេ។
ប្រជាពលរដ្ឋឲ្យដឹងថា ពួកគាត់មានការភ័យខ្លាចនឹងចំណុចកែងគ្រោះថ្នាក់នោះ ហើយសំណូមពរឲ្យមន្ត្រីពាក់ព័ន្ធប្រញាប់ដោះស្រាយបញ្ហានេះ ដើម្បីបញ្ចៀសគ្រោះថ្នាក់ ដែលនាំឲ្យពួកគាត់របួស ពិការ បាត់បង់ជីវិត ខូចខាតទ្រព្យសម្បត្តិ និងពេលវេលា៕
សូមសរសេរមកកញ្ញា ខាន់ លក្ខិណា តាមរយៈ khanleakhena@yahoo.com