ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក​ឆ្នាំ​នេះ​នឹង​ធ្វើ​ឲ្យ​សកម្មភាព​អាជីវកម្ម​នៅ​រាជធានី​មាន​កំណើន​ខ្លាំង​ជាង​មុន

កម្មករ​កំពុង​រៀបចំ​ដាក់​តាំង​លក់​ផលិត​ផល​ផ្សេងៗ​ក្នុង​ឪកាស​បុណ្យ​អ៊ុំ​ទូក​ឆ្នាំ​នេះ ដែល​ចាប់​ផ្តើម​ពី​ថ្ងៃ ទី៥ ដល់​ថ្ងៃ ទី៧ ខែ​វិច្ឆិកា សប្តាហ៍​ក្រោយ។

កម្មករ​កំពុង​រៀបចំ​ដាក់​តាំង​លក់​ផលិត​ផល​ផ្សេងៗ​ក្នុង​ឪកាស​បុណ្យ​អ៊ុំ​ទូក​ឆ្នាំ​នេះ ដែល​ចាប់​ផ្តើម​ពី​ថ្ងៃ ទី៥ ដល់​ថ្ងៃ ទី៧ ខែ​វិច្ឆិកា សប្តាហ៍​ក្រោយ។ ហេង ជីវ័ន



ភ្នំពេញប៉ុស្តិ៍

ស្តង់​តូចៗ​ដែល​មាន​ដំបូល​ពណ៌ ក្រហម ខៀវ លឿង ចម្រុះ​គ្នា​បាន​ចាប់​ផ្តើម​លេច​ចេញ​ជា​រូបរាង​ឡើង​កាន់​តែ​ច្រើន​នៅ​លើ​ទីវាល​នៃ​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ​នា​ពេល​នេះ។ នៅ​ជ្រុង​ផ្នែក​ខាង​ឆ្វេង​នៃ​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ​ដែល​មិន​ទាន់​មាន​អគារ និង​ទីតាំង​ធ្វើ​អាជីវកម្ម​នៅ​ឡើយ បាន​ចាប់​ផ្តើម​ក្លាយ​ជា​កន្លែង​ដែល​មាន​ស្តង់​សម្រាប់​លក់​អីវ៉ាន់​ព័ទ្ធ​ជុំវិញ។

នា​រសៀល​ថ្ងៃ​រៀប​លិច​កាលពី​ថ្ងៃ​សុក្រ បុរស​មាឌ​ធំ​ពី ៥ ទៅ ៦ នាក់​ហាក់​មាន​ភាព​សកម្ម​ខ្លាំង​ក្នុង​ការ​រៀបចំ​ដំឡើង​ឆាក​តន្ត្រី​មួយ​ដែល​មើល​ទៅ​ទំនង​ជា​នឹង​ក្លាយ​ជា​ឆាក​តន្ត្រី​ខ្នាត​ធំ​ជាង​អ្វី​ដែល​ធ្លាប់​មាន​នា​ចុង​សប្តាហ៍។ នេះ​ជា​ទីតាំង​នៃ​ឆាក​តន្ត្រី​របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន​ដែល​ហ៊ុម​ព័ទ្ធ​ជុំវិញ​ដោយ​ស្តង់​លក់​អីវ៉ាន់​រាប់រយ​ស្តង់​សម្រាប់​តាំង​បង្ហាញ​ផលិត​ផល​ចម្រុះ​គ្នា​ជាច្រើន​ប្រភេទ។

លោក ទិត ថាវរិទ្ធ អគ្គ​នាយក​រង​នៃ​ស្ថានីយ​ទូរទស្សន៍​បាយ័ន​បាន​និង​កំពុង​ត្រួត​ពិនិត្យ​ការ​រៀបចំ​ឆាក​តន្ត្រី​នេះ ហើយ​បាន​ឲ្យ​កាសែត កម្ពុជា​ចុង​សប្តាហ៍ ដឹង​ថា ឆាក​តន្ត្រី​នេះ​ត្រូវ​បាន​រៀបចំ​រយៈ​ពេល​បី​ថ្ងៃ និង​រៀបចំ​ជា​ពិសេស​សម្រាប់​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ ទី៥ ដល់ ថ្ងៃ ទី៧ វិច្ជិកា។

លោក​បន្ត​ថា៖ «យើង​បាន​ធ្វើ​ឆាក​តន្ត្រី​ដែល​មាន​ទីតាំង​ធំ​ជាង​មុន​ដែល​អាច​ផ្ទុក​មនុស្ស​បាន​ច្រើន​ម៉ឺន​នាក់។ ប្រជាជន​នឹង​ចូល​ទស្សនា​ទីក្រុង​ក្នុង​ពិធី​អុំ​ទូក​នឹង​មាន​ដល់​ខ្ទង់​លាន​នាក់ ហើយ​នេះ​គឺជា​ឱកាស​យ៉ាង​ល្អ​មួយ​សម្រាប់​ក្រុម​ពាណិជ្ជ​ករ​ក្នុង​ការ​ដាក់​តាំង​ផលិតផល​របស់​គេ​ដើម្បី​ការ​ផ្សព្វ​ផ្សាយ»។

ស្តង់​ដាក់​តាំង​លក់​ផលិត​ផល​ផ្សេងៗ​ក្នុង​ឪកាស​បុណ្យ​អ៊ុំ​ទូក​ឆ្នាំ​នេះ ដែល​ចាប់​ផ្តើម​ពី​ថ្ងៃ ទី៥ ដល់​ថ្ងៃ ទី៧ ខែ​វិច្ឆិកា សប្តាហ៍​ក្រោយ។ ហេង ជីវ័ន

បន្ទាប់​ពី​ការ​ខក​ខាន​មិន​មាន​ពិធី​អុំ​ទូក​បី​ឆ្នាំ​ជាប់ៗ​គ្នា​គិត​ចាប់​ពី​ឆ្នាំ​ចុង​ក្រោយ ២០១០ ដោយ​សារ​ការ​រត់​ជាន់​គ្នា​ដែល​បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់​រហូត​ទៅ​ដល់ ៣៥៣ នាក់​និង​ជាង ៣០០ នាក់​ផ្សេង​ទៀត​រង​របួស​ចំណែក​ឯ ការ​ប្រារព្ធ​ពិធី​បុណ្យ​អុំ​ទូក​វិញ​នៅ​ឆ្នាំ​នេះ​ត្រូវ​បាន​ក្រុម​អាជីវករ​ទាំង​ខ្នាត​តូច និង ខ្នាត​ធំ​រំពឹង​ថា នឹង​ទាក់​ទាញ​ប្រជាជន​កម្ពុជា​តាម​បណ្តា​ខេត្ត​ឲ្យ​ចូល​ទស្សនា ទីក្រុង​ភ្នំពេញ ច្រើន​ជាង​កាល​ប្រារព្ធ​ពិធី​បុណ្យ​អុំទូក​នា​ឆ្នាំ​កន្លង​ទៅ។ នៅ​ឆ្នាំ​ដំបូង​នៃ​ការ​ប្រារព្ធ​ពិធី​ឡើង​វិញ​នេះ​ត្រូវ​បាន​គេ​ព្យាករ​ថា នឹង​ទាក់​ទាញ​អ្នក​ចូល​ទស្សនា​ច្រើន​ជាង​មួយ​លាន​នាក់។

ទីវាល​នៅ​លើ​កោះ​ពេជ្រ ដែល​ធ្លាប់​តែ​ជាទី​តាំង​សម្រាប់​ចត​យាន​យន្ត ឬ​ទីវាល​ទំនេរ​បាន​ចាប់​ផ្តើម​ក្លាយ​ជា​ទីតាំង​សម្រាប់​ក្រុម​ហ៊ុន​លក់​ផលិត​ផល​នានា​តាំង​នៅ​ដើម្បី​ដាក់​បង្ហាញ។ គ្រប់​ទីតាំង​អាជីវកម្ម​ដែល​ជា​គោល​ដៅ​សម្រាប់​មនុស្ស​ដើរ​កម្សាន្ត​ក្នុង​ពិធី​បុណ្យ​អុំទូក​ត្រូវ​បាន​រំពឹង​ថា នឹង​មាន​អ្នក​ដើរ​កម្សាន្ត​ច្រើន​កុះករ។

បើ​តាម​ការ​សាក​សួរ​របស់​កាសែត កម្ពុជា​ចុង​សប្តាហ៍ ម្ចាស់​អាជីវកម្ម​ទាំង​តូច ទាំង​ធំ​បាន​អះអាង​ថា ពួក​គេ​បាន​ត្រៀម​ខ្លួន​បង្កើន​ការ​ផលិត និង​បង្កើន​ការ​ផ្គត់​ផ្គង់​សេវាកម្ម រួច​ជា​ស្រេច​ដើម្បី​ឆ្លើយ​តប​នឹង​កំណើន​តម្រូវ​ការ​ទិញ​ផលិត​ផល​ហូប​ចុក សេវាកម្ម​កម្សាន្ត និង​ផលិត​ផល​នានា ដោយ​សារ​ថា វា​នឹង​កើន​ឡើង​ខ្លាំង​ក្នុង​អំឡុង​ពិធី​បុណ្យ​អុំ​ទូក។

តាម​លោក សេរី រតនា អាយុ ២៣​ឆ្នាំ ដែល​ជា​ម្ចាស់​ហាង​លក់​ចំណី​អាហារ ជំនោរ​ធម្មជាតិ​សាខា​ទីពីរ​មាន​ទីតាំង​នៅ​កោះ​ពេជ្រ​បាន​ឲ្យ​ដឹង​ថា លោក​បាន​ស៊ើប​សួរ​មិត្តភក្តិ អ្នក​នៅ​តាម​បណ្តា​ខេត្ត និង​ធ្វើ​ការ​អង្កេត​ពី​យោបល់​របស់​ប្រជាជន​នៅ​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម Facebook ហើយ​បាន​ស្វែង​យល់​ថា មនុស្ស​ភាគ​ច្រើន​នឹង​ចូល​រួម​ដើរ​កម្សាន្ត​ក្នុង​ពីធី​បុណ្យ​អុំ​ទូក​នា​ឆ្នាំ​នេះ ហើយ​ពួក​គេ​នឹង​ចំណាយ​លុយ​ច្រើន​ជាង​ថ្ងៃ​សម្រាក​ចុង​សប្តាហ៍​ធម្មតា​ដើម្បី​ចូល​រួម​អបអរ​ពិធី​បុណ្យ​ប្រពៃណី​ដ៏​ធំ​របស់​កម្ពុជា​មួយ​នេះ។

លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​បាន​ត្រៀម​អីវ៉ាន់​សម្រាប់​លក់​ច្រើន​ជាង​មុន​ពីរ​បី​ដង ហើយ​ត្រៀម​ខ្លះ​ផ្សេង​ទៀត​នៅ​កន្លែង​ធំ [សាខា​ទីមួយ] អ៊ីចឹង​បើ​មាន​អតិថិជន​ច្រើន​យើង​អាច​ធ្វើ​វា​បាន​ទាន់​ពេល»។

កាល​ពី​ពេល​ពិធី​បុណ្យ​អុំ​ទូក​ត្រូវ​បាន​ប្រារព្ធ​ឡើង​កាល​ពី​ឆ្នាំ​កន្លង​ទៅ ទីក្រុង​ភ្នំពេញ បាន​ក្លាយ​ជា​ទី​ប្រជុំ​ក្រុម​មនុស្ស​ដ៏​មមា​ញឹក​មួយ​។ ស្ទើរ​គ្រប់​ច្រក​ល្ហក​នៃ​ទីប្រជុំជន​ក្នុង​ទីក្រុង​ភ្នំពេញ​មាន​ការ​កក​ស្ទះ។ មនុស្ស​ម្នា​ជាច្រើន​ឈរ​តម្រៀប​គ្នា បន្លាស់​ទី​យឺតៗ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត​ដោយ​សារ​ភាព​កក​ស្ទះ។

តំបន់​គោល​ដៅ​កម្សាន្ត​ក្នុង​ក្រុង​តាម​ជួរ​មាត់​ទន្លេ និង​តំបន់​ជុំវិញ​ព្រះ​បរម​រាជ​វាំង​តែង​មាន​អ្នក​ដើរ​កម្សាន្ត​ណែន​ណាន់​តាន់​តាប់។ ផ្សារ​ទំនើប​ផ្សេងៗ មជ្ឈ​មណ្ឌល​កម្សាន្ត​កោះ​ពេជ្រ ផ្សារ​ទំនើប​អ៊ីអន ដែល​ទើប​បើក​ថ្មី នឹង​ក្លាយ​ជា​គោល​ដៅ​កម្សាន្ត​ចម្បង​របស់​ប្រជាជន​ចូល​កម្សាន្ត​ក្នុង​ពិធី​បុណ្យ​អុំ​ទូក។

កាសែត​កម្ពុជា​ចុង​សប្តាហ៍ បាន​ព្យាយាម​សាកសួរ​តំណាង​ផ្សារ​ទំនើប​អ៊ីអន​តាម​អ៊ីមែល និង​ទូរស័ព្ទ តែ​មិន​មាន​ការ​ឆ្លើយ​តប​ទាន់​ពេល​ទេ​នៅ​ពេល​អត្ថបទ​ត្រូវ​បាន​បញ្ជូន​ទៅ​រោង​ពុម្ព។ យោង​តាម​ទិន្នន័យ​កន្លង​មក នៅ​ពេល​ផ្សារ​ទំនើប​អ៊ីអន​បាន​បើក​ដំណើរ​ការ​ក្រៅ​ផ្លូវ​ការ​កាល​ពី​ចុង ខែ​មិថុនា ផ្សារ​ទំនើប​ដែល​ចំណាយ​ទឹក​ប្រាក់​សាង​សង់​អស់ ២០៥ លាន​ដុល្លារ​មួយ​នេះ​បាន​ទទួល​ចំនួន​ភ្ញៀវ​ចូល​ទស្សនា និង​ដើរ​ទិញ​អីវ៉ាន់ ១០ ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃៗ។

កម្មករ​រូប​នេះ​កំពុង​កាន់​តង់​បម្រុង​ប្រក់​ស្តង់។ ហេង ជីវ័ន

ផ្សារ​ទំនើប​សូរិយា ដែល​ជា​ផ្សារ​ទំនើប​ធំ​ជាង​គេ​ទីពីរ​នៅ​ភ្នំពេញ​គឺជា​កន្លែង​គោល​ដៅ​សំខាន់​មួយ​សម្រាប់​អ្នក​ដើរ​កម្សាន្ត​ពេល​ពិធី​បុណ្យ​អុំទូក​កាល​ពី​មិន​ទាន់​មាន​វត្តមាន​ផ្សារ​អ៊ីអន។ អ្នក​ស្រី ជា សុខហៀក អ្នក​គ្រប់​គ្រង​ទូទៅ​ផ្សារ​ទំនើប សូរិយា បាន​ឲ្យ​កម្ពុជា​ចុង​សប្តាហ៍ ដឹង​ថា កាល​ពី​ឆ្នាំ​ដែល​កម្ពុជា​ប្រារព្ធ​ពិធី​បុណ្យ​អុំទូក​ឆ្នាំ​កន្លង​ទៅ ផ្សារ​ទំនើប​សូរិយា មាន​ភ្ញៀវ​ចូល​ទស្សនា​ពី ៧ ទៅ ១០ ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃៗ។ ផ្សារ​នេះ​មាន​អ្នក​ចូល​ទស្សនា​ប្រមាណ ១ ម៉ឺន​នាក់​សម្រាប់​ថ្ងៃ​ធ្វើ​ការ និង​ឡើង​ដល់ ២ ម៉ឺន​នាក់​នៅ​ថ្ងៃ​ចុង​សប្តាហ៍។

បើ​ទោះ​បី​ជា ទីក្រុង​ភ្នំពេញ មាន​តំបន់​ទាក់​ទាញ​ប្រជាជន​ចូល​កម្សាន្ត​ច្រើន​ជាង​មុន​ឬ​មាន​វត្តមាន​ផ្សារ​ទំនើប​អ៊ីអន​ក្តី អ្នក​ស្រី សុខហៀក បាន​អះអាង​ថា ផ្សារ​ទំនើប​សូរិយា នឹង​មាន​អ្នក​ចូល​ទស្សនា​កុះករ​នៅ​អំឡុង​ពីធី​បុណ្យ​អុំទូក​ខាង​មុខ។ អ្នក​ស្រី​បាន​ត្រៀម​បន្ថែម​តូប​លក់​រាយ​ជាង ៣០ បន្ថែម​ទៀត​នៅ​បរិវេណ​ខាង​មុខ​ផ្សារ​ដើម្បី​ឆ្លើយ​តប​កំណើន​តម្រូវ​ការ ហើយ​នឹង​មាន​រៀប​ចំ​កម្មវិធី​កម្សាន្ត​និង​ការ​ប្រគំ​តន្ត្រី​ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ផង​ដែរ។

អ្នក​ស្រី​បាន​លើក​ឡើង​ថា៖ «យើង​បាន​បន្ថែម​បុគ្គលិក និង​សន្តិសុខ​គ្រប់​កន្លែង​គ្រប់​ជាន់​ដើម្បី​សម្រួល​ការ​ដើរ​កម្សាន្តរ​បស់​ភ្ញៀវ​និង​រក្សា​សុវត្ថិភាព»។

ពិធី​បុណ្យ​អុំទូក​នៅ​លើក​ចុង​ក្រោយ​កាល​ពី ឆ្នាំ​២០១០ បាន​បញ្ចប់​ទៅ​ដោយ​ក្តី​សោក​សង្រេង​ជា​ពន់​ពេក​ដោយ​សារ​ព្រឹត្តិការណ៍​ជាន់​គ្នា​ស្លាប់​នៅ​លើ​ស្ពាន​ឆ្លង​ទៅ​កោះ​ពេជ្រ​ដែល​ធ្វើ​ឲ្យ​មនុស្ស ៣៥៣ នាក់​បាត់បង់​ជីវិត។ បទ​ពិសោធ​ដ៏​ឈឺចាប់​នេះ​បាន​ក្លាយ​ជា​កណ្តឹង​ដើម្បី​ដាស់​តឿន​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​អ្នក​រៀបចំ​កម្មវិធី​នានា​បង្កើន​ការ​ប្រុង​ប្រយ័ត​ដើម្បី​ចៀស​វាង​បញ្ហា​ផ្សេងៗ។

លោក ខេង ទីតូ អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ឲ្យ​ដឹង​ថា មន្ត្រី​កង​រាជ​អាវុធហត្ថ ២០០០ នាក់​ត្រូវ​ត្រៀម​ខ្លួន​សម្រាប់​ថែរក្សា​សណ្តាប់​ធ្នាប់​សន្តិសុខ នៅ​តំបន់​កន្លែង​ប្រារព្ធ​ពិធី​បុណ្យ​អុំទូក និង​ជួយ​សហការ​ជាមួយ​កម្លាំង​នគរបាល​ជាតិ​ដើម្បី​រៀបចំ​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ។ ចំណែក កម្លាំង​រាជ​អាវុធហត្ថ​ចំនួន ១០០០ នាក់​ជា​កម្លាំង​ត្រៀម​សង្គ្រោះ​បឋម ក្នុង​ករណី​មាន​ឧបទ្ទវហេតុ​ណា​មួយ​កើត​ឡើង។

លោក​បាន​ថ្លែង​ថា៖ «នេះ​ជា​ឆ្នាំ​បើក​ឆាក​ដំបូង [ក្រោយ​ការ​លុប​ចោល​ពិធី​បុណ្យ​អុំ​ទូក​អស់​ពេល​បី​ឆ្នាំ] ទើប​យើង​ត្រូវ​តែ​ធ្វើ​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ហ្មត់​ចត់​ដោយ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​សន្តិសុខ សុវត្ថិភាព​ដល់​អ្នក​ចូល​រួម​ពិធី​បុណ្យ​ឲ្យ​មែន​ទែន។ យើង​ការពារ​កុំ​ឲ្យ​មាន​ព្រឹត្តិការណ៍​ចាស់​ជាន់​ដាន​បន្ត​ទៀត»៕


What Next?

Recent Articles