
Sat, 1 November 2014
ឆាយ ច័ន្ទនីដា
ភ្នំពេញប៉ុស្តិ៍
បើទោះបីជាមន្ត្រីរដ្ឋាភិបាលជាច្រើននៅតែគេចវេះមិនព្រមនិយាយជាមួយអ្នកសារព័ត៌មាន រហូតដល់អ្នកនាំពាក្យតាមក្រសួង ឬស្ថាប័នខ្លះ មិនសូវមានពាក្យនាំមកប្រាប់អ្នកកាសែតក្តី តែលោក ឡុង ឌីម៉ង់ តែងតែបំពេញបានទៅតាមតម្រូវការរបស់អ្នកសារព័ត៌មានដោយមិនប្រកាន់និន្នាការឡើយ ជាអ្វីដែលលោកហៅថា ការនិយាយជាមួយអ្នកសារព័ត៌មានជាការការពារមុខមាត់របស់សាលារាជធានីដើម្បីចៀសវាងការផ្សាយ «សម្អុយ»។
លោក ឡុង ឌីម៉ង់ កើតនៅ ឆ្នាំ១៩៨០ នា ទីក្រុងភ្នំពេញ ជាកូនប្រុសលោក ឡុង វិសាលោ រដ្ឋលេខាធិការក្រសួងការបរទេស។ បច្ចុប្បន្នលោក ឌីម៉ង់ ជានាយកទីចាត់ការរដ្ឋបាល និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ។ បច្ចុប្បន្ន មិនមានមន្ត្រីក្នុងជួររដ្ឋាភិបាលច្រើនប៉ុន្មានទេដែលធ្វើជាអ្នកពាំនាំសារពីសកម្មភាពរបស់អាជ្ញាធរ ឬរដ្ឋាភិបាលមកចែកជូនអ្នកសារព័ត៌មាន ដោយមិនរើសអើង ដូចជាលោក ឌីម៉ង់។ ប៉ុន្តែអ្នកនាំពាក្យវ័យក្មេងអាយុ ៣៤ឆ្នាំ រូបនេះ អាចធ្វើការងារសហការជាមួយប្រព័ន្ធផ្សព្វផ្សាយបានយ៉ាងល្អ ទោះបីជាលោកត្រូវរំលែកពេលវេលាពីការងាររដ្ឋបាលរបស់សាលារាជធានីក៏ដោយ។
លោក ឌីម៉ង់ បានរៀបការរយៈពេល ៦ ឆ្នាំមកហើយ ជាមួយនឹងកូនស្រីលោក ញឹម វណ្ណដា អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ យុវជនគណបក្សប្រជាជនកម្ពុជា រូបនេះ បានប្រើប្រាស់ចំណេះដឹងភាសាបារាំង និងសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ឬអនុបណ្ឌិតផ្នែកទំនាក់ទំនងអន្តរជាតិ ដែលរួមបញ្ចូលជំនាញសារព័ត៌មានមកពី ប្រទេសបារាំង មកបម្រើការងារនៅសាលារាជធានី ចាប់តាំងពី ឆ្នាំ២០០៤ មក។ ការធ្វើជាអ្នកនាំពាក្យ វាទាមទារឲ្យលោក ឌីម៉ង់ ត្រូវដឹងពីគ្រប់ស្ថានការណ៍នៃរាជធានីដើម្បីនាំពាក្យជូនដល់អ្នកសារព័ត៌មាន ចៀសវាងការសរសេរតែពីជ្រុងម្ខាង ធ្វើឲ្យខាតប្រយោជន៍អាជ្ញាធរ។

លោកថ្លែងថា៖ «បើខ្ញុំមិនបានឆ្លើយជាមួយអ្នកសារព័ត៌មាន មិនមែនខ្ញុំជាអ្នកខាតទេ នោះធ្វើឲ្យខាតសាលារាជធានីតើ ព្រោះដំណឹងនៅក្នុងកាសែតនឹងគ្មានតុល្យភាព ព្រោះបើព័ត៌មាននោះសម្អុយយើង នោះយើងក៏គ្មានអ្វីតបទេ។ អ៊ីចឹងខ្ញុំត្រូវតែនិយាយ»។
លោក ឌីម៉ង់ បានរៀបរាប់ប្រាប់កម្ពុជាចុងសប្តាហ៍ នៅក្នុងបន្ទប់ធ្វើការរបស់លោកនៅសាលារាជធានី ដែលមានឯកសារកម្រាស់ប្រមាណ ៣ តឹក គរនៅពីមុខ ដែលលោកត្រូវពិនិត្យមុននឹងបញ្ជូនបន្តទៅថា្នក់លើ។ ប៉ុន្តែកាលពីសប្តាហ៍មុន លោក ឌីម៉ង់ ហាក់មិនមានពេលសម្រាប់ពិនិត្យឯកសារទាំងនោះទេ ដោយលោកត្រូវធ្វើការប្រជុំព្រឹកល្ងាច ឬធ្វើការលើសម៉ោងដើម្បីតាមទាន់សភាពការណ៍កើតជុំវិញខណ្ឌទាំង ១២ នៅ រាជធានី។ ទាំងនេះគឺជាការងារប្រចាំថ្ងៃរបស់លោក។
លោក ឌីម៉ង់ និយាយបណ្តើរដោយចង្អុលទៅកាន់គំនរឯកសាររដ្ឋបាលបណ្តើរថា៖ «ថ្ងៃខ្លះប៉ុណ្ណឹងគុណនឹង ៤ ក៏មាន។ ខ្ញុំត្រូវការចាយពេលរបស់ខ្ញុំក្រៅម៉ោងទៀត។ ថ្ងៃខ្លះត្រូវកណ្ដៀតទៅផ្ទះធ្វើទៀតដើម្បីកុំឲ្យស្ទះ (ការងារ)»។ «ខ្ញុំមិនដែលបានចេញទៅផ្ទះមុនម៉ោង ៧ យប់ទេ គឺត្រូវធ្វើយ៉ាងណាត្រួតពិនិត្យឯកសារឲ្យចប់ដើម្បីស្អែកអាចបញ្ជូនចេញបាន។
ការងារខ្លះ ជាមួយអ្នកសារព័ត៌មានគឺ ស្រ្តេស ពេលខ្ញុំឮសំឡេងទូរស័ព្ទចង់ឈឺតែម្តង។ មួយថ្ងៃមិនក្រោម ១៥០ (ខល) លើកទាំងចេញ និងចូល។ បើជាប់ប្រជុំសំខាន់អី មានលេខ Missed called ៣០ ដងក៏មានដែរ»។ ប៉ុន្តែលោកនៅតែបញ្ជាក់ថា ការនិយាយជាមួយអ្នកព័ត៌មាន ជាភារកិច្ចរបស់លោកដែលត្រូវតែផ្តល់ជូន ទោះបីជាត្រូវទាក់ទងលោកមិនចូលឬក៏មិនលើកលោកជំរុញឲ្យអ្នកសារព័ត៌មានទាក់ទងមកម្តងទៀត។
មិនមែនលោកតែម្នាក់ឯង អាចធ្វើជាអ្នកនាំពាក្យបានគ្រប់រឿង ប្រាប់អ្នកកាសែតទេ ប៉ុន្តែលោកមានក្រុមការងារដែលមានសមត្ថភាពនិងអ្នកផ្តល់យោបល់សំខាន់មួយរូប គឺអភិបាលរាជធានីលោក ប៉ា សុជាតិវង្ស ផ្ទាល់។ «ខ្ញុំធ្លាប់ជាជំនួយការលោកអតីតអភិបាល (កែប ជុតិមា) ខ្ញុំបានដឹងសឹងគ្រប់រឿងនៅក្នុងរាជធានី។ អ៊ីចឹងការងារសព្វថ្ងៃធ្វើការជាមួយអភិបាល (ប៉ា សុជាតិវង្ស) ប្រៀបបានដូចជាពេទ្យ ពួកយើងត្រូវឆែកគ្នារាល់ព្រឹកថា មានព័ត៌មានអីកើតឡើង ហើយបើគេសួរត្រូវឆ្លើយរបៀបម៉េច? លោកអភិបាល បានណែនាំរហូតហើយលោកបើកចំហឲ្យត្រង់ទៅត្រង់មកជាមួយសារព័ត៌មានបើមិនត្រង់ មានន័យថា យើងខ្លាច»។ ការងារក្រៅពីនេះ លោក ឌីម៉ង់ បានគ្រប់គ្រងលើទំព័របណ្តាញសង្គមហ្វេសប៊ុក របស់សាលារាជធានីភ្នំពេញ ដែលមានមនុស្ស ៦ ម៉ឺននាក់ចូលចិត្ត។
លោកមានក្រុមការងារចាំធ្វើការបង្ហោះនូវសកម្មភាពនានារបស់មន្ត្រីថា្នក់មូលដ្ឋាន និងថ្នាក់ដឹកនាំសាលារាជធានី ហើយជាពិសេស គឺការប្រាស្រ័យទាក់ទងនឹងប្រជាមតិទូទៅដែលបញ្ចេញយោបល់លើទំព័រមួយនេះ ក្នុងន័យទិតៀនដើម្បីស្ថាបនា។
ការងាររបស់មន្ត្រីវ័យក្មេងរូបនេះ មានមន្ត្រីវ័យចំណាស់មួយចំនួនស្ថិតនៅក្រោមបង្គាប់ បានធ្វើឲ្យលោកមានការពិបាកបន្តិច ក្នុងការបំពេញការងារកាលពីដំបូង ប៉ុន្តែលោកបានគូសបញ្ជាក់ដោយទឹកមុខញញឹមរួសរាយនិងម៉ឺងម៉ាត់ថា លោក មកធ្វើការដើម្បីមករៀនពីមនុស្សចាស់ ដោយប្រកាន់អត្តចរិតមិនច្រឡោងខាមលើគេឯងឡើយ។ លោកនិយាយថា នៅពេលចូលធ្វើការនៅសាលារាជធានីដំបូង មានមន្ត្រីវ័យចំណាស់មួយចំនួន ហាក់មិនសប្បាយចិត្តនឹងលោកទេ ដោយមានអ្នកនិយាយអ៊ីចេះអ៊ីចុះ។ តែលោកត្រូវបង្ហាញអត្តចរិតប្រាប់ពួកគាត់ថា លោកមកជួយធ្វើការងារគាត់ដើម្បីបន្តវេន មិនមែនមានគំនិតមកប៉ែងជើងគាត់ទេ។
លោក ឌីម៉ង់ បញ្ជាក់ថា៖ «យើងចេះប្រើពាក្យសម្តីល្អ។ កន្លងមកមានមន្ត្រីខ្លះ មិនសូវសហការជាមួយយើង តែមកដល់ឥឡូវមន្ត្រីដែលមិនសប្បាយចិត្តនឹងខ្ញុំ បានក្លាយជាមន្ត្រីដែលស្រឡាញ់ខ្ញុំជាងគេ»។
និយាយដល់ត្រង់ចំណុចនេះ លោក ឌីម៉ង់ បានរំឭកពីក្រុមគ្រួសាររបស់លោក។ លោកបានឲ្យដឹងថា លោកកើតនៅក្នុងគ្រួសារ «អភិរក្សនិយមនិងមានរបៀប» មួយដែលបានឃុំគ្រងរូបលោក និងប្អូនប្រុសតែម្នាក់គត់របស់លោកដែលកើតក្នុង ឆ្នាំ១៩៨២ មិនងាយបណ្តោយឲ្យធ្វើអ្វីមួយផ្តេសផ្តាសឡើយ ខ្លាចងាយសង្គមអូសទាញទៅរកអបាយមុខ។ នៅពេលលោកមានអាយុ ២ ឆ្នាំ គឺក្នុង ឆ្នាំ១៩៨២ លោកបានចាកចេញទៅរស់នៅជាមួយឪពុករបស់លោក ដែលជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅ ប្រទេសគុយបា ហើយបានចូលរៀនថ្នាក់មត្តេយ្យកុមារនៅទីនោះ។ លុះចប់បេសកកម្មការទូត ក្រុមគ្រួសារលោកបានវិលមកប្រទេសកម្ពុជាវិញ។
លោកបានចូលរៀននៅសាលាចតុមុខ និងវិទ្យាល័យព្រះស៊ីសុវត្ថិ។ នៅ ឆ្នាំ១៩៩៧ លោកបានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រសេដ្ឋកិច្ច និងថ្នាក់អនុបណ្ឌិតទំនាក់ទំនងអន្តរជាតិ នៅ ប្រទេសបារាំង។ លោកបាននិយាយថា៖ «ឪពុកម្តាយជាអ្នកអភិរក្សនិយម មានរបៀបរបបវិន័យ ខ្ញុំមិនអាចដើរលេងរហេតរហូតបានទេ។ ទោះខ្ញុំចង់ជិះកង់ តែគាត់មិនឲ្យជិះទៅរៀនទេ គឺត្រូវមានអ្នកជូន ព្រោះខ្លាចខ្ញុំសេពគប់មិត្តមិនល្អ ដែលគាត់មិនអាចតាមដានបាន។ ពេលពេញវ័យ ក៏ដូចគ្នា គាត់មិនបណ្តោយយើង ធ្វើឲ្យខ្ញុំបារម្ភ។ បើគាត់បណ្ដែតបណ្ដោយ ប្រហែលជាស្គាល់សង្គមច្រើនជាង»។ ប៉ុន្តែ «គាត់អប់រំឲ្យយើងតស៊ូ មិនគិតថា ជាកូនមន្ត្រីរាជការឬកូនអ្នកនេះ អ្នកនោះ ភ្លេចគិតពីការរៀនសូត្រ ឬការរៀបចំអនាគត។ គាត់តែងអប់រំថា អនាគតយើងគឺយើងជាអ្នកកំណត់វាសនា។ អ្នកមានទ្រព្យសម្បត្តិមិនមែនមានន័យថា អ្នកនោះមានសមត្ថភាពថែរក្សាឬអភិវឌ្ឍទ្រព្យសម្បត្តិទៅមុខបានទេ។ បើយើងខ្លួនឯងមិនចេះរៀបចំគិតគូរទុកដាក់ឲ្យត្រឹមត្រូវ ទោះយើងមានទ្រព្យសម្បត្តិប៉ុនណាក៏មិនគ្រប់ដែរ»។ ការអប់រំមួយទៀតរបស់ឪពុកម្តាយលោក ឌីម៉ង់ គឺថា «កូនឯងកុំតាំងខ្លួនឲ្យគេអាណិត តែធ្វើជាអ្នកអាណិតគេវិញ»។ «នោះខ្ញុំចងចាំរហូតគឺជាការទូន្មានរបស់ឪពុកម្តាយខ្ញុំជាការរំឭកឲ្យមានការតស៊ូ»។

ការចាប់ផ្តើមតស៊ូរៀនរស់នៅដោយរឹងប៉ឹងដោយឯកឯង របស់លោក ឌីម៉ង់ បានចាប់ផ្តើមពេលលោកនៅ បារាំង គឺលោកត្រូវរៀនផងឆ្លៀតពេលធ្វើការក្រៅផង ធ្វើកិច្ចការផ្ទះផង ហើយត្រូវដាំស្លខ្លួនឯងទៀត ដែលរហូតមកទល់ពេលនេះលោកអាចធ្វើម្ហូបបានសឹងគ្រប់មុខ ជាពិសេសមុខម្ហូបខ្មែរ។ លោកឡុង ឌីម៉ង់ ធ្លាប់រំពឹងថា នឹងបានក្លាយជាអ្នកការទូតម្នាក់ដូចឪពុករបស់លោកដែរ ព្រោះតែជំនាញដែលលោកសិក្សាអាចធ្វើការងារនោះបាន ប៉ុន្តែជាការចៃដន្យ ដោយសារឪពុកលោកណែនាំឲ្យលោកជួបលោក កែប ជុតិមា ទើបបានពង្វាងក្តីប៉ងប្រាថ្នារបស់លោកឲ្យរសាត់ទៅឆ្ងាយ ហើយមកក្លាយជាមន្ត្រីសាលារាជធានី ទៅវិញ។ ដោយសារស្ថានភាពបច្ចុប្បន្ននៅរាជធានី និងនៅប្រទេសកម្ពុជា ទាំងមូល ត្រូវការយុវជនដើម្បីចូលរួមស្តារនិងអភិវឌ្ឍសង្គមជាតិ លោកមិនទាន់ចង់ទៅណាឆ្ងាយពីការងារមូលដ្ឋានសព្វថ្ងៃនេះទេ គឺត្រូវធ្វើការជាមួយពលរដ្ឋ ហើយចូលរួមជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលដើម្បីគោលនយោបាយកំណែទម្រង់ស៊ីជម្រៅសម្រាប់អាណត្តិ ទី៥ នេះ ហើយលោកជឿថា «វាមិនទាន់ជាការហួសពេល» នោះឡើយសម្រាប់រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន។
ក្រៅពីការងារមន្ត្រីរាជការនៅសាលារាជធានីភ្នំពេញ អ្នកនាំពាក្យរូបនេះ បានឆ្លៀតធ្វើការងារចុងសប្តាហ៍ក្នុងនាមជាសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ដែលដឹកនាំដោយលោក ហ៊ុន ម៉ានី កូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្រៅពីនេះ លោក ឡុង ឌីម៉ង បានឲ្យដឹងថា លោកបានកៀរគរមន្ត្រីមន្ទីរអង្គភាពចំណុះសាលារាជធានីបានប្រមាណ ៣០០ នាក់ឲ្យចូលរួមជាមួយសហព័ន្ធយុវជននេះ ដែលមានការចុះធ្វើបរិស្ថាន ជួយដកស្ទូងកសិករ និងអប់រំប្រជាពលរដ្ឋពីបញ្ហាសុខភាព បរិស្ថាន សង្គមផ្សេងៗផងដែរ។
លោក ឌីម៉ង់ ជាប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋាននៅ សង្កាត់ជើងឯក ខណ្ឌដង្កោ និងជាអនុប្រធានក្រុមការងារចុះជួយ ខណ្ឌដង្កោ របស់គណបក្សប្រជាជនកម្ពុជា។ លោកជាយុវជនគណបក្សប្រជាជន ដែលមិនភ្លេចនូវគុណបំណាច់ «ការពលីសាច់ស្រស់ឈាមស្រស់របស់យុវជនជំនាន់មុនដើម្បីរំដោះប្រទេសចេញពីរបប ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ» ឡើយ។ លោកបញ្ជាក់ថា៖ «យើងដើរតាមគន្លងរបស់យុវជនវ័យចាស់ ព្រោះជំនាន់ឪពុកម្តាយនៅជាយុវជន គឺចំពេលប្រទេសមានសង្គ្រាម។ គាត់គួរត្រូវសប្បាយតែក្នុងពេលសង្គ្រាម គាត់មិនអាចសប្បាយដូចយើងបានទេ។ ដោយសារការលះបង់របស់យុវជនជាន់មុននូវសាច់ស្រស់ឈាមស្រស់ទើបយើងមានថ្ងៃនេះ។ អ៊ីចឹងយើងត្រូវបន្តនូវស្នាដៃរបស់គាត់ បន្តនូវស្នាដៃថ្មី រក្សាស្នាដៃចាស់»។ លោក ឌីម៉ង់ បានអំពាវនាវ «សូមយុវជនដើរលើផ្លូវត្រូវ អ្វីយើងធ្វើដើម្បីបុព្វហេតុជាតិមាតុភូមិ បើសង្គមធ្លាក់ក្នុងអបាយមុខ នោះសង្គមគ្មានសេចក្តីសុខ។ ដូច្នេះត្រូវខិតខំកសាងខ្លួនឲ្យក្លាយជាពលរដ្ឋល្អ កូនល្អនៅក្នុងសង្គម។ បើពលរដ្ឋជាគ្រាប់ពូជល្អ នោះសង្គមនឹងដុះដូចដើមឈើដែលល្អ»៕
តើនេះពួកគេកំពង់ធ្វើអីហ្នឹង? ល្អមើលណាស់កាប់មួយលានដាំមួយដើម
ពួកអាប្រសពឆ្គួត ។
I was wondering how much Chhay Chan Nida got paid for this article. I used to believe that Phnom Penh Post is one of the few neutral newspapers in Cambodia, but, unfortunately it is not. Shame!!!!
the bunch of dictator ‘ he born after khmer rouge and he know nothing about history of politic’he should learn more about politic in cambodia ‘people cry everywhere ,everyday and fucking veit encroach in our homeland and veit say kampuchea krom belong to veit long time ago why din’t he protest? he work in the government he should help to fight enemy but quiet’ com’n if you serve people or nation ‘most of these people only think money’GOD bless all cambodian people’