អង្គការ​ខែរីង​ផ្ដល់​កម្មវិធី​សិក្សា​ស្តង់ដារ​អន្តរជាតិ​ដល់​សិស្ស​ក្រីក្រ​នៅ​សៀមរាប

ដោយ ម៉ៅ សុធានី
2014-11-01
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

សិស្ស សៀមរាប ៦២០
កុមារ​ដែល​រៀន​នៅ​សាលា​របស់​អង្គការ ខែរីង ហ្វរ ខេមបូឌា (Caring for Cambodia)។ Photo courtesy of Caring for Cambodia

អង្គការ ខែរីង ហ្វរ ខេមបូឌា (Caring for Cambodia) មាន​ជំនឿ​ថា ការ​ផ្តល់​កម្មវិធី​សិក្សា​អប់រំ​ត្រឹមត្រូវ​តាម​កម្រិត​ស្តង់ដារ​អន្តរជាតិ​ដល់​កុមារ គឺ​ជា​វិធីសាស្ត្រ​ដ៏​ល្អ​មួយ​សម្រាប់​ធ្វើ​ឲ្យ​ជីវិត​រស់នៅ​របស់​ពួក​គេ​មាន​ភាព​ល្អ​ប្រសើរ​ទៅ​ថ្ងៃ​អនាគត។

បច្ចុប្បន្ន អង្គការ ខែរីង ហ្វរ ខេមបូឌា បាន​បង្កើត​សាលា​ជាច្រើន​នៅ​ក្នុង​ខេត្ត​សៀមរាប ដែល​មាន​ថ្នាក់​រៀន​ស្អាត​ល្អ អនាម័យ​ខ្ពស់ បំពាក់​ដោយ​សម្ភារៈ និង​ឧបករណ៍​ទំនើបៗ​សម្រាប់​កុមារ និង​យុវជន ចាប់​ពី​ថ្នាក់​មត្តេយ្យ​រហូត​ដល់​កម្រិត​វិទ្យាល័យ។

អង្គការ ខែរីង ហ្វរ ខេមបូឌា គឺ​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ ដែល​មាន​បេសកកម្ម​ពិសេស គឺ​ផ្តល់​ការ​អប់រំ​ដល់​កុមារ និង​បង្ហាត់​ហ្វឹកហ្វឺន​គ្រូបង្រៀន​តាម​កម្មវិធី​សិក្សា​ស្តង់ដារ​អន្តរជាតិ រួម​មាន ខាង​ផ្នែក​ភាសា​អង់គ្លេស ព័ត៌មានវិទ្យា វិទ្យាសាស្ត្រ សិល្បៈ និង​កីឡា ជាដើម។ បច្ចុប្បន្ន អង្គការ​នេះ​បាន​សង់​សាលា​រៀន​ចំនួន ២១​កន្លែង ចាប់​ពី​ថ្នាក់​មត្តេយ្យ​រហូត​ដល់​កម្រិត​វិទ្យាល័យ និង​មាន​សិស្ស​ចូល​រៀន​ចំនួន​ជាង ៦.៤០០​នាក់​នៅ​ទូទាំង​ខេត្ត​សៀមរាប។

អង្គការ​នេះ​បង្កើត​ឡើង​ដំបូង​កាល​ពី​ឆ្នាំ​២០០៣ ដោយ អ្នកស្រី ហ្យេមម៉ី អាមេលីយ៉ូ (Jamie Amelio) ជនជាតិ​អាមេរិកាំង រស់នៅ​រដ្ឋ​តិចសាស (Texas) ដែល​បាន​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត​ជា​លើក​ទី​១ កាល​ពី​ឆ្នាំ​២០០៣។ នា​ពេល​នោះ អ្នកស្រី​បាន​ឃើញ​ក្មេង​ស្រី​សុំ​ទាន​ម្នាក់​អាយុ ៩​ឆ្នាំ ក៏​មាន​ចិត្ត​អាណិត​អាសូរ​ដែល​ពុំ​បាន​ទៅ​រៀន​សូត្រ​ដូច​កុមារ​ដទៃ​ទៀត ដោយសារ​ក្រុម​គ្រួសារ​មាន​ជីវភាព​រស់នៅ​ទី​ទាល់ក្រ។ ប្រមាណ​ជា ៣​សប្ដាហ៍​ក្រោយ​មក អ្នកស្រី ហ្យេមម៉ី បាន​ប្ដេជ្ញា​ចិត្ត​បង្កើត​ជា​អង្គការ​មួយ សម្រាប់​ផ្តល់​ការ​អប់រំ​ពិសេស​ដល់​កុមារ​ក្រីក្រ ដោយ​ដាក់​ឈ្មោះ​ថា អង្គការ ខែរីង ហ្វរ ខេមបូឌា។

សមាជិក​ក្រុមប្រឹក្សាភិបាល​ម្នាក់​នៃ​អង្គការ ខែរីង ហ្វរ ខេមបូឌា ដែល​មាន​ជំនាញ​ខាង​វិស័យ​អប់រំ​នៅ​សហរដ្ឋ​អាមេរិក អ្នកស្រី លីហ្ស ឃីង (Liz King) មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា អ្នកស្រី​បាន​ចូលរួម​ក្នុង​កម្មវិធី​សិក្សា​របស់​អង្គការ​នេះ​ប្រមាណ​ជា ១០​ឆ្នាំ​មក​ហើយ នៅ​ពេល​ដែល​អ្នកស្រី និង​ស្វាមី ធ្វើ​ការ និង​រស់នៅ​ក្នុង​ប្រទេស​សិង្ហបុរី (Singapore)។

អ្នកស្រី លីហ្ស ឃីង បន្ត​ថា មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​អប់រំ​បាន​សរសើរ​ចំពោះ​កម្មវិធី​សិក្សា​រៀន​សូត្រ​របស់​អង្គការ​មួយ​នេះ បន្ទាប់​ពី​បាន​មក​ពិនិត្យ និង​សង្កេតការណ៍​ក្នុង​ថ្នាក់​រៀន​នីមួយៗ ដោយ​ឃើញ​មាន​ការ​រៀបចំ​ស្អាត​ល្អ មាន​សៀវភៅ​គ្រប់​ប្រភេទ និង​មាន​ឧបករណ៍​ទំនើបៗ​សម្រាប់​សិស្ស​រៀន​សូត្រ​ក្នុង​ថ្នាក់៖ «បកប្រែ​សម្រួល សាលា​របស់​យើង​មាន​ប្រភព​ធនធាន​គ្រប់គ្រាន់។ សម្រាប់​សិស្ស​វិទ្យាល័យ យើង​មាន​ថ្នាក់​ពិសោធន៍​សម្រាប់​វិទ្យាសាស្ត្រ សម្រាប់​កុំព្យូទ័រ។ សាលា​យើង​មាន​តែ​នៅ​ខេត្ត​សៀមរាប ប៉ុណ្ណោះ យើង​កំពុង​អភិវឌ្ឍ​សាលា​យើង​ជា​សាលា​រៀន​គំរូ។ យើង​ផ្តល់​ការ​ហ្វឹកហ្វឺន​ដល់​គ្រូបង្រៀន​នៅ​ប្រទេស​សិង្ហបុរី ដើម្បី​ឲ្យ​ពួក​គេ​បាន​ឃើញ​ពី​វិស័យ​អប់រំ​នៅ​ប្រទេស​នេះ។ សព្វថ្ងៃ​នេះ យើង​កំពុង​ប្រែ​ក្លាយ​សាលា​យើង​ជា​សាលា​គំរូ​មួយ​នៅ​ប្រទេស​កម្ពុជា»

រហូត​មក​ដល់​បច្ចុប្បន្ន អង្គការ​នេះ​មាន​អ្នក​ផ្តល់​ថវិកា​គាំទ្រ​ជាង ៤​ពាន់​នាក់ នៅ​ទូទាំង​ពិភពលោក និង​មាន​អ្នក​ស្ម័គ្រចិត្ត​ជាង ៤០០​នាក់​មក​ពី ៣៥​ប្រទេស។ ក្នុង​ថ្នាក់​រៀន​នីមួយៗ​ចាប់​ពី​ថ្នាក់​បឋម​សិក្សា​ឡើង​ទៅ មាន​បំពាក់​ដោយ​សម្ភារៈ និង​ឧបករណ៍​ទំនើបៗ។ អង្គការ​នេះ ផ្តល់​ការ​ហ្វឹកហ្វឺន​ផ្នែក​គរុកោសល្យ និង​ជំនាញ​ដល់​គ្រូបង្រៀន ផ្តល់​ឯកសណ្ឋាន​សាលា ផ្តល់​ការ​ថែរក្សា​សុខភាព និង​អនាម័យ ព្រម​ទាំង​ផ្តល់​កង់​សម្រាប់​សិស្ស​ដែល​រស់នៅ​ឆ្ងាយ​ពី​សាលា ដើម្បី​អាច​ជិះ​ទៅ​រៀន​បាន។ អង្គការ​នេះ ក៏​មាន​ផ្តល់​ម្ហូប​អាហារ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ គឺ​អាហារ​ពេល​ព្រឹក និង​ថ្ងៃ​ត្រង់​ដល់​សិស្ស​សាលា​មត្តេយ្យ។ បន្ថែម​ពី​នេះ ក៏​មាន​ក្រុម​គ្រូពេទ្យ​ធ្មេញ (ទន្តពេទ្យ) និង​គ្រូពេទ្យ​ជំនាញ​ទូទៅ សម្រាប់​ត្រួត​ពិនិត្យ និង​ព្យាបាល​សុខភាព​ដល់​សិស្ស​សាលា​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles