អ្នក​ភូមិ​លើ​ទឹក​បឹង​ទន្លេ​សាប​ពិត​ជា​ដាក់​សព​តាម​ដើម​ឈើ​ក្នុង​ព្រៃ​លិច​ទឹក?

ការ​រៀបចំ​បញ្ជូន​សព​ទៅ​បញ្ចុះ​ឬ​ហៅ​តាម​ជនជាតិ​វៀតណាម​ថា ជូន​ដំណើរ​ខ្មោច នៅ ភូមិ​អណ្តែត​ទឹក ចុង​ឃ្នាស ក្រុង​សៀមរាប។

ការ​រៀបចំ​បញ្ជូន​សព​ទៅ​បញ្ចុះ​ឬ​ហៅ​តាម​ជនជាតិ​វៀតណាម​ថា ជូន​ដំណើរ​ខ្មោច នៅ ភូមិ​អណ្តែត​ទឹក ចុង​ឃ្នាស ក្រុង​សៀមរាប។ រូបថត កល្យាណ



ភ្នំពេញប៉ុស្តិ៍

ពិធី​បុណ្យ​សព​គឺជា​ពិធី​ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ពេល​ដែល​មាន​មនុស្ស​ក្នុង​គ្រួសារ​ណា​មួយ​ស្លាប់ រីឯ​ការ​រៀបចំ​ប្រារព្ធ​ពិធី ឬ​ហៅ​ថា ពិធី​ជូន​ដំណើរ​ខ្មោច គឺ​មាន​ភាព​ប្លែកៗ​ខុស​ពី​គ្នា ដូច​ជា ការ​និយម​បូជា បញ្ចុះ (កប់) បណ្តែត​ទឹក ឬ​យក​ទៅ​ប្លុង​ចោល​ក្នុង​ព្រៃ​ស្មសាន ជាដើម…ដែល​អាស្រ័យ​ទៅ​តាម​និគមជន និង​ទំនៀម​ទម្លាប់​សហគមន៍​ជនជាតិ​នៃ​តំបន់​នោះ ដោយ​ផ្អែក​លើ​ស្ថានភាព​ភូមិ​សាស្ត្រ​ផង ហើយ​ប្រការ​មួយ​នេះ គឺជា​កាតព្វកិច្ច​មួយ​មិន​អាច​រំលង​បាន​ឡើយ សម្រាប់​ក្រុម​គ្រួសារ​នីមួយៗ។

ប៉ុន្តែ អ្វី​ដែល​អ្នក​ទេសចរ​មាន​ចម្ងល់​គឺ​ថា តើ​អ្នក​រស់​នៅ​ក្នុង​ភូមិ​អណ្តែត​ទឹក​ចុង​ឃ្នាស ក្នុង សង្កាត់​ចុង​ឃ្នាស ក្រុង​សៀមរាប នៃ ប្រទេស​កម្ពុជា គេ​ប្រារព្ធ​ពិធី​បុណ្យ​និង​ទុក​ដាក់​សាក​សព​អ្នក​ស្លាប់​ទៅ​ដូចម្តេច? បើ​អ្នក​ភូមិ​ភាគ​ច្រើន​ពួក​គេ​គ្មាន​ដី​គោក​ជា​កម្មសិទ្ធិ​ផង​នោះ។

ដោយ​ក្នុង​ភូមិ​អណ្តែត​ទឹក​ចុង​ឃ្នាស នេះ​មាន​អ្នក​រស់​នៅ​ចម្រុះ​ជាតិ​សាសន៍ ពិសេស​មាន​ជនជាតិ​វៀតណាម ស្ទើរ​តែ ៥០ ភាគរយ ទៅ​ហើយ ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ទេសចរ​មួយ​ចំនួន​មាន​ការ​ភាន់​ច្រឡំ​ទៅ​លើ​ប្រពៃណី​នៃ​ការ​រៀបចំ​ពិធី​បុណ្យ​នៅ​ទីនោះ។ តែ​ទោះ​ជា​យ៉ាង​ណា​ការ​រៀបចំ​ពិធី​បុណ្យ​សព​របស់​អ្នក​រស់​នៅ​លើ​ភូមិ​អណ្តែត​ទឹក​ខួប​ប្រាំង​ខួប​វស្សា នៃ ភូមិ​ចុង​ឃ្នាស នេះ ក៏​មិន​ខុស​ប្លែក​គ្នា​ប៉ុន្មាន​ពី​អ្នក​រស់​នៅ​តំបន់​ដី​គោក​ដែរ។

ក្នុង​សម្លៀក​បំពាក់​ស គ្រួសារ​សព​មួយ​បាន​រៀបចំ​ពិធី​បុណ្យ​ទៅ​តាម​ប្រពៃណី​ជនជាតិ​វៀតណាម នៅ​ក្នុង​ផ្ទះ​អណ្តែត​ទឹក ក្នុង ភូមិ​ចុង​ឃ្នាស តែ​អ្វី​ដែល​ចម្លែក​នោះ គឺ​ការ​បណ្តែត​ទូក​ដែល​តម្កល់​មឈូស​ដាក់​សព​ទៅ​តាម​ខ្សែ​ទឹក។

បុរស​ជន​ជាតិ​វៀតណាម វៀន ខិន នៅ​លើ​ផ្ទះ​ក្នុង ភូមិ​ចុង​ឃ្នាស។រូបថត កល្យាណ

លោក វៀង ខិន ជា​ជនជាតិ​វៀតណាម វ័យ​ជាង ៣០​ឆ្នាំ បាន​ប្រាប់​ថា គាត់​មាន​កំណើត​នៅ​ក្នុង ភូមិ​ចុង​ឃ្នាស នេះ​តែ​ម្តង និង​ប្រក​បរបរ​នេសាទ​ត្រី​ចិញ្ចឹម​ជីវិត។ គាត់​ថា ការ​បណ្តែត​មឈូស​សាកសព​ទៅ​តាម​ទូក​រហូត​ទៅ​ដល់​ទី​កំណត់​មួយ​នោះ គឺជា​វិធី​ដែល​អាច​អន្ទង​ឲ្យ​ព្រលឹង​អ្នក​ស្លាប់ បាន​ទៅ​កាន់​សុគតិភព ជា​ឋាន​បរម​សុខ។ ទោះ​ជា​កើត​នៅ​ស្រុក​ខ្មែរ តែ​សំនៀង​និយាយ​ខ្មែរ​មិន​ច្បាស់​ក្តី លោក វៀង ខិន បន្ត​ថា៖ «ថ្វី​បើ​ខ្ញុំ​មិន​សូវ​ដឹង​រឿង​ច្រើន ប៉ុន្តែ ខ្ញុំ​អាច​ប្រាប់​បាន​ថា ការ​ធ្វើ​បែប​នេះ​គឺ​ក្នុង​គោល​បំណង​បញ្ជូន​ព្រលឹង​អ្នក​ស្លាប់​ឲ្យ​ទៅ​កាន់​ឋានសួគ៌»។

បន្ទាប់​ពី​ការ​បណ្តែត​មឈូស​តាម​ទឹក​រួច​មក អ្នក​រៀបចំ​ពិធី​បុណ្យ​សព នឹង​កំណត់​យក​ដី​គោក​កន្លែង​ណា​មួយ​ដើម្បី​បញ្ចុះ​សព​នោះ ទៅ​តាម​ប្រពៃណី​ដូនតា​គេ ដូច​ជនជាតិ​ចិន និង​ខ្មែរ​ដែរ។

លោក វៀង ខិន បាន​និយាយ​ដែរ​ថា៖ «បន្ទាប់​មក​យើង​កប់​សាក​សព​ក្នុង​រណ្តៅ​មួយ​ដែល​មាន​ជម្រៅ​ពីរ​ម៉ែត្រ។ ការ​ជីក​រណ្តៅ​ជ្រៅ គឺ​ការពារ​កុំ​ឲ្យ​មឈូស​សាក​សព​ហើប​ឡើង​បាន នៅ​ពេល​ដែល​ទឹក​ទន្លេ​ជន់​លិច ក្នុង​រដូវ​ទឹក​ឡើង»។

ទីតាំង​បញ្ចុះ​សព​របស់​សហគមន៍​ជនជាតិ​វៀតណាម នៃ ភូមិ​ចុង​ឃ្នាស គឺ​នៅ​មិន​ឆ្ងាយ​ពី​ភូមិ​អណ្តែត​ទឹក​នេះ​ប៉ុន្មាន​ទេ អ្នក​ទេសចរ​ភាគ​ច្រើន អាច​នឹង​មើល​ឃើញ​ទីតាំង​នោះ​ច្បាស់​ពេល​ធ្វើ​ដំណើរ​តាម​ទូក​ទៅ​ទស្សនា​ភូមិ​អណ្តែត​ទឹក​នេះ។ ប៉ុន្តែ​កាល​ពី​សប្តាហ៍​មុន ទីតាំង​បញ្ចុះ​សព​មួយ​នេះ ត្រូវ​ទឹក​ជន់​លិច​ស្ទើរ​តែ​អស់​គ្មាន​សល់​ដី​និង​ហ៊ុម​ព័ទ្ធ​ដោយ​កំប្លោក។

ការ​ទុក​ដាក់​សាក​សព​ដែល​ចម្លែក​ជាង​នេះ គឺ​មាន​ការ​តំណាល​ត​គ្នា អំពី​អ្នក​ភូមិ​រស់​នៅ​លើ​ទឹក​កន្លង​មក ដែល​យក​សាក​សព​ទៅ​ដាក់​តាម​ប្រគាប​ឈើ ក្នុង​ព្រៃ​លិច​ទឹក កណ្តាល​ទន្លេ​សាប ដែល​មនុស្ស​មួយ​ចំនួន​គិត​ថា វា​ជា​ទង្វើ​មិន​គប្បី​និង​មិន​ជា​ការ​គោរព​ចំពោះ​សាកសព​ឡើយ។

អ្នក​ស្រី ចាន់ ថន ជា​ជនជាតិ​ខ្មែរ​ដែល​រស់​នៅ​រក​ស៊ី​ក្នុង​ភូមិ​នេះ​ជិត ២០​ឆ្នាំ មក​ហើយ​បាន​រៀបរាប់​អំពី​ការ​យក​សាក​សព​ទៅ​តម្កល់​នៅ​លើ​ប្រគាប​ឈើ​កណ្តាល​ទន្លេ​របស់​អ្នក​ភូមិ ដោយ​ចង្អុល​ទៅ​កាន់​ជនជាតិ​វៀតណាម ដែល​កំពុង​តែ អុំ​ទូក​សុំ​លុយ​ពី​អ្នក​ទេសចរ​ថា៖ «និយាយ​ទៅ​ខ្មែរ​យើង​ក្នុង​ភូមិ​នេះ មិន​មាន​អ្នក​ណា​យក​សាក​សព​សាច់​ញាតិ​ខ្លួន​ទៅ​ដាក់​លើ​ប្រគាប​ឈើ​ចោល​អ៊ីចឹង​ទេ ពីព្រោះ​ខ្មែរ​យើង​តែង​យក​សព​អ្នក​ស្លាប់​ទៅ​ធ្វើ​បុណ្យ​បូជា​ឬ​យក​ទៅ​បញ្ចុះ​នៅ​ក្នុង​វត្ត​ភ្នំ​ក្រោម​ឯណោះ។ នេះ​ជា​ប្រពៃណី​របស់​ខ្មែរ​យើង​នៅ​តំបន់​នេះ ដែល​ធ្វើ​ការ​គោរព​ដល់​អ្នក​ដែល​បាន​ចែក​ឋាន​ទៅ​នោះ។

អ្នក​ស្រី​បន្ត​ថា៖ «ការ​ពិត​ទៅ​អ្នក​ដែល​យក​សាកសព​ទៅ​ដាក់​នៅ​លើ​ប្រគាប​មែក​ឈើ​នោះ គឺ​ច្រើន​ជា​ជនជាតិ​វៀតណាម ក្រីក្រ​មួយ​ចំនួន​ដែល​តែង​ធ្វើ​បែប​នេះ​ពិត​មែន។ តែ​សម្រាប់​ជនជាតិ​វៀតណាម ដែល​មាន​ជីវភាព​ធូរធារ គេ​អាច​មាន​លទ្ធភាព​ធ្វើ​បុណ្យ​និង​រក​ដី​គោក​បញ្ចុះ​សព​សាច់​ញាតិ​គេ»។

អ្នក​ស្រី ចាន់ ថន បន្ត​ឲ្យ​ដឹង​ថា មាន​ជនជាតិ​វៀតណាម មួយ​ចំនួន​បាន​ធ្វើ​បែប​នេះ ពីព្រោះ​កាល​ពី​បី​ខែ​មុន មាន​អ្នក​សុំ​ទាន​ស្រី​ជនជាតិ​វៀតណាម ម្នាក់​បាន​ធ្លាក់​កូន​ដែល​អាយុ​ទើប​បាន ២​ខែ ចូល​ទៅ​ក្នុង​ទឹក​ស្លាប់ ខណៈ​ម្តាយ​កំពុង​តែ​តោង​ទូក​ដឹក​អ្នក​ទេសចរ​សុំ​ទាន ហើយ​ក៏​របូត​កូន​ពី​ដៃ។ គាត់​ថា៖ «កូន​អ្នក​សុំទាន​ជនជាតិ​វៀតណាម ម្នាក់​បាន​លង់​ទឹក​ស្លាប់ ដោយ​សារ​តែ​ការ​ធ្វេស​ប្រហែស​របស់​ម្តាយ។ ពេល​ស្រង់​សព​បាន​មក ម្តាយ​ទារក​នោះ​គ្មាន​ការ​យំ​សោក​ទេ គេ​យក​ភួយ​រុំ​សព​រួច​យក​កន្ទេល​រុំ​ពី​ក្រៅ​ថែម មួយ​ជាន់​ទៀត​រួច​ដាក់​ទូក​ជិះ​ចេញ​ទៅ​បាត់។ ក្រោយ​មក ខ្ញុំ​ឮ​អ្នក​ភូមិ​និយាយ​ថា គេ​យក​ទៅ​ដាក់​នឹង​​ប្រគាប​ឈើ​ក្នុង​ព្រៃ​លិច​ទឹក ពីព្រោះ​គ្មាន​លុយ​ធ្វើ​បុណ្យ»។

ទី​បញ្ចុះ​សព​សម្រាប់​អ្នក​ភូមិ​អណ្តែត​ទឹក​ចុង​ឃ្នាស ក្នុង ក្រុង​សៀមរាប។ រូបថត កល្យាណ

អ្នក​ស្រី​បន្ត​ថា ការ​ធ្វើ​បែប​នេះ ពិត​ជា​ប៉ះពាល់​ទៅ​ដល់​ការ​រស់​នៅ​របស់​អ្នក​ភូមិ ក៏​ដូច​ជា ប្រជាជន​ខ្មែរ​ក្នុង​តំបន់​នោះ ពី​ព្រោះ ទឹក​ទន្លេ​នេះ​ត្រូវ​បាន​ប្រជាជន​ប្រើ​ប្រាស់​ចាំបាច់​បំផុត​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ។ អ្នក​ស្រី​និយាយ​ទាំង​មិន​សប្បាយ​ចិត្ត​ថា បើ​ទោះ​ជា​គាត់​ឈប់​ប្រើ​ប្រាស់​ទឹក​ទន្លេ​យូរ​មក​ហើយ ក៏​អ្នក​ភូមិ​ខ្មែរ ដែល​គ្នា​ក្រីក្រ​រស់​នៅ​លើ​ទឹក គឺ​ប្រើ​ប្រាស់​ទឹក​ហ្នឹង ងូត ផឹក និង​ប្រើ​ប្រាស់​សព្វ​យ៉ាង។ ចុះ​បើ​គាត់ [ជនជាតិ​វៀតណាម] យក​សាក​សព​ទៅ​ដាក់​អ៊ីចឹង វា​ពិត​ជា​រលេះ​រលួយ​ស្រក់​ចូល​ក្នុង​ទឹក​មិន​ខាន។ ជាង​នេះ​ទៀត វា​បាន​សាយ​ភាយ​ក្លិន​ដែល​គួរ​ឲ្យ​ខ្ពើម​រអើម​ទៀត​ផង»។

អ្នក​ស្រី ថន បន្ត​ថា៖ «ខ្ញុំ​នឹក​ស្រណោះ​ដល់​អ្នក​ភូមិ​ជនជាតិ​ខ្មែរ ដែល​តែង​តែ​ប្រើ​ប្រាស់​ទឹក​ទន្លេ​នេះ​ព្រោះ​វា​ពិត​ជា​ប៉ះពាល់​ដល់​សុខភាព​គាត់​ខ្លាំង​ណាស់»។ គាត់​ថា រាល់​ថ្ងៃ​គាត់​បញ្ជា​ទិញ​ទឹក​ស្អាត​ពី ក្រុង​សៀមរាប យក​មក​ប្រើ​ប្រាស់។

ប៉ុន្តែ ទោះ​ជា​មាន​ការ​បារម្ភ​បែប​នេះ​ក្តី អ្នក​ស្រី​បញ្ជាក់​ថា កន្លង​មក​មិន​ទាន់​មាន​អ្នក​ណា​យក​សាក​សព​មនុស្ស​ចាស់​ទៅ​ដាក់​តាម​ប្រគាប​ឈើ​ទេ ច្រើន​មាន​តែ​សាកសព​ក្មេង​តូចៗ​ប៉ុណ្ណោះ ហើយ​ករណី​បែប​នេះ ក៏​កម្រ​នឹង​កើត​មាន​ដែរ។

អ្នក​ស្រី​បន្ត​ថា៖ «តាំង​ពី​ខ្ញុំ​មក​រស់​នៅ​ទី​នេះ មាន​តែ​មួយ​ទៅ​ពីរ​ករណី​ទេ ដែល​កើត​ឡើង​ដោយ​ចៃដន្យ ដោយ​សារ​ការ​កប់​ក្បែរ​ព្រៃ​លិច​ទឹក​មិន​បាន​ជ្រៅ​ធ្វើ​ឲ្យ​ហើប​មឈូស​ពី​ផ្នូរ​មក​វិញ​នៅ​រដូវ​ទឹក​ដំឡើង តែ​ក៏​អាច​ជា​ករណី​ដែល​មាន​ចេតនា ដូច​អ្វី​ដែល​ខ្ញុំ​និយាយ​អ៊ីចឹង»។

តាម​ប្រសាសន៍​លោក ឯម ម៉ាន ចៅ​សង្កាត់ ចុង​ឃ្នាស អះអាង​ថា ក្នុង​សង្កាត់​លោក​មិន​ដែល​មាន​ករណី​យក​សាកសព​ទៅ​ដាក់​នៅ​លើ​ដើម​ឈើ​ពាស​វាល​ពាស​កាល​នោះ​ទេ ពីព្រោះ​តំបន់​នេះ គឺជា​ភូមិ​ទេសចរណ៍។ ប៉ុន្តែ លោក​ទទួល​ស្គាល់​ថា បើ​ពី​មុន​មក​មាន​មែន ប៉ុន្តែ​ជា​ខ្មោច​កូន​ក្មេង​វៀតណាម ដែល​គេ​កប់​នៅ​តាម​ព្រៃ​នៅ​រដូវ​ប្រាំង តែ​ដល់​រដូវ​វស្សា​ក៏​ហើប​ផ្នូរ​មក​វិញ។ លោក ឯម ម៉ាន បាន​និយាយ​ថា៖ «ពី​មុន​មាន​មែន តែ​យូរ​ណាស់​មក​ហើយ វា​ជា​រឿង​ចៃដន្យ​ប៉ុណ្ណោះ តែ​ឥឡូវ​ខ្ញុំ​គិត​ថា ដូច​ជា​មិន​មាន​ករណី​បែប​នេះ​កើត​ឡើង​ក្នុង​ភូមិ​សង្កាត់​ខ្ញុំ​ទេ»។

ប៉ុន្តែ​លោក​ចៅ​សង្កាត់​បន្ត​ថា នៅ​ក្នុង​ភូមិ​អណ្តែត​ទឹក​មួយ​ក្នុង ខេត្ត​បាត់ដំបង ដែល​ស្ថិត​នៅ​កណ្តាល​ទន្លេ​សាប ពិត​ជា​មាន​ប្រពៃណី​យក​សាក​សព​ទៅ​ដាក់​លើ​ប្រគាប​មែក​ឈើ​ក្នុង​ព្រៃ​លិច​ទឹក​ពិត​មែន ដោយ​សារ​ថា ភូមិ​នោះ​នៅ​ឆ្ងាយ​និង​គ្មាន​ដីគោក​សម្រាប់​កប់​សាក​សព។

លោក​បន្ត​ថា៖ «នៅ​ជិត​ព្រែក​ទាល់ ក្នុង ខេត្ត​បាត់ដំបង ឯ​ណោះ​ទេ ដែល​គេ​មាន​ប្រពៃណី​ធ្វើ​បែប​ហ្នឹង ដោយ​សារ​តែ​គេ​គ្មាន​ដី​កប់ ព្រោះ​គ្នា​នៅ​ឆ្ងាយ​ពី​ដី​គោក។ តែ​គេ​ប្រារព្ធ​ពិធី​បុណ្យ​ដូច​យើង​អ៊ីចឹង​ដែរ គេ​មាន​កន្លែង​រំលាយ​សព ហើយ​អ្វី​ដែល​គេ​យក​ទៅ​ដាក់​តាម​មែក​ឈើ​ព្រៃ​លិច​ទឹក​ទាំង​នោះ​គឺ ជា​គំនរ​ឆ្អឹង​នៃ​សាក​សព​សាច់​ញាតិ​ពួក​គេ​តែ​ប៉ុណ្ណោះ»។ លោក​អះអាង​ថា៖ «ប្រពៃណី​នៃ​ពិធី​បុណ្យ​សព​ខ្មែរ មិន​មាន​អ្វី​ខុស​គ្នា​ទេ តែ​ដោយ​សារ​តែ​ពេល​ខ្លះ កាលៈ​ទេសៈ​តម្រូវ»។

កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ការ​បញ្ចុះ​សព ឬ បូជា​សព ជួប​ការ​លំបាក​ខ្លាំង​ណាស់​នៅ​រដូវ​វស្សា សម្រាប់​អ្នក​ភូមិ នៅ ឃុំ​ពាមបាង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ដោយ​សារ​ឃុំ​នេះ​ស្ថិត​នៅ​កណ្តាល​បឹង​ទន្លេ​សាប និង​មាន​ដី​ទួល​តែ​ប្រមាណ ៣០ ម៉ែត្រ​បួន​ជ្រុង​ប៉ុណ្ណោះ​សល់​ពី​ទឹក​ជន់​លិច​ក្នុង​រដូវ​ដំឡើង​ទី​នោះ គឺ​ទីទួល​ព្រះវិហា វត្ត​ពៅ​វើយ។

មឈូស​សព​ដែល​គេ​តម្កល់​តាម​គុម្ព​រាំង​ធំ​ក្នុង​ព្រៃ​លិច​ទឹក​នៃ​បឹង​ទន្លេ​សាប ក្នុង​ឃុំ​ពាមបាង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ។ រូបថត កល្យាណ

ឃុំ​ពាមបាង មាន ៥ ភូមិ​គឺ ភូមិ​ពាមបាង ដូន​ស្ដើង បាឡត ពេជ្ផ​ក្រី និង ពៅ​វើយ។ ក្នុង​ឃុំ​មួយ​នេះ មាន​តែ វត្ត​ពៅ​វើយ មួយ​ប៉ុណ្ណោះ​ដែល​មាន​កន្លែង​បូជា​សព​នៅ​ក្នុង​រដូវ​ទឹក​ឡើង។ រាល់​អ្នក​ស្លាប់​នៅ​រដូវ​វស្សា​សម្រាប់​ក្នុង​ឃុំ​នេះ សាច់​ញាតិ​តែង​ពុះ​ពារ​នាំ​ទៅ​បូជា​នៅ​ឯ​ទីទួល​ក្នុង​វត្ត ពៅវើយ (សម្រាប់​អ្នក​មាន​លទ្ធភាព)។ ប៉ុន្តែ​សម្រាប់​អ្នក​ពុំ​មាន​លទ្ធភាព​ដឹក​យក​សាក​សព​ឬ​ពុំ​មិន​អាច​រក​អុស​បូជា​ភ្លាមៗ​បាន ពួក​គេ​តែង​យក​មឈូស​សព​ទៅ​ដាក់​បន្ទើរ​នៅ​លើ​ដើម​រាំង​ធំៗ ដែល​ដុះ​ខ្ពស់​ផុត​ពី​ទឹក។ នេះ​បើ​តាម​ព្រឹទ្ធាចារ្យ​ក្នុង​ភូមិ​បាន​រៀបរាប់​ឲ្យ​ដឹង។

តាម​លោក​តា លី ដែល​រស់​នៅ ភូមិ​ដូន​ស្តើង តាំង​ពី​កំណើត​បាន​ឲ្យ​ដឹង​ថា ពី ភូមិ​ដូន​ស្ដើង ទៅ​កាន់ វត្ត​ពៅ​វើយ ចម្ងាយ​ជិត ២០ គីឡូ​ម៉ែត្រ បើ​បើក​កាណូត​ឆ្លង​កាត់​បឹង​ទន្លេ​ឆ្មារ​ដ៏​ធំ​ល្វឹង​ល្វើយ​ផង គ្រួសារ​អ្នក​ក្រីក្រ​ពិត​ជា​ពុំ​មាន​លទ្ធភាព​នោះ​ទេ ដូច​នេះ ក្រុម​គ្រួសារ​ត្រូវ​យក​មឈូស​ដាក់​សព​ទៅ​តម្កល់​លើ​ប្រគាប​ដើម​រាំង​ធំៗ​ខ្ពស់​ផុត​ទឹក ទុក​ចាំ​បូជា​នៅ​រដូវ​ប្រាំង​ហើយ​អ្នក​ខ្លះ​គេ​ធ្វើ​ធ្នើរ​លើ​ទឹក ដើម្បី​បូជា​សព​តែ​ម្តង​ក៏​មាន។

ការ​បូជា​សព​លើ​ធ្នើរ​ក្នុង​ទឹក គឺ​គេ​យក​ឈើ​ទៅ​គង​ចង​ភ្ជាប់​គ្នា​បែប​ជា​រាន​ហាល លើ​គុម្ព​រាំង​ធំ​ណា​មួយ​ដែល​ខ្ពស់​ផុត​ពី​ទឹក រួច​ហើយ​គេ​យក​ឈើ​ស្រស់ៗ និង​កំប្លោក​ស្រស់ៗ​តម្រៀប​ពី​ក្រោម ទើប​រៀប​ដាក់​អុស​បូជា​សព​លើ​នោះ ដូច​បូជា​លើ​ដី​គោក​ដែរ។ នៅ​ពេល​សព​ឆេះ​អស់​ក្រុម​គ្រួសារ​ក៏​រើស​ឆ្អឹង​មក​រក្សា​ទុក​តាម​វត្ត តែ​ខ្លះ​ក៏​បាច​ឆ្អឹង​ទៅ​កណ្ដាល​ទន្លេ​ក៏​មាន។

លោក​តា យី វ័យ ៨១​ឆ្នាំ នៅ ភូមិ​ដូន​ស្តើង និយាយ​ថា៖ «សាក​សព​ដែល​គេ​តម្កល់​ទុក​លើ​ដើម​ឈើ​មិន​បូជា ច្រើន​ជា​សព​កូន​ក្មេង​ដែល​ម្តាយ​ឪពុក​ទីទ័ល​ក្រ។ តែ​បើ​ជា​សព​មនុស្ស​ចាស់ គេ​កម្រ​ទុក​ចោល​ណាស់ ទាល់​តែ​ក្រីក្រ​ខ្លាំង​និង​គ្មាន​សាច់​ញាតិ​ទើប​គេ​ធ្វើ​ដូច្នេះ»៕


What Next?

Recent Articles