​កម្មករ​រោងចក្រ​ ជូ​ហួយ ហ៊្វូ​វែ ជិត១០០០​នាក់ ព្រមាន​ហែរ​ក្បួន​ទៅផ្ទះ​លោកនាយក​រដ្ឋមន្ត្រី​​

ដោយ៖​ ថុល ស្រី​លក្ខណ៍​​
ថ្ងៃសៅរ៍ ទី1 វិច្ឆិកា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

កម្មករ​រោងចក្រ Juhui Footwear Co.,Ltd ជួប​ជុំ​គ្នា​នៅ​មុខ​សាលា​ដំបូង​ខេត្ត​កំពង់ចាម កាលពីម្សិលមិញ (រូបពី៖ សហជីពស៊ីខៅឌូ)

​កម្មករ​រោងចក្រ ជូ​ហួយ ហ៊្វូត​វែ (Juhui Footwear) ក្នុង​ខេត្ត​កំពង់ចាម​ជិត​១០០០​នាក់ ព្រមាន​ដង្ហែ​ក្បួន​មក​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ ប្រសិន​​បើ​តុលាកា​មិន​ដោះលែង​តំណាង​របស់​ពួកគេ​៥​នាក់​ឲ្យមាន​សេរីភាព​ឡើងវិញ​។​

​ការព្រមាន​នេះ​ធ្វើឡើង ខណៈ​ពួកគេ​កំពុង​ប្រមូលផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​រោងចក្រ នា​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ទាមទារ​ឲ្យ​ដោះលែង​តំណាង​របស់​ពួកគេ ៥​នាក់ ដែល​តុលាការ​បញ្ជូនទៅ​មន្ទី​ឃុំខ្លួន​បណ្ដោះអាសន្ន នៅ​ពន្ធនាគារ​វត្ដ​ឃ្មង់ កាលពី​ថ្ងៃ​សៅរ៍ ទី​២៥ ខែតុលា ឆ្នាំ​២០១៤។​

​មន្ត្រី​សហជីព ស៊ី​ខៅ​ឌូ លោក វឌ្ឍនៈ បានឲ្យ​VOD ដឹងថា នៅ​ថ្ងៃ​សៅរ៍​នេះ​កម្មករ​បាន​បន្ត​បាតុកម្ម​នៅ​ខាង​មុខ​រោងចក្រ ទាមទារ​ឲ្យមាន​ការ​ដោះ​លែង​​តំណាង​​រប​ស់​​ពួកគេ​៥​នាក់ ឲ្យមាន​សេរីភាព​ឡើងវិញ តែ​មិន​ទាន់​មាន​ដំណោះស្រាយ នៅឡើយ​ទេ​។ លោក​ថា ប្រសិនបើ​នៅ​តែ​មិន​មាន​ដំណោះស្រាយ នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ ក្រុម​កម្មករ​ទាំងអស់​នឹង​ហែ​ក្បួន​រក​អន្តរាគមន៍​ដល់​ផ្ទះ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​។​

កម្មករ​រោងចក្រ ជូហួយ ហ៊្វូត​វែ បាន​ធ្វើ​ការតវ៉ា​ជា​ច្រើនលើក​ច្រើនសារ​ចាប់តាំងពី​ដើម​ខែ​តុលា​ម​ក ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​មួយចំនួន តែ​ពុំ​ទទួលបាន​ដំណោះស្រាយ​ច្បាស់លាស់​ណាមួយ។ លក្ខខណ្ឌ​ការងារ​ទាំងនោះ​រួមមាន បន្ថែម​លុយ​បាយ​ថ្ងៃត្រង់ ស្នើ​ឲ្យ​ភាគី​ក្រុមហ៊ុន​គោរព​កិច្ច​ព្រម​ព្រៀង​ជាមួយ​កម្មករ​កាលពី​ឆ្នាំ ២០១២ ទាមទារ​លុយ​បន្ថែម​ម៉ោង​ពេល​ល្ងាច បន្ថែម​លុយ​ធ្វើដំណើរ និង​លុយ​ព្រីម​(​ប្រាក់​រង្វាន់​ទៀត​ទាត់​)​។​

កម្មករ​ឲ្យដឹងថា​រោងចក្រ ជូហួយ ហ៊្វូត​វែ ស្ថិតក្នុង​ភូមិ​រវៀង ឃុំ​ខ្នរ​ដំបង ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម មាន​កម្មករ​សរុប​ជាង​៦​ពាន់​នាក់​៕

សូមសរសេរមកអ្នកនាង ថុល ស្រី​លក្ខណ៍ តាមរយៈ sreyleak@vodhotnews.com

What Next?

Recent Articles