ដោយ ទេព សុរ៉ាវី
2014-11-10
RFA

កម្មការិនីលើកបដាមានគូររូបបង្ហាញពីជីវភាពកម្មករ ដើម្បីតវ៉ាទាមទារដំឡើងប្រាក់ខែ នាទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៣។ Photo: RFA
សហជីពធំៗចំនួន២ដែលជាសមាជិកនៃគណៈកម្មការប្រឹក្សាការងារ (LAC) ព្រមានធ្វើពហិការមិនចូលប្រជុំនៅថ្ងៃទី១២ វិច្ឆិកា ខាងមុខ ស្តីពីប្រាក់ឈ្មួលអប្បបរមារបស់កម្មករសម្រាប់ឆ្នាំ២០១៥ ប្រសិនបើក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មិនព្រមដាក់តួលេខ ១៤០ដុល្លារ ជាសំណើរបស់ពួកគេក្នុងរបៀបវារៈនៃកិច្ចប្រជុំទេនោះ។ មន្ត្រីជាន់ខ្ពស់ក្រសួងការងារបញ្ជាក់ថា ភាគីពាក់ព័ន្ធទាំងអស់ ពិសេសក្រុមសហជីព អាចលើកយកបញ្ហាផ្សេងៗ ដែលទាក់ទងនឹងបញ្ហាប្រាក់ឈ្នួលមកជជែកនៅក្នុងអង្គប្រជុំបាន។
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ យល់ព្រមដាក់សំណើ ១៤០ដុល្លាររបស់ក្រុមសហជីពចូលទៅក្នុងកិច្ចពិភាក្សា នៅថ្ងៃប្រជុំនៃគណៈកម្មការប្រឹក្សាការងារ ដើម្បីបើកផ្លូវឲ្យក្រុមសហជីព២ ដែលគ្រោងធ្វើពហិការត្រឡប់មកប្រជុំចរចាគ្នាម្តងទៀត ស្តីពីប្រាក់ឈ្នួលរបស់កម្មករ។
គណៈកម្មការប្រឹក្សាការងារ (LAC) ដែលមានសមាជិកពីរដ្ឋាភិបាលចំនួន ១៤រូប ខាងនិយោជក ៧រូប និងខាងសហជីពតំណាងឲ្យកម្មករ ៧រូប គ្រោងប្រជុំប្រឹក្សាការងារនៅថ្ងៃទី១២ វិច្ឆិកា នៅឯក្រសួងការងារ។ នេះជាកិច្ចប្រជុំចុងក្រោយក្នុងការសម្រេចប្រាក់ឈ្នួលអប្បបរមាឲ្យកម្មករសម្រាប់ឆ្នាំ២០១៥។
កិច្ចប្រជុំត្រីភាគីកាលពីចុងខែតុលា ភាគីនីមួយៗនៅតែមិនទាន់ចុះសម្រុងគ្នាទៅលើតួលេខរួមមួយបាននៅឡើយ។ ទីបំផុតលទ្ធផលនៃការបោះឆ្នោតជ្រើសរើសចុងក្រោយ មុននឹងដាក់ឲ្យរដ្ឋមន្ត្រីក្រសួងការងារពិនិត្យ និងឆ្លងសេចក្តីសម្រេចពីគណៈកម្មការប្រឹក្សាការងារនៅថ្ងៃទី១២ វិច្ឆិកា នោះបង្ហាញថា ភាគីរោងចក្រកំណត់ដំឡើងប្រាក់ឲ្យកម្មករត្រឹម ១១០ដុល្លារ រីឯរដ្ឋាភិបាលគាំទ្រដំឡើងត្រឹម ១២១ដុល្លារ។ ដោយឡែកសំណើរបស់សហជីពចំនួន ១៤០ដុល្លារត្រូវបានបដិសេធ ដោយការបោះឆ្នោតចាញ់ ឬមានន័យថា កិច្ចប្រជុំនៅថ្ងៃទី១២ វិច្ឆិកានោះ មានតែតួលេខ២ទេដែលត្រូវជជែកគ្នា គឺតួលេខពីខាងរោងចក្រ ១១០ដុល្លារ និងតួលេខពីរដ្ឋាភិបាល ១២១ដុល្លារ។ ចំណែកឯសំណើរបស់សហជីព ១៤០ដុល្លារ មិនត្រូវយកមកដាក់លើតុសម្រាប់ចរចាក្នុងកិច្ចប្រជុំនោះទេ។
លោកស្រី កេន ឆេងឡាង ប្រធានស្តីទីសហព័ន្ធសហជីពជាតិឧស្សាហកម្មវាយភណ្ឌកាត់ដេរកម្ពុជា ជាសមាជិកគណៈកម្មការប្រឹក្សាការងារ បញ្ជាក់ថា សហព័ន្ធសហជីពរបស់លោកស្រី និងសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខៅឌូ របស់លោក អាត់ ធន់ ដែលគ្រោងធ្វើពហិកាមិនចូលកិច្ចប្រជុំចុងក្រោយនៅថ្ងៃទី១២ វិច្ឆិកានោះ នឹងត្រឡប់ទៅប្រជុំវិញ បន្ទាប់ពីមន្ត្រីក្រសួងការងារផ្តល់ព័ត៌មានថា ក្នុងកិច្ចប្រជុំនោះ សំណើ ១៤០ដុល្លាររបស់ពួកគាត់ នឹងត្រូវយកដាក់លើតុ ដូចតួលេខខាងរោងចក្រនិងខាងរដ្ឋាភិបាល សម្រាប់ចរចាគ្នានៅថ្ងៃនោះ។
លោកស្រី កេន ឆេងឡាង៖ «លេខរបស់យើងត្រូវបានគេបដិសេធដោយសារតែបោះឆ្នោតចាញ់ អ៊ីចឹងក៏យើងសម្រេចធ្វើពហិការមិនចូលរួមប្រជុំទេ ព្រោះអីយើងទៅប្រជុំក៏យើងមិនដឹងពិភាក្សាអីដែរ តួលេខរបស់យើងដែលដាក់ទៅត្រូវបានគេមិនយកទៅពិភាក្សា ដល់អ៊ីចឹងឮព័ត៌មានថា យើងធ្វើពហិកាអ៊ីចឹង ខាងរដ្ឋាភិបាលគាត់ផ្លាស់ប្តូរហើយយកលេខ ១៤០ នោះទៅដាក់ការពិភាក្សាវិញ អ៊ីចឹងប្រហែលយើងចូលរួមប្រជុំវិញ»។
ទោះបីជាគ្មានសង្ឃឹមថា នឹងទាមទារឲ្យដល់ចំនួនដែលត្រូវការក៏ដោយចុះ ក៏លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពស៊ីខៅឌូ គិតថា សំណើ ១៤០ដុល្លារនោះ គឺជាតួលេខចុងក្រោយដែលខាងសហជីពសម្រេច ដូច្នេះក្នុងកិច្ចចរចានោះ សហជីពមិនអាចទម្លាក់ថ្លៃឲ្យទាបជាងនេះបានទេ៖ «យើងចង់ឲ្យការផ្តល់ប្រាក់ឈ្នួលនេះបានដល់កម្រិតមួយដែលយើងអាចទទួលយកបាន គឺវាបញ្ចប់រឿង តែបើទទួលយកមិនបាន គឺវាអាចមានការតវ៉ា គឺតែបណ្តឹងចំពោះការតវ៉ាយ៉ាងម៉េចនោះ មិនទាន់បាននិយាយគ្នាទេ»។
អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បញ្ជាក់ថា លិខិតអញ្ជើញនិងរបៀបវារៈបានចែកជូនដល់សមាជិកទាំងអស់នៃគណៈកម្មការប្រឹក្សាការងាររួចហើយ ហើយកិច្ចប្រជុំនោះក៏គ្មានអ្វីប្រែប្រួលដែរ។ លោកសង្កត់ធ្ងន់ថា សមាជិកទាំងអស់អាចយកសំណើពួកគេមកជជែកគ្នាក្នុងកិច្ចប្រជុំនោះបាន៖ «អ៊ីចឹងអ្វីក៏ដោយឲ្យតែពាក់ព័ន្ធនឹងប្រាក់ឈ្នួលយើងគិតថា គឺភាគីនីមួយៗអាចលើកឡើងបាននៅក្នុងកិច្ចប្រជុំ គឺវាជាសិទ្ធិដែលសមាជិកនីមួយៗគាត់នឹងលើក»។
លោក ហេង សួរ ធ្លាប់ប្រាប់ថា មូលហេតុដែលរដ្ឋាភិបាលដាក់សំណើក្នុងការដំឡើងត្រឹម ១២១ដុល្លារក្នុងមួយខែនោះ ព្រោះតែរដ្ឋាភិបាលសម្រេចមិនយកពន្ធលើប្រាក់ខែកម្មករ និង ១០ភាគរយទៀតសម្រាប់ប្រាក់ថែទាំសុខភាព។ ប្រសិនបើកំណត់ចំនួន ១៤០ដុល្លារ ឬលើសនេះ ដូចសហជីពទាមទារ នោះបន្ទុកនៃការបង់ពន្ធ គឺកម្មករផ្ទាល់ជាអ្នកទទួលខុសត្រូវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សហជីពនិងអ្នកគ្រប់គ្រងក្រុមហ៊ុនទ្រូថាមអាស៊ីជួបចរចារកដំណោះស្រាយចំពោះការតវ៉ា
- សហជីពព្រលានយន្តហោះខេត្តសៀមរាបចោទអ្នកគ្រប់គ្រងជនជាតិបារាំងថារំលោភលក្ខខណ្ឌការងាររបស់បុគ្គលិកខ្មែរ
- ក្រសួងការបរទេសច្រានចោលព័ត៌មានថាពលករខ្មែរត្រូវគេធ្វើទារុណកម្មនៅថៃ
- បទពិសោធន៍យុវជនក្នុងការតស៊ូក្នុងវិស័យការងារដើម្បីទទួលបានការផ្លាស់ប្ដូរ
- ពលករនៅកូរ៉េប្រតិកម្មចំពោះមន្ត្រីទូតខ្មែរដែលចង់ចាប់បញ្ជូនអ្នកគាំទ្របក្សប្រឆាំង
- កម្មកររោងចក្រសាន់ស៊ូនៅកំពង់ចាមចោទរោងចក្រថាគាបសង្កត់សិទ្ធិសេរីភាព
- ពលករខ្មែរ២០នាក់ដែលចាញ់បោកមេខ្យល់ត្រូវបានជួយសង្គ្រោះពីទូកនេសាទថៃ
- តុលាការដាក់ឲ្យលោក រ៉ុង ឈុន ឋិតក្រោមការឃ្លាំមើលពាក់ព័ន្ធនឹងការតវ៉ានៅផ្លូវវ៉េងស្រេង
- កម្មកររោងចក្រជូហួយតវ៉ាមុខសាលាដំបូងខេត្តកំពង់ចាមទាមទារដោះលែងមនុស្ស៥នាក់