ប្រជា​ពលរដ្ឋ​ចោទ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ថា ដាក់​កម្លាំង​ចុះ​រុះ​រើ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​នៅ​ក្បាល​ឆាយ​

ដោយ៖​ ខាន់​ លក្ខិណា​
ថ្ងៃចន្ទ ទី10 វិច្ឆិកា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

​អា​ជ្ញាធរ​ក្រុង​ព្រះ​សី​ហនុ​នៅព្រឹកថ្ងៃចន្ទនេះ បានដាក់កម្លាំង​សមត្ថកិច្ចប្រមាណ​២០០នាក់ ចុះ​រុះ​រើ​ផ្ទះ​ប្រ​ជា​ពល​រដ្ឋនៅតំបន់ក្បាល​ឆាយ ដោយចោទថាប្រជាពលរដ្ឋទាំងនោះ​រស់នៅ​លើ​ដីរ​ដ្ឋដោយខុសច្បាប់។

ប្រ​ជា​ពល​រដ្ឋ​នៅ​តំបន់​ក្បាល​ឆាយអ្នក​ស្រី​ ចិន​ ចិន្តា ​​ ឲ្យ​ VOD ដឹងនៅព្រឹកថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា​នេះថា​ ​អភិបាលក្រុងព្រះសីហនុ លោក​ ជិន សារិន បាន​ដឹកនាំសមត្ថកិច្ច​ចម្រុះ​ខេត្តចំនួនប្រមាណ២០០នាក់ ប្រដាប់​ដោយ​អាវុធ និងមាន​គ្រឿង​ចក្រមក​ជាមួយផង បម្រុងមករុះរើផ្ទះប្រ​ជាពល​រដ្ឋ​​ដែលរស់នៅ​លើដីតំបន់​ក្បាល​ឆាយ​ ដោយចោទថា​ពួកគាត់​រស់នៅលើ​ដីរដ្ឋដោយខុសច្បាប់។ អ្នកស្រី​បន្តថា «ច៎ា! វា​បម្រុង​យក​អាត្រាក់​មក​ឈូស​ផ្ទះ​ប្រជាជនតែម្តងបង។ ច៎ា! មួយ​គ្រឿង ឥឡូវ​វា​ត្រៀម​ហើយ​អស់​ហើយ វា​ចាំ​តែ​ដល់​មេបញ្ជា​ការ​វា​បញ្ជា​មកថា ចាប់ផ្តើមវា​ធ្វើ​តែម្តង។ ឥឡូវ​ពួកខ្ញុំ​ក៏​ត្រៀមដែរ ពួក​ខ្ញុំ​ត្រៀម​សាំង​ ត្រៀម​អី​អស់​ហើយ ខ្ញុំ​ថា​តែ​ហ៊ានចូល​ឈូស​ផ្ទះ​បងប្អូន​ខ្ញុំ​ណា​មួយ​ខ្ញុំ​ដុតហើយ​ណា។ អត់ទេ​ ដុត​អាត្រាក់​វាចោ​ល​តែម្តង ព្រោះ​អីវា​ធ្វើ​ពេក​ហើយ វា​ធ្វើ​បាប​ប្រជាជន​ពេក​»។

VOD មិនអាច​ទាក់​ទង​អភិបាល​ក្រុង​ព្រះសីហនុ លោក ជិន សារិន បានទេ។ ប៉ុន្តែ​អភិបាល​រង​ខេត្ត​ព្រះសីហនុ លោក ស្រ៊ុន ស្រ៊ន់ ឲ្យ VOD ដឹងនៅ​ព្រឹក​នេះ​ថា មាន​ការ​ដាក់​កង​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ទៅ​ទី​នោះមែន ប៉ុន្តែ​មិន​មែន​២០០​នាក់ ដូច​ប្រជា​ពល​រដ្ឋ​លើក​ឡើង​នោះ​ទេ ហើយ​ក៏​មិន​មាន​គ្រឿង​ចក្រ​អ្វី​ដែរ។  លោក​ថា ការ​ដាក់​កម្លាំង​សមត្ថកិច្ច​ចម្រុះ​នេះ គឺ​ដើម្បី​ការពារ​ព្រៃ​ឈើ កុំ​ឲ្យ​មាន​ការ​រុករាន​បន្ត​ទៀត​តែប៉ុណ្ណោះ មិន​មែន​ដាក់​មក​រុះ​រើ​ផ្ទះ​ប្រជាពលរដ្ឋ​នោះ​ទេ។ លោក​បញ្ជាក់​ថា «ឥឡូវ​នេះ​យើង​អត់​មាន​ចុះ​មក​រុះ​រើ​ទេ យើង​កំពុង​តែ​ដាក់​កម្លាំង​ដើម្បី​ការពារព្រៃ​ ការរុក​រាន​ទន្ទ្រាន​ថ្មី ព្រោះ​យើង​បាន​ជូន​ដំណឹងច្រើន​លើក​ច្រើន​សា​ ប៉ុន្តែ​មើល​ទៅ​បង​ប្អូន​គាត់​អត់​ព្រម​ស្តាប់​​ នៅ​កាប់​ព្រៃ​ នៅ​តែ​រុក​រាន​ព្រៃ​បន្ត​ទៀត។ ថ្ងៃនេះ​ឯក​ឧត្តម​អភិបាល​លោកបាន​បញ្ជា ដើម្បី​ដាក់​កម្លាំង​ការពារ​ កុំ​ឲ្យ​មាន​ការ​រុក​រាន​ទៀត​»។

លោក ស្រ៊ុន ស្រ៊ន់​ អះអាងថា អភិបាល​ខេត្ត​ព្រះ​សី​ហនុ នឹង​រៀប​ចំ​ដី​សម្ប​ទាន​សង្គម​កិច្ច​ឲ្យ​ប្រជាពលរដ្ឋនៅ​តំបន់​នោះ​ឲ្យ​បាន​សមរម្យ។ លោក​ថា​កុំ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​បញ្ហា​ទាំង​នេះ។

អ្នក​សម្រប​សម្រួល​អង្គការ​អាដ​ហុក ប្រចាំខេត្ត​ព្រះសីហនុ អ្នក​ស្រី ជាប សុធារី ឲ្យ VOD ​ដឹងនៅ​ព្រឹក​ថ្ងៃនេះ​ដែរ​ថា អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បាន​ដាក់​កម្លាំង​សមត្ថកិច្ច ៣០​នាក់​ទៅ​តំបន់​ក្បាល​ឆាយ ដើម្បី​ការពារក្រែង​មាន​ជន​ខិលខូច​លួច​កាប់​ព្រៃ ដើម្បី​យក​ដី​ជា​កម្មសិទ្ធិ និង​លក់​ដូរ​បន្ត​ទៅឲ្យ​ប្រជាពលរដ្ឋ។ អ្នកស្រីមានប្រសាសន៍​ថា «ខ្ញុំ​យល់​ថា អត់​មាន​ខុស​អី​ទេ ពី​ដី​កន្លែង​ហ្នឹង ដី​សាធារណៈ​របស់​រដ្ឋ​ គ្រាន់​តែ​ដាក់​កម្លាំង​សមត្ថកិច្ច​ហ្នឹង​ចង់​និយាយ​ថា ដើម្បី​ហាម​ឃាត់​កុំ​ឲ្យ​ជន​ខិល​ខូចហ្នឹង ចូល​ទៅ​ទន្ទ្រានដើមឈើ​ កាប់​អាឈើ​ព្រោះអីសកម្មភាពទាំងអស់ហ្នឹង​ អាជ្ញាធរគាត់ថាធ្វើ​តែពេល​យប់​»។

កាលពី​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៤ សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះសីហនុ ប្រដាប់​ដោយ​អាវុធ​ជិត១០០​នាក់ បាន​​​ឆ្មក់​ចូល​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ​អស់៨​ខ្នង​ផ្ទះ​។ ហើយ​​ថ្ងៃ​ទី​០៤ ខែវិចិ្ឆកា កន្លងទៅថ្មីៗនេះ អភិបាលក្រុង​ព្រះសីហនុ បាន​ចេញ​សេចក្ដីជូនដំណឹងឲ្យ​ពលរដ្ឋ​រុះរើ​ផ្ទះ​ចំនួន​២៨​ខ្នង​ផ្ទះបន្ថែមទៀត ចេញពី​ដី​ទំហំ៥៥ហិកតា​នៅ​តំបន់​ក្បាល​ឆាយ ដែល​អាជ្ញាធរ​ចាត់​ទុក​ថា រស់នៅ​លើ​ដី​រដ្ឋ​ដោយ​ខុស​ច្បាប់ និង​ប៉ះពាល់​តំបន់​ទឹក​ស្អាត​៕

សូមសរសេរមកកញ្ញា ខាន់ លក្ខិណា តាមរយៈ khanleakhena@yahoo.com

What Next?

Recent Articles