ដោយ ម៉ម មុនីរតន៍
2014-11-10
RFA

ប៉ូលិសបង្ក្រាបអ្នកភូមិបឹងកក់ ដែលនាំគ្នារកអន្តរាគមន៍ពីសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ សុំឲ្យដោះលែងអ្នកស្រី យ៉ោម បុប្ផា នាមុខព្រះបរមរាជវាំង នៅល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៣។ RFA/Mom Sophon
អាជ្ញាធររាជធានីភ្នំពេញ បានចាប់ខ្លួនសកម្មជនដីធ្លីនៅសហគមន៍បឹងកក់ចំនួន ៧នាក់ ខណៈពេលដែលពួកគេនាំគ្នាតវ៉ានៅខាងមុខសាលារាជធានីភ្នំពេញ ដើម្បីទាមទារឲ្យមានដំណោះស្រាយរឿងទឹកលិចផ្ទះ។ មកទល់ពេលល្ងាចថ្ងៃទី១០ វិច្ឆិកា នេះ មិនទាន់មានការដោះលែងនៅឡើយ។
មន្ត្រីអង្គការមិនមែនរដ្ឋាភិបាលដែលឃ្លាំមើលដំណើរនៃការចាប់ខ្លួននេះចាត់ទុកថា រដ្ឋាភិបាលគប្បីបើកការចរចារកដំណោះស្រាយជាជាងការប្រើប្រាស់ប្រព័ន្ធតុលាការ ឬថា ប្រើកម្លាំងដើម្បីបង្ក្រាបការប្រមូលផ្ដុំដោយសន្តិវិធីក្រោមហេតុផលណាមួយ។
លោក អំ សំអាត មន្ត្រីសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) ដែលចុះឃ្លាំមើលស្ថានការណ៍នៅពេលនេះ ឲ្យដឹងថា សកម្មជនដីធ្លីដែលភាគច្រើនគឺសុទ្ធតែជាស្ត្រីនោះ ត្រូវបានបញ្ជូនទៅឃុំខ្លួនភ្លាមៗនៅស្នងការដ្ឋានរាជធានីភ្នំពេញ បន្ទាប់ពីចាប់ខ្លួនបាន។
លោកថ្លែងបន្តថា រឿងនេះមិនគួរណារដ្ឋាភិបាលប្រើប្រាស់កម្លាំងប្រដាប់អាវុធប្រឆាំងក្រុមអ្នកតវ៉ា គ្រាន់តែស្វែងរកដំណោះស្រាយនោះទេ៖ «យើងគិតថា វាមិនគួររឿងអីដែលត្រូវបញ្ជូនទៅតុលាការ។ សំខាន់គឺរឿងការដោះស្រាយ ការជជែកគ្នា ពីព្រោះដែលគាត់តវ៉ានេះ ដោយសារតែបញ្ហាទឹកភ្លៀងមកវាលិចនៅផ្ទះសម្បែងរបស់គាត់ ដែលពីមុនការអភិវឌ្ឍនៅតំបន់បឹងកក់ ផ្ទះគាត់គឺមិនដែលលិចដូច្នេះទេ»។
សកម្មជនការពារដីធ្លីនៅតំបន់បឹងកក់ ដែលត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃទី១០ វិច្ឆិកា នៅខាងមុខសាលារាជធានីភ្នំពេញ ក្នុងនោះមានលោកស្រី ទេព វន្នី លោកស្រី ផាន់ ឈុនរ៉េត លោកស្រី គង់ ចន្ថា លោកស្រី បូរ ឆវី កញ្ញា សុង ស្រីលាភ លោកស្រី ង៉ែត ឃុន និង លោកស្រី នង ស្រេង។
លោក ចាន់ ពុទ្ធិស័ក្ដ សកម្មជនដីធ្លីនៅតំបន់បឹងកក់ម្នាក់ដែរ និយាយថា មូលហេតុនៃការចាប់ខ្លួននេះ ធ្វើឡើងនៅពេលពួកគាត់ប្រមូលផ្ដុំនៅខាងមុខសាលារាជធានីភ្នំពេញ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ សូមឲ្យជួយរកដំណោះស្រាយរឿងទឹកលិចផ្ទះ។ លោកបន្តថា នៅពេលភ្លៀងប៉ុន្មានថ្ងៃជាប់ៗគ្នានេះ បង្កឲ្យមានទឹកដក់ហើយមានក្លិនស្អុយ ដែលមិនអាចមានប្រព័ន្ធលូបង្ហូរទឹកចេញ ហេតុនេះទើបប្រជាពលរដ្ឋសម្រេចចិត្តសុំកិច្ចអន្តរាគមន៍ពីសាលារាជធានីភ្នំពេញ ប៉ុន្តែបែរជាត្រូវកម្លាំងចម្រុះប្រហែល ៣០០នាក់បង្ក្រាប និងចាប់ខ្លួន។
លោក ចាន់ ពុទ្ធិស័ក្ដ៖ «មូលហេតុដែលគេចាប់ហ្នឹងដោយសារថា ពួកយើងធ្វើការតវ៉ានៅសាលាក្រុងភ្នំពេញ អំពីទឹកជនលិចសហគមន៍បឹងកក់ ជាច្រើនថ្ងៃមកហើយ ប៉ុន្តែទឹកនៅបន្តលិចសហគមន៍បឹងកក់។ អ៊ីចឹងអាជ្ញាធរអត់ធ្វើដឹងធ្វើឮដោះស្រាយជូនប្រជាពលរដ្ឋ ដល់អ៊ីចឹងទៅប្រជាពលរដ្ឋទៅតវ៉ា»។
អង្គការសង្គមស៊ីវិលដែលឃ្លាំមើលការប្រើហិង្សាប្រឆាំងក្រុមបាតុករ ដែលតស៊ូមតិដោយសន្តិវិធីកត់សំគាល់ថា រដ្ឋាភិបាលពុំដែលឃើញដោះស្រាយបញ្ហានៅពេលមានការតវ៉ាម្ដងណាឡើយ ក្រៅពីព្យាយាមប្រើកម្លាំងគ្រប់រូបភាពបង្ក្រាប ឬថា ទប់ស្កាត់ក្រុមអ្នកតវ៉ាជាបន្តបន្ទាប់ក្នុងពេលកន្លងទៅនេះ។
ស្របពេលជាមួយគ្នានេះដែរ កាលពីខែសីហា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់ព្រមានមន្ត្រីរបស់លោកដែរថា មិនដែលឃើញដោះស្រាយអ្វីទាល់តែសោះ ក្រៅពីប្រើកម្លាំងបិទខាងលិចបិទខាងកើតប្រឆាំងអ្នកតវ៉ា។
ទោះជាបែបណា ក្រុមអង្គការសង្គមស៊ីវិលយល់ឃើញថា សាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះមិនដឹងជាឆន្ទៈពិតក្នុងការដោះស្រាយបញ្ហា ឬគ្រាន់តែធ្វើដើម្បីល្អមើលនោះទេ ឬថាគឺជាសារដើម្បីលួងចិត្ត។
គិតមកដល់ពេលនេះ ដំណោះស្រាយហាក់គ្មានលទ្ធផល រីឯបញ្ហាចេះតែបន្តកើតឡើង បើទោះជាលោក ហ៊ុន សែន បានបញ្ជាឲ្យមន្រ្តីនៅមូលដ្ឋានបន្តដោះស្រាយដើម្បីបញ្ចៀសការឡើងតវ៉ាមកដល់ភ្នំពេញក្តី។ សម្រែកតវ៉ាត្រូវបានឭស្ទើររាល់ថ្ងៃនៅតាមមហាវិថីក្នុងរាជធានីភ្នំពេញ ជាពិសេសរឿងដីធ្លី។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ឲ្យដឹងមុនការផ្សាយនេះថា មូលហេតុដែលឈានដល់ការចាប់ខ្លួននេះ ព្រោះពួកគាត់ព្យាយាមបិទផ្លូវ។ លោកបន្តថា ការដោះស្រាយដើម្បីឲ្យមានសេរីភាពវិញ ឬយ៉ាងណោះនោះគឺលោកនៅមិនប្រាកដនៅឡើយទេ។ លោកថ្លែងបន្តថា ព្រោះនៅពេលនេះ មនុស្សទាំង ៧នាក់នោះ ត្រូវបានបញ្ជូនទៅឃុំខ្លួននៅស្នងការរាជធានីភ្នំពេញ ទៅហើយ ហេតុនេះការដែលថា អាចបាននៅក្រៅឃុំ គឺនៅមិនទាន់ដឹងច្បាស់ ព្រោះជានីតិវិធីបន្ត។
លោកចាត់ទុកបន្តថា សកម្មជនទាំង ៧នាក់នោះ តវ៉ាបិទផ្លូវគឺមិនខុសពីយកអ្នកធ្វើដំណើរតាមទីសាធារណៈធ្វើចំណាប់ខ្មាំងដើម្បីបង្ខំដល់មន្ត្រីរដ្ឋាភិបាលឡើយ។
លោក ឡុង ឌីម៉ង់ ថ្លែងថា សកម្មភាពដែលធ្វើឡើងនៅពេលនេះ គឺផ្ទុយនឹងច្បាប់ ហេតុនេះ ដើម្បីដោះស្រាយបញ្ហាមានតែប្រើកម្លាំងដើម្បីបន្ធូរបន្ថយស្ថានការណ៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សហជីពនិងអ្នកគ្រប់គ្រងក្រុមហ៊ុនទ្រូថាមអាស៊ីជួបចរចារកដំណោះស្រាយចំពោះការតវ៉ា
- ចៅក្រមខេត្តកោះកុងដោះលែងលោកផន ណុលឲ្យនៅក្រៅឃុំនៅថ្ងៃនេះ
- សហជីពព្រលានយន្តហោះខេត្តសៀមរាបចោទអ្នកគ្រប់គ្រងជនជាតិបារាំងថារំលោភលក្ខខណ្ឌការងាររបស់បុគ្គលិកខ្មែរ
- ពលរដ្ឋនៅខេត្តពោធិ៍សាត់ជាង៦០នាក់ជួបតំណាងរាស្ត្របក្សប្រឆាំងពិភាក្សារឿងដីធ្លី
- តុលាការខេត្តកោះកុងនឹងដោះលែងតំណាងពលរដ្ឋមានជម្លោះដីឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន
- តំណាងសហគមន៍នៅកំពង់ឆ្នាំងចោទសមត្ថកិច្ចថារំលោភយកដីព្រៃសហគមន៍
- តុលាការខេត្តកោះកុងនឹងដោះលែងតំណាងពលរដ្ឋលោកផនណុលនៅថ្ងៃទី១០
- ពលរដ្ឋនៅព្រៃវែងបដិសេធមិនទទួលដីកាកោះឲ្យចូលបំភ្លឺរឿងវិវាទដីកម្មសិទ្ធិ
- ពលរដ្ឋបឹងប្រាំ៖ អនុក្រឹត្យរបស់រដ្ឋាភិបាលបង្កឲ្យមានជម្លោះដីធ្លី