​អ្នក​បឹង​កក់យ៉ាងតិច​​​៧​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ពេល​តវ៉ា​បិទ​ផ្លូវ​

ញឹម សុខន និង​ ជន ស្រី​ណុ​ច
ថ្ងៃចន្ទ ទី10 វិច្ឆិកា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

ក្រុម​អ្នក​បឹងកក់ ​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខការិយាល័យ​នគរបាល​ចរាចរណ៍ផ្លូវគោក ដើម្បី​ទាម​ទារឲ្យ​ដោះ​លែង​តំណាង​របស់​ខ្លួន​ទាំង​៧នាក់​ ដែល​ត្រូវ​ចាប់​ខ្លួន​កាល​ពី​ព្រឹកមិញ (រូបថត៖ ញឹម​ សុខន)

​ស្ត្រី​សកម្មជន​ដីធ្លី​៧​នាក់​នៅ​សហគមន៍​បឹងកក់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួននៅ​ព្រឹក​នេះ បន្ទាប់ពី​ពួកគេ​ប្រមាណ​ជាង​៥០​នាក់​ព្យាយាម​បិទ​ផ្លូវ​មុខ​សាលា​រាជធានី​ភ្នំពេញ ទាមទារ​ឲ្យ​អាជ្ញាធ​ររំ​ដោះ​ទឹកស្អុយ​ចេញ​ពី​ភូមិ​។​

ការចាប់ខ្លួន​នេះ​ធ្វើឡើង​ភ្លាមៗ បន្ទាប់ពី​ស្ត្រី​៣​នាក់​បាន​រងរបួស​ស្រាល នៅក្នុង​ការប៉ះទង្គិច​ជាមួយ​ក្រុម​សន្តិសុខ​ខណ្ឌដូនពេញ​។​

អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​លោក ចាន់ សុ​វេត មានប្រសាសន៍ថា អាជ្ញាធរ​មិន​គួរ​ចាប់ខ្លួន​ក្រុម​ស្ត្រី​រងគ្រោះ​ដោយសារ​ដីធ្លី​ទាំងនោះ​ទេ ហើយ​អាជ្ញាធរ​គួរតែ​ស្វែងរក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​។ លោក​យល់​ថា​ទង្វើ​អាជ្ញាធរ​បែប​រើសអើង​ប្រជាពលរដ្ឋ និង​ចាប់ខ្លួន​នេះ បង្ហាញ​ពី​ការគុំកួន​តាំងពី​យូរហើយ​។ លោក​បញ្ជាក់ថា «​បើសិនជា​អាជ្ញាធរ​មាន​វិធានការ ដើម្បី​ជួយ​រៀបចំ​ធ្វើ​កិច្ច​ងារ​ហ្នឹង​ឡើង​ដើម្បី​រំដោះ​ទឹក​នេះ ខ្ញុំ​គិតថា​ធ្វើបាន ផ្ទុយ​ទៅ​វិញ​អ្នក​ដែល​ត្រូវ​ដោះស្រាយ មិន​ចេញ​មក​ដោះស្រាយ​ឲ្យបាន​ច្បាស់លាស់ ឲ្យមាន​ភាពវិជ្ជមាន វា​ទៅ​ជា​អ្នក​ដែល​ចាប់ខ្លួន​នោះ ចាំតែ​ចាប់​តែម្តង ហើយ​ក្រោម​ហេតុ​ផង​មើលទៅ​ដូចជា​មាន​ការរើសអើង ឬក៏​មាន​ការគុំកួន​ជាមួយ​អ្នកភូមិ​បឹងកក់​ជាដើម ព្រោះ​ថា​គេ​គុំ​យូរណាស់​ហើយ គេ​ចង់​ចាប់​»​។​

​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក ឡុង ឌី​ម៉ង់ មានប្រសាសន៍ថា ការ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ស្ត្រី​ទាំងនោះ ដោយសារ​ពួកគេ​ដឹក​នាំគ្នា​ធ្វើ​សកម្មភាព​ផ្ទុយ​នឹង​ច្បាប់​ដែល​បិទ​ផ្លូវ​សាធារណៈ ហើយ​បិទ​ផ្លូវ​ចេញចូល​សាលា​រា​ធានី​ភ្នំពេញ​។ លោក​ថា «(​សំណួរ​អ្នកសារព័ត៌មាន​៖ ឃើញ​ថា​គាត់​បិទ​ហ្នឹង ដោយសារ​គាត់​តវ៉ា ឲ្យជួយ​អន្តរាគមន៍​ករណី​ទឹ​ក​លិច​) ការតវ៉ា​រឿង​អី​ក៏​ដោយ គឺ​វា​មាន​ការជជែក​គ្នា វា​មិនមែន​មក​ធ្វើ​អំពើ​ហិង្សា ឬ​បំបិទផ្លូវ​សាធារណៈ ធ្វើអំពើ​ខុសច្បាប់​ទេ​។ ប្រសិន​គាត់​មាន​បញ្ហា​តវ៉ា​ណាមួយ គាត់​អាច​មក​ជួប​ជាមួយ​ហ្នឹង​សាលា​រាជធានី​ភ្នំពេញ គាត់​អាច​ចាត់​តំណាង​ជួប​ជជែក​គ្នា ពន្យល់​គ្នា មិនមែន​មក​បិទ​ផ្លូវ​សាធារណៈ​អ៊ីចឹង​ទេ មិន​អាច​ចាប់​គេ​ធ្វើ​ជា​ចំណាប់ខ្មាំង​របស់​ខ្លួន​បានទេ​»​។​

​លោក ឡុង ឌី​ម៉ង់ ឲ្យដឹងទៀតថា លោក​មិន​កំណត់ថា​នឹង​ដោះលែង​ស្ត្រី​ទាំងនោះ​នៅ​ពេល​ណា​ទេ ព្រោះ​លោក​បាន​ប្រគល់​ទៅឲ្យ​សមត្ថកិច្ច​ហើយ​។

ប្រជាពលរដ្ឋ​ឲ្យដឹងថា សកម្មជន​ដីធ្លី​ទាំង​៧​នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​នោះ​រួមមាន លោកយាយ ង៉ែត ឃុន អ្នកស្រី ទេព វ​ន្នី អ្នកស្រី បូ ឆវី កញ្ញា សុង ស្រី​លាភ អ្នកស្រី គង់ ចន្ថា អ្នកស្រី ផាន់ ឈុន​រ៉េត និង​អ្នកស្រី ណង ស្រេង ជាដើម​។ ពួកគេ​ត្រូវបាន​ចាប់​ដាក់​រថយន្ត​ដឹក​ទៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ប៉ុន្តែ​មាន​សកម្មជន​ដីធ្លី​ផ្សេងទៀត បាន​នាំគ្នា​តវ៉ា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​តំណាង​មក​វិញ និង​រំដោះ​ទឹកស្អុយ​ដែល​កំពុង​ជន់​លិច​ភូមិ​៕

សូមសរសេរមកកញ្ញា ជន ស្រីណុច​ តាមរយៈ chornsreynoch@vodhotnews.com

What Next?

Recent Articles