Tue, 11 November 2014
ផាក់ ស៊ាងលី
ភ្នំពេញប៉ុស្តិ៍
ព្រះវិហារៈ ដីព្រៃសហគមន៍ និងព្រៃការពារក្នុង ស្រុកសង្គមថ្មី ដែលជាជម្រកសត្វព្រៃគ្រប់ប្រភេទត្រូវក្រុមឈ្មួញរកស៊ីដីធ្លីពីរនាក់ ជួលកម្មករឲ្យកាប់ទន្ទ្រានយកអស់ជាង ៥០០ ហិកតាដែលរួមមានទាំងកន្លែងសក្ការបូជាបុរាណផងដែរ។
ប្រជាសហគមន៍និងជាអតីតយុទ្ធជន ឈ្មោះ នាម យួន អាយុ ៣៩ឆ្នាំ បានអះអាងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា ព្រៃរំដេង ស្ថិតក្នុង ភូមិតាប៉ស ឃុំស្តៅ ស្រុកសង្គមថ្មី ជាប់ព្រំប្រទល់ ស្រុកគូលែន បាននិងកំពុងទទួលរងការកាប់បំផ្លាញពីសំណាក់កម្មករស៊ីឈ្នួលប្រមាណជិត ២០ នាក់ចាប់តាំងពី ខែតុលា កន្លងមកម៉្លេះ។
លោក នាម យួន បានបញ្ជាក់ថា៖ «ឈ្មោះ មាស វាត និង សិទ្ធិ យោក ជួលកម្មករចាប់ពី ៧ ទៅ ២០ នាក់ឲ្យកាប់ព្រៃនោះយកធ្វើជាកម្មសិទ្ធិបុគ្គល។ ពេលនេះកាប់វាលអស់ប្រហែលជា ៥០០ ហិកតាហើយ»។
លោក យួន បន្តឲ្យដឹងថា នៅក្នុងព្រៃរំដេង នោះមានទទឹងប្រមាណជា ៣ គីឡូម៉ែត្រ និងបណ្តោយជាង ៩ គីឡូម៉ែត្រ ដែលមានសត្វព្រៃនិងបក្សីចម្រុះកំពុងរស់នៅ ដូចជា សត្វខ្ទីង ទន្សោង ប្រើស ខ្លាឃ្មុំ ខ្លាដំបង ជ្រូកព្រៃ ក្ងោក ត្រដក់ និងសត្វលលក ជាដើម។
តំបន់ដែលពួកឈ្មួញកំពុងទន្ទ្រានយកនោះក៏ជាកន្លែងភូមិចាស់ វាលស្រែបុរាណ និងទីសក្ការបូជាបុរាណប្រមាណជា ៤ កន្លែងផងដែរ មានដូចជា ស្នាមបាតជើងបុរាណ រូបសំណាកថ្ម និងបល្ល័ង្កជាដើម។
លោក នាម យួន បានថ្លែងថា៖ «ពួកគេគ្មានកោតញញើតនឹងច្បាប់អីសោះ ហើយដីខ្លះគេបានលក់ឲ្យអ្នកចំណាកស្រុកហើយ។ ពលរដ្ឋកំពុងអាស្រ័យអនុផលព្រៃឈើពីព្រៃនោះយើងព្រួយបារម្ភខ្លាចបាត់បង់ព្រៃ និងសត្វអស់ពីព្រៃទៅ»។ នេះជាការបំផ្លាញខ្លួនឯង និងជាតិឯងហើយ»។
អង្គការ ADRA កម្ពុជាបាននិងកំពុងធ្វើសកម្មភាពជួយសហគមន៍ ភ្នំត្នោត ដើម្បីអភិរក្សព្រៃឈើចំនួន ៦៤០០ ហិកតាទុកសម្រាប់អភិវឌ្ឍជាតំបន់ទេសចរណ៍ដោយសារវាមានសក្តានុពលព្រៃឈើ និងសត្វព្រៃគ្រប់ប្រភេទ។ ព្រៃឈើនេះមានព្រំប្រទល់នៅជាប់គ្នានឹងព្រៃរំដេង ហើយក៏កំពុងទទួលរងការកាប់បំផ្លាញផងដែរ។
លោក បេន ដាវីស មន្រ្តីជំនាញអភិវឌ្ឍន៍របស់អង្គការ ADRA កម្ពុជា បានឲ្យដឹងផងដែរថា ព្រៃឈើក្នុងដែនអភិរក្សរបស់លោកក៏បាននិងកំពុងទទួលរងការកាប់ទន្ទ្រានយកដីផងដែរ ហើយគ្រាន់តែលោកចុះទៅពិនិត្យពីរកន្លែងឃើញថា មានគេកាប់អស់ជាង ២០ ហិកតាទៅហើយ។
លោក បេន ដាវីស បានថ្លែងថា៖ «តំបន់នោះគេកាប់ច្រើនណាស់។ ពីមុនគេកាប់យកឈើល្អៗមានធ្នង់ជាដើម។ តែឥឡូវគេកាប់យកដី។ អ្នកកាប់ភាគច្រើនមកពីក្រៅស្រុកតែពេលឃើញគេកាប់ច្រើន អ្នកភូមិខ្លះក៏កាប់នឹងគេដែរ»។
សកម្មភាពនេះ ពលរដ្ឋបានរាយការណ៍ឲ្យអាជ្ញាធរមូលដ្ឋាន ដើម្បីឲ្យជួយទប់ស្កាត់បទល្មើសកំពុងកើតឡើងផងដែរ។
លោក រស់ ហេង អភិបាល ស្រុកសង្គមថ្មី មានប្រសាសន៍ថា អាជ្ញាធរបានទទួលបណ្តឹងនិងសេចក្តីរាយការណ៍ពីបទល្មើសនេះរួចហើយ ហើយក៏បានចាត់មន្រ្តីរដ្ឋបាលព្រៃឈើចុះទៅពិនិត្យហើយដែរ។
លោកអធិបាលស្រុកបានបញ្ជាក់ថា៖ «កន្លែងណាក៏មានលួចកាប់ដែរ តែមន្រ្តីព្រៃឈើចុះទៅពិនិត្យ និងស្រាវជ្រាវបានស្គាល់ឈ្មោះមេខ្យល់អ្នកកាប់ហើយ។ ពេលនេះកំពុងចាត់ការតាមច្បាប់»៕
