អង្គការ​ជាតិ និង​អន្តរជាតិបង្ហាញ​ការព្រួយ​បារម្ភ​ជាថ្មី​ពី​ការ​កសាង​ទំនប់​វា​រី​អគ្គិ​សនី​ដន សាហុង របស់​ឡាវ​

ដោយ៖​ ទូច សុខា​
ថ្ងៃព្រហស្បតិ៍ ទី13 វិច្ឆិកា 2014
http://vodhotnews.com

សង្គម​ស៊ី​វិលជាតិ ​និង​អន្តរជាតិ​មួយ​ចំនួន​ដែល​ធ្វើ​ការ​លើបញ្ហា​​បរិ​ស្ថាន​ សម្ដែង​​ក្តី​បារម្ភ​របស់​ខ្លួនជាថ្មី ​ពី​ ​​ការ​សាង​សង់​ទំនប់​វារី​អគ្គិ​សនី​ដន សាហុង ដោយ​លើក​ឡើង​​ថា ​​រដ្ឋា​ភិបាល​ឡាវ និង​ក្រុម​ហ៊ុន​ Mega First នៅ​តែ​មាន​ការ​តាំង​ចិត្ត​ខ្ពស់​ក្នុង​ការ​កសាង​ទំនប់​នេះ ដោយ​មិន​គិត​ពី​លទ្ធផល​នៃ​ការពិគ្រោះ​យោបល់​ ។

​សេចក្តី​ថ្លែង​ការ​ណ៍​រួម​របស់​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ អះអាង​​ថា​ រដ្ឋា​ភិបាល​ឡាវ និង​ក្រុម​ហ៊ុន​ Mega First នៅ​តែ​បង្ហាញ​ឥរិយា​បថ​ថា ខ្លួន​នឹង​នៅ​តែ​បន្ត​គម្រោង​ ដន សាហុង ទោះបី​ជា​កិច្ច​ពិភាក្សា​របស់​​គណកម្មការ​ទន្លេ​មេគង្គ​កំពុង​ធ្វើ​ការ​ពិ​គ្រោះ​យោ​បល់​ទៅ​លើ​គម្រោង​នេះក៏​ដោយ​ ។

អង្គ​ការសង្គម​ស៊ីវិល​ទាំង​នោះ​រួម​មាន សម្ព័ន្ធ​ទន្លេ​​កម្ពុជា (RCC) អង្គការ​អភិរក្ស​អន្តរជាតិ​(CI) សហភាព​អន្តរ​ជាតិ​ដើម្បី​ការ​អភិរក្ស​ធម្ម​ជាតិ(IUCN) និង​មូល​និធិ​សកល​សម្រាប់​ធម្ម​ជាតិ(WWF) ជាដើម ។

នាយក​ប្រ​តិបត្តិ​អង្គការ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋា​ភិ​បាល​ស្តី​ពី​កម្ពុជា លោក តឹក វណ្ណារ៉ា មាន​ប្រសាសន៍​ថា រដ្ឋា​ភិ​បាល​ឡាវ​ និង​ក្រុម​ហ៊ុន​ Mega First មាន​ចិត្ត​មោះ​មុត​ក្នុង​ការ​សាងសង់​ទមនប់​វារីអគ្គិសនី ដន សាហុង ដោយ​មិន​បាន​គិត​ពី​ផល​ប៉ះ​ពាល់​​ដល់​ប្រ​ជា​ពល​រដ្ឋ​ដែល​រស់​នៅ​ខ្សែ​ទឹក​ខាង​ក្រោម​នៃ​ដង​ទន្លេ​មេគង្គ។ លោកបន្ត​ថា កាសិក្សា​របស់​ក្រុម​ហ៊ុន​ Mega First ទៅ​លើ​ផល​ប៉ះ​ពាល់​បរិស្ថាន និង​សង្គម មិន​មាន​លក្ខ​ណៈ​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ ព្រោះ​ការ​សិក្សា​នេះ មិន​បាន​សិក្សា​​ឆ្លង​ព្រំ​ដែន​មក​ប្រ​ទេស​នៅ​តាម​ដង​ទន្លេ​មេ​គង្គ​នោះ​ទេ។

លោក​បន្ថែម​ថា «កន្លង​មក ក៏​ដូច​ជា​ឥ​ឡូវ​នេះ មាន​ការ​រិះ​គន់​ពី​អង្គការ​សង្គម​ស៊ី​វិលនៅ​ថ្នាក់​តំបន់ នៅ​កម្ពុជា នៅ​ថៃ នៅ​វៀត​ណាម ​និង​នៅ​ឡាវ​គាត់​មិន​រិះ​គន់​ចំៗ​ទេ ប៉ុន្តែគាត់​រិះ​គន់​ជាលក្ខណៈ​ជា​ពិធី​ការជា​បន្ត​បន្ទាប់​ដែរ ក៏​ភាគី​ឡាវ​មិន​ស្តាប់​»​

ទាក់​ទង​ទៅ​នឹងទំនប់​វារី​អគ្គិសនី ដន សាហុង នេះ ​ អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការជាតិ​ទន្លេមេគង្គ​កម្ពុជាលោក កុល វឌ្ឍនា មាន​ប្រ​សាសន៍​ថា លោក​ មិន​បាន​ដឹង​ច្បាស់​ថា​តើ​រដ្ឋា​ភិបាល​ឡាវ​កំពុង​សាងសង់​ទំនប់​វារី​អគ្គិសនី​នេះ​ឬ​យ៉ាង​ណា​ទេ ។ តែ​បើ​តាម​ព័ត៌​មាន​ក្នុង​ក្រប​ខ័ណ្ឌ​គណៈកម្មការទន្លេ​មេគង្គ រដ្ឋា​ភិបាល​ឡាវ​មិន​ទាន់​មាន​ធ្វើ​សកម្ម​ភាព​អ្វី​ទេ ។

លោក កុល វឌ្ឍនា បន្ថែម​ថា នៅ​ពេល​ឆាប់ៗ​ខាង​មុខនេះ នឹង​មាន​ក្រុម​ការ​ងារ​របស់​លេខាធិការ​ដ្ឋានគណៈកម្មការ​ទន្លេ​មេគង្គ និង​អ្នក​ជំនាញផ្សេង​ទៀt ​ចុះ​ទៅ​ធ្វើ​ទស្សនកិច្ច​ទី​តាំង​គម្រោង ដែល​បន្ទាប់​ពី​នោះ​នឹង​បាន​ព័ត៌​មាន​ពិតទាក់ទង​ទៅ​នឹង​ទំ​វារី​អគ្គិសនី​នេះ។

លោក កុល វឌ្ឍនា មាន​ប្រសាសន៍​​ថា «ការ​សិក្សារបស់​ក្រុម​ហ៊ុន​ Mega First ហ្នឹង​គឺ​ជា​ក្រុម​ហ៊ុន​ដែលភាគី​ឡាវ​ជួល​​​ឲ្យ​ធ្វើ​ការ​សិក្សា​ អាហ្នឹង​ជា​ក្រុម​ហ៊ុន​វិនិយោគ​របស់​គម្រោង​ហ្នឹង ។ អញ្ចឹង​ គេ​សិក្សា​អាហ្នឹង ដើម្បី​ដាក់​ឲ្យ​រដ្ឋា​ភិបាល​ឡាវ​ពិនិត្យ និង​ដើម្បី​យក​មក​ដាក់​ឲ្យ​គណៈ​កម្មការ​ទន្លេ​មេគង្គ​មាន​៤​ប្រទេស​ហ្នឹង​ពិចារណា។ អញ្ចឹង​អាហ្នឹង​វា​ជា​សិទ្ធិ​នៃ​រដ្ឋ​ភាគី​នៃ​កិច្ច​ព្រម​ព្រៀង​មេគង្គ​ទេ។ ប៉ុន្តែ​ ឯកសារ​ទាំងនោះ​ត្រូវបាន​​ដាក់​ចូល​ក្នុង​​ក្រប​ខ័ណ្ឌ​មេគង្គ​ តាម​រយៈ​ គេ​ហៅ​ថា​ ការ​ពិ​​គ្រោះ​យោ​បល់​ជា​មុន ហើយ​ឯកសារ​នោះ​ត្រូវ​បាន​លេខា​ធិការ​ដ្ឋាន​នៃ​គណៈ​កម្មការ​ទន្លេ​មេគង្គ កំពុងធ្វើ​​ Review ពិនិត្យ​មើល​ ថា​តើ​ឯកសារ​ដែល​សិក្សា​ហ្នឹង​មាន​លក្ខណៈ​គ្រប់​ជ្រុង​ជ្រោយ​ទេ ខ្វះ​ខាត​កន្លែង​ណា កន្លែង​ណា​ដែល​ពិត​ប្រដក​ជាក់​ស្តែង និង​កន្លែង​ណា​គ្រាន់​តែ​ជា​ការ​សន្និ​ដ្ឋាន»

គួរ​រំឭក​ថា រដ្ឋា​ភិ​បាល​ឡាវ បានចាប់​ផ្តើម​​សាង​សង់​ទប់​វារី​អគ្គិ​សនីសាយ៉ា​បូរីមួយ​​នៅ​លើ​ដង​ទន្លេ​មេគង្គ​កាល​ពី​ឆ្នាំ​២០១២ ។ នៅ​ពេលនេះ​ សង្គម​ស៊ី​វិល​​ ជឿ​ថា​រដ្ឋា​ភិ​បាល​ឡាវ​កំពុង​តែ​សាង​សង់​ទំបន់​វារី​អគ្គិ​សនី​ដន សហុង មួយ​ទៀត​នៅ​លើ​ដង​ទន្លេ​មេ​គង្គ ទោះ​ជា​មាន​ការ​រិះ​គន់​ពី​អង្គការ​ជាតិ និង អន្តរ​ជាតិ​ពី​ផល​ប៉ះ​ពាល់​ក៏​ដោយ។

កិច្ច​ព្រម​ព្រៀង​ទន្លេ​មេគង្គឆ្នាំ១៩៩៥  ​​តម្រូវ​ឲ្យ​មាន​ការព្រម​​​ព្រៀង​​​គ្នា​​ ​​ក្នុង​ចំណោម​ប្រទេស​​​ជា​​​សមាជិក​គណៈកម្មការ​ទន្លេង​មេគង្គ​ មុនពេលការ​​សាង​សង់​ទំនប់​វារីអគ្គិសនី​​នៅ​តាម​ដង​ទន្លេ​មេ​គង្គ៕​

សូម​សរសេរ​មក​កាន់​លោក ទូច សុខា តាម​រយៈ sokha@vodhotnews.com

What Next?

Recent Articles