​ជប៉ុន​ផ្ដល់​ជំនួយ​ជាង​១​សែន​ដុល្លារ​សម្រាប់​កែលម្អ​ប្រព័ន្ធ​លូ និង​ផ្លូវ​ក្នុង​ឃុំ​មួយ​នៅ​ព្រះវិហារ​​

ដោយ៖​ ខាន់ លក្ខិណា​
ថ្ងៃព្រហស្បតិ៍ ទី13 វិច្ឆិកា 2014
http://vodhotnews.com

​ប្រទេស​ជប៉ុន​ផ្តល់​ជំនួយឥតសំណង​ជា​ទឹកប្រាក់​សរុប​១០០.៩៧៣ដុល្លារ ដល់​កម្ពុជា សម្រាប់​គម្រោង​កែ​លម្អ​ប្រព័ន្ធ​លូ និង​ផ្លូវ​ក្នុង​ឃុំ​សង្កែ​ពីរ ស្រុក​ឆែប នៃ​ខេត្តព្រះ​វិហារ ។​

​ការផ្ដល់​ជំនួយ​នេះ ធ្វើឡើង​នៅក្នុង​ពិធី​ចុះហត្ថលេខា​ផ្តល់​ជំនួយ​ឧបត្ថម្ភ​ឥត​សំណង សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូចដល់​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែវិចិ្ឆកា ឆ្នាំ​២០១៤ នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា ។ ជំនួយ​នេះ​នឹង​ត្រូវ​បាន​ប្រើប្រាស់​ដោយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ សម្រាប់​ការសាងសង់​ប្រព័ន្ធ​លូ​ចំនួន​២ និងជួសជុលផ្លូវ​គ្រួស​ក្រហម​ប្រវែង២០០​​ម៉ែត្រ នៅ​ឃុំ​សង្កែ​ពីរ ស្រុក​ឆែប ។​

​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​លោក គូ​ម៉ា​ម៉ា​រ៉ូ យូ​ជិ មានប្រសាសន៍ថា លោក​សង្ឃឹម​គម្រោង​នេះ​នឹង​ជួយ​កាត់បន្ថយ​ការខូចខាត​ដោយសារ​ទឹកជំនន់​ជា​រៀងរាល់ឆ្នាំ និង​ជួយ​សម្រួល​ដល់​ការប្រើប្រាស់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ដូចជា សាលារៀន មណ្ឌល​សុខភាព និង​ផ្សារ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​។​

​ចាប់តាំងពី​ឆ្នាំ ១៩៩១ រដ្ឋាភិបាល​ជប៉ុន​បាន​ផ្ដល់​ថវិកា​ជាង ៥១.៩​លាន​ដុល្លារ​អាមេរិក​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​អង្គការក្រៅរដ្ឋាភិបាល​ដើម្បី​អនុវត្ត​គម្រោង​ចំនួន​៥១៨​គម្រោង​នៅ​ទូទាំង​ប្រទេស ៕

​សូម​សរ​សេរ​មក​កញ្ញា ខាន់ លក្ខិណា តាម​រយៈ khanleakhena@yahoo.com

What Next?

Recent Articles