ការអនុវត្តច្បាប់​ប្រ​ឆាំង​អំពើ​ហិង្សាក្នុងគ្រួសារនៅកម្ពុជា​​នៅមានកម្រិត​

ដោយ៖​ ថុល ស្រី​លក្ខណ៍​​
ថ្ងៃសុក្រ ទី14 វិច្ឆិកា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

«កាល​ឆ្នាំ​៨២-៨៦​បាន​វា​ហ្នឹង ប៉ុន្ដែ​ប្ដី​ហ្នឹង​ទៅ​ស្រុក​យួន ម៉ែ​ក្មេក​ខ្ញុំធ្វើ​បាប​ខ្ញុំ​ណាស់​ ប្រាប់​អូន ខណៈ​គាត់​បាន​កាល​ហ្នុង​ទៅ​រៀន​បាន​អង្ករ​នែ អង្ករ​បាន​ម្នាក់មួយបាវ បី​ខែ​មួយ​បាវ» 

នេះជា​ការរៀប​រាប់​ពី​ទុក្ខ​លំបាករបស់​ស្រ្តីមេ​​ផ្ទះ​ម្នាក់ ដែល​ទទួល​រងអំពើ​ហិង្សា​ក្នុង​គ្រួសារ​ស្ទើរពាក់​កណ្តាល​ជី​វិត​របស់គាត់។ ស្ត្រីដែលមានជំងឺប្រចាំ​កាយ​ អ្នក​ស្រី ប៊ុន  ហុង វ័យ​៥១​ឆ្នាំ រស់​នៅ​ក្នុង​សង្កាត់​ស្ទឹង​មានជ័យ ខណ្ឌ​មាន​ជ័យ ​រាជធានីភ្នំពេញ ​មាន​ប្រ​សាសន៍​ថា គាត់​មាន​ជំងឺ​រលាកសន្លាក់ ​ហើយ​ជំងឺ​នេះ​មិន​អាច​ព្យាបាល​បាន​នោះ​ទេ​។ ​

អ្នក​ស្រី ប៊ុន  ហុង បានរំឭកថា គាត់​រង​អំពើ​ហិង្សាពី​ម្តាយ​ក្មេក​ និង​ស្វា​មីទាំង​ផ្លូវ​កាយ ​និង​ផ្លូវ​ចិត្ត​ជិត​​៣០​ឆ្នាំ​មក​ហើយ តាំងពី​រៀប​ការ​រួច​នៅ​ឆ្នាំ​១៩៨២ ។ អ្នក​ស្រី​រៀប​រាប់​ថា « ​​ជាអចិន្រ្តៃយ៍​ទៅហើយ មួយឆាកជីវិត​នេះ អចិន្ត្រៃយ៍​ទាំង​ម្តាយ​ក្មេក ព្រោះថា ខ្ញុំអី ដូចថា យើងម្នាក់​ឯង ម្នាក់​ឯងចឹង​កូន​គេ​ធម្ម​តា​ចង្កឹះ​មួយគេ​កាច់​បាក់ ច​ង្កឹះ​មួយ​បាច់​គេ​កាច់​មិន​បាក់​ទេគេ​ឃើញ​យើង​កំព្រី​កំ​ព្រា​ចឹង​ អូរ​ប្រ​វត្ដិ​ខ្ញុំ​បើ​និ​យាយ​ច្រើន​ចឹង​វែង​ឆ្ងាយ​ណាស់​កូន​អើយ​​ ម្ដាយ​ក្មេក​ធ្វើ​បាប​ណាស់ហើយ​ហ្នឹង​ប្ដី​ ទាំង​ម្តាយ​ក្មេក​និង​ប្តី»

​អ្នក​ស្រី ប៊ុន  ហុង បន្ថែម​ថា ដោយ​សារ​តែ​គាត់​ជា​កូន​កំព្រា​ គាត់​សុខ​ចិត្ត​ស៊ូទ្រាំ​នឹង​អំពើ​ហិង្សា​ទាំង​នេះ ព្រោះគាត់​មិន​ចង់​ឲ្យ​កូនៗ​របស់​គាត់​កំព្រា​ដូចគាត់ ។ អ្នក​ស្រី​ថា អំពើ​ហិង្សា​នេះ កើតឡើង​ដោយ​សារ​ប្តី​របស់​គាត់​មិន​ពេញ​ចិត្តគាត់ ហើយប្ដីរបស់គាត់​មករៀបការជាមួយគាត់ ក្រោមការ​បង្ខិតបង្ខំពីឪពុកម្ដាយគាត់​។ អ្នក​ស្រី​មាន​ប្រស​សាន៍​ថា «គាត់​ឃើញ​ខ្ញុំ​ចេះ​រក​ស៊ីចឹង​ទៅ​ ហើយ​ប្ដី​ខ្ញុំ​ដឹងថា ខ្ញុំ​កាចថា​អត់​យក​ទេស្រ​លាញ់​ខ្ញុំចេះ​រក​ស៊ី​ ដល់​ពេល​កាច​ ចឹង​ខ្ញុំ​មិន​យក​ទេ​​ ដល់​ពេល​ចឹង​ទៅ​ ម្ដាយ​ឪពុក​ចេះ​តែ​បង្ខំ​ចេះ​តែ​ការ​ទៅ ការ​មួយ​ដំ​ណើរ​ទៅ​​ ការ​តាម​ម៉ែ​តាម​ឪ​ទៅ​ ជំ​នាន់​ហ្នុង ​​ដូច​អ៊ី​និយាយ​ដដែរៗ​ថា​ឲ្យ​គោ​យក​គោ​ឲ្យ​ក្រ​បី​យក​ក្របីចឹង​» 

ស្រ្តីមេម៉ាយ​រូប​នេះ​បន្តថា គាត់​មិន​ដែលទទួល​បានការគាំពារ​​ផ្លូវ​ច្បាប់​ពី​ស្ថា​ប័ន​ណា​មួយ​នោះទេ។ តែ​នៅ​ឆ្នាំ​២០១៣ គាត់​ទទួល​បាន​ការ​គាំពារពី​អង្គការ​មួយ​ចំនួននៅ​រាជធានីភ្នំពេញ ​បន្ទាប់ពី​កូន​ស្រី​របស់​គាត់ បាន​ចូល​ជា​អ្នក​ស្ម័គ្រ​ចិត្តភូមិអប់​រំ​អ្នក​មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ។

កូន​ស្រីរបស់​អ្នក​ស្រី ប៊ុន  ហុង អ្នក​ស្រី​ រ័ត្ន ស្រីមុល វ័យ​ជាង​២០​ឆ្នាំ បាន​ឲ្យ​ដឹង​ថា ដោយ​សារ​អំពើ​ហិង្សា​ក្នុង​គ្រួសារ គាត់​សម្រេច​ចិត្ត​បោះ​បង់​ការ​សិក្សាទាំង​នៅ​ក្មេង ដើម្បី​ជួយ​រក​ប្រាក់​ចំណូល​ផ្គត់​ផ្គង់​គ្រួសារ។ អ្នក​ស្រីថា គាត់​សម្រេច​ចិត្ត​ធ្វើ​ជា​បុគ្គលិក​ស្ម័គ្រ​ចិត្ត​ភូមិ និង​តាម​សេវា​កំសាន្ត អប់​រំ​ប្រ​ជាពលរដ្ឋ​ពី​ការ​លុប​បំបាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ ដើម្បីកុំ​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ​រងគ្រោះ​ដូចគាត់​។​ អ្នក​ស្រី​បន្ត​ថា «វាយ​ចាន​វាយ​ឆ្នាំងគំរាម​កំ​ហែង​គ្នា​ហើយ​ ដល់​ពេលចឹង​ទៅ​យើង​ធ្លាប់​រៀន​ធ្លាប់​អីយើង​ មិនហ្នឹង​ដឹង​​ថា យើង​ត្រូវ​ទាក់​ទង​ទៅ​ខាង​ណា ប៉ូលីស​ភូមិ​​​ ប៉ូលីស ​អី​ចឹង នៅ​ពេល​ហៅមក​សុទ្ធ​តែ​គ្នា​គាត់​​ហៅ​ទៅ​ផឹក​កាហ្វេមួយ​កែវ​ពីរ​កែវរួច​បាត់​ហើយ​អត់​មាន​​ណែ​នាំថា​ខ្លួន​​ អូ៎ឯងជាប្រុសមិន​ត្រូវ​ធ្វើ​អ​ញ្ចឹង​​​ ធ្វើអ​ញ្ចឹងដាក់​គាត់​ទេ​ គាត់​​អើយប្រុសផង​ស្រី​ផង ចឹង​ទៅ​ណាសអត់​មាន​ទេ​ណា​ គឺ​គាត់គិត​តែស្ដាប់ហេតុ​ផល​គ្នា​គាត់​តែ​ម្ខាងៗ ចឹង​ធ្វើ​ឲ្យ​ខ្ញុំ​អស់​ជំ​នឿ​ចិត្ដ​» 

អ្នកស្រី ស្រីមុល បន្ថែម​ថា មិនមែន​តែ​ករណី​គ្រួសារ​គាត់​នោះទេ សូម្បី​តែ​ស្រ្តីបម្រើ​សេវាកំសាន្ត ​ ​តែង​តែ​រង​អំពើ​ហិង្សា​ពី​សមាជិកគ្រួសារ និងពី​ភ្ញៀវដែល​ចូល​កំសាន្ត ហើយ​ពួកគេ​មិនសូវទទួល​បាន​ការគាំពារពី​ផ្លូវ​ច្បាប់​នោះទេ បើទោះជាទទួល​បាន​ការអប់​រំពី​អ្នក​ស្ម័គ្រចិត្តភូមិក៏ដោយ។ អ្នក​ស្រី​មាន​ប្រសាសន៍​ថា «ប្ដឹង​ដប់ដោះ​ស្រាយ​បាន​តែ​មួយ​ ជូន​អី មួយអត់​ចង់​បាន​​ផង ហើយ​យើង​ខំ​ព្យាយាម​ឲ្យ​គាត់​ទៅ​ប្ដឹង​ទៅ​អី​ ឲ្យ​គាត់​យល់​ពី​សិទ្ធិរបស់​គាត់ អត់​មាន​សុពល​ភាព​​ គាត់​ដឹង​តា​ដឹងប៉ុន្ដែ​អត់​ហ៊ាន» 

អង្គការ​សង្គម​ស៊ីវិល និង​រដ្ឋាភិ​បាល ​ដែល​ធ្វើ​ការ​លើការទប់ស្កាត់អំពើ​ហិង្សាក្នុង​គ្រួសារ ​​ឲ្យ​ដឹង​ថា អំពើ​ហិង្សា​ក្នុងគ្រួសារ​ភាគច្រើន​កើតឡើង​ដោយ​សារ​ភាព​ក្រីក្រ ការ​​ប្រ​ច័ណ្ឌ ការប្រើថ្នាំញៀន គ្រឿងស្រវឹង និង​​ការ​មិន​ឲ្យ​តម្លៃគ្នាជា​ដើម។​

ច្បាប់ស្ដី​ពី​ការ​ទប់​ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​កិច្ច​ការពារ​ជន​រង​គ្រោះ ចែងថា អំពើ​ហិង្សាក្នុង​គ្រួសារអាចកើតលើ​ប្តី ឬប្រពន្ធ កូន​ក្នុង​បន្ទុក ជន​ទាំង​ឡាយ​រស់​នៅ​ក្រោម​ដំបូល​ផ្ទះ​ និង​ក្នុង​បន្ទុក​គ្រួសារ។ ​​សកម្មភាព​ដែល​ចាត់​ជា អំពើ​​ទារុណកម្ម​ ឬអំពើ​ឃោរឃៅ រួម​មាន៖ ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​បង្ក​​ឱ្យ​មាន​ការ​ឈឺ​ចុក​ចាប់​ផ្លូវ​ចិត្ត​ សតិ​អារម្មណ៍ បញ្ញា​ស្មារតី​ដល់​រូប​វន្ត​បុគ្គល​ក្នុង​គ្រួសារ និង ការ​ធ្វើ​​ឱ្យ​ប៉ះ​ទង្គិច​លើ​ផ្លូវ​ចិត្ត​​និង​លើ​រូប​កាយ​​ដែល​ប្រព្រឹត្ត​ហួស​ពី​សីលធម៌ និង​ច្បាប់​កំណត់។

មន្រ្តី​ខណ្ឌមាន​ជ័យ លោក​ ជា ណារិន បាន​ផ្តល់​បទ​សំភាស​ឲ្យ​vod​នៅ​ថ្ងៃ​អង្គារ ទី​១១ ​ខែ​វិច្ចិកា ឆ្នាំ​២០១៤​ថា អំពើ​ហិង្សា​ក្នុង​ខណ្ឌ​នេះ​ហាក់​មិន​ឃើញ​មាន​ការ​កើនឡើង​នោះទេ ហើយ​ភាគ​ច្រើន​ត្រូវ​បាន​សម្រប​សម្រួលនៅ​តាម​មូលដ្ឋាន គឺអាជ្ញាធរភូមិ-​ឃុំ មិន​សូវ​ចូល​មក​ដល់​ខណ្ឌ​នោះទេ​ លុះត្រា​តែ​រឿង​ធ្ងន់​ធ្ងរឈាន​ដល់​បង្ករ​របួស​ស្នាម។ លោក​ថា ខណ្ឌ​បាន​អនុ​វត្តតាម​ច្បាប់​ស្តីពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ និង​កិច្ច​ការពារ​ជន​រង​គ្រោះ តាម​រយៈការ​ចុះអន្តរាគមន៍​ផ្ទាល់ ពេល​កើត​ហេតុ និង​ដោះ​ស្រាយ​ក្រោយ​ពេល​​ រួមទាំ​ង​ចុះ​ផ្សព្វ​ផ្សាយពី​បញ្ហា​នេះ​​ដល់​ប្រ​ជាពលរដ្ឋ​តាមមូលដ្ឋាន​ជា​ដើម។«ករណី​ខ្លះ​គ្រួសារខ្លះអំ​ពើ​ហិង្សា​ខ្លះ​ក៏​យើង​ហៅ​សម្រប​សម្រួលពីរ​បី​ដង​ទៅ​ភាគី​បុរស​មិន​រៀង​ចាលនៅតែ​ប្រើ​អំ​ពើ​ហិង្សា​នារី​គាត់​ថា​មក​ធ្វើ​កិច្ច​សន្យា​បី​ដង​ដល់​អា​ជ្ញា​ធរ​ដែន​ដី​ហើយ​គាត់​នៅ​ប្រើ​អំ​ពើ​ហិង្សា​ទៀត​ដូច​នេះ​គាត់​ក៏​សម្រេច​ចិត្ដ​មួយ​មក​សួរ​អា​ជ្ញា​ធរ​ដែន​ដី​​ឥលូវ​ខ្ញុំ​អស់​លទ្ធិភាព​រស់​នៅ​ជា​មួយ​គាត់​ទៀត​ហើយ​ខ្ញុំ​សូម​ដាក់​ពាក្យ​បណ្ដឹងទៅ​តុលា​ការ​ដើម្បីសូម​លែង​លះទៅ​តាម​ផ្លូវ​ច្បាប់ដូច​នេះ​ខាង​មន្ដ្រី​សម្រប​សម្រួល​មិន​អាច​ឃាត់​គាត់​បាន​នោះ​ទេ វា​បី​ដង​ហើយ​ដូច​នេះ​គាត់មាន​តែ​ទៅ​ ឬ​មួយ​អា​ជ្ញា​ធរ​គាត់​ជួយ​សម្រប​សម្រួល​គាត់ឲ្យ​គាត់​ទៅ​តុ​លា​ការ​ដើម្បី​សូម​លែង​លះ​គ្នា​ទៅ​តាម​ផ្លូវ​ច្បាប់»។

លោក​ ជា ណារិន ​បន្ថែម​ថា នៅ​ក្នុង​ខណ្ឌ​នេះ ភាគ​ច្រើន​កើត​មាន​ករណី​ស្រាល​ៗ មិន​មានអំពើ​ហិង្សា​ឈាន​ដល់​ការ​សម្លាប់​នោះទេ។

 តាម​សារព័ត៌មានក្នុងស្រុក​មួយ​ចំនួន​បាន​ផ្សាយ​ពី​សកម្មភាព​អំពើ​ហិង្សា​ក្នុង​គ្រួសារ កាន់​តែ​ធ្ងន់ធ្ងរ សកម្មភាពខ្លះ ឃើញ​មាន​ឪពុក​សម្លាប់​កូន-ប្រពន្ធ កូន​សម្លាប់​ឪពុក  ឪពុក​ចាប់​រំលោភ​កូន​ស្រី​របស់​ខ្លួន​ និង​ប្តីសម្លាប់​ប្រពន្ធកូនជា​ដើម។

មាត្រា៣៥ក្នុងច្បាប់ស្ដី​ពី​ការ​ទប់​ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ ចែង​ថា អំពើ​ហិង្សា​ក្នុង​គ្រួសារ​ទាំង​ឡាយ​ណា ​ដែល​ចូល​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ ត្រូវ​ផ្ដន្ទា​ទោស​ដោយ​យោង​តាម​ច្បាប់​ព្រហ្មទណ្ឌ​ជា​ធរមាន​។

មេធាវី​នៅ​សមាគមការពារ​សិទ្ធិ​មនុស្ស​អាដហុក លោកស្រី គា សុផល មាន​ប្រ​សាសន៍​ថា អាដ​ហុក​ ជួយ​អន្តរាគមន៍​ករណី​អំពើ​ហិង្សា ដែល​មាន​កម្រិត​ធ្ងន់ធ្ងរ ឈានដល់ទោស​ព្រហ្មទណ្ឌ ​ប្តឹងឡើង​​តុលាការ ជា​ដើម។ អ្នក​ស្រី​ថា ភាគ​ច្រើន​នៃ​សំណុំ​រឿង ​ដែលអាដហុក​អន្តរាគមន៍​ តែង​តែ​រក​ដំណោះ​ស្រាយ​ទៅតាម​ផ្លូវ​ច្បាប់​។

លោកស្រី គា សុផល បន្ថែម​ថា មាន​សុំណុំ​រឿង​មួយ​ចំនួន​ ដែលឈាន​ដល់​ការ​បង្ករ​របួស​ស្នាម​ចាត់​ចូល​ជាទោសព្រហ្មទណ្ឌ តែជន​រង​គ្រោះ តែង​តែ​សុំ​ឲ្យ​មានការ​សម្រុះសម្រួល​ដោយ​លើក​លែង​ដល់​ជន​ល្មើស ​ដោយគ្រាន់​តែអប់​រំ  ហើយ​ករណី​នេះ អាដហុក​មិន​ទទួល​នោះទេ គឺ​អាជ្ញាធរ​មូល​ដ្ឋាន​ជា​អ្នក​សម្រប​សម្រួល។«ទាក់​ទង​ហ្នឹងហិ​ង្សា​រឿង​ស​ហ​ពន្ធ័​ភាគ​ច្រើន​ខាង​បង​ទទួល​ករណី​ធ្ងន់ៗ​​ដូច​ជា​មាន​ការ​វាយ​ដំ​រហូត​ទៅ​ដល់​ភាគី​ម្ខាង​ស្លាប់​ឬ​ក៏​ភាគី​ម្ខាង​ទៀត​របួស​ធ្ងន់​ធ្ងរ​ អី​ចឹង​ ហើយ​យើង​ឃើញតុលា​ការ​គាត់​ អើ មាន​បើក​សវ​នា​ការ​ ហើយ​ផ្ដន្ទាទោស​និង​​ផ្ដល់​ជា​សំ​ណង​ដល់​រដ្ឋ​ប្បវេណី​ អី​ ឲ្យទៅខាងជន​រង​គ្រោះ​ និ​យាយ​ទៅ​ទោះ​បី​ជា​រឿង​ក្រុម​គ្រួ​សារ​ក៏​ខាង​តុ​លា​ការ​អា​ជ្ញា​ធរ​គេ​ធ្វើដូច​ អើ ទៅ​​​តាម​ច្បាប់​ធម្ម​តា​គ្រាន់​តែ​គេ​យក​អាមា​ត្រា​ច្បាប់​ដែល​ទាក់​ទង​ហ្នឹង​ការ​ប្រើ​អំ​ពើ​ហិង្សា​ទៅ​លើ​ស​ហ​ពន្ធ័យក​មក​អ​នុ​វត្ដ​»។

ប្រធាន​ត្រួតពិនិត្យ​ និង​វាយ​តម្លៃ​នៃអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា កញ្ញា ហេង ធូ បាន​ឲ្យ​​ដឹង​ថា មូល​ហេតុ​ចំនួន​៤​ដែល​ជំរុញ​ឲ្យ​ការ​អនុវត្តច្បាប់​ស្តីពី​ការ​ប្រឆាំងអំពើ​ហិង្សា​​ក្នុង​គ្រួសារ​​នៅមាន​កំ​រិត​រួមមាន ការរើសអើងរវាងស្រ្តី និង​បុរស ច្បាប់​មិនទាន់មាន​លក្ខណៈគ្រប់​គ្រាន់​ក្នុង​ការការពារ​ស្រ្តី​ ការ​យល់​ដឹង​​របស់​មន្រ្តីអនុវត្តច្បាប់​នៅមាន​កំរិត និង​អំពើ​ពុក​រលួយជាដើម។

មាត្រា៣៥នៃច្បាប់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ទាំង​ឡាយ​ណា ​ដែល​ចូល​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ ត្រូវ​ផ្ដន្ទា​ទោស​ដោយ​យោង​តាម​ច្បាប់​ព្រហ្មទណ្ឌ​ជា​ធរមាន​។

មាត្រា ៣៦ច្បាប់ស្ដី​ពី​ការ​ទប់​ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារចែងថា ការ​ចោទ​ប្រកាន់​ជា​បទល្មើស​ព្រហ្ម​ទណ្ឌ​ពុំ​អាច​ធ្វើ​បាន​ឡើយ បើ​មាន​សំណើ​ពី​ជន​រង​គ្រោះ​ជា​នីតិជន​ ដោយ​បទ​ល្មើស​នោះ​ ជា​បទ​មជ្ឈិម​ស្រាល ឬ បទលហុ​។ ក្នុង​ករណី ​ដែល​មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ​កើត​ឡើង​ជា​ថ្មី​ម្ដង​ទៀត​ ដែល​ល្មើស​នឹង​ច្បាប់​ព្រហ្មទណ្ឌ តុលាការ​ត្រូវ​តែ​ធ្វើ​ការ​ចោទ​ប្រកាន់​ជន​មុខ​សញ្ញា​រូប​នោះ​ តាម​នីតិវិធី​ព្រហ្មទណ្ឌ ទោះ​បី​ជា​មាន​ការ​ស្នើ​សុំ​ពី​ជន​រង​គ្រោះ​ម្ដង​ទៀត​ក៏​ដោយ។

របាយការណ៍​របស់​អង្គការកម្ពុជា ដើម្បីជួយ​សង្គ្រោះ​ស្រ្តីមាន​វិបត្តិ CWCC បាន​ឲ្យ​ដឹង​ថា អំពើ​ហិង្សា​ក្នុង​គ្រួសារ​នៅ​ឆ្នាំ​២០១៣ មាន​ចំនួន​៤៨៤ករណី។ ​

ត្រឡប់​មក​រក ម្តាយ​និង​កូន​ទាំង​២​នាក់​នេះ​វិញ ពួកគេ​ទទូចឲ្យ​អង្គការសង្គម​ស៊ីវិល អាជ្ញាធរ​មូល​ដ្ឋាន ​ដែល​ធ្វើការលើបញ្ហា​នេះ ផ្តល់​ការ​អន្តរាគមន៍ ដល់​ស្រ្តី​រងង្រ្គោះទាំង​នោះ ឲ្យ​មានប្រសិទ្ធភាពជាង​នេះ ជាជាង​ការ​ដាក់​លេខទូរសព្ទទំនាក់ទំនង​ តែមិន​ដែល​លើក។គាត់ធ្វើ​តាម​យើងបែរ​ជា​អត់​បាន​ផល​ អញ្ចឹង​ធ្វើ​ឲ្យ​ខ្ញុំ​ពិ​បាក​ចុះ​ទៅ​ក្នុងហាង​អប់​រំ​បន្ដ​ដល់​ស្ដ្រី​ដែល​គាត់​ជួប​ប្រ​ទះទាំង​អស់​ហ្នឹង ចឹង​ណាស​ ដូចថា​ដឹង​ស្អី​គ្មាន​បាន​អីគ្មាន​អា​ណា​ចុះ​មក​អន្ត​រា​គមន៍​អញ​ គេ​វាយ​រយះ​ក្បាល​ដេរឡើង​ប្រាំ​ថ្នេរ​​​

សូម​សរសេរ​មក​អ្នកនាង ថុល ស្រី​លក្ខណ៍​ តាមរយៈ sreyleak@vodhotnews.com

What Next?

Recent Articles