Fri, 14 November 2014
Dan Riley
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: សំ ថារ័ត្ន ដែលជាកីឡាការិនីឈានមុខគេរបស់កម្ពុជាក្នុងកីឡានៃសិល្បៈយុទ្ធគុនចម្រុះ (MMA) នោះ បានទទួលឱកាសធ្វើការប្រកួតដ៏ធំបំផុតនៃអាជីពរបស់នាងតាមរយៈការជួបប្រកួតក្នុងទម្ងន់៤៨គីឡូក្រាមជាមួយនឹងកីឡាការិនីហ្វីលីពីន Jujeath Nagaowa ក្នុងព្រឹត្តិការណ៍ ONE FC: Warriors Way ក្នុងទីក្រុងម៉ានីល នាថ្ងៃទី៥ ខែធ្នូ ខាងមុខនេះ។
ក្រោយពីបានបង្ហាញនូវការចាប់អារម្មណ៍ផ្សេងៗក្នុងការទទួលជ័យជម្នះនៅទឹកទី១របស់នាងក្រោមស្នៀតក្លេដៃលើមិត្តរួមជាតិ វី ស្រីឆៃ អំឡុងកម្មវិធី ONE FC: Rise of the Kingdom នៅរោងមហោស្រពកោះពេជ្រ កាលពីថ្ងៃទី១២ ខែកញ្ញា បច្ចុប្បន្ន ថារ័ត្ន ដែលមានរហស្សនាមថា «កូនក្លនតន» នឹងត្រូវជួបការប្រកួតវាយដាក់ទ្រុងជាអន្តរជាតិជាលើកទី១របស់នាងក្រោមបរិយាកាសដ៏រន្ធត់នៃសង្វៀន SM Mall of Asia Arena ដែលមានអ្នកទស្សនាដោយផ្ទាល់ចំនួន២ម៉ឺននាក់។
កីឡាការិនីមកពីខេត្តបន្ទាយមានជ័យវ័យ២៤ឆ្នាំរូបនេះ ដែលហ្វឹកហាត់ក្នុងក្លិប A Fighter នៅរាជធានីភ្នំពេញ ទទួលស្គាល់ថា នាងពិតជាមាន «ភ័យបុកពោះ» យ៉ាងខ្លាំង។ ទាក់ទងនឹងការប្រកួតជាមួយ Nagaowa ថារ័ត្ន ប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃម្សិលមិញថា៖ «ខ្ញុំពិតជារំភើបណាស់ក្នុងការទទួលបានឱកាសដ៏ធំនេះ។ ការប្រកួតនេះមិនមែនស្ថិតនៅលើទឹកដីរបស់ខ្ញុំឡើយ ប៉ុន្តែ វាស្ថិតនៅលើទឹកដីរបស់នាង។ ខ្ញុំត្រូវតែហ្វឹកហាត់យ៉ាងខ្លាំងជាងពីមុនសម្រាប់ការប្រកួតនេះ»។
កីឡាការិនី Nagaowa វ័យ២៧ឆ្នាំ គឺជាអតីតម្ចាស់ខ្សែក្រវាត់ WBC Asia ក្នុងទម្ងន់៤៨គីឡូក្រាម និងមានកំណត់ត្រាឈ្នះក្នុងការប្រកួតអាជីពចំនួន១២លើកនៅលើសង្វៀនប្រដាល់។ ការផ្លាស់ប្តូរអាជីពរបស់នាងដើម្បីចូលរួមប្រកួតក្នុងកីឡាវាយដាក់ទ្រុងបានចាប់ផ្តើមដំណើរការយ៉ាងរលូនកាលពីថ្ងៃទី២ ខែឧសភា ជាមួយនឹងការទទួលជ័យជម្នះក្នុងការប្រកួត ONE FC ជាលើកដំបូងរបស់នាងនៅពេលប្រកួតជាមួយនឹងកីឡាការិនីឥណ្ឌា Jeet Toshi នៅពីមុខអ្នកគាំទ្ររបស់ខ្លួនក្នុងទីក្រុងម៉ានីល។
ជាមួយនឹងការមានរហស្សនាមថា «Bad Girl» Nagaowa មានចលនាជើងដ៏មានទេពកោសល្យ ដែលនាងប្រើប្រាស់ដើម្បីគេចពីកណ្តាប់ដៃរបស់គូប្រកួតរបស់នាង និងមានកម្លាំងដៃដ៏ធ្ងន់នៅលើដៃទាំងពីររបស់នាង ខណៈដែលនាងបានប្រើជំនាញដ៏ពិសេសនេះ ដើម្បីបញ្ឈប់នាង Toshi នៅទឹកទី២ជាមួយនឹងកណ្តាប់ដៃរបស់នាង។
ទោះបីជាយ៉ាងណា ថារ័ត្ន និយាយថា នាងដឹងយ៉ាងច្បាស់ថា Nagaowa មានភាពខ្លាំងក្នុងពេលប្រកួតឈរ ហើយនិងសម្លឹងរកការប្រើប្រាស់ស្នៀតក្លេរបស់នាងក្នុងការប្រកួតរបស់ពួកគេ។
កីឡាការិនីរូបនេះបានឲ្យដឹងថា៖ «នាងពិតជាខ្លាំងជាមួយនឹងកណ្តាប់ដៃរបស់នាង។ ខ្ញុំដឹងពីជំនាញរបស់នាង និងជំនាញរបស់ខ្ញុំ។ ខ្ញុំដឹងយ៉ាងច្បាស់ពីរបៀបប្រើប្រាស់ទេពកោសល្យចំបាប់របស់ខ្ញុំ»។
ជាមួយនឹងការមានចំណេះដឹងដ៏ទូលំទូលាយទៅលើសិល្បៈក្បាច់គុនល្បុក្កតោរបស់កម្ពុជា ដែលបានធ្វើឲ្យនាងធ្វើដំណើរទូទាំងពិភពលោកដើម្បីសម្តែង និងប្រកួត ថារ័ត្ន កោតសរសើរដល់គ្រូបង្វឹករបស់នាងលោកចាន់ រាជ និង Barry Guerin នៅក្លិប A Fighter ចំពោះការបណ្តុះបណ្តាលឲ្យនាងក្លាយជាអ្នកប្រយុទ្ធ MMA ម្នាក់។
ជំនួបរវាងកីឡាការិនី ថារ័ត្ន និង Nagaowa នឹងក្លាយជាគូបើកឆាកក្នុងចំណោមការប្រកួតចំនួន១០គូនាថ្ងៃទី៥ ខែធ្នូ ខាងមុខ៕ IS