បី​ខែ​ចុង​ក្រោយ​សត្វ​ព្រៃ​ជាង ១ ពាន់​ក្បាល​ត្រូវ​បាន​រឹប​អូស​និង​សង្គ្រោះ

កូន​សត្វ​ពង្រូល​ដែល​បាន​សង្គ្រោះ​ពី​ព្រាន។

កូន​សត្វ​ពង្រូល​ដែល​បាន​សង្គ្រោះ​ពី​ព្រាន។ រូបថត Wildlife Alliance



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ សត្វ​ព្រៃ​ជាង ១ ពាន់​ក្បាល​ដែល​រួម​មាន​ទាំង​ប្រភេទ​កម្រ និង​ជិត​ផុត​ពូជ​ផង​នោះ​ត្រូវ​បាន​រឹប​អូស​និង​សង្គ្រោះ​ពី​ការ​ជួញ​ដូរ​និង​បរ​បាញ់​ខុស​ច្បាប់ ហើយ​ប្រាក់​ជិត ១ ម៉ឺន​ដុល្លារ​ត្រូវ​បាន​ផាក​ពិន័យ​ពី​ជន​ល្មើស​នៅ​ក្នុង​រយៈ​ពេល​បី​ខែ​ចុង​ក្រោយ​ក្នុង​ឆ្នាំ​នេះ។

ចាប់​ពី ខែ​សីហា ដល់ ខែ​តុលា ឆ្នាំ​២០១៤ នេះ​ក្រុម​បង្រ្កាប​បទ​ល្មើស​សត្វ​ព្រៃ​ចល័ត​បាន​រឹប​អូស​និង​សង្គ្រោះ​សត្វ​សរុប​ចំនួន ១០៧៧ ក្បាល​នៅ​ក្នុង​ទូទាំង​ប្រទេស​បន្ទាប់​ពី​មាន​សេចក្តី​រាយការណ៍​ផ្តល់​ព័ត៌មាន និង​ការ​ស្រាវជ្រាវ។ នេះ​បើ​យោង​តាម​មន្រ្តី​អង្គការ​សម្ព័ន្ធភាព​សត្វ​ព្រៃ (Wildlife Alliance) ដែល​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិល​មិញ។

អង្គការ​សម្ព័ន្ធភាព​សត្វ​ព្រៃ​បាន​បញ្ជាក់​ថា៖ «ការ​បង្រ្កាប​បទ​ល្មើស​សត្វ​ព្រៃ​ក្នុង​រយៈ​ពេល​បី​ខែ​ចុង​ក្រោយ​មាន​ចំនួន ១៥៩ លើក​ដែល​សង្គ្រោះ​សត្វ​បាន ១០៧៧ ក្បាល​រឹប​អូស​បាន​សំណាក​សត្វ ៣៧០ គីឡូក្រាម និង​ទឹក​ប្រាក់​ចំនួន ៩៧៩០ ដុល្លារ​បាន​ផាក​ពិន័យ»។

របាយ​ការណ៍​បង្រ្កាប​របស់​អង្គការ​សម្ព័ន្ធ​ភាព​សត្វ​ព្រៃ​បាន​បង្ហាញ​ថា សត្វ​ដែល​ត្រូវ​រឹប​អូស និង​សង្គ្រោះ​បាន​រួម​មាន​សត្វ​ពង្រូល ខ្លា​ឃ្មុំ ពស់​វែក ពស់​ថ្លាន់ ស្វា ក្រពើ ត្រកួត កន្ធាយ ទោច អណ្តើក ក្ងោក សេក កំប្រុក កូន​ឥន្រ្ទី ស្កា សំពោច ព្រាប សារិកា​កែវ សត្វ​ពស់ និង​សត្វ​ស្លាប ជាច្រើន​ប្រភេទ​ផ្សេង​ទៀត។ បើ​គិត​ក្នុង ខែ​សីហា និង ខែ​កញ្ញា មាន​កិច្ច​សន្យា​ចំនួន ៣៨ ត្រូវ​បាន​ជន​ល្មើស​ចុះ​កិច្ច​សន្យា​ឈប់​ប្រព្រឹត្ត​បទ​ល្មើស​ក្រៅ​ពី​ការ​ផាក​ពិន័យ​ជា​ប្រាក់។

សកម្ម​ភាព​របស់​ក្រុម​បង្ក្រាប​បទ​ល្មើស​សត្វ​ព្រៃ​ចល័ត។ រូបថត Wildlife Alliance

អង្គការ​នេះ​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ឥឡូវ​នេះ​សត្វ​ពង្រូល​ត្រូវ​បាន​គេ​ចាត់​ថ្នាក់​ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​បំផុត​ផង​ដែរ។ ហេតុ​នេះ​ក្រុម​ល្បាត​បាន​នឹង​កំពុង​ធ្វើ​ការ «ទាំង​យប់​ទាំង​ថ្ងៃ» ដើម្បី​សង្គ្រោះ​សត្វ​ពង្រូល ពី​ការ​បរ​បាញ់​និង​ជួញ​ដូរ​ហើយ​កាល​ពី​ថ្ងៃ ទី១៧ ខែ​តុលា កន្លង​មក​នេះ ក្រុម​ល្បាត​នៅ​ប៉ុស្តិ៍ តាតៃ ក្នុង​ជួរ ភ្នំ​ក្រវាញ បាន​សង្គ្រោះ​សត្វ​ពង្រូល ដ៏​តូច​មួយ​ក្បាល​ពី​ពួក​ព្រាន​ប្រមាញ់។

អង្គការ​សម្ព័ន្ធ​ភាព​សត្វ​ព្រៃ​បាន​ឲ្យ​ដឹង​ក្នុង​របាយ​ការណ៍​ថា បន្ទាប់​ពី​ត្រឡប់​មក​ពី​ល្បាត​ក្នុង​ចម្ងាយ​ផ្លូវ​ដ៏​ឆ្ងាយ ក្រុម​ល្បាត​ស្រាប់​តែ​បាន​ប្រទះ​ឃើញ​ដាន​ជើង​គេ​ដើរ​នៅ​ក្នុង​ព្រៃ ហើយ​ក៏​បាន​ដើរ​តាម​ស្នាម​ជើង​នោះ​រហូត​បាន​ទៅ​ជួប​នឹង​ខ្ទម​ឈើ​តូច​មួយ។ ក្រុម​អ្នក​ប្រមាញ់​ពេល​បាន​ឮ​ក្រុម​ល្បាត​ដើរ​សំដៅ​ទៅ​ខ្ទម​នោះ ពួក​គេ​ក៏​បាន​រត់​ចោល​ខ្ទម​នោះ។ ក្រុម​ល្បាត​បាន​ឆែក​ឆេរ​ក្នុង​ខ្ទម​នោះ ហើយ​បាន​ប្រទះ​ឃើញ​អន្ទាក់​សត្វ​ចំនួន ៣៨ និង​ឃើញ​កូន​សត្វ​ពង្រូល​ដ៏​តូច​មួយ​ដែល​ក្រុម​ប្រមាញ់​ដាក់​នៅ​ក្នុង​ថង់​មួយ។

ខ្ទម​នោះ​ត្រូវ​បាន​រុះរើ​ចោល​ហើយ​ក្រុម​ល្បាត​ប្រញាប់​បញ្ជូន​កូន​សត្វ​ពង្រូល​នោះ​ទៅ​មណ្ឌល​សង្គ្រោះ​នៅ​សួន​សត្វ ភ្នំ​តាម៉ៅ ក្នុង ខេត្ត​តាកែវ បន្ទាប់​ពី​ឃើញ​ថា វា​នឹង​ងាប់​បើ​គ្មាន​ការ​ជួយ​សង្គ្រោះ​មួយ​ទេ​នោះ។

អង្គការ​បញ្ជាក់​ថា៖ «ការ​បរ​បាញ់​និង​ជួញ​ដូរ​សត្វ​ពង្រូល​មាន​ទ្រង់​ទ្រាយ​កាន់​តែ​ធំ​ឡើង។ វា​ត្រូវ​បាន​គេ​ប្រមាញ់​យក​សាច់ ស្រកា និង​ធ្វើ​ជា​ថ្នាំ​បុរាណ​ផង​ដែរ។ ក្រុម​ល្បាត​បាន​ធ្វើ​ការ​ទាំង​ថ្ងៃ​និង​យប់​និង​ប្រថុយ​ជីវិត ដើរ​ល្បាត​ទាំង​ភ្លៀង​ផង»។

កាល​ពី​ឆ្នាំ​ទៅ​ក្រុម​ល្បាត​ប៉ុស្តិ៍ តាតៃ នេះ ចាប់​បាន​អន្ទាក់​ដាក់​សត្វ​ចំនួន ១៥ ៤៤០ និង​សង្គ្រោះ​សត្វ​បាន ៤៤៨ ក្បាល​ដែល​ធ្វើ​ឲ្យ​ក្រុម​នេះ​ក្លាយ​ជា​ក្រុម​ឈាន​មុខ​គេ​ក្នុង​ការ​អភិរក្ស៕


What Next?

Recent Articles