Fri, 14 November 2014
ប៉ាន់ រិទ្ធា
ភ្នំពេញប៉ុស្តិ៍
តាខ្មៅៈ ជាមួយទេសភាពតុបតែងតាមបែបស្រុកស្រែចម្ការ ក្រោមម្លប់ក្យូសដំបូលប្រក់ស្បូវសង់នៅលើផ្ទៃបឹងមានជំនោរខ្យល់ដ៏ត្រជាក់រំភើយ ភោជនីយដ្ឋានអេមស្ថិតនៅចម្ងាយប្រមាណបីបួនគីឡូម៉ែត្រចេញពីរង្វង់មូលក្រុងតាខ្មៅខេត្តកណ្តាលស្របតាមផ្លូវទៅកាន់វិទ្យាល័យហ៊ុនសែនតាខ្មៅដែលឆ្ពោះទៅកាន់ព្រែកហូរ។
ភោជនីយដ្ឋានអេម ត្រូវបានសង់ឡើងនៅផ្ទៃបឹងមួយ ដែលមានចំនួន ១៣ក្យូស សម្រាប់ទទួលភ្ញៀវមកទទួលទានអាហារថ្ងៃត្រង់ និងពេលល្ងាចយ៉ាងឆ្ងាញ់ពិសាជាមួយមុខម្ហូបកុម្ម៉ង់ភ្លាមៗក្តៅៗ។
ភោជនីយដ្ឋានលក្ខណៈជាក្យូសនេះមានបុគ្គលិកបម្រើស្រស់ស្អាត និងរួសរាយរាក់ទាក់ សេវារហ័សទាន់ចិត្តស័ក្ដិសមសម្រាប់ការជួបជុំក្រុមគ្រួសារ មិត្តភក្តិ និងមិត្តរួមការងារមិនថាតែឱកាសឈប់សម្រាក ឬថ្ងៃបុណ្យជាតិនោះឡើយ។
លោក លឹម ច័ន្ទ មេការគ្រប់គ្រងភោជនីយដ្ឋានអេម ដែលបានបើកបម្រើភ្ញៀវអស់រយៈពេលមួយឆ្នាំកន្លះមកហើយនោះបានឲ្យដឹងថា៖«ភោជនីយដ្ឋានយើងមានកន្លែងសម្រាប់ទទួលភ្ញៀវចំនួន១៣ក្យូស ដែលបានសង់ពីឈើ មានដំបូលប្រក់ស្បូវ និងមានដើមឈើធំៗផ្តល់ម្លប់ដ៏ត្រជាក់ពេលទទួលទានអាហារ»។
ក្យូសនៅទីនេះមានបីប្រភេទគឺទីមួយជាក្យូសខ្នាតតូច អាចដាក់ភ្ញៀវបានចំនួនពីប្រាំមួយទៅប្រាំបីនាក់ ខណៈប្រភេទទី២ ជាក្យូសអាចទទួលភ្ញៀវបានចំនួនពីដប់ទៅដប់ប្រាំនាក់។ ចំណែកប្រភេទក្យូសទីបីអាចដាក់ភ្ញៀវបានចំនួនពីម្ភៃទៅសែសិបនាក់។
ចំពោះមុខម្ហូបនៅភោជនីយដ្ឋានអេម មានជាអាទិ៍ដូចជា មាន់ដុត មាន់ស្ងោរ ទាកាប៉ាអាំង ឬដុត ទាកាប៉ាឆាក្តៅ ទាប្រឡាក់ម្ទេសអាំង ភ្លាសាច់ត្រី ភ្លាសាច់គោ ត្រីរ៉ស់អាំង ឬដុត ត្រីក្រហមដុត ឬប្រឡាក់ចៀន ជាមួយទឹកជ្រលក់ឆ្ងាញ់ពិសេស ស៊ុបខ្យងនិងមុខម្ហូបតាមការកុម្ម៉ង់របស់ភ្ញៀវនានាបានទៀតផងដែរ ខណៈភេសជ្ជៈមានបម្រើតាមតម្រូវការ។
ក្នុងចំណោមមុខម្ហូបទាំងអស់នោះ លោក លឹម ច័ន្ទ បានកត់សម្គាល់ថា៖ «សម្រាប់ភោជនីយដ្ឋានអេមរបស់យើងមានមុខម្ហូបពិសេសពីរយ៉ាងដែលទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវផងដែរគឺទាប្រឡាក់ម្ទេសអាំង និងស៊ុបខ្យង ជាមួយតម្លៃសមរម្យ»។
លោករៀបរាប់ទៀតថា៖ «តម្លៃលើមុខម្ហូបអាហារនានានៅកន្លែងយើង បើប្រៀបធៀបជាមួយនឹងហាងដទៃគឺមិនថ្លៃជាងឡើយ។ ចំពោះតម្លៃនៅកន្លែងយើងសមរម្យដូចគេឯងដែរ។ ប្រសិនបើមានក្រុមភ្ញៀវអញ្ជើញមកទទួលទាននៅកន្លែងខ្ញុំមានចំនួនច្រើន និងកុម្ម៉ង់មុខម្ហូបច្រើនមុខ យើងក៏មានការបន្ថែមជូននូវមុខម្ហូបខ្លះដោយមិនគិតថ្លៃផងដែរ»។
ភោជនីយដ្ឋានអេម មានទីតាំងនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ទាក់ទងលេខ ០៧៧ ៦៩៩ ៨៣៧ និង០៨៨ ៨៧០ ៥៥៥៥៕