មគ្គុទេ្ទសក៍​បារម្ភ​ពី​ការ​ហៅ​ប្រាសាទ​តាព្រហ្ម​ជា​ប្រាសាទ Tomb Raider

ភ្ញៀវទេសចរ​បរទេស​ទៅ​ទស្សនា​ប្រាសាទ​តាព្រហ្ម ដែល​មាន​រុក្ខជាតិ​តូច​ធំ​ដុះ​ចាក់​ឫស​។

ភ្ញៀវទេសចរ​បរទេស​ទៅ​ទស្សនា​ប្រាសាទ​តាព្រហ្ម ដែល​មាន​រុក្ខជាតិ​តូច​ធំ​ដុះ​ចាក់​ឫស​។ រូបថត ហុង រស្មី



ភ្នំពេញប៉ុស្តិ៍

សៀមរាប: ភាពយន្ដ​ហូលីវូដ​រឿង ​Tomb Raider សម្ដែង​ដោយ​នាង​អេនជេលីណា ជោលី បាន​ធ្វើឲ្យ​ពិភពលោក​ស្គាល់​ប្រាសាទ​បុរាណ​ខ្មែរ​ដែល​មាន​ក្បាច់​ចម្លាក់​ដ៏ល្អ​វិចិត្រព័ន្ធ​ព័ទ្ធ​ដោយ​ឫស​រុក្ខជាតិ​តូច​ធំ។

ភ្ញៀវទេសចរ​បរទេស​ជាច្រើន​បាន​មក​ទស្សនា​ប្រាសាទ​តាព្រហ្ម​តាមរយៈ​ភាពយន្ដ​ដ៏ល្បីល្បាញ​ផលិត​ក្នុង​ឆ្នាំ​២០០១ ប៉ុន្តែ​ពួកគេ​ភាគច្រើន​ស្គាល់​ប្រាសាទ​ដែល​នាង ជោលី ឈរ​លើ​ខឿន​ក្បែរ​ដើមឈើ​ធំ​នេះ​ថា​ជា​ប្រាសាទ Tomb Raider ទៅ​វិញ។

អ្នកស្រី អេនហ្ស៍ (Ange) បម្រើ​ការងារ​នៅ​អង្គការ Mother of Nature និង​ក្រុម​គ្រួសារ បាន​ទស្សនា​រឿង Tomb Raider និង​មាន​ការ​ស្ញប់ស្ញែង​ជា​ខ្លាំង​ចំពោះ​ប្រាសាទ​បុរាណ​ស្នាដៃ​បុព្វបុរស​របស់​ខ្មែរ​។

ដៃ​អង្អែល​ដើមឈើ​ដុះ​ព័ទ្ធ​បណ្ដើរ ស្ត្រី​អាយុ​៥៨​ឆ្នាំ​រូប​នេះ​បាន​និយាយ​បណ្ដើរ​ថា​៖ «​ខ្ញុំ​បាន​ទស្សនា​ភាពយន្ដ​ហូលីវូដ​នោះ​តាំងពី​ឆ្នាំ​២០០១​មក​ម្ល៉េះ​។ ប៉ុន្ដែ​ខ្ញុំ​គ្មាន​ឱកាស​បាន​ឃើញ​ទិដ្ឋភាព​ជាក់ស្ដែង​នេះ​ទេ​។ ខ្ញុំ​តែងតែ​ស្រមៃ​ថា ថ្ងៃ​ណា​មួយ ខ្ញុំ​ត្រូវ​ទៅមើល​ផ្ទាល់​នឹង​ភ្នែក​»។

អំពី​នាម​ប្រាសាទ អ្នកស្រី​ទទួល​ស្គាល់​ថា​៖ «​ខ្ញុំ​ពិបាក​ហៅ​ឈ្មោះ​ជា​ភាសា​ខ្មែរ​ណាស់​។ ខ្ញុំ​ស្គាល់​វា​តាមរយៈ​ភាពយន្ដ ដូច្នេះ​ខ្ញុំ​តែងតែ​ហៅ​វា​ថា ប្រាសាទ Tomb Raider»។

ទោះបី​ជា​ការ​ហៅ​ឈ្មោះ​ថ្មី​តាម​សម្ដី​ភ្ញៀវទេសចរ​បាន​ក្លាយ​ជា​រឿង​ធម្មតា​ទៅ​ហើយ​ក្ដី ក៏​ទម្លាប់​នេះ​អាច​នឹង​បង្ក​ជា​វិបត្ដិ​ផ្សេងៗ​នៅ​ពេល​ក្រោយ​។

ជា​ការ​រួម​ចំណែក​រក្សា​អត្តសញ្ញាណ​ជាតិ លោក សៀង វិចិត្រ ជា​មគ្គុទេ្ទសក៍​ទេសចរណ៍ ដែល​កំពុង​តែ​នាំ​ភ្ញៀវ​ទៅ​ទស្សនា​ប្រាសាទ​តាព្រហ្ម បាន​លើក​ឡើង​ថា៖ «តាមពិត​ទៅ ភ្ញៀវ​ខ្លះ​ទម្លាប់​និយាយ​ប្រាប់​គ្នា​ថា វា​ជា​ប្រាសាទ Tomb Raider ពី​មាត់​មួយ​ទៅ​មាត់​មួយ​ទៀត​។ ប្រហែល​ជា​អ្នកដទៃ មិន​ចាប់​អារម្មណ៍​ទេ ប៉ុន្ដែ​ក្នុង​នាម​ខ្ញុំ​ជា​មគ្គុទេ្ទសក៍​ទេសចរណ៍​ម្នាក់ ខ្ញុំ​តែងតែ​ឮ​ពាក្យ​នេះ​នៅក្នុង​ត្រចៀក​ជានិច្ច​»។

យ៉ាងណា​មិញ មគ្គុទេ្ទសក៍​ទេសចរណ៍​រូប​នេះ​លើក​ឡើង​ថា ការ​សម្ដែង​ភាពយន្ដ និង​ការ​ហៅ​ឈ្មោះ​ប្រាសាទ​ជាក់ស្ដែង​គឺជា​រឿង​ពីរ​ផ្សេង​គ្នា ហើយ​លោក​នៅ​តែ​បញ្ជាក់​ប្រាប់​ភ្ញៀវ​ថា នោះ​ជា​ប្រាសាទ​តាព្រហ្ម​។

អ៊ឹង សុវិទ្ធី អនុប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អគ្គនាយកដ្ឋាន​អាជ្ញាធរ​អប្សារា បាន​ពន្យល់​ថា វា​ជា​បាតុភូត​កើតឡើង​ស្ទើរតែ​គ្រប់​ប្រទេស​នៅពេល​មាន​ព្រឹត្ដិការណ៍​ធំៗ ដូចជា រឿង​ហូលីវូដ​។ អាជ្ញាធរ​បាន​ផ្សព្វផ្សាយ​តាម​ពី​វិទ្យុ ទូរទស្សន៍ ខិត្តប័ណ្ណ​រហូត​ដល់​ស្លាក​សញ្ញា​។ ក្រសួង​វប្បធម៌ និង​ក្រសួង​ទេសចរណ៍​ក៏​បាន​ណែនាំ​ពី​ឈ្មោះ​ប្រាសាទ​នីមួយៗ​ផង​ដែរ។

លោក​បាន​ប្រដូច​បាតុភូត​ស្រដៀង​គ្នា​នេះ​ដែរ​នៅ​ប្រទេស​ថៃ​ដោយ​សូម្បីតែ​ជនជាតិ​ថៃ​ខ្លួនឯង ក៏​ទទួល​ស្គាល់​ទាអាំង​ភីម៉ៃ ល្បី​ជាង​ប្រាសាទ​ភីម៉ៃ​របស់​ពួកគេ​ទៅ​ទៀត​។

ចំពោះ​ការ​អភិរក្ស​ឈ្មោះ​ប្រាសាទ លោក​អនុប្រធាន​នាយកដ្ឋាន​រូប​នេះ លើក​ឡើង​ថា មគ្គុទេ្ទសក៍​ទេសចរណ៍​ត្រូវ​ប្រតិកម្ម​មុន​គេ ដោយសារ​តែ​ពួកគេ​បាន​រៀន​ពី​ស្ថាប័ន​ជាតិ និង​មាន​តួនាទី​ពន្យល់​ប្រាប់​ភ្ញៀវទេសចរ​បរទេស​ឲ្យ​បាន​ដឹង​។

លោក​មិន​បារម្ភ​ចំពោះ​ការ​បាត់បង់​ឈ្មោះ​នោះ​ទេ ដោយ​លោក​បាន​អះអាង​ថា​៖ «​វា​ជា​រឿង​ធម្មតា​ទេ។ ប្រទេស​ណា​ក៏​មាន​បញ្ហា​បែប​នេះ ហើយ​យើង​មិនមែន​ជា​ប្រទេស​ទី​មួយ​ទេ​ដែល​អនុញ្ញាត​ឲ្យ​រឿង​ហូលីវូដ​មក​ថត​នោះ​។ ប៉ុន្ដែ​យើង​ទទួល​បាន​ប្រយោជន៍​ជាច្រើន​ដូចជា កំណើន​ភ្ញៀវទេសចរ​ជាដើម​»៕

What Next?

Recent Articles