Fri, 14 November 2014
សេត គឹមសឿន
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ក្រោយរៀបមង្គលការបានតែប្រមាណ១០ថ្ងៃ ស្រាប់តែថ្មីៗនេះ មានអ្នកលេងបណ្តាញសង្គមម្នាក់បានធ្វើការវាយប្រហារចំៗទៅលើតារាចម្រៀងនាង យ៉ុង ច័ន្ទកណ្ណិកា ដែលគេសង្ស័យថា អ្នកចេញមកវាយប្រហារតារារូបនេះគឺជាអតីតគូស្នេហ៍ចាស់ ឬក៏សាច់ញាតិគូស្នេហ៍របស់នាង ខណៈគេបានដឹងថា អ្នកវាយប្រហារតារារូបនេះហាក់មានចេតនាចង់ទម្លាយអាថ៌កំបាំងអ្វីមួយទៀតផង។
ទើបតែសើចញញឹមសប្បាយចិត្តរឿងចូលរោងការដូចក្តីប្រាថ្នាមិនទាន់នឹងបិទមាត់ជិតនោះ ស្រាប់តែគណនីហ្វេសប៊ុកអនាមិកមួយ ដោយដាក់ឈ្មោះថា Laka Bodo បានរំលេចសារជេរ ប្រមាថខ្លាំងៗទៅលើតារាចម្រៀងសំនៀងផ្អែម ២ដួង គឺអ្នកនាង យ៉ុង ច័ន្ទកណ្ណិកា ដែលទើបរៀបការ និងបានរាលដាលដល់អ្នកនាង កែវ ច័ន្ទសម្ផស្ស ជាបងប្អូនជីដូនមួយនឹងគ្នាយ៉ាងចាស់ដៃ។
អ្នកប្រើគណនីហ្វេសប៊ុកអនាមិកម្នាក់នោះ បានសរសេរសារជេរប្រមាថខ្លាំងៗបង្ហាញជាសាធារណៈហាក់មានចេតនាចង់លាតត្រដាងអាថ៌កំបាំងអ្វីមួយពីតារារូបនេះ ពិសេសទំនងចង់ធ្វើឲ្យនាងខ្មាសគេក្រោយរៀបការហើយ។
ភ្លាមនោះគេចាប់អារម្មណ៍ថា ទំនងជាអ្នកវាយប្រហារនោះអាចជាអតីតសង្សារ ឬក៏សាច់ញាតិសង្សារចាស់នាងផងមិនដឹង ព្រោះគេបានដឹងថា យ៉ុង ច័ន្ទកណ្ណិកា ក្រោយបែកបុរសកំពូលស្នេហ៍អាណិកជនបារាំងមិនបានប៉ុន្មាននាងក៏រៀបការប្តីថ្មីនោះ។
ប៉ុន្តែយ៉ាងណា យ៉ុង ច័ន្ទកណ្ណិកា ក៏មិនខ្លាចនឹងការជេរប្រមាថនោះដែរ។ នាងបានសរសេរនៅលើហ្វេសប៊ុកថា៖«laka Bobo មិនមែន fan របស់ខ្ញុំទេ។ តែគេចង់មករករឿងតែម្តងដោយការមើលងាយបងប្អូនខ្ញុំជាអ្នកសិល្បៈ។ ខ្ញុំតបតទៅវិញ ព្រោះកុំឲ្យប៉ិនខាងមើលងាយអ្នកសិល្បៈពេក»។
ឆ្លើយតបនឹងការជេរប្រមាថជាសាធារណៈនោះ យ៉ុង ច័ន្ទកណ្ណិកា បន្តថា៖«laka Bodo អរគុណ ដែល comment មក។ ចង់សួរអ្នកថា បើគេជេរអ្នក ឬជេរបងប្អូន ម៉ែអ្នកថា មីរលួយវ៉ល់ មីស្រីខូច តើអ្នកមានអារម្មណ៍យ៉ាងណាដែរ?? ជេរគេវិញ ឬក៏ស្ងៀមឲ្យគេជេរទាំង អ្នកមិនមែនជាមនុស្ស ដូចគេជេរអ៊ីចឹង??»។
ទោះបីមានការសង្ស័យថា ម្នាក់នោះអាចជាសង្សារ ឬគ្នីគ្នាសង្សារចាស់របស់នាងក្តី តែស្រស់ស្រីទើបរៀបការប្តីរូបនេះនិយាយថា នាងមិនធ្លាប់ស្គាល់នោះទេ។ នាងបន្តទៀតថា៖«ខ្ញុំដឹងថាអ្នកស្គាល់ខ្ញុំ ព្រោះខ្ញុំជាតារា តែខ្ញុំមិនដែលស្គាល់អ្នកទេ ព្រោះអ្នកជាមនុស្សធម្មតា នេះហើយ ជាចំណុចពិសេស ដែលអ្នកមិនអាចធ្វើដូចខ្ញុំបាន ខ្ញុំធើ្វម៉េចដឹងថា អ្នកមិនរលួយវ៉ល់ហ៎?? តែពេលនេះ សម្ដី អ្នករលួយវ៉ល់ជាងខ្លួនរបស់អ្នកទៀត.. ប្រហែលជាមុខអាក្រក់ណាស់ហើយ បានមិនក្លាហានដាក់រូបក្នុង profile!! អ្នកថា ខ្ញុំគ្មានខួរគិត តែបើអ្នកមានខួរគិត អ្នកមិនមែនមកប្រើភាសាឆ្កែមកព្រុស ដោយមិនដឹងមូលហេតុ និងគ្មានការពិចារណា ដូចមនុស្សមិនបានរៀនសូត្រអ៊ីចឹងទេ!!»៕