​អាដហុក​នៅ​ខេត្ត​រតនៈគិរី​ស្នើ​អាជ្ញាធរ​ចុះបង្ក្រាប​ការជីក​រ៉ែ​ត្បូង​ខុស​ច្បាប់​លើ​ដី​មាន​ជម្លោះ​​

ដោយ៖​ ឡាយ សាមាន​
ថ្ងៃសុក្រ ទី14 វិច្ឆិកា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

សកម្មភាព​ជីករ៉ែ​នៅ​លើ​ដីជម្លោះ (រូបភាព​ផ្ដល់​ដោយ​អាដហុក)

​មន្ត្រី​សិទ្ធិមនុស្ស​ប្រចាំ​ខេត្ត​រតៈ​គិរី ស្នើ​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ការជីក​រ៉ែ​ត្បូង​នៅក្នុង​ចំការកៅស៊ូ​មួយកន្លែង ក្នុង​ឃុំ​ឡា​មិញ ស្រុក​បរ​កែវ ដោយ​លោក​អះអាងថា ប៉ះពាល់​ដល់​ធនធានធម្មជាតិ​របស់​រដ្ឋ និង​ស្ថិត​ក្នុង​ដី​មាន​ជម្លោះ​នៅ​ឡើយ​។​

​មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក​ប្រចាំ​ខេត្ត​រតៈ​គិរី លោក ឆាយ ធី មានប្រសាសន៍ថា ក្រោយពី​បាន​ចុះ​ស៊ើបអង្កេត ឃើញ​មាន​កម្មករ​ជាច្រើន​នាក់ រួម​ទាំង​កម្មករ​វៀត​ណា​ម​ជាង​២០​ភាគរយ កំពុង​ជីក​ត្បូង​រាប់​ម៉ឺន​កន្លែង យ៉ាង​អាណាធិបតេយ្យ ស្ថិតនៅក្នុង​ភូមិ​ត្រុំ ឃុំ​ឡា​មិញ ស្រុក​បរ​កែវ ខេត្ត​រតនគិរី ។ លោក បាន​ទទួលដំណឹង​ពី​ប្រភព​លាក់​ការណ៍​ថា ថៅកែ​ជីក​ត្បូង ហ៊ាន​បង់​លុយ​យក​ដី​ជីក​ត្បូង​ក្នុង​១​ហិកតា​១​ម៉ឺន​ដុល្លារ លើ​ដី​ចំការកៅស៊ូ​របស់​ក្រុមហ៊ុន​ចិន​ឈ្មោះ​ស្វី​ហ្វរ៉ា​ប់​ប៊ឺ លី​មី​ធី​ត ដែល​មាន​ទំហំ​៣១​ហិកតា ធ្លាប់​មាន​ជម្លោះ​ជាមួយ​ពលរដ្ឋ​មិនទាន់​បាន​ដោះស្រាយ​។

លោក​មា​នប្រសាសន៍​ថា «ដី​​ហ្នឹង​មាន​ជម្លោះ​កាល​ពី​មុន​ ហើយ​ក្រោ​យ​មក​មាន​ការ​​ចាប់​តំណាង​ប្រ​ជា​ពល​រដ្ឋ​ ដែល​ជា​អ្នក​តវ៉ា​ជាមួយ​ក្រុម​ហ៊ុន​ហ្នឹង​ ហើយ​ត្រូវ​បាន​តុលាការ​ចាប់​ឃុំ​រយៈ​ពេល​៤​ខែ​ហើយ ​​តាំង​ពី​ខែ៦ ដល់​ខែ៩មាន​ការ​ដើ​លែង​វិញ។ អញ្ចឹង​ហើយ​ រឿង​ហ្នឹង​ស្ថិត​នៅ​ក្នុង​តុលាការ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​រឿង​ហ្នឹង​យើង​ធ្វើ​ការ​ទប់​ស្កាត់​ បញ្ហា​ធន​ធាន​ធម្ម​ជាតិ​របស់​រដ្ឋ» 

​លោក ឆាយ ធី ស្នើឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចុះ​ទប់ស្កាត់​ករណីនេះ រង់ចាំ​មាន​ដំណោះស្រាយ​ជាមួយ​ពលរដ្ឋ​សិន និង​ដើម្បី​រក្សា​ធនធានធម្មជាតិ​របស់​រដ្ឋ​។​

​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​តំបន់​នោះ លោក ស៊ិន ប៊ុន​ថែ​ន និយាយថា  នៅ​ពេល​ក្រុមហ៊ុន​បាន​កាយ​ដី និង​ជីក​ត្បូង​លើដី​មាន​ជម្លោះ អាជ្ញាធរ​មិន​ដែល​ទប់ស្កាត់​ទេ លុះដល់​ពេល​ប្រជាពលរដ្ឋ​ចូលរួម​ជីក​ត្បូង​ដែរ អាជ្ញាធរ​បែរជា​ចុះបង្ក្រាប ។ លោក យល់ថា អាជ្ញា​អនុវត្ត​ច្បាប់​លម្អៀង​ទៅ​ខាង​ក្រុមហ៊ុន គឺ​មិន​យុត្តិធម៌​សម្រាប់​ពួកគាត់​។ លោក​ថា «ដី​កំពុង​តែ​មាន​ទំនាស់ ហើយ​បើ​ខាង​ក្រុម​ហ៊ុន​នៅ​តែ​រំលោភ វា​ខុស​ច្បាប់​ហើយ​ ហើយ​រឿង​ហ្នឹង​វា​ស្ថិត​នៅ​ក្នុង​ដៃ​តុលាការ​នៅ​ឡើយ។ បាទ ហើយ​រឿង​អា​ជីក​ត្បូង​នេះ ជា​កាតព្វ​កិច្ច​របស់ដែន​ដី និង​សមត្ថកិច្ចហើយ​​ ទោះ​បី​ជា​ប្រជា​ពល​រដ្ឋ​គាត់​មិន​អើ​ពើ ក្នុង​នាម​ជា​អាជ្ញា​ធរ គួរ​តែ​ការ​ពារ​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​ដែរ» ។ 

​លោក ស៊ិន ប៊ុន​ថែ​ន ឲ្យដឹងថា លោក​គោរព​តាម​សាលដីកា​របស់​សាលាឧទ្ធរណ៍ ដែល​សម្រេច​ទុក​ដី​មាន​ជម្លោះ​នោះ​ជា​តំបន់​ដី​រក្សា​ការពារ រង់ចាំ​ដំណោះស្រាយ តែ​ក្រុមហ៊ុន​បានធ្វើ​សកម្មភាព​លើ​ដី​នោះ​រហូតមក​។​

VOD មិន​អាច​ស្វែងរក​ការទាក់ទង​តំណាង​ក្រុមហ៊ុន​ចិនេះ​នៅ​ឡើយ​។​

​អធិការនគរបាល​ស្រុក​ប​កែវ លោក ម៉ៅ សាន់ ប្រាប់ VOD ថា លោក​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ជាង ១០​នាក់ ចុះ​បង្កា​ប​ការជីក​ត្បូង​ខុសច្បាប់ និង​បាន​ដកហូត​សម្ភារ​បាន​មួយចំនួន​។ លោក​បន្ថែមថា ពាក់ព័ន្ធ​ក្រុមហ៊ុន​មាន​ជម្លោះ​ជាមួយ​ពលរដ្ឋ លោក​មិន​អាច​អន្តរាគមន៍​បានទេ តែ​លោក​ថា សមត្ថកិច្ច​អនុវត្ត​ទូទៅ​ចំពោះ​ពលរដ្ឋ​ណា​ដែល​ចូល​ជីក​ត្បូង​អាណាធិបតេយ្យ ។​

លោក​មាន​ប្រសាសន៍ថា «បាន​ចុះ​ទៅ​អស់​ហើយ គេ​បាន​ធ្វើ​អស់​ហើយ ទើប​ធ្វើ​មក​សួរក្រោយ អាធី​មិញ​ក៏​ទើប​ទេ​មក​សួរខ្ញុំ​ដែរ ដល់​ពួ​ក​យើ​ង​ធ្វើ​ហើយ​អស់​​​បាន​ទើប​ធ្វើ​មក​សួរ​។ សម្ភារ​របស់​វា​មាន​អី​ក្រៅ​ពី​អា​ប្រ​ដាប់​យោង​ប្រ​ដាប់​អី​ហ្នឹង យើង​ដក​ហូតខ្លះ ខ្លះ​​ក៏​ទម្លាក់​ចូល​ទៅ​ក្នុង​រណ្តៅ​ទៅងាយ​យើង​ណា​យក​បាន​វា​ធ្ងន់​… គ្មាន​ការ​ឃាត់​ខ្លួន​អ្វី​ទេ មនុស្ស​រាប់​រយនាក់ សំខាន់បំផុត​​ដេញ​កុំ​ឲ្យ​តែ​ជីក​ទៅ​បាន​ហើយ​»

​ពលរដ្ឋ​អះអាងថា  ដី​នោះ​ពួកគាត់​បាន​កាន់កាប់​តាំងពី​ឆ្នាំ​១៩៨៨ ក្នុង​ទំហំ​ដី​ជាង​១០០​ហិកតា ប៉ុន្តែ​កើតមាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ចិន​នោះ​តាំងពី​ឆ្នាំ​២០១០ ដែល​ប៉ះពាល់​ប្រជាពលរដ្ឋ​ជាង​១៩​គ្រួសារ ហើយ​ពុំ​ទាន់​មាន​ដំណោះស្រាយ​ទេ រហូតមកទល់​ពេលនេះ តែ​ក្រុមហ៊ុន​នៅតែ​បន្ត​សកម្មភាព​លើ​ដី​មាន​ជម្លោះ ៕

សូម​សរសេរ​មក​លោក ​ឡាយ សា​មាន​ តាម​រយៈ samean@vodhotnews.com

What Next?

Recent Articles