ក្រុមហ៊ុន​បារាំង​គ្រោង​មក​វិនិយោគ​វិស័យ​ទឹកស្អាត​នៅ​កម្ពុជា​​

ដោយ៖​ ញឹម សុខន​
ថ្ងៃសៅរ៍ ទី15 វិច្ឆិកា 2014
http://vodhotnews.com

​គណៈប្រតិភូ របស់​ក្រុមហ៊ុន​បារាំង​មួយ នឹង​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល​២​ថ្ងៃ នា​ដើម​សប្តាហ៍​ក្រោយនេះ ដើម្បី​សិក្សា​អំពី​ឱកាស​នៃ​ការវិនិយោគ​ក្នុង​វិស័យ​ទឹកស្អាត​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា ចុះ​ថ្ងៃ​១៤ វិច្ឆិកា ឲ្យដឹងថា នៅ​ថ្ងៃ​ទី​១៧ និង​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៤ សប្តាហ៍​ក្រោយនេះ  គណ​:​ប្រតិភូ​ក្រុមហ៊ុន​បារាំង​ធំៗ​ចំនួន​៤ ដែល​មាន​ជំនាញ​លើ​វិស័យ​ទឹក នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​សិក្សា​អំពី​ឱកាស​នៃ​ការវិនិយោគ​ក្នុង​វិស័យ​នេះ​។​

​សេចក្ដីប្រកាស​ព័ត៌មាន​ឲ្យដឹង​ទៀត​ថា ទស្សនកិច្ច​នេះ​រៀបចំ​ឡើង​ដោយ​ទីភ្នាក់ងារ UBIFRANCE និង​ការិយាល័យ​សេដ្ឋកិច្ច​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា ក្រោម​ការគាំទ្រ​ពី​ក្រុមហ៊ុន VEOLIA ។ 

​សេចក្តីប្រកាស​ព័ត៌មាន​អះអាងថា ប្រទេស​បារាំង ដែល​មាន​ជំនាញ​ឯកទេស​ខ្ពស់​លើ​វិស័យ​ទឹកស្អាត បានធ្វើ​កិច្ចសហប្រតិបត្តិការ​តាំង​ពី​យូរលង់​មកហើយ​ជាមួយ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ រហូត​ទទួលបាន​លទ្ធផល​ល្អ​ជាច្រើន​នាពេល​បច្ចុប្បន្ន​។​ ​ម្យ៉ាងវិញទៀត ទស្សនកិច្ច​នេះ​មាន​គោលដៅ​ផ្សារភ្ជាប់​ទំនាក់ទំនងរ​វាង​សហគ្រាស​បារាំង ជំនាញ​ខាង​វិស័យ​ទឹកស្អាត​ជាមួយនឹង​ភាគី​កម្ពុជា ក៏​ដូចជា​សិក្សា​អំពី​តម្រូវការ​របស់​កម្ពុជា​ក្នុង​ការអភិវឌ្ឍ​វិស័យ​ទឹក​។ 

​ព័ត៌មាន​ពី​ស្ថានទូត​បញ្ជាក់ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ ថ្ងៃ​ច័ន្ទ​ទី​១៧ វិច្ឆិកា គណ​:​ប្រតិភូ​នឹងធ្វើ​ទស្សនកិច្ច​ស្ថានីយ​ចម្រោះ​ទឹកស្អាត​និរោធ ហើយ​នៅ​ព្រឹក​ថ្ងៃ​អង្គារ៍​ទី​១៨ វិច្ឆិកា នឹងចូលរួម​កិច្ចពិភាក្សា​មួយ​នៅ​សណ្ឋាគារឡឺ​រ៉ូយ៉ាល់​។​ ​ជាមួយ​នោះ​ដែរ លោក​អា​ឡាំង ហ្វ​កតាំង ទីប្រឹក្សា​ទី​១​នៃ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា នឹង​ឡើង​ធ្វើ​សុន្ទរកថា​ស្វាគមន៍ បន្ទាប់​មក​​នឹង​មាន​ការធ្វើ​បទ​បង្ហាញ និង​ការពិភាក្សា​អំពី​ស្ថានភាព​នៃ​វិស័យ​ទឹកស្អាត និង​ទិសដៅ​អភិវឌ្ឍន៍​នៅ​ពេល​អនាគត ក្រោម​វត្តមាន​របស់​ឯកឧត្តម ឯក សុន​ចាន់ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ព្រមទាំង​តំណាង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង និង​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​។  ចំណែក​ពេល​រសៀល​នឹង​មាន​ការជជែក​ពិភាក្សា​តុមូល​ជាមួយ​មន្ត្រី​រដ្ឋាករទឹក​មកពី​ខេត្ត​នានា​នៃ​ប្រទេស​កម្ពុជា​។​

​សមាជិក​គណ​:​ប្រតិភូ​បារាំង​នេះ​រួមមាន​ក្រុមហ៊ុន​ SAINT-GOBAINPAM (​ជំនាញ​ផលិត​បំពង់​បង្ហូរទឹក​ស្អាត​) ក្រុមហ៊ុន​SERPOL (​ជំនាញ​ខាង​ចម្រោះ​ជាតិពុល ការ​កម្ចាត់​មេរោគ ការ​ច្រោះ​ទឹក​កខ្វក់ និង​ផលិត​ទឹកស្អាត​សម្រាប់​តំបន់​ដាច់ស្រយាល​)​ ក្រុមហ៊ុន​ TECOFI (​ឯកទេស​ច្នៃ​និង​ផលិត​បំពង់​បង្ហូរទឹក ការ​ភ្ជាប់​បណ្តាញ​ចម្រោះ​និង​ចែកចាយ​ទឹក​ស្អាត ចម្រោះ​ទឹក​កខ្វក់​នៅតាម​គេហដ្ឋាន និង​នៅ​រោងចក្រ​ឧស្សាហកម្ម​) ហើយ​និង​ក្រុមហ៊ុន ​VINCI CONSTRUCTION GRANDS PROJETS ដែល​មា​មាន​សហការី​បំពេញការងារ​១ ៤០០​នាក់ ដែល​មាន​ភារកិច្ច​ជ្រោមជ្រែង​ក្រុង​ក្រុមហ៊ុន​បារាំង​ពង្រីក​អាជីវកម្ម​នៅ​៨០​ប្រទេស​៕

សូម​សរសេរ​មក​លោក ញឹម សុខន តាម​រយៈ sokhorn@vodhotnews.com

What Next?

Recent Articles