ចំបាប់ និង​បាល់​ទះ ចេញ​ទៅ​រក​មេដាយ​ពី​កីឡា អាស៊ី​ឆ្នេរ​ខ្សាច់

កីឡាករ ចាប លឿន (ពី​ឆ្វេង) កាង ដែនពិសិដ្ឋ លោក ធិន វិចិត្រ កីឡាករ ជុន ធួន និង​កីឡាការិនី និ សំណាង។

កីឡាករ ចាប លឿន (ពី​ឆ្វេង) កាង ដែនពិសិដ្ឋ លោក ធិន វិចិត្រ កីឡាករ ជុន ធួន និង​កីឡាការិនី និ សំណាង។ ស្រេង ម៉េងស្រ៊ុន



ភ្នំពេញប៉ុស្តិ៍

ក្រុម​អត្ត​ពលិក​កីឡា​ចំបាប់​កម្ពុជា បាល់​ទះ​លើ​ឆ្នេរ​ខ្សាច់ និង​ក្រុម​បាល់​ទះ​ប្រើ​ជើង (Foot-Volley) ត្រូវ​បាន​ចេញ​ដំណើរ​ដោយ​ពេល​វេលា​ខុសៗ​គ្នា ដើម្បី​ទៅ​ចូល​រួម​ការ​ប្រកួត​កីឡា​អាស៊ី​ឆ្នេរ​ខ្សាច់ លើក ទី៤ (Asian Beach Games) នៅ ខេត្ត​ភូកេត ព្រះ​រាជាណាចក្រ​ថៃ ដែល​បាន​បើក​កម្មវិធី​ប្រកួត​ជា​ផ្លូវ​ការ កាល​ពី​ថ្ងៃ​សុក្រ​ម្សិល​មិញ ហើយ​គ្រោង​បញ្ចប់​នៅ​ថ្ងៃ ទី២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ នេះ។

ក្រុម​កីឡាករ​បាល់​ទះ​ប្រើ​ជើង​របស់​កម្ពុជា បាន​ធ្វើ​ដំណើរ​អម​គណៈ​ប្រតិភូ តំណាង​ឲ្យ​កម្ពុជា ទៅ​ដល់ ខេត្ត​ភូកេត តាំង​ពី​ថ្ងៃ​ពុធ ខណៈ​ក្រុម​ចំបាប់​បាន​ចេញ​ដំណើរ​ទៅ​តាម​ក្រោយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ហើយ​ក្រុម​បាល់​ទះ​លើ​ឆ្នេរ​ខ្សាច់ បាន​ទៅ​ដល់ ខេត្ត​ភូកេត នៅ​ថ្ងៃ​សុក្រ ដើម្បី​ចូល​រួម​បើក​កម្មវិធី​ប្រកួត។

Asian Beach Games គឺជា​ព្រឹត្តិ​ការណ៍​ប្រកួត​ដ៏​ធំ​ប្រចាំ​នៅ​ទ្វីប​អាស៊ី ដូច​គ្នា​ទៅ​នឹង​ការ​ប្រកួត​កីឡា​អាស៊ី នៅ អ៊ិនឈុន ដែល​កីឡាការិនី​តេក្វាន់ដូ ស៊ន សៀវម៉ី ដណ្តើម​បាន​មេដាយ​មាស​ដែរ គ្រាន់​តែ​មួយ​ប្រកួត​នៅ​លើ​ឆ្នេរ​ខ្សាច់ ដែល​ធ្វើ​ឡើង​រៀង​រាល់​ឆ្នាំ ហើយ​មួយ​ទៀត​ប្រកួត​នៅ​លើ​ទីលាន​ធម្មតា និង​ធ្វើ​ឡើង ៤​ឆ្នាំ ម្តង ប៉ុន្តែ​កម្រិត​នៃ​ការ​ប្រកួត​ប្រជែង​គឺ​មាន​ទំហំ​ប្រហាក់​ប្រហែល​គ្នា ព្រោះ​ការ​ប្រកួត​កីឡា​អាស៊ី​ឆ្នេរ​ខ្សាច់​លើក ទី៤ នេះ មាន​ប្រទេស​ចំនួន ៤៥ បាន​ចូល​រួម ហើយ​អត្ត​ពលិក​តំណាង​ឲ្យ​ប្រទេស​ទាំង​នេះ​ត្រូវ​ប្រកួត​ប្រជែង​គ្នា​ក្នុង​ប្រភេទ​កីឡា​ចំនួន ២៦ ដែល​សរុប​មាន ១៦៧ វិញ្ញាសា។

យ៉ាង​ណា​ក៏​ដោយ​សម្រាប់​កម្ពុជា ដែល​ប្រភេទ​កីឡា​លើ​ឆ្នេរ​ខ្សាច់​នៅ​មិន​ទាន់​មាន​សក្តានុពល​នោះ បាន​បញ្ជូន​តែ ៣ ប្រភេទ​កីឡា​ប៉ុណ្ណោះ​ឲ្យ​ទៅ​ចូល​រួម ក្នុង​នោះ​មាន​កីឡា​ចំបាប់ មាន​កីឡាករ ៤ នាក់ កីឡាការិនី ១ នាក់ គ្រូ ១ នាក់ កីឡាបាល់​ទះ​លើ​ឆ្នេរ​ខ្សាច់ មាន​កីឡាករ ២ នាក់ គ្រូ ១ នាក់ និង​កីឡា Foot Volley (បាល់​ទះ​ប្រើ​ជើង) មាន​កីឡាករ ២ នាក់ និង​គ្រូ ១ នាក់ ខណៈ​ការ​ប្រកួត​លើក ទី១ នៅ​ឥណ្ឌូនេស៊ី​លើក ទី២ នៅ ប្រទេស​អូម៉ង់ និង​លើក ទី៣ នៅ ប្រទេស​ចិន កម្ពុជា​បាន​បញ្ជូន​តែ ១ ប្រភេទ​កីឡា​ប៉ុណ្ណោះ​ទៅ​ចូល​រួម។

យោង​តាម​លិខិត​ឧទ្ទេស​នាម​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា គឺ​មាន​មន្រ្តី​សំខាន់ៗ​មួយ​ចំនួន ត្រូវ​បាន​ចាត់​តាំង​ឲ្យ​ទៅ​ចូល​រួម​ការ​ប្រកួត​កីឡា​អាស៊ី​ឆ្នេរ​ខ្សាច់​នេះ​ដែរ ក្នុង​នោះ​មាន​លោក ថោង ខុន ប្រធាន​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) លោក ប៊ូ ជុំសេរី ដែល​ជា​អនុ​រដ្ឋ​លេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក វ៉ាត់ ចំរើន ដែល​ជា​អគ្គ​លេខាធិការ NOCC ខណៈ​លោក លន់ សាមឌី ត្រូវ​បាន​ចាត់​តាំង​ជា​នាយក​បេសកកម្ម ហើយ​លោក គង់ សុវត្ថិ ជា​មន្រ្តី​ហិរញ្ញវត្ថុ។

ចំពោះ​អត្តពលិក​ទាំង ៤ នាក់​របស់​ចំបាប់ ដែល​ត្រូវ​ចេញ​ទៅ​ប្រកួត​លើក​នេះ​កីឡាករ ចាប លឿន ត្រូវ​ប្រកួត​ក្នុង​ទម្ងន់​លើស ៨០ គ.ក្រ កាង ដែន​ពិសិដ្ឋ ក្រោម​ទម្ងន់ ៧០ គ.ក្រ ជុន ធួន ក្រោម​ទម្ងន់ ៨០ គ.ក្រ ហើយ​កីឡាការិនី និ សំណាង ប្រកួត​ក្រោម​ទម្ងន់ ៦០ គ.ក្រ។

ទាក់​ទង​ទៅ​នឹង​ការ​ចេញ​ទៅ​ប្រកួត​នេះ​លោក ធិន វិចិត្រ គ្រូ​បង្វឹក​ដឹក​នាំ​ក្រុម​ចំបាប់ បាន​ប្រាប់​ថា៖ «យើង​បាន​ហាត់​ត្រៀម​នៅ​លើ​ទីលាន​បាល់​ទះ​លើ​ឆ្នេរ​ខ្សាច់​បាន ២ ខែ​ហើយ ប៉ុន្តែ​ការ​ទទួល​បាន​លទ្ធផល​បែប​ណា​នោះ ខ្ញុំ​មិន​ទាន់​ហ៊ាន​និយាយ​ទេ ព្រោះ​នេះ​ជា​ការ​ប្រកួត​កម្រិត​អាស៊ី មាន​ប្រទេស​ចូល​រួម​ច្រើន»។

លោក វិចិត្រ បាន​បន្ត​ថា យើង​ធ្លាប់​បាន​បញ្ជូន​កីឡាករ ២ នាក់​ឲ្យ​ទៅ​ចូល​រួម​ប្រកួត​ព្រឹត្តិ​ការណ៍​នេះ​នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី ដោយ​កាល​នោះ ឌន សៅ បាន​ធ្លាក់​វគ្គ​ជម្រុះ​លើក ទី១ ឯ ចាប លឿន បាន​យក​ឈ្នះ​កីឡាករ​ថៃ តែ​គេ​បាន​ធ្លាក់​ក្នុង​ការ​ប្រកួត​ដណ្តើម​យក​មេដាយ​សំរឹទ្ធ ដោយ​បាន​ចាញ់​ក្រុម​កីឡាករ​ម្ចាស់​ផ្ទះ ហេតុ​នេះ​ការ​ប្រកួត​នៅ​លើ​ឆ្នេរ​ខ្សាច់ វា​នៅ​តែ​ថ្មី​សម្រាប់​យើង ព្រោះ​យើង​មិន​ទាន់​មាន​ទី​លាន​ហ្វឹក​ហាត់​លើ​ជំនាញ​នេះ​នោះ​ទេ។

ទោះ​បី​ជា​យ៉ាង​ណា​លោក វិចិត្រ ដែល​ជា​អគ្គ​លេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា ផង​នោះ បាន​បញ្ជាក់​ថា៖ «ថ្វី​បើ​យើង​មាន​ការ​លំបាក​ក្នុង​ការ​ស្វែង​រក​មេដាយ ប៉ុន្តែ​អត្ត​ពលិក​របស់​យើង មាន​ឆន្ទៈ​យ៉ាង​មុត​មាំ​ក្នុង​ការ​ត្រៀម​ប្រយុទ្ធ​នៅ​លើ​ទី​លាន ខណៈ ចាប លឿន ដែល​ធ្លាប់​ចេញ​ទៅ​ប្រកួត​បាន​ម្តង នៅ​តែ​ជា​ក្តី​សង្ឃឹម​របស់​យើង»។

ដោយ​ឡែក​កីឡា​បាល់​ទះ​លើ​ឆ្នេរ​ខ្សាច់ មាន​កីឡាករ លឹម សំអាត, ស៊ឹម ឃ្លោក និង​គ្រូ​បង្វឹក ជុំ រដ្ឋា ហើយ​បាល់​ទះ​ប្រើ​ជើង មាន​កីឡាករ គីម ហាប់ សឿង ខន្តី និង​គ្រូ​បង្វឹក ហេង ចាន់ឆាង។

កីឡាករ លឹម សំអាត និង ស៊ឹម ឃ្លោក ធ្លាប់​មាន​បទ​ពិសោធ​ប្រកួត​ច្រើន​គួរ​សម​នៅ​លើ​ឆាក​អន្តរជាតិ។ ថ្វី​បើ​ការ​ប្រកួត​កន្លង​មក​អ្នក​ទាំង ២ បាន​ត្រឹម​ស្ពាយ​បទ​ពិសោធ​ត្រឡប់​មក​វិញ ប៉ុន្តែ​ការ​ប្រកួត​ជម្រុះ​ពាន AVC Continental Cup Development Division SEA ដែល​បាន​ធ្វើ​ឡើង​នៅ​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី១១ ដល់ ទី១២ ខែ​វិច្ឆិកា កន្លង​មក​នេះ អ្នក​ទាំង ២ នេះ រួម​ជាមួយ​មិត្ត​រួម​ជាតិ ២ នាក់​ទៀត​គឺ​កីឡាករ សំ សំរឹទ្ធ និង ផាត សុភ័ក្រ្ត បាន​ឈ្នះ​គ្រប់​ការ​ប្រកួត​ទាំង​អស់។

ក្នុង​ការ​ប្រកួត​ដែល​មាន ៦ ប្រទេស​ចូល​រួម ហើយ​ក្នុង​មួយ​ប្រទេសៗ​មាន ២ ក្រុម​នោះ ស៊ឹម ឃ្លោក ដែល​ជា​ក្រុម ទី១ ហើយ សំ សំរឹទ្ធ និង ផាត សុភ័ក្រ្ត ជា​ក្រុម ទី២ តំណាង​ឲ្យ​កម្ពុជា​នោះ គឺ​ក្រុម​កម្ពុជា​ទាំង ២ នេះ បាន​យក​ឈ្នះ​ក្រុម​សិង្ហបុរី រួច​បន្ត​ឈ្នះ​ក្រុម​ម៉ាឡេស៊ី ក្នុង​វគ្គ​ជម្រុះ​តាម​ពូល​ដូច​គ្នា ហើយ​នៅ​វគ្គ ១/២ ផ្ដាច់​ព្រ័ត្រ ពួក​គេ​បាន​យក​ឈ្នះ​ក្រុម ឡាវ និង​យក​ឈ្នះ​ក្រុម ហ្វីលីពីន ក្នុង​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ ទាំង ២ ក្រុម​ដូច​គ្នា​ទៀត ដើម្បី​ជួយ​ឲ្យ​កម្ពុជា ទទួល​បាន​លេខ ១ ក្នុង​ការ​ប្រកួត​ជម្រុះ​ពាន​មួយ​នេះ។ ហេតុ​នេះ​កម្ពុជា ព្រម​ទាំង​ហ្វីលីពីន និង ម៉ាឡេស៊ី ដែល​ទទួល​បាន​លេខ ២ និង​លេខ ៣ ត្រូវ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ជាមួយ​ក្រុម ថៃ វៀតណាម និង ឥណ្ឌូនេស៊ី។

ការ​ទទួល​បាន​លទ្ធផល​ដ៏​ល្អ​នៅ​ក្នុង​ការ​ប្រកួត​ជម្រុះ​ពាន AVC Continental Cup Development Division SEA រួម​ទាំង​ការ​ឈ្នះ​ក្រុម​ប្រទេស​បង់ក្លាដែស តែ​បាន​ចាញ់​ក្រុម ស្រី​លង្កា និង​ក្រុម កាតា ក្នុង​វគ្គ​ជម្រុះ​តាម​ពូល​នៃ​ការ​ប្រកួត​កីឡា​អាស៊ី លើក ទី១៧ កន្លង​មក​នេះ​បាន​ធ្វើ​ឲ្យ​កីឡាករ ស៊ឹម ឃ្លោក និង លឹម សំអាត កាន់​តែ​មាន​ភាព​រឹង​មាំ ក្នុង​ការ​ចូល​រួម​ការ​ប្រកួត​កីឡា​អាស៊ី​ឆ្នេរ​ខ្សាច់ លើក ទី៤ នេះ ទោះ​ឱកាស​ដណ្តើម​យក​មេដាយ​របស់​ពួក​គេ វា​ហាក់​នៅ​ឆ្ងាយ​ក៏​ដោយ។

កីឡាករ ស៊ឹម ឃ្លោក បាន​ប្រាប់ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា៖ «យើង​មិន​ទាន់​សង្ឃឹម​ដល់​ថ្នាក់​ឈ្នះ​មេដាយ​នោះ​ទេ ព្រោះ​ការ​ប្រកួត​នេះ​មាន​ប្រទេស​ចូល​រួម​រហូត​ដល់ ៤៥ ប៉ុន្តែ​ការ​ទទួល​បាន​បទ​ពិសោធ​ទាំង​ក្នុង​ការ​ប្រកួត​កីឡា​អាស៊ី លើក ទី១៧ និង​ការ​ប្រកួត​ជម្រុះ​ពាន AVC Continental Cup Development Division SEA ថ្មីៗ​នេះ វា​បាន​ផ្តល់​អត្ត​ប្រយោជន៍​យ៉ាង​ច្រើន​ដល់​ពួក​ខ្ញុំ ហេតុ​នេះ​ខ្ញុំ​រំពឹង​ថា យើង​អាច​ឆ្លង​ផុត​វគ្គ​ជម្រុះ​ក្នុង​ពូល ដើម្បី​ឈាន​ទៅ​លេង​ដល់​វគ្គ ១៦ ក្រុម និង ៨ ក្រុម ក្នុង​ការ​ប្រកួត​លើក​នេះ​ក៏​ថា​បាន»។

ផ្ទុយ​ទៅ​វិញ កីឡាករ ហេង ចាន់ឆាង និង គីម ហាប់ ដែល​ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​ប្រកួត​កីឡា​បាល់​ទះ​ប្រើ​ជើង​លើ​ឆ្នេរ​ខ្សាច់​លើក​នេះ គឺ​គ្មាន​បទ​ពិសោធ​ទាល់​តែ​សោះ ព្រោះ​ពួក​គេ​ទើប​តែ​ហ្វឹក​ហាត់​លើ​ជំនាញ​នេះ ហើយ​កម្ពុជា ក៏​មិន​ទាន់​បង្កើត​សហព័ន្ធ​កីឡា​មួយ​នេះ​ដែរ ដោយ​សារ​មិន​សូវ​មាន​ធនធាន ហេតុ​នេះ​ការ​ចេញ​ទៅ​ប្រកួត​នេះ​អាច​និយាយ​បាន​ថា ជា​បទ​ពិសោធ​លើក​ដំបូង​ក្នុង​ការ​វាស់​ស្ទង់​កម្រិត​សមត្ថភាព ថា​តើ​យើង​នៅ​មាន​គម្លាត​ឆ្ងាយ​ពី​គេ​ដល់​កម្រិត​ណា?


What Next?

Recent Articles