Sat, 15 November 2014
ហុង រស្មី
ភ្នំពេញប៉ុស្តិ៍
ថ្វីដ្បិតតែចម្ងាយផ្លូវលំបាកជាង ៨០ គីឡូម៉ែត្រទំនងជាធ្វើឲ្យទេសចរខ្មែររារែកទៅទស្សនាប្រាសាទ បេងមាលា ក្ដីក៏សំណង់បុរាណដ៏ទ្រុឌទ្រោមនេះនៅតែជាទិសដៅទេសចរណ៍ដ៏សំខាន់មួយរបស់ភ្ញៀវទេសចរជនជាតិចិនដែលមកទស្សនាខានមិនបាន។
ដោយទទួលបានការផ្សព្វផ្សាយតាមសៀវភៅមគ្គុទេ្ទសក៍ទេសចរណ៍ ជាពិសេស ភាពយន្ដរឿង «Two Brothers» ដែលបានផ្ដិតយករូបភាពប្រាង្គប្រាសាទនានា រួមទាំង បេងមាលា ផងដែរ ក្នុងចំណោមគោលដៅទេសចរណ៍រាប់សិបកន្លែងក្នុង ខេត្ដសៀមរាប ប្រាសាទបេងមាលា ទទួលបានការគាំទ្រយ៉ាងច្រើនបំផុតពីភ្ញៀវជនជាតិចិន ក្រៅពីទិសដៅចំនួន ២ ផ្សេងទៀត។
លោក ម៉ម សុណន់ឌី ជាមគ្គុទេ្ទសក៍ទេសចរណ៍ផ្នែកភាសាចិន ដែលបានដឹកនាំភ្ញៀវជនជាតិចិនទស្សនាតាមប្រាង្គប្រាសាទនានា បានឲ្យដឹងថា៖ «ក្រៅពីទីប្រាសាទអង្គរវត្ដ និងអង្គរធំ ភ្ញៀវជនជាតិចិនតែងតែចង់ឃើញប្រាសាទបេងមាលាជាចាំបាច់ ពីព្រោះប្រាសាទបាក់បែកនេះមាននៅក្នុងរឿង Two Brothers ដែលពួកគេបានទស្សនា»។
មគ្គុទេ្ទសក៍ទេសចរណ៍ដែលនិយាយភាសាចិនបានយ៉ាងស្ទាត់ជំនាញនេះ បានបន្ដថា៖ «ចំណោមភ្ញៀវទេសចរចិន ១០០ ភាគរយដែលមក ខេត្ដសៀមរាប ៨៥ ទៅ ៩០ ភាគរយទៅហើយដែលដាច់ខាតមិនអាចចោលប្រាសាទបេងមាលា ឡើយ»។
Two Brothers គឺជាភាពយន្ដបែបផ្សងព្រេងក្នុង ឆ្នាំ២០០៤ ដែលដឹកនាំដោយ Jean-Jacques Annaud។ វាបានបង្ហាញពីបងប្អូនសត្វខ្លា ២ ក្បាល គូម៉ា និងសង្ហា ដែលបានបែកគ្នាតាំងពីតូច ហើយបានជួបគ្នាវិញនៅរយៈពេល ១ ឆ្នាំក្រោយ។
ភាពយន្ដដែលរៀបរាប់ពីដំណើររឿងក្នុងទសវត្សរ៍ ទី២០ អំឡុងអាណានិគមនិយមបារាំងលើទឹកដីកម្ពុជា បានឆ្លុះបញ្ចាំងពីការព្រាត់ប្រាស់គ្នារវាងកូនខ្លាទាំងពីរក្រោយពីប្រាសាទបុរាណដែលពួកគេរស់នៅត្រូវបានរំខានដោយចោរលួចវត្ថុបុរាណយកទៅដាក់ដេញថ្លៃនៅ ទីក្រុងឡុងដ៍។ ការបង្ហាញពីទិដ្ឋភាពដ៏រស់រវើកនៃការសម្ដែងរបស់សត្វទាំងនេះនៅលើប្រាសាទដ៏បាក់បែកនេះពិតជាបានអន្ទងព្រលឹងអ្នកស្រឡាញ់ធម្មជាតិឲ្យបានឃើញផ្ទាល់នឹងភ្នែក។
យោងតាមអង្គការទេសចរណ៍ពិភពលោក UNWTO នៅ ឆ្នាំ២០១៣ ទេសចរចិនមានចំនួនជាង ៤៦ ម៉ឺននាក់បានធ្វើដំណើរមកកម្សាន្ដប្រទេសកម្ពុជា។ ចំពោះ ឆ្នាំ២០១៤ នេះតួលេខនេះបានហក់ឡើង ១៨,៥ ភាគរយសម្រាប់ ៦ ខែដំបូង។
កញ្ញា ប៊ី យូ វ័យ ២២ឆ្នាំ ដែលបានធ្វើដំណើរមកលេង ខេត្ដសៀមរាប រយៈពេល ៥ថ្ងៃ ជាមួយក្រុមគ្រួសារ និងភ្ញៀវទេសចរដទៃ បានឲ្យដឹងថា កញ្ញាចង់ឃើញប្រាសាទ បេងមាលា ផ្ទាល់ភ្នែកក្រោយពីបានទស្សនាភាពយន្ដរឿង «Two Brother»។
យុវតីមកពីក្រុងស៊ិនជិន រូបនេះបាននិយាយថា៖ «ក្រោយពីខ្ញុំទស្សនារឿងនោះរួច ខ្ញុំចង់ឃើញប្រាសាទបុរាណបាក់បែកទាំងនោះផ្ទាល់នឹងភ្នែកណាស់។ ពេលនេះខ្ញុំបានឃើញហើយ ពិតជាអស្ចារ្យណាស់»។
ចំពោះប្រវត្ដិត្រួសៗនៃប្រាសាទ បេងមាលា នេះ លោកបណ្ឌិត មីសែល ត្រាណេ ជាបុរាណវត្ថុវិទូ បានរៀបរាប់ថា ប្រាសាទបេងមាលា ស្ថិតនៅ ភូមិបេងមាលា ស្រុកស្វាយលើ ខាងកើតជើងភ្នំគូលែន ប្រហែល ៨០ គីឡូម៉ែត្រពី ក្រុងសៀមរាប។ ប្រជាពលរដ្ឋខ្លះច្រឡំថា ប្រាសាទនេះឈ្មោះបឹងមាលា។
លោកបន្ដថា៖ «តាមពិតពាក្យថាបឹង វាគ្មានន័យ អ្វីទេ ពីព្រោះបេងគឺជាឈ្មោះរុក្ខជាតិ ហើយមាលា មកពីពាក្យបាលីថា ផួងផ្កា»។
លោកបានបន្ថែមថា ប្រាសាទដ៏ទ្រុឌទ្រោមនេះមានរចនាប័ទ្មស្រដៀងនឹងប្រាសាទអង្គរវត្ដ ហើយត្រូវបានកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ នៅចុងសតវត្សរ៍ ទី១១ និងដើមសតវត្សរ៍ ទី១២ លើផ្ទៃដីប្រមាណ ១៤ ហិកតា។
អ្នកបុរាណវត្ថុវិទូរូបនេះ បានលើកឡើងថា៖ «ប្រាសាទបេងមាលា ត្រូវបានកសាងឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះអាទិទេពនៃព្រះវិស្ណុក្នុងព្រហ្មញ្ញសាសនា»។
លោក មាស សុផា ជាមគ្គុទេ្ទសក៍ទេសចរណ៍ ប្រចាំនៅសណ្ឋាគារលំដាប់ផ្កាយ ៥ មួយក្នុង ក្រុងសៀមរាប បានរៀបរាប់ថា៖ «ចំពោះភាពស្រដៀងគ្នានៃប្រាសាទទាំងពីរ ស្ថាបត្យករជំនាន់នោះបានសាងសង់ប្រាសាទបេងមាលា សម្រាប់ធ្វើជាប្លង់មេដើម្បីឈានទៅកសាងប្រាសាទអង្គរវត្ដ ប្រកបដោយជោគជ័យ»។
អ្នកនាំភ្ញៀវដើរកម្សាន្ដតាមប្រាង្គប្រាសាទរូបនេះ បានបន្ដថា ប្រាសាទបេងមាលា មានរចនាប័ទ្មដូចទៅនឹងប្រាសាទអង្គរវត្ដ ចាប់ពីផ្លូវចូល ចម្លាក់លើគ្រោងទ្វារ និងគូទឹកព័ទ្ធជុំវិញរហូតដល់បណ្ណាល័យទៀតផង។ ប៉ុន្ដែចំពោះភាពប្លែកគ្នាបន្ដិចបន្ដួចនោះគឺ ប្រាសាទអង្គរវត្ដ មានច្រកចូលធំតែមួយនៅទិសខាងលិច ហើយច្រកចូលរបស់ប្រាសាទបេងមាលា មាន ៤ ទិសតែចម្លាក់រចនាលើប្រាសាទមិនលម្អិតដូចនៅអង្គរវត្ដនោះទេ។
លោកបង្ហាញថា នៅលើដុំថ្មនីមួយៗមានប្រហោងតូចៗពី ៦ ទៅ ១០ ដែលជាប់ស្នៀតឈើខាងក្នុងនាំឲ្យមានការសន្និដ្ឋានថា មនុស្សសម័យនោះបានប្រើឈើដោតធ្វើជាស្នៀតដើម្បីតម្កល់ភ្ជាប់ថ្មមួយទៅថ្មមួយទៀត។ នៅពេលស្នូលឈើរលួយទៅ ថ្មទាំងនោះនៅតែមានលំនឹងអាចទ្រជាប់គ្នាដដែល។
សម្រាប់ការចូលទស្សនាភ្ញៀវបរទេសត្រូវបង់ប្រាក់ ៥ ដុល្លារក្នុងម្នាក់ដើម្បីអភិរក្ស និងកសាងជណ្ដើរឲ្យងាយស្រួលដើរគយគន់ប្រាសាទរចនាប័ទ្មអង្គរដែលបាក់បែកស្ទើរតែទាំងស្រុង។
លោកបានបញ្ជាក់ថា ប្រាសាទនេះបាក់បែកដោយធម្មជាតិពីព្រោះមនុស្សបានបោះបង់វាចោលរាប់រយពាន់ឆ្នាំ និងសង្គ្រាមស៊ីវិលដែលក្រុមខ្មែរក្រហមធ្វើជាទីតាំងប្រយុទ្ធ ព័ទ្ធជុំវិញដោយគ្រាប់មីន។
មគ្គុទេ្ទសក៍ទេសចរណ៍ម្នាក់ទៀតដែលមានបទពិសោធយូរឆ្នាំ លោក សុម វុទ្ធ បានឲ្យដឹងថា ប្រជាជនខ្មែរហាក់មិនសូវខ្វល់ខ្វាយ និងផ្ដល់តម្លៃចំពោះវប្បធម៌ ឬប្រាង្គប្រាសាទជាតិខ្លួនឲ្យខ្លាំងក្លាប៉ុន្មានទេ ដោយសារយើងមិនចូលចិត្ដអានប្រវត្ដិសាស្ដ្រ។
លោកថា តម្លៃនៃវត្ថុអ្វីមួយ វាកើតឡើងពីការសិក្សាស្វែងយល់។ បរទេសមកទស្សនាដោយសារតែពួកគេចង់ឃើញនូវអ្វីដែលបានរកឃើញពីអតីតកាល។
ដើម្បីអភិរក្ស លោកបណ្ឌិត ត្រាណេ បានបន្ថែមថា៖ «យើងត្រូវការអ្នកជំនាញ ពីព្រោះក្រុមការងារខ្មែរនៅមិនទាន់គ្រប់គ្រាន់ទេ។ យើងត្រូវការក្រុមអន្ដរជាតិដែលមានក្បួនខ្នាតត្រឹមត្រូវ។ យើងត្រូវចំណាយពេលវេលា និងថវិកាដើម្បីធ្វើការជួសជុល ដោយមានកិច្ចសហការជាមួយបរទេស ដូចជា បារាំង អង់គ្លេស និងអាមេរិក ជាដើម»។
លោកបន្ដថា៖ «យើងអាណិតអាសូរដល់ក្រុមជួសជុលយើងដែលពួកគេខិតខំរៀបចំផ្លូវចូល កាត់ស្មៅ និងលើកដំឡើងនាគបាក់បែកមកវិញ។ ប៉ុន្ដែយើងត្រូវប្រើកម្លាំងកាយច្រើនជាងកម្លាំងប្រាជ្ញា»។
ជាចុងក្រោយ លោកបណ្ឌិត ត្រាណេ បានសម្ដែងចំណាប់អារម្មណ៍ទៀតថា៖ «យើងនៅខ្វះការផ្សព្វផ្សាយដើម្បីឲ្យប្រជាពលរដ្ឋខ្មែរងាកមកចាប់អារម្មណ៍លើសម្បត្ដិវប្បធម៌របស់ជាតិឲ្យខ្លាំង និងនាំគ្នាជួយអភិរក្ស»៕