យូនីសេហ្វជំរុញ​រដ្ឋាភិបាល​បង្ក​ភាព​ងាយ​ស្រួល​ដល់​ជន​ពិ​ការ​ក្នុង​ការ​ចូល​រួម​សកម្ម​ភាព​សង្គម​

ដោយ៖​ ទូច សុខា​
ថ្ងៃសៅរ៍ ទី15 វិច្ឆិកា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

កម្មវិធី​សំណួរ​ចម្លើយ​ជាមួយ​អ្នក​សារព័ត៌​មាន ដែល​រៀប​ចំ​ដោយអង្គការ​យូនី​សេហ្វ (រូបភាព៖ ទូច សុខា)

អង្គការ​យូនី​សេហ្វ (UNICEF) ប្រចាំ​ប្រទេស​កម្ពុជា ជំរុញ​ឲ្យរដ្ឋាភិបាលបង្ក​ភាព​ងាយ​ស្រួល​ដល់​ជន​ពិ​ការ​ក្នុង​ការ​ចូល​រួម​សកម្ម​ភាព​សង្គមនានា ដោយអះអាង​ថា នាពេល​បច្ចុនប្បន្ន ជន​ពិ​ការ​ ជា​ពិសេស​កុ​មារ​ដែល​ពិការ​ នៅ​មាន​ការ​លំបាក​ច្រើន​ក្នុង​ការ​ចូល​រួម​ និង​ទទួល​បាន​សេវា​សង្គម ។

ការជំរុញ​​នេះ ធ្វើ​ឡើង​ក្នុង​កម្មវិធី​សំណួរ​ចម្លើយ​ជាមួយ​អ្នក​សារព័ត៌​មាន នៅ​រសៀល​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា នៅ​សណ្ឋា​គារSunway ក្នុង​ទី​ក្រុង​ភ្នំ​ពេញ ។

តំណាង​អង្គការ​យូនីសេហ្វ​ប្រ​ចាំ​ប្រ​ទេស​កម្ពុជា លោកស្រី Rana Flowers លើក​ឡើង​តាម​រយៈ​អ្នក​បក​ប្រែថា សេវាកម្ម ឬ​ហេដ្ឋា​រចនា​សម្ព័ន្ធនៅ​ក្នុង​ទី​ក្រុង​ ឬ​ក៏​ទី​ជន​បទ​ក្នុង​ប្រទេស​កម្ពុជាមិន​ទាន់​បង្ក​ភាព​ងាយ​ស្រួល​គ្រប់​គ្រាន់​ដល់​កុមារ​ពិ​ការ ឬ​ជន​ពិ​ការ​នៅ​ឡើយទេ ជាក់​ស្តែង​ដូច​ជា​ជន​ពិ​ការ​ភ្នែក​ ឬ​គ​ថ្លង់​ ពិ​បាក​នឹង​ទទួល​យក​សេវា​សង្គម និង​ធ្វើ​ដំណើរ។ លោកស្រី​​ថា ជន​ពិការ​ ពិសេស​កុមារ​ពិការ​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត និង​ការ​ផ្តល់​ឱ​កាស​ពី​មជ្ឈដ្ឋាន​ជុំ​វិញ​ ដើម្បី​ឲ្យ​គាត់បាន​បញ្ចេញ​សមត្ថ​ភាព​​​​ដែល​ខ្លួន​គាត់​មាន​ដូច​ទៅ​នឹង​ជន​មិន​ពិការ​ដទៃ​ទៀត​​ ។

អ្នក​ស្រី​បន្ថែមថា «​អ្វី​ដែល​យើង​ផ្តោត​សំខាន់ គឺ​យើង​ត្រូវ​ធ្វើ​យ៉ាង​ម៉េច ឬ​ធ្វើ​ការ​ផ្លាស់​ប្តូរ​ ដើម្បី​ធានា​ថា​ទី ​សាធារណៈ ឬ​កន្លែង​របស់​រដ្ឋ​ហ្នឹង អាច​ឲ្យ​ជន​ពិ​ការ​ទៅ​បាន និង​ចូល​រួម​បាន»

ក្នុង​សេចក្តី​ជូន​ដំណឹង​របស់​អង្គការ​យូនីសេហ្វ បង្ហាញផង​ដែរ​​ថា ភាគ​ច្រើន​នៃ​កុមារ​ពិការ​កម្ពុជា មិន​សូវ​ទទទួល​ការ​យក​ចិត្ត​ទុក​ដាក់ និង​ការ​គាំពារ​ពី​សង្គម ឬសេវា​សង្គម​ ដូច​ជា​សេវាសុខភាព និងអប់​រំ ជាដើម ។

សេចក្តីជូន​ដំណឹងឲ្យ​ដឹង​​​ទៀត​ថា​ ចំនួន​កុមារ​ពិការ ឬ​ជន​ពិ​ការ​នៅ​កម្ពុជា ​​មិន​មាន​ស្ថិតិ​​ពិត​ប្រាកដទេ​ ដោយ​សារ​តែការ​ឲ្យ​​និយមន័យ​ពិ​ការ​ភាព​ខុស​គ្នា​ពី​​និយម​ន័យ​អន្ត​ជាតិ និង​ការ​ប្រមូល​ទិន្ន័យ​នៅ​មាន​កម្រិត។

នាយក​ប្រ​តិបត្តិ​មជ្ឈមណ្ឌល​ជាតិ​នៃ​ជន​ពិការលោក យី វាសនា មាន​​ប្រសាសន៍​ថា កង្វះ​ព័ត៌​មាន​ពិត​ប្រា​កដ​ពី​កុមារ​ពិការ ឬ​ជន​ពិការ​នេះ នាំ​ឲ្យ​មាន​ការពិ​បាក​ក្នុង​ការ​​កំណត់​គោល​ដៅ​អភិវឌ្ឈន៍ ។ លោកថា «ខ្ញុំ​ចង់​ជម្រាប​ជូន​ថា​ គេ​មានការ​បារម្ភ​ច្រើន​ បើ​សិន​ជា​យើង​មិន​ដឹងថា​ចំនួន​ប៉ុន្មាន ជន​ពិ​ការ​នៅ​ឯណា តើ​ការ​វិនិ​យោគ​ជួយ​គាត់​ហ្នឹង ដូច​ជាការ​អប់​រំ ការ​ដាក់​បញ្ចូល​(កម្មវិធី)​អប់​រំ​អី​ផ្សេងៗ​ទៀត​ហ្នឹង​ក៏​មាន​ការ​លំបាក​ដែរ ព្រោះ​យើង​មិន​ទាន់​ដឹង​ថា ភាព​ជាក់​ស្តែ​ង​មាន​ប៉ុន្មាន ដែល​ត្រូវ​ការ​ជួយ នេះ​បើ​តាម​អ្វី​ដែល​ខ្ញុំ​ពិនិត្យ​ឃើញ» ។

ទោះ​យ៉ាងណា លោក យី វាសនា លើក​ឡើង​ថា ​រដ្ឋា​ភិបាល​ ពិ​សេស​ក្រ​សួង​អប់​រំ​ក៏​មាន​បញ្ចូល​ពី​វិធី​សាសស្រ្ត​បង្រៀន​សិស្ស​ដែល​ពិ​ការ​ដល់​លោក​គ្រូ​អ្នក​គ្រូ​នៅ​ក្នុង​សៀវ​ភៅ​ណែ​នាំ​គ្រូ​បង្រៀនផង​ដែរ ។ ម៉្យាង​ទៀត រដ្ឋា​ភិ​បាល​ក៏​មាន​​ក្រុម​ការ​ងារ​នៅ​តាម​សហគមន៍ (Community Base Rehabilitation) សម្រាប់​ជួយ​ប្រឹក្សា និង​លើក​ទឹក​ចិត្ត​ដល់​ជន​ពិ​ការ ជា​ពិ​សេស​ជនពិ​ការ​ដោយ​សារ​គ្រាប់​មីន នៅ​ទូ​ទាំងប្រ​ទេស។​

បើ​តាម​អ្នក​ស្រី Rana Flowers ឲ្យ​ដឹង​ថា មាន​ប្រជាពល​រដ្ឋ​កម្ពុជា​ដែល​ធ្លាក់​ខ្លួន​ពិការ​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ពេល​ធ្វើ​ដំណើរ​ដោយ​ម៉ូ​តូ​មាន​រហូត​ដល់​៧នាក់​ក្នុង​មួយ​ថ្ងៃ តែទិន្ន័យ​នេះ អ្នក​ស្រី​ថា​ជា​ទិន្ន័យ​ចាស់ ហើយ​តួរ​លេខ​នេះ​គួ​រតែ​មាន​ការ​ធ្វើ​បច្ចុ​ប្បន្ន​ភាព ។ លោក​ស្រី ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ប្រទេសកម្ពុជាមាន​​ជន​ពិ​ការ​ប្រ​ហែលជា​២,២%​នៃ​ប្រ​ជជន​សរុប បើ​និ​យាយ​ពី​កុមារ​ពិ​ការ​មាន​ចន្លោះ​ពី​០% ទៅ​១០%​នៃ​កុមារ​កម្ពុជា​សរុប ខណៈ​ដែល​ពិ​ភព​លោក​ទាំង​មូល​មាន​មាន​មនុស្ស​ដែល​ពិ​ការ​ភាព​ផ្នែក​ណា​មួយ​នោះ​ប្រជា​១៥%​នៃ​ប្រ​ជា​ពល​រដ្ឋ​ពិ​ភព​លោក​សរុប​​៕​

សូម​សរសេរ​មក​កាន់​លោក ទូច សុខា តាម​រយៈ sokha@vodhotnews.com

What Next?

Recent Articles