សមាគម​អាដហុក​ខេត្តកោះកុង​ថ្កោលទោស​ក្រុមហ៊ុន​ចិន​ឈូសឆាយ​ផ្ទះ​ប្រជាពលរដ្ឋ​​

ដោយ៖​ ខាន់ លក្ខិណា​
ថ្ងៃសៅរ៍ ទី15 វិច្ឆិកា 2014
http://vodhotnews.com

​សមាគម​អាដហុក​ប្រចាំ​ខេត្ត​កោះកុង ថ្កោលទោស​សកម្មភាព​ក្រុមហ៊ុន​ចិន ដែល​បាន​ឈូសឆាយ​ដី​ដំណាំ ​រុះរើ និង​ដុត​កម្ទេច​ផ្ទះ​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​គិរីសាគរ ខេត្ត​កោះកុង ថា​ជា​អំពើ​រំលោភ​សិទ្ធិមនុស្ស​។​

​យោង​សេចក្ដីប្រកាស​ព័ត៌មាន​លើ​ទំព័រ​ទំនាក់ទំនង​សង្គម​របស់​សមាគម​អាដហុក ចុះ​ផ្សាយ​ថ្ងៃ​១៤ វិច្ឆិកា ឲ្យដឹងថា ក្រុមហ៊ុន​ចិន Union Devotement Group បាន​ឈូស​ឆាយ​ចម្ការ​ដំណាំ រុះរើ និង​ដុត​កម្ទេច​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​នៅ​ស្រុក​គិរីសាគរ ខេត្តកោះកុង​ជា​បន្តបន្ទាប់​។

​សេចក្ដីប្រកាស​ព័ត៌មាន​នោះ​ឲ្យដឹងថា នៅ​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ​២០១៤ ឈ្មោះ លី តិច​ហៃ តំណាង​ក្រុមហ៊ុន​បាន​យក​គ្រឿងចក្រ​២​គ្រឿង​មក​ឈូសឆាយ​ដី​លោក​ស្រី​សេស សេង​ហ៊ាង ដែល​មាន​ដំណាំ​ស្វាយចន្ទី ដូង ខ្នុរ លើ​ផ្ទៃដី​១​ហិច​តា​ចំណុច​ពយ​ជប៉ុន ភូមិ​ព្រែក​ស្មាច់ ឃុំ​កោះ​ស្តេច ស្រុក​គី​រី​សាគរ ហើយ​កម្មករ និង​សន្តិសុខ​ក្រុមហ៊ុន​បាន​បន្ត​ទៅ​ដុត និង​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ​បន្ថែម​អស់​៩ ខ្នង​ទៀត​នៅ​ចំណុច​ពយ​ម៉ង ព្រែក​តា​ព្រហ្ម ព្រែក​ប៉ាត​ស្ថិតក្នុង​ភូមិ​គៀន​ក្រឡាញ់ ឃុំ​កោះ​ស្តេច ស្រុក​គី​រី​សាគរ ខេត្ត​កោះកុង​។​

​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​ឲ្យដឹងថា តំណាង​អង្គការ​អាដហុក និង​អង្គកា​លីកាដូ ប្រចាំ​ខេត្ត​កោះកុង បាន​អន្តរាគមន៍​ជួប​ផ្ទាល់​ជាមួយ​លោក ស៊ុន ដា​រ៉ា អភិបាលរង​ខេត្ត​នេះ ដោយ​​លោក​អភិបាលរង​បាន​ឆ្លើយតប​ថា ខាង​ខេត្ត​កំពុង​ស្នើ​ទៅ​ក្រុមហ៊ុន និង​អន្តរក្រសួង​ដើម្បី​ឲ្យ​ក្រុមហ៊ុន​ផ្អាក​សកម្មភា​ព ព្រោះ​ក្រុមហ៊ុន​ធ្វើ​ឡើង​មិន​មាន​ការចូលរួម រឺ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ថ្នាក់​ខេត្ត​ឡើយ​។​

​កាលពី​ថ្ងៃ​ទី​២ ខែវិចិ្ឆកា ឆ្នាំ ២០១៤ តំណាង​ក្រុមហ៊ុន​ចិន យូ​នៀន ឌី​វី​លុប​មែន គ្រុប បាន​ដឹកនាំ​កម្លាំង​សន្តិសុខ ៤០ នាក់​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​​៣​ខ្នង​នៅ​ចំណុច​មាត់ពាម ភូមិ​យាយ​សែន ឃុំ​ព្រែក​ខ្សាច់ ស្រុក​គី​រី​សាគរ ខេត្ត​កោះកុង​៕

សូមសរសេរ​មក​កញ្ញា ខាន់ លក្ខិណា តាម​រយៈ khanleakhen@vodhotnews.com

What Next?

Recent Articles