ដោយ៖ ហៃ សូឡា
ថ្ងៃសៅរ៍ ទី15 វិច្ឆិកា 2014
http://vodhotnews.com
ប្រទេសស៊ុយអែដ បានប្រកាសផ្ដល់ជំនួយឥតសំណងជាទឹកប្រាក់ចំនួន ៣,៨ លានដុល្លារអាមេរិកដល់កម្ពុជា សំដៅបង្កើនសមត្ថភាពឆ្លើយតបនិងផលប៉ះពាល់ការប្រែប្រួលអាកាសធាតុ។
តាមសេចក្ដីប្រកាសពត៌មានរបស់ស៊ុយអែដ ចុះថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៤ បានឲ្យដឹងថា ប្រទេសនេះ សម្រេចផ្តល់ជំនួយ ២៨.០០០.០០០ក្រូណា (ស្មើ ៣,៨ លាន ដុល្លារអាមេរិក) ដល់កិច្ចផ្ដួចផ្ដើមមួយដែលអនុវត្តដោយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (យូអិនឌីភី) សំដៅជួយកម្ពុជាបង្កើនសមត្ថភាពដើម្បីឆ្លើយតបនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុមកលើការអភិវឌ្ឍន៏របស់ខ្លួន។
តាមសេចក្ដីប្រកាសពត៌មានដដែលបានដកស្រង់សម្ដីឯកអគ្គរដ្ឋទូតស៊ុយអែដប្រចាំកម្ពុជា លោកស្រី Anna Maj Hultgård ថា “កំណើនភាពធន់នឹងការប្រែប្រួលអាកាសធាតុផលប៉ះពាល់បរិស្ថាន និងគ្រោះមហន្តរាយធម្មជាតិ គឺជាគោលដៅសំខាន់មួយនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់ស៊ុយអែដ ជាមួយកម្ពុជា សម្រាប់អំឡុងឆ្នាំ ២០១៤-២០១៨។ ដូច្នេះយើងមានមោទនភាព ប្រកាសជាផ្លូវការ នៅក្នុងថ្ងៃនេះនូវការបន្តគាំទ្ររបស់យើងដល់កម្មវិធីCCCA ដែលតាមរយៈនេះយើងរួមជាមួយ យូអិនឌីភី និងប្រតិភូសហភាពអឺរ៉ុប នឹងអាចជួយប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជានៅក្នុងកិច្ចប្រឹងប្រែងរបស់ខ្លួន ដើម្បីពង្រឹងប្រព័ន្ធនិងសមត្ថភាពរបស់ជាតិ សម្រាប់អនុវត្តនិងសម្របសម្រួលបានប្រសើរជាងមុននូវវិធានការឆ្លើយតប ទៅនឹងការប្រែប្រួលអាកាសធាតុ ទាំងនៅថ្នាក់កណ្តាលនិងនៅថ្នាក់មូលដ្ឋាន”។
ប្រទេសស៊ុយអែដ បានបញ្ជាក់ថា ជំនួយឥតសំណងថ្មីនេះ គឺជាជំនួយលើកទីពីររបស់ស៊ុយអែដ ដែលបានផ្ដល់វិភាគទានច្រើនជាង ៤,៤លានដុល្លារអាមេរិក ដល់កម្មវិធី CCCA នៅក្នុងដំណាក់កាលទី១ឆ្នាំ២០១០-២០១៤។
ការសិក្សាថ្មីៗនេះបានរកឃើញដូចគ្នាថា កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសនានាដែលងាយរងគ្រោះបំផុតបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ ដោយសារប្រទេសនេះពឹងផ្អែកជាខ្លាំងមកលើកសិកម្មមានប្រជាជនច្រើនរស់នៅក្នុងតំបន់ទំនាប និងសមត្ថភាពទន់ខ្សោយក្នុងការទប់ទល់នឹងព្រឹត្តិការណ៏ធាតុអាកាសដែលមិនអាចព្យាករណ៏បាន និងធ្ងន់ធ្ងរ ដូចជា គ្រោះរាំងស្ងួត និងទឹកជំនន់៕