ដោយ៖ ខាន់ លក្ខិណា
ថ្ងៃសៅរ៍ ទី15 វិច្ឆិកា 2014
http://vodhotnews.com
មេដឹកនាំគណបក្សប្រឆាំង គ្រោងនឹងចូលជួបសួរសុខទុក្ខមន្ត្រីរបស់ខ្លួន ព្រមទាំងស្រី្តសកម្មជនដីធ្លីបឹងកក់ រួមទាំងព្រះសង្ឃផង ដែលអាជ្ញាធរកំពុងឃុំខ្លួននៅពន្ធនាគារព្រៃស។
ប្រធានខុទ្ទកាល័យអនុប្រធានទី១នៃរដ្ឋសភាលោក មុត ចន្ថា បានឲ្យVODដឹងនៅថ្ងៃសៅរ៍នេះថា នៅថ្ងៃចន្ទ ទី១៧ ខែវិចិ្ឆកា ឆ្នាំ២០១៤ ខាងមុខនេះ លោក កឹម សុខា នឹងឲ្យមេធាវីរបស់លោករៀបចំបែបបទ ដាក់ពាក្យស្នើសុំចូលជួបសួរសុខទុក្ខសកម្មជនគណបក្សសង្គ្រោះជាតិ ព្រមទាំងសកម្មជនដីធ្លីដទៃទៀត ដែលត្រូវបានអាជ្ញាធរចាប់ខ្លួន ប៉ុន្តែលោកមិនកំណត់ថ្ងៃចុះជួបនៅឡើយទេ ព្រោះមិនដឹងថាអាជ្ញាធរនឹងអនុញ្ញាតឲ្យចូលជួបនៅថ្ងៃណា។
ថ្មីៗនេះ អាជ្ញាធររាជធានីភ្នំពេញបានចាប់ខ្លួនស្ត្រីសកម្មជនដីធ្លីបឹងកក់ចំនួន១០នាក់ និងផ្សឹកព្រះសង្ឃ៣អង្គ ហើយតុលាការបានកាត់ទោសអ្នកទាំងនោះភ្លាមៗ ឲ្យជាប់ពន្ធនាគារម្នាក់១ឆ្នាំ និងពិន័យប្រាក់២លានរៀល។ ចំណែកឯមន្ត្រីគណបក្សសង្គ្រោះជាតិវិញ មកដល់ពេលនេះត្រូវសមត្ថកិច្ចចាប់ខ្លួនចំនួន៣នាក់ហើយ ពាក់ព័ន្ធករណីហិង្សានៅស្ពាននាគជិតទីលានប្រជាធិបតេយ្យ កាលពីខែកក្កដា៕
សូមសរសេរមកកញ្ញា ខាន់ លក្ខិណា តាមរយៈ khanleakhen@vodhotnews.com