អ្នក​ភូមិ​អូរ​ដំរី​ខេត្ត​ព្រះសីហនុ​ចោទ​ក្រុមហ៊ុន​មួយ​ថា​ជួល​កម្លាំង​ស៊ីឈ្នួល​ឲ្យ​បំផ្លាញ​ដំណាំ​ពួកគាត់​​

ដោយ៖​ ខាន់ លក្ខិណា​
ថ្ងៃអាទិត្យ ទី16 វិច្ឆិកា 2014
http://vodhotnews.com

​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ ចោទ​ក្រុមហ៊ុន​មួយ​ថា ជួល​កម្លាំង​ស៊ីឈ្នួល​ឲ្យមក​កម្ទេចដំណាំ​ក្នុងភូមិរ​បស់​ពួកគេ​។​

​តំណាង​សហគមន៍​សង្កាត់​អូរត្រេះ ហៅ​អូរ​ដំរី ខណ្ឌ​ស្ទឹងហាវ ខេត្ត​ព្រះ​សី​ហុន លោក ង៉ែត ច​ន្ធូ ឲ្យ ​VOD ​ដឹង​នៅ​ថ្ងៃទី​១៥ ខែ វិ​ចិ្ឆ​កា ឆ្នាំ ២០១៤នេះ​ថា អ្នកស្រី ហ៊ឹម សុ​វណ្ណា​រី ដែល​ជា​ម្ចាស់​ក្រុមហ៊ុន យ៉េ ម៉ាឡេ បាន​ជួល​កម្លាំង​ស៊ីឈ្នួល​ឲ្យមក​កាប់​និង​ដុត​បំផ្លាញ​ដំណាំ​របស់​ប្រជាពលរដ្ឋ ដោយ​ចោទ​ប្រជាពលរដ្ឋ​ថា រស់នៅ​លើ​ដី​របស់​ខ្លួន​ដោយ​ខុសច្បាប់​។

​លោក​ង៉ែត ច​ន្ធូ អះអាងថា ប្រជាពលរដ្ឋ​បាន​ចូលទៅ​រស់នៅ​លើ​ដី​នៅ​ភូមិ​អូរ​ដំរី​នេះ​តាំងពី​ឆ្នាំ​១៩៨៦ មកម្ល៉េះ​។ លោក​​បន្តថា កន្លងមក​មាន​ក្រុមហ៊ុន​មួយចំនួន បាន​មក​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​នេះ ពេល​នោះ​ពួកគាត់​បាន​ពឹងពាក់​រក​អ្នក​ឲ្យជួយ ក្នុងនោះ​មាន​ឈ្មោះ​អ្នកស្រី ហ៊ឹម សុ​វណ្ណា​រី ម្ចាស់​ក្រុមហ៊ុន យ៉េ ម៉ាឡេ ម្នាក់​ដែរ​។ ប៉ុន្តែ​មួយ​ឆ្នាំ​ក្រោយមក ស្រាប់​តែ​អ្នកស្រី ហ៊ឹម សុ​វណ្ណា​រី អះអាងថា គាត់​ក៏​មាន​ដី​នៅ​នោះដែរ​។ ពេល​នោះ​ហើយ​ទំនាស់​ក៏​ចាប់ផ្ដើម​កើតមាន​ឡើង រវាង​អ្នក​ភូមិ និង​លោកស្រី ហ៊ឹម សុ​វណ្ណា​រី​។

VOD មិនអាច​ទាក់ទង​លោកស្រី​ហ៊ឹម សុ​វណ្ណា​រី ដើម្បី​បំភ្លឺ​ការចោទប្រកាន់​នេះ​បានទេ​។​

​អភិបាលខេត្ត​ព្រះសីហនុ​លោក ឈិត សុខុន ឲ្យដឹងថា លោក​មិន​ដឹង​ពី​ប្រវត្តិ​ទំនាស់​ដីធ្លី​នៅ​ទីនោះ​ទេ ប៉ុន្តែ​លោក​ថា ពេល​នេះ​ទំនាស់​ដី​នោះ​បាន​ទៅ​ដល់​តុលាការ​ហើយ ដូច្នេះ​ការដោះស្រាយ​យ៉ាងណា លោក​ថា គឺជា​សមត្ថកិច្ច​របស់​តុលាការ​។

​មន្ត្រី​សម្របសម្រួល​អង្គកា​រលី​កាដូ​ប្រចាំ​នៅ​ខេត្ត​ព្រះសីហនុ លោក​បួន ណា​រិទ្ធិ ឲ្យដឹងថា រឿងរ៉ាវ​ដីធ្លី​នៅ អូរ​ដំរី​នេះ មាន​ភាពស្មុកស្មាញ​ខ្លាំង ដោយសារ​មានការ​ដណ្ដើម​ដី​គ្នា រវាង​ប្រជាពលរដ្ឋ និង​អ្នកមានអំណាច ហើយក៏​មាន​ការប្ដឹង​ផ្ដល់​គ្នា​ទៅ​តុលាការ​ជាច្រើន​លើក​មក​ហើយ​។ លោក​បន្តថា តាម​លោក​ដឹង មកដល់ពេលនេះ មិនទាន់មាន​អ្នកណា​ម្នាក់​មាន​ប័ណ្ណ​ក​ម្ម​សិទិ្ធ​ច្បាស់លាស់ លើ​ដី​នៅ​តំបន់​អូរ​ដំរី​នោះទេ​៕

សូមសរសេរ​មក​កញ្ញា ខាន់ លក្ខិណា តាម​រយៈ khanleakhen@vodhotnews.com

What Next?

Recent Articles