កម្មករ​រោង​ចក្រ​ហ៊ុយ ចៀន ស្នើ​ឲ្យ​រដ្ឋាភិបាល​ផ្ដល់​ប្រាក់បុរេប្រទាន​ដោះស្រាយ​បញ្ហា​ខ្លួន​

ដោយ៖​ ហៃ សូឡា​
ថ្ងៃចន្ទ ទី17 វិច្ឆិកា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

កម្មករ​អង្គុយ​រង់​ចាំ​លទ្ធផល​នៃ​កិច្ច​ពិភាក្សា​តំណាង​របស់​ខ្លួន (រូបភាព៖ ឡាយ សាមាន)

កម្មកររោង​ចក្រ​​ហ៊ុយ ចៀន ឬ​ចៀន ឡឹ ប្រមាណ​៤០០នាក់​ប្រមូល​ផ្ដុំ​មុខ​រដ្ឋសភា​ជាថ្មី​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ធ្វើ​ការ​តវ៉ា​ទាមទារ​ឲ្យ​រដ្ឋសភាស្នើ​ទៅរដ្ឋាភិបាល​ផ្ដល់​ប្រាក់​បុរេប្រទានសម្រាប់​ទូទាត់​ប្រាក់​អតីតភាព​ជូន​កម្មករ​ ។

ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ លោក ហ្វា សាលី ប្រាប់VODថា ​ការ​ឡើង​មក​តវ៉ា​របស់​កម្មករនៅ​ព្រឹក​នេះ គឺ​ដើម្បី​ដាក់​ញត្តិ​ទៅ​កាន់​រដ្ឋ​សភា ស្នើ​ឲ្យ​ជួយ​ពន្លឿនការ​ដោះស្រាយ និងស្នើសុំ​ប្រាក់​បុរេប្រទាន ដើម្បី​ទូទាត់​ប្រាក់​អតីតភាព​ការងារ​ជូន​កម្មករ និង​ប្រាក់​បំណាច់ផ្សេងៗ ។

ក្នុង​ញត្តិ​ដែល​កម្មករត្រៀម​​ដាក់​ទៅ​កាន់​រដ្ឋសភា​រៀបរាប់​ថា អស់​រយៈពេល​ជាង​២​ខែ​ហើយដែល​កម្មករ​និយោជិត​នៃ​រោងចក្រ​ហ៊ុយ ចៀន ឬ​ចៀន ឡឹ គ្នាន​ប្រាក់​សម្រាប់​ទិញអង្ករ ម្ហូបអាហារ បង់​ថ្លៃផ្ទះ​ជួល ទឹក ឡាន និង​កូន​ទៅ​សាលារៀនជាដើម ។ ម្យ៉ាង​វិញ​ទៀត កម្មការនី​ម្នាក់​ឈ្មោះ ពាង សុខណេ បាន​ស្លាប់​បាត់​បង់ជីវិត ពេល​សម្រាល​កូន​ក្នុង​បន្ទប់​ជួល ដោយសារ​គ្មាន​ប្រាក់សម្រាប់​ទៅ​មន្ទីរ​ពេទ្យ កាលពី​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ២០១៤ ។

​មក​ដល់​ម៉ោង​ប្រមាណ​១០និង​៣០​នាទីនេះ តំណាង​កម្មករ​៥​នាក់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ក្នុង​មន្ទីរ​រដ្ឋសភា​ដើម្បី​ពិភាក្សា តែ​ពុំ​ទាន់​ដឹង​ថា​ទទួល​បាន​លទ្ធផល​យ៉ាងណា​នៅឡើយ​ទេ ។

ក្រុមអ្នកតវ៉ា​ឲ្យដឹង​ថា​រោងចក្រ​ដេរ​ស្បែកជើង ហ៊ុយ ចៀន ដែល​ក្រោយ​មក​ប្ដូរ​ឈ្មោះ​ទៅ​ជា ​ចៀន ឡឹ បង្កើតឡើង​នៅ​ឆ្នាំ​២០០៦ ស្ថិតក្នុង​ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​មាន​ជ័យ រាជ​ធានី​ភ្នំពេញ មាន​កម្ម​ករ​សរុប​១២០០​នាក់​ ។

គួ​របញ្ជាក់​ថា ស្រប​ពេល​ជាមួយ​ការ​តវ៉ា​របស់​កម្មករ​នេះ ​អ្នក​មាន​ជម្លោះ​ដីធ្លី​មក​ពី​ខេត្ត​ព្រះ​វិហារ​មាន​គ្នា​ប្រមាណ​ជិត​១០០​នាក់ ក៏​ធ្វើការប្រមូល​ផ្ដុំ​មុខមន្ទី​រដ្ឋសភា ដើម្បីស្វែង​រក​អន្តរាគមន៍​បញ្ហាដីធ្លី​របស់​ខ្លួន​ផង​ដែរ ៕

សូម​សរសេរ​មក​កញ្ញា ហៃ សូឡា តាមរយៈ sola_hay@yahoo.com

What Next?

Recent Articles