ដោយ៖ ទូច សុខា
ថ្ងៃចន្ទ ទី17 វិច្ឆិកា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស នាពេលកន្លងមក
គណៈកម្មាការទី១នៃរដ្ឋសភា ឲ្យដឹងថា ខ្លួនកំពុងរៀបចំលិខិតកោះហៅអភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស តាមរយៈក្រសួងមហាផ្ទៃ ឲ្យលោកចូលបំភ្លឺនៅរដ្ឋសភានៅសប្ដាហ៍ក្រោយ ទាក់ទងនឹងរឿងទឹកលិចផ្ទះអ្នកភូមិបឹងកក់ និងការចាប់ខ្លួនសកម្មជនដីធ្លី ។
ការកោះហៅនេះ ធ្វើឡើងបន្ទាប់ពីអ្នកមានជម្លោះដីធ្លី១០នាក់ ត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារម្នាក់១ឆ្នាំ បន្ទាប់ពីពួកគេតវ៉ាបិទផ្លូវព្រះមុនីវង្ស រកអន្តរាគមន៍រំដោះទឹកស្អុយដែលជន់លិចផ្ទះនៅបឹងកក់ ។
ប្រធានគណៈកម្មការទី១នៃរដ្ឋសភា លោក អេង ឆៃអ៊ាង ឲ្យVODដឹង នៅព្រឹកថ្ងៃចន្ទនេះថា គណៈកម្មការទី១ នៃរដ្ឋសភាកំពុងរៀបចំលិខិតដាក់ទៅកាន់ក្រសួងមហាផ្ទៃ តាមរយៈប្រធានរដ្ឋសភាលោក ហេង សំរិន ដើម្បីស្នើ ឲ្យក្រសួងមហាផ្ទៃរៀបចំឲ្យលោក ប៉ា សុជាតិវង្ស ចូលបំភ្លឺនៅរដ្ឋសភានៅថ្ងៃទី២៧ ខែវិច្ឆិកា វេលាម៉ោង ២រសៀល ទាក់ទងនឹងការចាប់ខ្លួនសកម្មជនដីធ្លី និងរឿងទឹកលិចផ្ទះអ្នកភូមិបឹងកក់។
លោកបញ្ជាក់ថា«ព្រោះអាជ្ញាធររាជធានីខេត្តហ្នឹងស្ថិតនៅក្រោម រដ្ឋបាលរបស់ក្រសួងមហាផ្ទៃ អញ្ចឹងយើងអត់មានសរសេរទៅកាន់គាត់ផ្ទាល់ទេ គឺយើងសរសេរទៅកាន់ក្រសួងមហាផ្ទៃ ហើយយើងសុំឲ្យក្រសួងមហាផ្ទៃចាត់គាត់ តាមអ្វីដែលរដ្ឋសភាចង់បាន»។ លោកបន្ថែមថា លិខិតនេះអាចនឹងទៅដល់ក្រសួងមហាផ្ទៃនៅថ្ងៃស្អែក ឬយ៉ាងយូរក្នុងសប្តាហ៍នេះ។
ទាក់ទងទៅនឹងការកោះហៅរបស់គណៈកម្មការទី១នៃរដ្ឋសភានេះ អភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស ប្រាប់VODយ៉ាងខ្លីថា លោកទុកឲ្យមានការធ្វើតាមនីតិវិធី ។
ការកោះហៅអភិបាលរាជធានីភ្នំពេញនេះ ធ្វើឡើងបន្ទាប់ពីលោក កឹម សុខា អនុប្រធានទី១ នៃរដ្ឋសភា បានស្នើទៅប្រធានគណៈកម្មការទី១នៃរដ្ឋសភាលោក អេង ឆៃអ៊ាង កាលពីសប្តាហ៍មុន ឲ្យកោះហៅ លោក ប៉ា សុជាតិវង្ស មកសាកសួរពីដំណោះស្រាយទឹកលិចផ្ទះអ្នកភូមិបឹងកក់ និងជំរុញឲ្យមានការដោះលែងសកម្មជនទាំងនោះដោយគ្មានលក្ខខណ្ឌ ។
ស្ត្រីសកម្មជនដីធ្លីចំនួន១០នាក់ ត្រូវបានតុលាការកាត់ទោសជាបើពន្ធនាគារម្នាក់ៗ១ឆ្នាំនិងពិន័យជាប្រាក់ក្នុងម្នាក់២លានរៀល បន្ទាប់ពីពួកគេតវ៉ាបិទផ្លូវព្រះមុនីវង្ស រកអន្តរាគមន៍រំដោះទឹកស្អុយដែលជន់លិចផ្ទះនៅបឹងកក់ ។ ចំណែកព្រះសង្ឃ១អង្គក៏ត្រូវបានកាត់ទោសដូចគ្នានេះដែរ ខណៈឃ្លាំមើលការតវ៉ានៅមុខតុលាការ ៕
សូមសរសេរមកកាន់ លោក ទូច សុខា តាមរយៈ sokha@vodhotnews.com