Mon, 17 November 2014
ជាង សុខា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ព្រះមហាក្សត្រ នរោត្តម សីហមុនី បានឡាយព្រះរាជក្រឹត្យតែងតាំងជាផ្លូវការនូវសមាជិកថ្មីនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បន្ទាប់ពីច្បាប់ស្ថាប័ននេះត្រូវបានអនុម័តកាលពេលថ្មីៗនេះ។
បើតាមព្រះរាជក្រឹត្យដែលឡាយព្រះហស្តដោយព្រះមហាក្សត្រ ព្រះករុណា សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី កាលថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា បន្ថែមលើសមាជិកអចិន្រៃ្តយ៍ ៣ រូបរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា ប្រធានតុលាការកំពូល លោក ឌិត មុន្ទី អគ្គព្រះរាជអាជ្ញានៃតុលាការកំពូល លោកស្រី ជា លាង ព្រះរាជអាជ្ញានិងចៅក្រមចំនួន ៨ រូប ត្រូវបានតែងតាំងជាសមាជិកនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
លោក អ៊ុំ សារិទ្ធ (មកពីព្រឹទ្ធសភា) លោក អ៊ិត រ៉ាឌី (មកពីរដ្ឋសភា) លោក ប្លង់ ឆ្លាម លោកស្រី ប៊ុន្និញ ប៊ុណ្ណារី លោក ប្រាក់ គឹមសាន លោក សេង ប៊ុនឃាង លោក សម ប៊ុនផុន និងលោក ស៊្រា អាង ត្រូវបានតែងតាំងសម្រាប់អាណត្តិរយៈពេល ៥ ឆ្នាំនេះ។
ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមដែលមានព្រះមហាក្សត្រជាប្រធាន មានអំណាចតែងតាំង ផ្ទេរ ព្យួរ និងដកចៅក្រម និងព្រះរាជអាជ្ញា។
ក្រុមសង្គមស៊ីវិលបានរិះគន់ច្បាប់ចម្រូងចម្រាសចំនួនបីពាក់ព័ន្ធនឹងប្រព័ន្ធតុលាការ ដែលផ្តល់អំណាចខ្លាំងដល់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ក្នុងការគ្រប់គ្រងស្ថាប័នតុលាការ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ការដំឡើងឋានៈ និងការដាក់ទោសទណ្ឌចៅក្រមនិងព្រះរាជអាជ្ញាហើយបានហៅច្បាប់ទាំងនេះថា ជាការបន្ទាបឯករាជភាពរបស់តុលាការ៕