Mon, 17 November 2014
ម៉ៃ ទិត្យថារ៉ា
ភ្នំពេញប៉ុស្តិ៍
ឧត្តរមានជ័យៈ អាជ្ញាធរនឹងចាត់វិធានការចំពោះប្រជាពលរដ្ឋមួយចំនួនដែលបានទន្ទ្រានយកដីនៅជុំវិញមាត់បឹងតាម៉ុក ដែលរដ្ឋាភិបាលបានកំណត់យកជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តដើម្បីអភិរក្សជាកេរដំណែលបន្សល់ពីពួកខ្មែរក្រហមសម្រាប់ចូលទស្សនាបន្ទាប់ពីពលរដ្ឋមួយចំនួនបាននាំគ្នាព័ទ្ធរបង និងធ្វើផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន។
លោក ស៊ាង សុហេង ប្រធានមន្ទីរទេសចរណ៍ ស្រុកអន្លង់វែង បានថ្លែងថា បច្ចុប្បន្ននេះមានពលរដ្ឋមួយចំនួនបានមកធ្វើផ្ទះនៅក្បែរមាត់បឹងតាម៉ុក ដែលជាតំបន់កំណត់ដោយព្រះរាជក្រឹត្យសម្រាប់អភិរក្សជាតំបន់ទេសចរណ៍។ លោកបានថ្លែងថា៖ «យើងពុំបានដឹងអំពីការលក់ដូរដីនោះទេ ប៉ុន្តែយើងដឹងថា មានពលរដ្ឋកំពុងមករស់នៅក្នុងចំណែកដីអភិរក្សនេះ។ យើងកំពុងរកវិធានការដើម្បីស្វែងរកដំណោះស្រាយ ប៉ុន្តែយើងមិនដឹងថា ដោះស្រាយយ៉ាងម៉េច»។
លោកបានថ្លែងថា ទីតាំងតំបន់ទេសចរណ៍ផ្ទះតាម៉ុកត្រូវបានរាជរដ្ឋាភិបាលបានកំណត់ជាតំបន់ទេសចរណ៍នៅក្នុង ឆ្នាំ២០០២ លើផ្ទៃដី ៤១៧ ហិកតា។ លោកបានថ្លែងថា៖ «កុំឃើញរបងព័ទ្ធជុំវិញនោះថា គេទិញយក តាមពិតរបងនោះគឺជារបងរបស់តាម៉ុកតាំងពីយូរហើយ។ គ្មានអ្នកណាមានសិទ្ធិលក់ដីនៅក្នុងតំបន់នោះទេ។ បើមានការទន្ទ្រានយកដីនោះគឺវាធ្វើឲ្យប៉ះពាល់ដល់តំបន់ទេសចរណ៍ប្រវត្តិសាស្ត្ររបស់យើង»។
លោកបានថ្លែងឲ្យដឹងទៀតថា អន្លង់វែងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកខ្មែរក្រហមពី ឆ្នាំ១៩៧៩ ដល់ ឆ្នាំ១៩៩៨ ហើយបន្ទាប់ពីរបបនោះបានធ្វើសមាហរណកម្មមក រដ្ឋាភិបាលបានកំណត់ចំណុច ១៤ កន្លែងនៅក្នុង ស្រុកអន្លង់វែង ត្រូវថែរក្សាទុកជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត។
លោក សាង សារឿង ជាអ្នកលក់សំបុត្រនៅផ្ទះតាម៉ុកបានថ្លែងឲ្យដឹងថា លោកឃើញមានពលរដ្ឋមួយចំនួនបានសង់ផ្ទះនៅក្នុងបរិវេណមាត់បឹងនៅខាងក្រោយមន្ទីរពេទ្យបង្អែក ស្រុកអន្លង់វែង តែលោកមិនដឹងថា តើអ្នកណាជាអ្នកអនុញ្ញាតឲ្យនៅនោះទេ។ លោកបានថ្លែងថា៖ «បើមិនមានខ្សែបណ្តាញគឺមិនអាចរស់នៅកើត ហើយគ្មានអ្នករករឿងនោះទេ ហើយបច្ចុប្បន្នឃើញដីមួយចំនួនកំពុងតែត្រូវបានគេព័ទ្ធរបង ប៉ុន្តែខ្ញុំមិនដឹងថា គេព័ទ្ធដើម្បីអ្វីនោះទេ»។
លោកបានថ្លែងថា ប្រសិនបើមានការលួចលក់ដូរគ្នាតំបន់នោះមែនគឺវាអាចនឹងធ្វើឲ្យប៉ះពាល់ដល់តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រមួយនេះពីព្រោះភ្ញៀវដែលមកពីអន្លង់វែង គេមកទស្សនាផ្ទះនេះមុននឹងគេបន្តទៅទស្សនាកន្លែងផ្សេងៗទៀត។ លោកបានថ្លែងថា៖ «មន្ត្រីដែលមានជំនាញគួរតែធ្វើការស៊ើបអង្កេតករណីនេះ»។
លោក យឹម ផាន់ណា អភិបាល ស្រុកអន្លង់វែង បានថ្លែងថា មានពលរដ្ឋមករស់នៅនៅក្នុងតំបន់នោះមួយចំនួនគឺខាងអាជ្ញាធរបានប្រាប់គាត់ឲ្យបានដឹងរួចអស់ហើយដូច្នេះគាត់ដឹងថា ដីនោះគឺជាដីមានរាជក្រឹត្យ។ លោកថា៖ «ដីនោះគ្មានបាត់បង់ទៅណានោះទេ ហើយក៏គ្មានការលក់ដូរអីនោះដែរ»។
សូមរំឭកថា ស្រុកនៃតំបន់ព្រៃនៅតាមជើងភ្នំដងរែកនេះបានគ្រប់គ្រងដោយមេបញ្ជាការខ្មែរក្រហមឈ្មោះ ឈិត ជឿន ហៅ តាម៉ុក ដែលគេចាត់ទុកថា ជាអ្នកកាប់សម្លាប់ឥតត្រាប្រណី។ គាត់បានស្លាប់ដោយសារជំងឺក្នុង ឆ្នាំ២០០៦ ខណៈកំពុងជាប់ពន្ធនាគារនៅ ទីក្រុងភ្នំពេញ។ សព្វថ្ងៃផ្នូររបស់គាត់បានក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ៕