ដោយ តាំង សារ៉ាដា
2014-11-16
RFA

១០-វិច្ឆិកា-២០១៣៖ ស្ទឹងអារ៉ែង ស្ថិតក្នុងខេត្តកោះកុង (RFA/Ouk Savborey)
ខ្សែភាពយន្តខ្នាតខ្លីមួយដែលមានចំណងជើងថា ព្រៃស័ក្ដិសិទ្ធិ កំពុងទាក់ទាញអ្នកទស្សនាជាតិ និងអន្តរជាតិជាខ្លាំង។ ព្រៃស័ក្ដិសិទ្ធិ ជាព្រៃមួយដែលអ្នកនិពន្ធជាពលរដ្ឋខ្មែរអាម៉េរិកាំងបានដាក់ឈ្មោះឲ្យ ដំបន់ឆាយអារ៉ែងក្នុងខេត្តកោះកុង នៃប្រទេសកម្ពុជា ដែលតំបន់នេះកំពុងប្រឈមនឹងការសាងសង់ទំនប់វារីអគ្គិសនីរបស់ក្រុមហ៊ុនចិន។
អ្នកស្រី ម៉ម កល្យាណនី ជាអ្នកនិពន្ធខ្សែភាពយន្តខ្នាតខ្លីមួយដែល មានចំណងជើងថា «ព្រៃស័ក្ដិសិទ្ធិ» មានជំនឿថាពលរដ្ឋក្នុងតំបន់ឆាយអារ៉ែង នៅខេត្តកោះកុង នឹងការពារជម្រកសុខសាន្តដែលពួកគេតែង រស់នៅទីនោះជាង៦សតវត្សមកហើយ ពីការប៉ុនប៉ងបណ្ដេញចេញដើម្បីដាក់ជំនួសក្រុមហ៊ុន ស៊ីណូហាយដ្រូ (Sinohydro) ក្នុងការសាងសង់ទំនប់វារីអគ្គិសនី។
សំឡេងក្នុងភាពយន្ត
អ្នកស្រី ម៉ម កល្យាណនី អ្នកនិពន្ធខ្សែភាពយន្តនេះមានប្រសាសន៍ថា ការខិតខំផលិតខ្សែភាពយន្តនេះឡើងដោយសារ អ្នកស្រីចង់បង្ហាញការវិនិយោគលើ វិស័យវារីអគ្គិសនីក្នុងតំបន់អារ៉ែងមិនបានផ្ដល់ផលចំណេញដល់ប្រជាពលរដ្ឋនោះទេ តែផ្ទុយទៅវិញក្រុមហ៊ុនចិន នឹងបំផ្លាញធនធានធម្មជាតិនៅទីនោះ រួមមានឈើប្រណិត រ៉ែក្រោមដី ជីវិតសត្វព្រៃជិតផុតពូជជាង ៣០ប្រភេទ និងជីវភាពរបស់ក្រុមជនជាតិដើមភាគតិចជងជាង១ពាន់នាក់ទៀតនឹងជួបទុក្ខវេទនា៖ «បើសាងសង់ទំនប់វារីអគ្គិសនីហ្នឹងមានតែប៉ះពាល់ទៅលើជីវិតប្រជាជនទៅវិញ។ បើសាងសង់ទៅវារីអគ្គិសនីត្រូវលិចដីជាង២ម៉ឺនហិកតារ។ មួយទៀតរដ្ឋាភិបាលត្រូវជម្លៀសប្រជាជនចេញពីផ្ទះសម្បែង របស់ពួកគាត់ ចេញពីដីស្រែរបស់គាត់ចេញពីស្ទឹងរបស់ពួកគាត់ ហើយទៅកន្លែងផ្សេងដែលអត់មានផ្ទះសម្បែង អត់មានដីធ្វើស្រែ អត់មានស្ទឹងស្ទូចត្រី។ មានន័យថាជីវិតរបស់ពួកគាត់ត្រូវផ្លាស់ ប្ដូរសាឡើងវិញ ក៏ប៉ុន្តែខ្ញុំចង់បង្ហាញថាមានតែប្រជាពលរដ្ឋទេ ដែលអាចបញ្ចប់ផែនការសាងសង់វារីអគ្គិសនីហ្នឹង»។
ការព្រួយបារម្ភរបស់អ្នកស្រី ម៉ម កល្យាណនី បានស្ដែងឡើង តាមរយៈខ្សែភាពយន្តឯកសារមួយដែលមានចំលងជើងថា «ព្រៃដ៏ស័ក្ដិសិទ្ធិ» ជាខ្សែភាពយន្តមួយដែលមានបង្ហាញអំពីការប្រឈមមុខរបស់ពលរដ្ឋក្នុងការជម្លៀសចេញពីជម្រកសុខសាន្តរបស់ របស់ពួកគេក្នុងតំបន់អារ៉ែងដាក់ជំនួសនូវក្រុមហ៊ុនចិនសាងសង់ ទំនប់វារីអគ្គិសនី។
ជុំវិញបញ្ហាអារ៉ែងនេះដែរ មន្ត្រីជាន់ខ្ពស់នៃគណបក្សប្រឆាំងអះអាងថា ពួកគេកំពុងស្វែងរកវិធីសាស្ត្រក្នុងការការពារតំបន់អារ៉ែងតាមរយៈ មធ្យោបាយរដ្ឋសភា។ ប្រធានគណៈកម្មការទីបីនៃរដ្ឋសភាទទួលបន្ទុកកិច្ចការ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន ផែនការ វិនិយោគ និង សេដ្ឋកិច្ច លោក ប៉ុល ហំម មានប្រសាសន៍ថា នៅចុងខែកុម្ភៈឆ្នាំ២០១៥ រដ្ឋសភាជាតិនឹងធ្វើការកោះហៅរដ្ឋមន្ត្រីក្រសួងបរិស្ថានមកឆ្លើយបំភ្លឺចំពោះមុខតំណាងរាស្ត្រទាំង១២៣ រូបអំពីបញ្ហាអារ៉ែង។
លោក ប៉ុល ហំម មានប្រសាសន៍ថាក្រុមការងាររបស់លោកនឹងចុះ ទៅតំបន់អារ៉ែងនៅថ្ងៃទី១៧ ខែវិច្ឆិកា ខាងមុខនេះដើម្បីធ្វើការសិក្សា អំពីស្ថានភាពជាក់ស្ដែងដែលប្រជាពលរដ្ឋអាចនឹងរងផលប៉ះពាល់ប្រសិនបើមានការសាងសង់ទំនប់វារីអគ្គិសនីមែននោះ៖ «យើងនឹងប្រមូលព័ត៌មានឲ្យបានអស់សិន រួចហើយនៅថ្ងៃទី២៤ ខែកុម្ភៈនេះយើងនឹងអញ្ជើញ រដ្ឋមន្ត្រីក្រសួងបរិស្ថានមកឆ្លើយបំភ្លឺអំពីស្ថានភាពទូទៅ ទាក់ទងទៅនឹងបរិស្ថានដែលស្ថិតនៅក្រោមការគ្រប់គ្រង របស់ក្រសួងបរិស្ថានហ្នឹង ប៉ុន្តែយើងចង់សង្កត់ធ្ងន់មើលខាងតំបន់អារ៉ែងមើល ថាតើរដ្ឋមន្ត្រីនោះគាត់មានប្រសាសន៍ថាយ៉ាងណា រួចហើយយើងនឹងរៀបចំយុទ្ធសាស្ត្រនៅក្នុងគណៈកម្មការយើងដើម្បីធ្វើកិច្ចការបន្តទៀត»។
តំបន់អារ៉ែងស្ថិតក្នុងតំបន់ព្រៃការពារភ្នំក្រវាញភាគកណ្ដាល ដែលជាព្រៃក្រាស់ហើយធំជាងគេនៅតំបន់អាស៊ីភាគអាគ្នេយ៍។ តំបន់ព្រៃស្តុកនេះមាន ទំហំ ៤សែន ៦ម៉ឺន ហិកតារ លាតសន្ធឹងកាត់ឃុំជំនាប់ ឃុំប្រឡាយ និង ឃុំថ្មដូនពៅ ស្ថិតក្នុងស្រុកថ្មបាំងខេត្តកោះកុងដែល មានព្រំប្រទល់ជាប់ខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ។
តំបន់នេះជាជម្រករស់នៅសុខសាន្តរបស់ក្រុមជនជាតិភាគតិចជង ជាង១ពាន់៣រយនាក់។ ពួកគេប្រកបរបរចិញ្ចឹមជីវិតដោយការទាញ យកអនុផលព្រៃឈើទៅតាមវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ តាំងពីដូនតាមកម្ល៉េះ។
នៅទីនោះពោរពេញទៅដោយផ្នូរកប់សពដូនតារបស់ពួកគេ ហើយផ្នូរទាំងនោះភាគច្រើនជាខ្ទមដែលគេដាក់នៅតាមជញ្ជាំងក្រហែងថ្ម។
ក្រុមអ្នកអភិរក្សព្រៃឈើអះអាងថា ប្រសិនបើគម្រោងសង់ទំនប់វារីអគ្គិសនី ត្រូវបានបង្កើតឡើងមែន នោះវានឹងធ្វើប៉ះពាល់ធ្ងន់ធ្ងរ ដល់សិទ្ធិរបស់ជនជាតិដើមភាគតិចដែលធានាដោយច្បាប់។
ច្បាប់ភូមិបាលឆ្នាំ ២០០១ មាត្រា២៣ ចែងថា ជនជាតិដើមភាគតិច ដែលបានចុះក្នុងបញ្ជីនៃព្រះរាជាណាចក្រកម្ពុជាមានសិទ្ធិចាត់ចែង គ្រប់គ្រងសហគមន៍ និងអចលនទ្រព្យរបស់ខ្លួនទៅតាមប្រពៃណី និងទំនៀមទម្លាប់។
ពួកគេមានសិទ្ធិទទួលបានការរស់នៅសមរម្យទៅតាមប្រពៃណី មានសិទ្ធិក្នុងការចុះបញ្ជីដីធ្លី សិទ្ធិក្នុងការតវ៉ាអំពីការរំលោភដីធ្លី និងសិទ្ធិយល់ព្រមលើការវាស់ព្រំប្រទល់ដីក្នុងគោលបំណងចុះបញ្ជីណាមួយ។
ទាក់ទងទៅនឹងបញ្ហាប្រឈមក្នុងតំបន់អារ៉ែងនេះដែរ ប្រធានចលនាមាតាធម្មជាតិ លោក អាឡិចហ្សាន់ដ្រូ ហ្កាន់ហ្សាលេដេវីឌសាន់ (Alejandro Ganzalez Davidson) មានប្រសាសន៍ថា ក្រុមហ៊ុនចិនមួយដែលមានឈ្មោះថា ឆាយណា ហ្គោឌៀន (China Guodian) បានដកខ្លួនចេញពីគម្រោងការសិក្សាអំពីសាងសង់ទំនប់វារីអគ្គិសនី មុននឹងក្រុមហ៊ុនចិនស៊ីណូហាយដ្រូ ចុះសិក្សាសាងសង់ទំនប់វារីអគ្គីសនីនោះទៅទៀត។
លោកបន្តថាការសិក្សា របស់ក្រុមហ៊ុនចិន ឆាយណា ហ្គោឌៀន (China Guodian) ឲ្យដឹងថាការធ្វើទំនប់វារីអគ្គិសនីនៅតំបន់អារ៉ែងនឹងខាតបង់ទុន៖ «ប៉ុន្តែអ្វីដែលចាប់អារម្មណ៍ជាងគេនោះគឺពាក្យសម្ដីរបស់ក្រុមហ៊ុន ឆាយណា ហ្គោឌៀន (China Guodian) ខ្លួនឯងផ្ទាល់ដែលនិយាយ នៅក្នុងគេហទំព័រ ឬ វិបសាយ (Website) របស់គេកាលពីខែមករា ឆ្នាំ ២០១៤ ក្នុងរបាយការណ៍ប្រចាំឆ្នាំ គេថាដកខ្លួនចេញពីតំបន់អារ៉ែង ដោយសារអត់មានចំណេញអីទេ។ អាហ្នឹងប្រសិនបើគណបក្សសង្គ្រោះជាតិសួរដេញដោលដល់ ឆាយណា ហ្គោឌៀន (China Guodian) អាហ្នឹងជាលាសុទ្ធហ្នឹង។ សួរថាទៅធ្វើវារីអគ្គិសនី ធ្វើអីហ្នឹង ក្រុមហ៊ុនស៊ីណូហាយដ្រូ (Sinohydro) ទៅសិក្សាធ្វើហ្នឹង?។ បាទបើក្រុមហ៊ុនមួយទៀតនោះវានិយាយថាអត់មានចំណេញអីផង»។
វិទ្យុអាស៊ីសេរីនៅមិនទាន់អាចសុំការបំភ្លឺអំពីគម្រោងសាងសង់ទំនប់វារី អគ្គិសនីពីរដ្ឋមន្ត្រីក្រសួងរ៉ែ និង ថាមពល លោក ស៊ុយ សែម បាននៅ ឡើយទេដោយសារទូរស័ព្ទរបស់លោកនៅក្រៅតំបន់សេវ៉ា។
ក្រុមអ្នកស្រាវជ្រាវរកឃើញថាទំនប់វារីអគ្គិសនីនៅស្ទឹងអារ៉ែងអាច ផលិតអគ្គិសនីបានតែជាង៦០មេហ្កាវ៉ាត់ នៅរដូវប្រាំងហើយប្រហែល១រយមេហ្កាវ៉ាត់ ប៉ុណ្ណោះនៅរដូវវស្សា។
ទស្សនាវដីអាស៊ីឡាយហ្វ (Asialife Cambodia) ចុះផ្សាយថា ដោយសារមានការអភិវឌ្ឍន៍ខាងផ្នែកកសិឧស្សាហកម្មពាសពេញប្រទេសនោះ តំបន់អារ៉ែងជាតំបន់ព្រៃដែលនៅសេសសល់ចុងក្រោយគេបង្អស់ ហើយប្រសិនបើតំបន់នេះ ត្រូវបានអនុញ្ញាតឲ្យមានការសាងសង់ ទំនប់វារីអគ្គិសនីមែន នោះសត្វកម្រ សត្វជិតផុតពូជ និងផ្ទះសំបែងរបស់ប្រជាពលរដ្ឋ ក្នុងតំបន់ធម្មជាតិដ៏ស្រស់ស្អាតចុងក្រោយមួយនេះ នឹងរងការបំផ្លាញដោយទឹកជំនន់គ្មានសល់។
ជុំវិញបញ្ហានេះអ្នកស្រី ម៉ម កល្យាណនី អ្នកផលិតខ្សែភាពយន្ត ឯកសារខ្នាតខ្លីដែលមានចំណងជើងថា “ព្រៃស័ក្ដិសិទ្ធិ” ដែលបង្ហាញអំពីការព្រួយបារម្ភរបស់ពលរដ្ឋនៅតំបន់អារ៉ែងចំពោះការសាងសង់ទំនប់វារីអគ្គិសនី នឹងបន្តគម្រោងសម្ភាសន៍ជាមួយប្រជាពលរដ្ឋនៅតំបន់នោះថែមទៀត ដើម្បីស្វែងរកលទ្ធភាពធ្វើខ្សែភាពយន្តឯកសារមួយផ្សេងទៀត ក្នុងបំណងទាក់ទាញការចាប់អារម្មណ៍របស់រដ្ឋាភិបាលមជ្ឈដ្ឋានជាតិ និងអន្តរជាតិឲ្យចូលរួមរក្សាព្រៃដ៏ស័ក្ដិសិទ្ធិមួយនេះ សម្រាប់កូនចៅជំនាន់ក្រោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ប្រធានគណៈកម្មការទីបីនៃរដ្ឋសភា លោកប៉ុល ហំម ទៅពិនិត្យតំបន់អារ៉ែងនៅព្រឹកនេះ
- អាដហុកអំពាវនាវឲ្យស៊ើបអង្កេតសកម្មភាពជីករករ៉ែត្បូងខុសច្បាប់នៅខេត្តរតនគិរី
- មន្ត្រីជំនាញស្វែងរកជំនួយមកគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
- អ្នកដើរកម្សាន្តស្រូបយកខ្យល់អាកាសបរិសុទ្ធមាត់ព្រែកខេត្តកំពតត្អូញត្អែរពីក្លិនស្អុយ
- ជនជាតិដើមភាគតិចព្នងនៅមណ្ឌលគិរីប្ដឹងនគរបាលឃុំពីបទកាប់ឈើក្នុងព្រៃសហគមន៍
- ពលរដ្ឋសហគមន៍ខ្វាក្នុងខណ្ឌដង្កោត្អូញត្អែរពីទឹកជន់លិចភូមិនិងផ្ទះសម្បែង
- ពលរដ្ឋអះអាងថាក្រុមឈ្មួញជួលមនុស្សឲ្យកាប់ឈើប្រណីតក្នុងព្រៃនៅឧត្ដរមានជ័យ
- អ្នកជំនាញកសិកម្មជំរុញឲ្យពលរដ្ឋបង្កើនការប្រើប្រាស់ឡជីវឧស្ម័ន
- បញ្ហាទុកដាក់និងគ្រប់គ្រងសំរាមនៅក្រុងកំពង់ឆ្នាំង