ដោយ៖ វង្ស សុម៉ាលីន
ថ្ងៃអង្គារ ទី18 វិច្ឆិកា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
ទិដ្ឋភាពហាត់សមត្រៀមបង្ហាញក្នុងវេទិកាមហោស្រពជនជាតិដើម (រូបភាព៖ វង្ស សុម៉ាលីន)
ក្រសួងវប្បធម៌ ឲ្យដឹងថា នៅថ្ងៃទី២១ ខែវិច្ឆិកាខាងមុខនេះ ប្រទេសកម្ពុជានឹងរៀបចំមហោស្រពថ្នាក់អន្តរជាតិធំមួយ ក្រោមប្រធានបទ «មហោស្រពសិល្បៈជនជាតិដើមអាស៊ាន» ដោយមានជនជាតិដើមរបស់ប្រទេសចំនួន១០នៅអាស៊ាន ឲ្យចូលរួមមកបង្ហាញជាសាធារណៈ ។
អនុរដ្ឋលេខាធិកាក្រសួងវប្បធម៌ លោក សំរាំង កំសាន្ត មានប្រសាសន៍នៅសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៧ វិច្ឆិកាថា គោលបំណងនៃការរៀបចំមហោស្រពរបស់ជនជាតិដើមជាលក្ខណៈអាស៊ានលើកដំបូងនេះ គឺដើម្បីរំលេចវប្បធម៌របស់ជនជាតិដើម ដែលភាគច្រើនត្រូវគេមើលរំលង។ លោកថា នេះជាឱកាសដ៏សំខាន់មួយ ដែលអាចរំឮកឲ្យមនុស្សក្នុងសម័យទំនើប យល់កាន់តែច្បាស់នូវអ្វីដែលជាប្រពៃណីរបស់ជនជាតិភាគតិច និងដើម្បីឲ្យមានការគោរពសិទ្ធិរស់នៅរបស់ពួកគេនៅក្នុងតំបន់ដែលជនជាតិដើមរស់នៅ ។
លោក សំរាំង កំសាន្ត ឲ្យដឹងទៀតថា មហោស្រពនេះនឹងធ្វើឡើងនៅសាលមហោស្រពចតុមុខ ដោយមានវត្តមានជនជាតិដើមពីប្រទេសទាំង៩នៅក្នុងតំបន់អាស៊ាន មកបង្ហាញទម្រង់សិល្បៈជាមួយជនជាតិដើមភាគតិចកម្ពុជា ។ លោកថា ទម្រង់សិល្បៈរបស់ជនជាតិភាគតិចនៅកម្ពុជា ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រៀមបង្ហាញ ត្រូវបានធ្វើជាទម្រង់សិល្បៈពីរប្រភេទ គឺប្រភេទសិល្បៈចម្រៀង ឬតន្ត្រីជនជាតិដើម និងពិធីសែនភូមិ ដែលជនជាតិដើមធ្វើឡើងក្នុងបំណងឲ្យត្រជាក់ត្រជុំ សុភមង្គល ក៏ដូចជានិមិត្តរូបរបស់ពួកគេ។ ក្រៅពីនោះក៏មានបង្ហាញពីទម្រង់សែនព្រែនផ្សេងៗ ដែលជនជាតិដើមភាគតិចបន្ត ប្រតិបត្តិមកទល់នឹងពេលបច្ចុប្បន្នផងដែរ ។
នៅមិនមានការបញ្ជាក់ថា ប្រពៃណីរបស់ជនជាតិដើមណាខ្លះ ត្រូវបានក្រសួងដំឡើងជាទម្រង់សិល្បៈនោះទេ ដោយគ្រាន់តែមានការអះអាងថា ពិភពលោកនឹងបានឃើញប្រភេទសិល្បៈថ្មីៗយ៉ាងសំបូរបែប ដែលឆ្លុះបញ្ចាំងពីប្រពៃណី និងទម្លាប់របស់ជនជាតិដើមនៅក្នុងប្រទេសកម្ពុជា តាមរយៈមហោស្រពនោះ។
យោងតាមឯកសារ ជនជាតិដើមសំខាន់ៗរបស់កម្ពុជារួមមាន ជនជាតិព្នង ជនជាតិគួយ ជនជាតិភាគតិចសំរ៉ែ ជនជាតិដើមអំបូរស្ទៀង និងជនជាតិភាគតិចនៅតាមតំបន់ភ្នំក្រវាញ ៕
សូមសរសេរមកលោក វង្ស សុម៉ាលីន តាមរយៈ vongsomalin@yahoo.com