ដោយ៖ ហៃ សូឡា
ថ្ងៃអង្គារ ទី18 វិច្ឆិកា 2014
http://vodhotnews.com
កម្មករនៅរោងចក្រកាត់ដេរ ជីម លី ក្នុងខណ្ឌពោធិ៍សែនជ័យ គ្រោងហែក្បួនទៅមុខក្រសួងការងារនៅព្រឹកស្អែក ដើម្បីទាមទារឲ្យក្រសួងជំរុញទៅភាគីរោងចក្រគោរពលក្ខខណ្ឌការងារ ។
តំណាងកម្មករម្នាក់លោក សុំ សេង ឲ្យVODដឹង ថា គម្រោងដើរហែក្បួននេះធ្វើឡើងបន្ទាប់ពីការតវ៉ារបស់កម្មករពីរថ្ងៃមកនេះមិនដំណោះស្រាយពីរោងចក្រ ។ លោកថា កាលពីព្រឹកមិញនេះ កម្មករជាង២ពាន់នាក់បាននាំគ្នាធ្វើការតវ៉ានៅមុខរោងចក្រជាថ្មី តែភាគីរោងចក្រនៅតែមិនចេញមុខមកដោះស្រាយ ។
កម្មកររោងចក្រជីម លី ក្នុងភូមិត្រពាំងទួល សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ផ្ទុះការតវ៉ា កាលពីព្រឹកថ្ងៃចន្ទ ដើម្បីទាមទារលក្ខខណ្ឌការងារ៨ចំណុច បន្ទាប់ពីរោងចក្របានដកជាងម៉ាស៊ីនម្នាក់ដោយគ្មានមូលហេតុមុនបុណ្យអុំទូក ហើយក្រុមតំណាងសហជីពបានព្យាយាមធ្វើការដោះស្រាយជាមួយនឹងនិយោជក ប៉ុន្តែភាគីខាងនយោជកមិនព្រមទទួលយកជាងម៉ាស៊ីននោះឲ្យចូលធ្វើការវិញទេ ។
លក្ខខណ្ឌទាំង៨ចំណុចដែលកម្មករទាមទាររួមមាន ទទួលយកជាងម៉ាស៊ីនដែលត្រូវបានបញ្ឈប់ឲ្យចូលធ្វើការវិញ ផ្ដល់លុយអាហារ៤០០០រៀលក្នុងមួយថ្ងៃ ផ្ដល់លុយស្នាក់នៅនិងសម្រាប់ធ្វើដំណើរ១៥ដុល្លារក្នុងមួយខែ ផ្ដល់លុយព្រីម១៨ដុល្លារ បើកលុយ៥ភាគរយនៅពេលកម្មករនិយោជិកដល់កុងត្រា បើកលុយបីខែមុនដល់ស្រី្តដែលដាក់ច្បាប់ឈប់សម្រាកទៅសម្រាលកូន រៀបចំកន្លែងដាក់កង់ម៉ូតូឲ្យបានសមរម្យ និងអនុវត្តម៉ោងចូលធ្វើការឲ្យដូចមុន ៕
សូមសរសេរមកកញ្ញា ហៃ សូឡា តាមរយៈ sola_hay@yahoo.com