ដោយ៖ ខាន់ លក្ខិណា
ថ្ងៃអង្គារ ទី18 វិច្ឆិកា 2014
http://vodhotnews.com
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ បដិសេធចំពោះព័ត៌មានដែលបានផ្សព្វផ្សាយពេលថ្មីៗនេះ តាមរយៈសារព័ត៌មាន(Online) និងបណ្ដាញសង្គមថា មានមន្ត្រីម្នាក់លួចលុយចំនួន២០០ ០០០ដុល្លាររួចគេចខ្លួនបាត់។
សេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចុះថ្ងៃទី១៧ ខែវិចិ្ឆកា ឆ្នាំ២០១៤ បានបដិសេធចំពោះការផ្សព្វផ្សាយព័ត៌មានថា អនុប្រធាននាយកដ្ឋានលិខិតឆ្លងដែន ម្នាក់បានលួចលុយដែលប្រមូលក្រៅផ្លូវការ ២០០ ០០០ដុល្លារហើយរត់គេចខ្លួនបាត់។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ហៅការផ្សព្វផ្សាយនោះថា ធ្វើឡើងមិនត្រឹមត្រូវ ខ្វះវិជ្ជាជីវៈ និងជាចេតនាអាក្រក់ណាមួយ ដើម្បីបំភ័ន្តសាធារណជន និងធ្វើឲ្យអាប់ឱនដល់កិត្តិយសនៃស្ថាប័នរដ្ឋ។ អគ្គនាយកដ្ឋាននេះអះអាងទៀតថា មិនមានរឿងរ៉ាវលួចលុយដូចការលើកឡើងនេះទេ ហើយក៏មិនមានអនុប្រធាននាយកដ្ឋានលិខិតឆ្លងដែនណាម្នាក់បានគេចខ្លួន ឬអវត្តមានពីអង្គភាពឡើយ។
ថ្មីៗនេះបណ្តាញព័ត៌មានក្នុងស្រុក និងបណ្តាញហ្វេសប៊ុក បានផ្សព្វផ្សាយថា លោកស្រីម្នាក់ជាអនុប្រធាននាយកដ្ឋានលិខិតឆ្លងដែន បានយកលុយធ្វើលិខិតឆ្លងដែនលើសថ្លៃកំណត់ ហើយបានយកប្រាក់ដែលកឹបកេងក្រៅផ្លូវការនោះចំនួន២០០ ០០០ដុល្លាររួចគេចខ្លួនបាត់៕
សូមសរសេរមកកញ្ញា ខាន់ លក្ខិណា តាមរយៈ khanleakhena@yahoo.com
