ពលរដ្ឋ​មាន​ជម្លោះ​ដី​នៅ​ព្រះ​វិហារ​ឲ្យ​កោះ​ហៅ​មន្ត្រី​មក​បំភ្លឺ

ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​ស្វែង​រក​អន្តរាគមន៍​ពី​រដ្ឋសភា​កាល​ពី​ម្សិល​មិញ។

ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​ស្វែង​រក​អន្តរាគមន៍​ពី​រដ្ឋសភា​កាល​ពី​ម្សិល​មិញ។ ហុង មិនា



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ពលរដ្ឋ​រងគ្រោះ​ដោយ​សារ​ដីធ្លី​មក​ពី ខេត្ត​ព្រះវិហារ ប្រមាណ ១០០ នាក់ ដែល​បាន​ស្នាក់​នៅ​ក្នុង វត្ត​សាមគ្គី​រង្សី ជិត ៣​ខែ ដើម្បី​រង់​ចាំ​រក​ដំណោះ​ស្រាយ​ពី​មន្ត្រី​រដ្ឋាភិបាល​បាន​ស្វែង​រក​អន្តរាគមន៍​ជា​ថ្មី​នៅ​មុខ​រដ្ឋសភា ដើម្ប​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​ដោះ​ស្រាយ​ទំនាស់​ដីធ្លី​របស់​ពួក​គេ។

លោក យន់ សុគន្ធ តំណាង​ប្រជា​ពលរដ្ឋ​បាន​ថ្លែង​ថា ពលរដ្ឋ​បាន​មក​រង់​ចាំ​ស្វែង​រក​ដំណោះ​ស្រាយ​ជិត ៣ ខែ​មក​ហើយ ប៉ុន្តែ​នៅ​តែ​ពុំ​មាន​ដំណោះ​ស្រាយ ដូច្នេះ​ហើយ​ទើប​នាំ​គ្នា​ឡើង​មក​មុខ​រដ្ឋសភា​ដើម្បី​ឲ្យ​កោះ​មន្ត្រី​ដែល​ពាក់​ព័ន្ធ​ទាំង​នោះ​ឡើង​មក​ឆ្លើយ​បំភ្លឺ​ពី​បញ្ហា​នោះ។ លោក​ថា៖ «ប្រសិន​បើ​គេ​មិន​ដោះ​ស្រាយ​ទេ យើង​នឹង​ស្នាក់​នៅ​ភ្នំពេញ​រហូត​ដើម្បី​តវ៉ា​ឲ្យ​មាន​ដំណោះ​ស្រាយ។ ពួក​យើង​ត្រូវ​បាន​គេ​ឈូស​ផ្ទះ​អស់​ហើយ»។

លោក​បាន​និយាយ​ថា ការ​ទាមទារ​នោះ​ត្រូវ​បាន​គណៈកម្មការ ទី១ នៃ​រដ្ឋសភា អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ចូល​ជួប​បញ្ជាក់​អំពី​ទុក្ខ​កង្វល់​របស់​ពួក​គេ ហើយ​គេ​សន្យា​ថា នឹង​ចុះ​ពិនិត្យ​មើល​ទំនាស់​ដី​ធ្លី​ក្នុង​ពេល​ឆាប់ៗ។

លោក ផាន់ ធឿន តំណាង​ប្រជា​ពលរដ្ឋ​ម្នាក់​ទៀត​បាន​ថ្លែង​ថា ប្រធាន​គណៈកម្មការ លោក អេង ឆៃអ៊ាង សន្យា​ថា នឹង​ជំរុញ​ឲ្យ​សមាជិក​របស់​ខ្លួន​ចុះ​ពិនិត្យ​លើ​ដី​មាន​ជម្លោះ​ដោយ​ផ្ទាល់ ហើយ​គណៈកម្មការ​នេះ នឹង​កោះ​ហៅ​អភិបាល​ខេត្ត ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះវិហារ និង​អង្គការ​យូណេស្កូ ដើម្បី​ឆ្លើយ​បំភ្លឺ​លើ​ករណី​នេះ។ លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​នឹង​ហែ​ញតិ្ត រហូត​ដល់​បាន​សម្រេច ទើប​ខ្ញុំ​ត្រឡប់​ទៅ​ផ្ទះ​វិញ ពី​ព្រោះ​ទៅ​វិញ​ក៏​គ្មាន​អី​ហូប ហើយ​ក៏​គ្មាន​កន្លែង​រស់​នៅ​ដែរ»។

នៅ​ក្នុង​ញត្តិ​របស់​ពលរដ្ឋ​ដែល​បាន​ដាក់​ទៅ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​ភរិយា អះអាង​ថា កាល​ពី​ដើម ឆ្នាំ​២០១២ លោក សួស យ៉ារ៉ា តំណាង​រាស្ត្រ​មណ្ឌល​ព្រះវិហារ របស់​គណបក្ស​ប្រជាជន​កម្ពុជា និងលោក ជុច ភឿន ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ ឃុប​ឃិត​គ្នា​ជាមួយ​អាជ្ញាធរ​ខេត្ត បាន​ប្រើ​កង​កម្លាំង​ប្រដាប់​អាវុធ ឈូស​ឆាយ​ផ្ទះ​របស់​ពលរដ្ឋ ២៥៣ គ្រួសារ វត្ត​អារាម សាលា​រៀន នៅ ភូមិ​ឫស្សី ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត ដើម្បី​យក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន។

គួរ​បញ្ជាក់​ថា នេះ​ជា​លើក ទី៤ ហើយ ដែល​ពលរដ្ឋ​មាន​បញ្ហា​នេះ ហែ​ញត្តិ​ទៅ​រដ្ឋសភា​ដើម្បី​ស្វែង​រក​អន្តរាគមន៍ បន្ទាប់​ពី​គ្មាន​ដំណោះ​ស្រាយ​ជាច្រើន​ឆ្នាំ។

លោក សួស យ៉ារ៉ា តំណាង​រាស្ត្រ​មណ្ឌល​ព្រះ​វិហារ របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​មាន​ប្រសាសន៍​ថា រឿង​ដែល​កំពុង​តែ​លើក​បដា​តវ៉ា នេះ​គឺជា​រឿង​ថ្មី​ដែល​លោក​មិន​ទាន់​បាន​ដឹង​ថា តើ​គាត់​ប្រភព​ដើម​មក​ពី​ណា​ដែរ លោក​ក៏​មាន​ការ​ឆ្ងល់​ដែរ លោក​ពុំ​ដែល​ឈូស​ផ្ទះ​អ្នក​ណា​ម្នាក់​ទេ ដូច្នេះ​ត្រូវ​ពិនិត្យ​មើល​ហេតុ​ផល​ឲ្យ​បាន​ច្បាស់​សិន។ លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​ធ្វើ​អ្វីៗ​ទៅ​តាម​ច្បាប់ ហើយ​អ្វី​ដែល​ខ្ញុំ​ធ្វើ​គឺ​ពុំ​មែន​ប្រយោជន៍​ខ្លួន​ឯង​គឺ​ដើម្បី​ប្រយោជន៍​ជាតិ ដូច្នេះ​យើង​ពិនិត្យ​មើល​ឲ្យ​បាន​ច្បាស់​លាស់​ថា តើ​ពួក​គាត់​តវ៉ា​នោះ​ដោយ​មាន​ការ​រៀប​រៀង​ឬ​យ៉ាង​ម៉េច? បើ​មាន​ការ​រៀប​រៀង ទោះ​បី​ជា​ដោះ ១០០០ ឆ្នាំ​ទៀត​ក៏​មិន​ចប់​ដែរ»។

លោក អំ សំអាត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ បាន​ថ្លែង​ថា បញ្ហា​ស្វែង​រក​ដំណោះ​ស្រាយ​ដី​ធ្លី​នៅ​តែ​ពុំ​មាន​ប្រសិទ្ធភាព​បើ​ទោះ​បីជា​រដ្ឋាភិបាល​បាន​ជំរុញ​ឲ្យ​មាន​ការ​កែ​ទម្រង់ ហើយ​រដ្ឋសភា​បាន​កោះ​ហៅ​ភាគី​ដែល​ពាក់​ព័ន្ធ​ចូល​មក​បំភ្លឺ ប៉ុន្តែ​បញ្ហា​ពលរដ្ឋ​តវ៉ា​នៅ​តែ​ដដែល។ លោក​ថា៖ «យន្តការ​ដោះ​ស្រាយ​បាន​ជាប់​គាំង​ដោយ​សារ​តែ​រដ្ឋាភិបាល​មិន​ហ៊ាន​កាត់​សាច់​ស្អុយ​ចេញ ដូច្នេះ​បញ្ហា​ដី​ធ្លី​ទាំង​អស់​នៅ​តែ​ដោះ​មិន​ចេញ»។

យោង​តាម​របាយ​ការណ៍​របស់​អង្គការ​លីកាដូ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី ខែ​មេសា បាន​ឲ្យ​ដឹង​ថា រយៈ​ពេល​ប៉ុន្មាន​ខែ​ដើម ឆ្នាំ​២០១៤ នេះ រលក​នៃ​ការ​រំលោភ​ដីធ្លី ដែល​មាន​អំពើ​ហិង្សា​នៅ​តែ​បន្ត​កើត​មាន​ឡើង ដែល​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​អាក្រក់​ដល់​ប្រជា​ពលរដ្ឋ​ចំនួន​ជាង ២ ២៤៦ គ្រួសារ នៅ​ស្ទើរ​គ្រប់​ខេត្ត។ បញ្ហា​នៃ​ការ​រំលោភ​ដីធ្លី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​រយៈ​ពេល ១៣ ឆ្នាំ​នៅ​កម្ពុជា​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​លើ​ប្រជា​ពលរដ្ឋ​កន្លះ​លាន​នាក់៕


What Next?

Recent Articles