មនុស្ស​៥​នាក់​ស្លាប់​និង​២​នាក់​របួស​ធ្ងន់​ក្នុង​ហេតុការណ៍​ឆេះ​ក្លឹប​កម្សាន្ត​នៅ​ខេត្ត​សៀមរាប

ដោយ ហង្ស សាវយុត
2014-11-18
RFA

ឆេះ​ក្លឹប​ខេត្ត​សៀមរាប ៦២០

រថយន្ត​របស់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប ​មក​ដឹក​យក​សាកសព អ្នក​ដែល​ស្លាប់​នៅ​ក្នុង​ក្លឹប​ឌីស្កូ (Hip Hop) ដោយ​សារ​អគ្គីភ័យ​ ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ក្រុង​សៀមរាប ថ្ងៃ​ទី​១៨ វិច្ឆិកា ២០១៤។ RFA/Hang Savyouth

អគ្គិភ័យ​ដែល​ឆាប​ឆេះ​ក្លឹប​រាំ​ឌីស្កូ​មួយ​កន្លែង ក្នុង​ទី​រួម​ខេត្ត​សៀមរាប បាន​សម្លាប់​មនុស្ស​ចំនួន ៥​នាក់ ព្រម​ទាំង​បុគ្គលិក​ស្រី​ដែល​បម្រើ​ការ​នៅ​ទីនោះ ២​នាក់​ផ្សេង​ទៀត​រង​របួស​ធ្ងន់។ ហេតុការណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ជាង ២​ទៀប​ភ្លឺ​ថ្ងៃ​អង្គារ ទី​១៨ ខែ​វិច្ឆិកា។

អាជ្ញាធរ​ខេត្ត​សៀមរាប ឱ្យ​ដឹង​ថា គេ​នឹង​រិះរក​វិធានការ​ដ៏​មាន​ប្រសិទ្ធភាព ដើម្បី​ការពារ និង​ទប់ស្កាត់​គ្រោះ​អគ្គិភ័យ កុំ​ឱ្យ​កើត​មាន​នៅ​ក្នុង​ខេត្ត​នេះ​បាន​ទៀត​នៅ​ពេល​ខាង​មុខ។

ការ​បញ្ចេញ​ឱ្យ​ដឹង​ពី​វិធានការ​នេះ បន្ទាប់​ពី​អគ្គិភ័យ​បាន​ឆាប​ឆេះ​ក្លឹប​រាំ​ឌីស្កូ​មួយ​កន្លែង​ឈ្មោះ ហ៊ីប ហប (Hip Hop) ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ក្រុង​សៀមរាប កាល​ពី​រំលង​អាធ្រាត្រ​ថ្ងៃ​ទី​១៧ ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា បណ្ដាល​ឱ្យ​ស្ត្រី​ចំនួន ៣​នាក់ និង​បុរស ២​នាក់​ស្លាប់ ព្រម​ទាំង​ស្ត្រី​អ្នក​បម្រើ​ការ​ក្នុង​ក្លឹប​នោះ ២​នាក់​ផ្សេង​ទៀត​រង​របួស​ធ្ងន់។

អភិបាល​រង​ខេត្ត​សៀមរាប ដែល​ទៅ​ពិនិត្យ​មើល​ហេតុការណ៍​អគ្គិភ័យ​នោះ គឺ​លោក ប៊ុន ថាឬទ្ធិ។ លោក​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​អគ្គិភ័យ​ដែល​សម្លាប់​ជនជាតិ​ខ្មែរ ៤​នាក់ និង​បុរស​ជន​បរទេស​ម្នាក់​ផង​នោះ។ លោក ប៊ុន ថាឬទ្ធិ មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​សៀមរាប នឹង​រិះរក​វិធានការ​យ៉ាង​ណា ដើម្បី​ទប់ស្កាត់​អគ្គិភ័យ​កុំ​ឱ្យ​កើត​មាន​នៅ​ក្នុង​ខេត្ត​នេះ​ត​ទៅ​ទៀត៖ «កន្លែង​វា​ចង្អៀត​នៅ​ខាង​ក្នុង​ហ្នឹង មិន​អាច​ចូល​ចុះ។ ឥឡូវ​នៅ​កម្ដៅ​នៅ​ឡើយ អត់​ទាន់​ចូល​បាន​មែន​ទែន​ទេ។ យើង​មិន​ទាន់​ប្រមូល​ព័ត៌មាន​អី​ជាក់​លាក់​នៅ​ឡើយ​ទេ ជាពិសេស​កន្លែង​ហ្នឹង​វា​ក៏​ជា​កង្វះ​ខាត​របស់​យើង​ដែរ មិន​ដែល​បាន​ចូល​មក​ពិនិត្យ​អី​យ៉ាង​ម៉េច ក៏ប៉ុន្តែ​រង់ចាំ​មើល​ការ​ផ្ដល់​ព័ត៌មាន​ពី​កម្លាំង​សមត្ថកិច្ច ដែល​គាត់​តែង​តែ​ពិនិត្យ»

ប្រធាន​ការិយាល័យ​នគរបាល​ពន្លត់​អគ្គិភ័យ លោក មាស សាង ឱ្យ​ដឹង​ថា អគ្គិភ័យ​ដែល​ឆេះ​ក្លឹប​រាំ​ឌីស្កូ ហ៊ីប ហប នោះ គឺ​ចាប់​ផ្ដើម​ចេញ​ពី​ពិតាន​នៅ​ចំ​កន្លែង​ដែល​មាន​មនុស្ស​ជាច្រើន​កំពុង​រាំ​នៅ​ខាង​ក្រោម។ លោក ​មាស សាង សន្និដ្ឋាន​ថា អគ្គិភ័យ​នោះ​អាច​បណ្ដាល​មក​ពី​ការ​ទុស្សេ​ខ្សែ​ភ្លើង​ដែល​រាយ​នៅ​លើ​ពិតាន៖ «សន្និដ្ឋាន​ឃើញ​ឆេះ​មក​ពី​ពិតាន​លើ​តែ​ម្ដង ដល់​ឆេះ​ទៅ​វា​គប់ប៉េ​ដាច់​ខ្សែ​ភ្លើង។ យើង​មក​ដល់​មិន​យឺត​ទេ ព្រោះ​យើង​ដឹង​ម៉ោង​២ និង ៤៥​នាទី ម៉ោង​៣ យើង​ដល់ ទាំង​ខាង​អាវុធហត្ថ ទាំង​ខាង​ព្រលាន​អី​គេ​មក​ជួយ​ស្រុះ​គ្នា»

សាក្សី​ខ្លះ​នៅ​កន្លែង​កើត​ហេតុ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ថា ក្លឹប ហ៊ីប ហប ដែល​មាន​ថៅកែ​ខ្មែរ​ឈ្មោះ វង់ តែង​ដាក់​គន្លឹះ​បិទ​ទ្វារ​ក្រោយ ហើយ​នៅ​ពេល​កើត​ហេតុ​អគ្គិភ័យ គឺ​មនុស្ស​ជាច្រើន​នាំ​គ្នា​សម្រុក​ចេញ​មិន​រួច ឯ​ទ្វារ​ខាង​មុខ​ក៏​ទំហំ​តូច។

អធិការ​នគរបាល​ក្រុង​សៀមរាប លោក ទិត្យ ណារ៉ុង មាន​ប្រសាសន៍​ថា ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង ៥​នាក់ គឺ​បុរស​ជនជាតិ​ខ្មែរ​ម្នាក់​ជា​កូន​អ្នក​ខេត្ត​សៀមរាប ត្រូវ​ក្រុម​គ្រួសារ​មក​ទទួល​យក​សព ចំណែក​បុរស​ម្នាក់​ទៀត​ជា​ជនជាតិ​អូស្ត្រាលី ឈ្មោះ ថូម៉ាស់ (Thomas) ក៏ប៉ុន្តែ​សាកសព​ស្ត្រី​ជនជាតិ​ខ្មែរ ៣​នាក់​ទៀត មិន​ទាន់​ឃើញ​ក្រុម​គ្រួសារ​មក​រក ឬ​ក៏​ស្គាល់​អត្តសញ្ញាណ​នៅ​ឡើយ។

នេះ​ជា​លើក​ទី​២​ហើយ ដែល​ខេត្ត​សៀមរាប មាន​ហេតុការណ៍​អគ្គិភ័យ​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់ និង​របួស​ជាច្រើន​នាក់។ កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១២ កន្លង​ទៅ គ្រោះ​អគ្គិភ័យ​ធ្លាប់​បាន​ឆេះ​ផ្សារ​រាត្រី (សៀមរាប) ដែល​នៅ​ជិត​គ្នា​ដែរ​នោះ​ម្ដង​មក​ហើយ បណ្ដាល​ឱ្យ​មនុស្ស ៨​នាក់​ស្លាប់ និង ២​នាក់​ទៀត​រង​របួស​ធ្ងន់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles