ដោយ៖ ទូច សុខា
ថ្ងៃអង្គារ ទី18 វិច្ឆិកា 2014
http://vodhotnews.com
សមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី ទាមទារឲ្យមានការដោះលែងព្រះសង្ឃ ស្ត្រីសកម្មជនដីធ្លី និងសកម្មជននយោបាយ ដែលត្រូវបានអាជ្ញាធរចាប់ខ្លួននាពេលថ្មីៗនេះ ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ ។
ការទាមទារនេះធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍របស់សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៤ ។ ក្នុងសេចក្តីថ្លែងការណ៍នោះ សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ក៏ធ្វើការស្នើទៅកាន់ថ្នាក់ដឹកនាំកំពូលគណបក្សទាំងពីរដែលមានអាសនៈក្នុងរដ្ឋសភានីតិកាលទី៥នេះ ឲ្យជួយអន្តរាគមន៍ឲ្យមានការដោះលែងព្រះសង្ឃ ប្រជាពលរដ្ឋ និងសកម្មជននយោបាយទាំងនេះផងដែរ ។
សេចក្តីថ្លែងការណ៍ លើកឡើងថា ការផ្សឹកព្រះសង្ឃយ៉ាងកំរោល ហើយបញ្ជូនឲ្យតុលាការផ្តន្ទាទោសដោយសមត្ថកិច្ច មុនសង្ឃកិច្ច គឺមិនមែនជាពុទ្ធសាសនិក និងប្រទេសគោរពបូជាព្រះពុទ្ធសាសនាទេ ។
សេចក្តីថែ្លងការណ៍ បានបន្ទោសអាជ្ញាធររាជធានីភ្នំពេញ ថាមិនបានជួបពិភាក្សា និងរកដំណោះស្រាយជូនអ្នកភូមិបឹងកក់ នៅពេលពួកគេត្រូវការអន្តរាគមន៍ ។ ចំណែកឯការចាប់ និងបញ្ជូនសកម្មជននយោបាយមួយចំនួនដូចជាលោក មាជ សុវណ្ណារ៉ា និងយុវជនគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធបញ្ហាដូចតំណាងរាស្ត្រដែលត្រូវបានដោះលែងក្រោយកិច្ចព្រមព្រៀងនយោបាយរួចហើយនោះមិនគួរបន្តមានទៀតទេ ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ឡុង ឌីម៉ង់ មិនទាន់អាចសុំការអធិប្បាយបាននៅឡើយទេ ដោយលោកថាជាប់ប្រជុំ តែលោកធ្លាប់មានប្រសាសន៍ថា ការដែលសមត្ថកិច្ចចាប់ខ្លួនស្ត្រីសកម្មជនទាំងនោះ ដោយសារពួកគេនាំគ្នាធ្វើសកម្មភាពផ្ទុយនឹងច្បាប់ដែលបិទផ្លូវសាធារណៈ ។
កន្លងមក អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក សេង សុមុន្នី ឲ្យដឹងថា ព្រះអង្គសឺន ហាយ ត្រូវបានស្ថាប័នឯករាជ្យរបស់ថេរសភាសង្ឃផ្សឹកតាមច្បាប់សាសនា នៅពេលបញ្ជូនទៅដល់ស្នងការនគរបាល ដើម្បីបញ្ជូនទៅតុលាការចាត់វិធានការតាមផ្លូវច្បាប់ ។
ចំណែកឯគណបក្សប្រជាជនកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍ អះអាងថា ករណីចាប់ខ្លួនអ្នកទាំងនោះ គឺជាចំណាត់ការតាមផ្លូវច្បាប់របស់ស្ថាប័នមានសមត្ថកិច្ច ក្នុងសំណុំរឿងពាក់ព័ន្ធនឹងអំពើប្រព្រឹត្តបទល្មើសធ្ងនធ្ងរ គឺពុំមានទាក់ទងអ្វីដល់ការអនុវត្តកិច្ចព្រមព្រៀងរវាងគណបក្សទាំងពីរឡើយ ។
ស្ត្រីសកម្មជនដីធ្លីចំនួន១០នាក់រួមទាំងអ្នកស្រី ទេព វន្នី ម្ចាស់ពានរង្វាន់ស្ត្រីក្នុងភាពជាអ្នកដឹកនាំពិភពលោក ព្រះសង្ឃ៣អង្គ និងសកម្មជនគណបក្សសង្គ្រោះជាតិ២នាក់ទៀត ត្រូវបានអាជ្ញាធរចាប់ទៅកាត់ទោសទាក់ទងនឹងការតវ៉ាករណីទឹកស្អុយជន់លិចផ្ទះនៅបឹងកក់ និងហិង្សានៅទីលានប្រជាធិបតេយ្យកាលពីខែកក្កដា ។
ក្រោយព្រឹត្តិការណ៍ហិង្សាក្បែរស្ពាននាគកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ តុលាការ និងអាជ្ញាធរបានធ្វើការចាប់ខ្លួនតំណាងរាស្ត្រ និងសកម្មជនរបស់គណបក្សសង្គ្រោះជាតិជាបន្តបន្ទាប់ ប៉ុន្តែតំណាងរាស្ត្រ និងសកម្មជនមួយចំនួនត្រូវបានដោះលែងវិញក្រោយកិច្ចព្រមព្រៀងនយោបាយ របស់គណបក្សទាំងពីរ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ដោយគណបក្សសង្គ្រោះជាតិព្រមចូលធ្វើការក្នុងសភា ៕
សូមសរសេរមកកាន់លោក ទូច សុខា តាមរយៈ sokha@vodhotnews.com