ដោយ៖ បូ សាវី
ថ្ងៃអង្គារ ទី18 វិច្ឆិកា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
អង្គភាពន្លត់អគ្គិភ័យបានកំពុងអន្តរាគមន៍ពន្លត់ភ្លើងដែលឆេះក្នុងក្លឹបកម្សាន្តហ៊ីបហប (រូបថត៖ បូ សាវី)
យ៉ាងហោចមនុស្ស៦នាក់បានស្លាប់ និង២នាក់ផ្សេងទៀតរងបួស នៅព្រឹកថ្ងៃអង្គារនេះ ដោយសារភ្លើងឆាបឆេះក្លឹបកម្សាន្តពេលរាត្រីមួយកន្លែងយីហោ "ហ៊ីបហប" ស្ថិតក្នុងសង្កាត់សាលាកំរើក កណ្ដាលក្រុងសៀមរាប។
បើតាមសាក្សីនៅកន្លែងកើតហេតុ ឲ្យដឹងថានៅវេលាម៉ោង២រំលងអាធ្រាត្រ ពួកគេបានឃើញមនុស្សរាប់សិបនាក់រត់ចេញពីក្លឹបកំសាន្ដរាត្រី បន្ទាប់ពីមានផ្សែងភ្លើងហុយចេញ ពីដំបូលក្លឹបកំសាន្ដរាត្រីឈ្មោះ "ហ៊ីបហប" នោះ។ ឧបទ្ទវហេតុនេះធ្វើឲ្យមនុស្ស៦នាក់ស្លាប់ជាបន្ដបន្ទាប់ នៅក្នុងនោះជនបរទេសម្នាក់ ខណៈ២ផ្សេងទៀត រងរបួសកំពុងសម្រាកនៅមន្ទីរពេទ្យខេត្ដ។
ស្នងការនគរបាលខេត្ដសៀមរាប លោក សត ណាឌី ប្រាប់ VOD នៅព្រឹកថ្ងៃអង្គារនេះថា មូលហេតុនៃការឆាបឆេះនេះក្លឹបកំសាន្ដពេលរាត្រីនេះ បណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី ប៉ុន្ដែលោកមិនទាន់ដឹងពីទំហំនៃការខូចខាតសម្ភារៈនៅឡើយទេ។
លោកបញ្ជាក់ថា សមត្ថកិច្ចប្រើរថយន្ដពន្លត់អគ្គិភ័យ៨គ្រឿង ដើម្បីបាញ់ទឹកពន្លត់អគ្គិភ័យនេះ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា នៅខេត្ដសៀមរាបក្នុងឆ្នាំ២០១៤នេះ អគ្គីភ័យបានកើតឡើងមាន៦ករណី និងមានមនុស្សស្លាប់៦នាក់ គឺស្លាប់ក្នុងករណីឆេះនៅក្នុងក្លឹមកំសាន្តនេះ៕

ទិដ្ឋភាពក្រោយពន្លត់ភ្លើងរួចរាល់
សូមសរសេរមកលោក បូ សាវី តាមរយៈ savy@vodhotnews.com
………………. , ស្លាប់ ដោយ សប្បាយ ភ្លើតភ្លើង ហ៊ាន !
……………….., , ស្លាប់ ដើម្បី ប្រទេសជាតិ មិនហ៊ាន !