ដោយ៖ ថុល ស្រីលក្ខណ៍
ថ្ងៃពុធ ទី19 វិច្ឆិកា 2014
http://vodhotnews.com
កម្មកររោងចក្រកាត់ដេរ ជីម លី ក្នុងខណ្ឌពោធិ៍សែនជ័យ មានគ្នាប្រមាណ២ពាន់នាក់ នៅព្រឹកថ្ងៃពុធនេះ ហែក្បួនទៅកាន់ក្រសួងការងារ ដើម្បីទាមទារឲ្យក្រសួងដាក់សម្ពាធទៅភាគីរោងចក្រផ្ដល់លក្ខខណ្ឌការងារ៨ចំណុចដល់កម្មករ ។
តំណាងកម្មករម្នាក់លោក សុំ សេង ឲ្យVODដឹង ថា នៅព្រឹកថ្ងៃពុធនេះ កម្មករបាននាំគ្នាឈរមុខរោងចក្រអស់រយៈពេលប្រមាណជា១ម៉ោង រួចនាំគ្នាដើរហែក្បួនពីមុខរោងចក្រទៅក្រសួងការងារដើម្បីរកអន្តរាគមន៍ ។ លោកថា ការដើរហែក្បួននេះធ្វើឡើងបន្ទាប់ពីការតវ៉ារបស់កម្មករបីថ្ងៃមកនេះមិនដំណោះស្រាយពីរោងចក្រ ។
កម្មកររោងចក្រជីម លី ក្នុងភូមិត្រពាំងទួល សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ផ្ទុះការតវ៉ា កាលពីព្រឹកថ្ងៃចន្ទ ដើម្បីទាមទារលក្ខខណ្ឌការងារ៨ចំណុច ដោយកម្មករអះអាងថា រោងចក្របានដកជាងម៉ាស៊ីនម្នាក់ដោយគ្មានមូលហេតុមុនបុណ្យអុំទូក ហើយក្រុមតំណាងសហជីពបានព្យាយាមធ្វើការដោះស្រាយជាមួយនឹងនិយោជក ប៉ុន្តែភាគីខាងនយោជកមិនព្រមទទួលយកជាងម៉ាស៊ីននោះឲ្យចូលធ្វើការវិញទេ ។
លក្ខខណ្ឌទាំង៨ចំណុចដែលកម្មករទាមទាររួមមាន ទទួលយកជាងម៉ាស៊ីនដែលត្រូវបានបញ្ឈប់ឲ្យចូលធ្វើការវិញ ផ្ដល់លុយអាហារ៤០០០រៀលក្នុងមួយថ្ងៃ ផ្ដល់លុយស្នាក់នៅនិងសម្រាប់ធ្វើដំណើរ១៥ដុល្លារក្នុងមួយខែ ផ្ដល់លុយព្រីម១៨ដុល្លារ បើកលុយ៥ភាគរយនៅពេលកម្មករនិយោជិកដល់កុងត្រា បើកលុយបីខែមុនដល់ស្រី្តដែលដាក់ច្បាប់ឈប់សម្រាកទៅសម្រាលកូន រៀបចំកន្លែងដាក់កង់ម៉ូតូឲ្យបានសមរម្យ និងអនុវត្តម៉ោងចូលធ្វើការឲ្យដូចមុន ៕

សូមសរសេរមកអ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com
