Wed, 19 November 2014
ឈន ណន
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ក្រុមចំបាប់បាននាំមេដាយពីការប្រកួតកីឡាអាស៊ីឆ្នេរខ្សាច់លើកទី៤ ឆ្នាំ២០១៤ នៅភូកេត ប្រទេសថៃ មកដល់មាតុប្រទេស កាលពីរាត្រីថ្ងៃអង្គារ ម្សិលមិញ ក្រោមការស្វាគមន៍ពីលោក ថោង ខុន ប្រធាន NOCC និងមន្រ្តីកីឡាសំខាន់ៗជាច្រើនទៀត ប៉ុន្តែក្រុមបាល់ទះលើឆ្នេរខ្សាច់កម្ពុជា កំពុងធ្វើការប្រកួតប្រជែងតាមពូល។
ការឈ្នះមេដាយជាប្រវត្តិសាស្រ្តរបស់ចំបាប់កម្ពុជា នៅក្នុងការប្រកួត ដែលមានប្រទេសចំនួន៤៥ចូលរួមនេះ បានកើតមានឡើង នៅពេលដែលកីឡាការិនីម្ចាស់មេដាយមាសស៊ីហ្គេម នៅមីយ៉ាន់ម៉ា និ សំណាង បានឈ្នះមេដាយសំរឹទ្ធ តាមរយៈការយកឈ្នះកីឡាការិនីឥណ្ឌូនេស៊ី Rahayu Sri ២-១ ក្នុងការប្រកួតលើកទី២គឺក្រោយពេលនាងបានចាញ់កីឡាការិនីវៀតណាម ២-០ និងចាញ់កីឡាការិនីរបស់ថៃ ២-០។
លោក ធិន វិចិត្រ ដែលជាគ្រូបង្វឹកដឹកនាំក្រុមចំបាប់ទៅប្រកួតលើកនេះ បានប្រាប់តាមគណនីហ្វេសប៊ុក មុនពេលលោកឡើងយន្តហោះមកប្រទេសកម្ពុជាវិញ កាលពីព្រឹកម្សិលមិញថា៖«វាជាប្រវត្តិសាស្ត្រហើយ សម្រាប់កីឡាចំបាប់ស្រុកខ្មែរ ដែលបានឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអាស៊ីបែបនេះ»។
លោក វិចិត្រ ដែលជាអគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា ផងនោះ បានបន្តថា៖«ថ្វីបើវាជាប្រភេទកីឡាអាស៊ីលើឆ្នេរខ្សាច់ ប៉ុន្តែវាមិនមែនជាការងាយស្រួលទេក្នុងការដណ្តើមបានមេដាយលើវិញ្ញាសាចំបាប់នេះ ព្រោះប្រទេសខ្លាំងៗជាច្រើនបានចូលរួមប្រកួតប្រជែង ហេតុនេះក្នុងនាមខ្ញុំ ក៏ដូចជាសហព័ន្ធកីឡាចំបាប់កម្ពុជា មានការសប្បាយរីករាយ និងមោទនភាពយ៉ាងខ្លាំងចំពោះកីឡាការិនី និ សំណាង ដែលដណ្តើមបានមេដាយសំរឹទ្ធមួយនេះ»។
ចំណែក និ សំណាង បានប្រាប់ថា៖«ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ ចំពោះការដណ្តើមបានមេដាយជូនជាតិលើកនេះ ហើយនេះជាមេដាយលើកទី២ សម្រាប់ការចូលរួមប្រកួតជាលក្ខណៈអន្តរជាតិរបស់ខ្ញុំ គឺបន្ទាប់ពីការឈ្នះមេដាយមាស ក្នុងការប្រកួតស៊ីហ្គេម លើកទី២៧ នៅមីយ៉ាន់ម៉ា កាលពីឆ្នាំ២០១៣»។
កីឡាការិនីដ៏ស្រស់សោភាវ័យ២១ឆ្នាំ និ សំណាង បានបញ្ជាក់ថា៖«បើទោះបីជា ការប្រកួតលើឆ្នេរខ្សាច់ជាលើកដំបូងនេះ ខ្ញុំបានត្រឹមឈ្នះមេដាយសំរឹទ្ធ ប៉ុន្តែវាពិតជាមានការពិបាកខ្លាំងណាស់ ទម្រាំខ្ញុំបានឈានមកដល់ចំណុចនេះ ព្រោះការប្រកួតនេះមានប្រទេសជាច្រើនបានចូលរួម ហេតុនេះខ្ញុំគិតថា វាជាបទពិសោធដ៏ល្អបំផុតសម្រាប់ខ្ញុំ ហើយខ្ញុំនឹងខំព្យាយាមធ្វើឱ្យបានល្អសម្រាប់ការប្រកួតលើកក្រោយៗទៀត»។
យ៉ាងណាក៏ដោយ កីឡាករចំបាប់កម្ពុជាចំនួន៣ទៀតមាន ចាប លឿន ដែលប្រកួតក្នុងទម្ងន់លើ៨៥គ.ក្រ កាង ដែនពិសិដ្ឋ ទម្ងន់ក្រោម៧០គ.ក្រ និង ជុន ធួន ប្រកួតក្នុងទម្ងន់ក្រោម៨០គ.ក្រ បានចាញ់៣លើកជាប់ៗគ្នាក្នុងវគ្គជម្រុះដូចគ្នា។
ប៉ុន្តែលោក ធិន វិចិត្រ ពន្យល់ថា៖«ការប្រកួតនេះគេប្រើចន្លោះ១០គ.ក្រ ហេតុនេះ កាង ដែនពិសិដ្ឋ ទម្ងន់ពិត៦៣គ.ក្រ ត្រូវប្រកួតជាមួយអ្នកមានទម្ងន់៧០គ.ក្រ រីឯ ជុន ធួន ទម្ងន់ពិត៧៥គ.ក្រ ត្រូវប្រកួតនឹងទម្ងន់៨០គ.ក្រ ឯ ចាប លឿន ទម្ងន់៨៣គ.ក្រ ត្រូវប្រកួតជាមួយអ្នកមានទម្ងន់១២០គ.ក្រ ហើយនេះមូលហេតុដែលធ្វើឲ្យពួកគេចាញ់បែបនេះ»។
ចំណែកក្រុមកីឡាករបាល់ទះលើឆ្នេរខ្សាច់កម្ពុជា លឹម សំអាត និង ស៊ឹម ឃ្លោក បានឈ្នះក្រុមប៉ាឡេស្ទីន ដោយស្វ័យប្រវត្តិ កាលពីចន្ទ ប៉ុន្តែការប្រកួតលើកទី២ កាលពីម្សិលមិញនេះ ពួកគេបានចាញ់ក្រុមកាតា ២-១ ជាមួយគ្រាប់បាល់ ២១-១៤ ១៧-២១ និង ១៥-១៣ ហើយនៅថ្ងៃពុធនេះអ្នកទាំង២ត្រូវជួបក្រុមវៀតណាម មុនពេលបន្តទៅប៉ះក្រុមលីបង់។
ប៉ុន្តែក្រុមបាល់ទះប្រើជើងរបស់កម្ពុជា (Foot Volley) មានយុវជន សឿង ខន្តី និង គីម ហាប់ បានធ្លាក់ចេញពីការប្រកួតនេះហើយ បានវិលមកកម្ពុជាវិញ តាំងពីថ្ងៃអាទិត្យ៕