Wed, 19 November 2014
ឆាយ ច័ន្ទនីដា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ការកាត់ក្តីលើមនុស្ស ១១ នាក់ក្នុងនោះមានសកម្មជនដីធ្លី ១០ នាក់ និងព្រះសង្ឃ ១ អង្គ ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗមួយឆ្នាំ កាលពីសប្តាហ៍មុន បានបង្ហាញពីល្បឿនយ៉ាងលឿនដែលប្រព្រ័ន្ធយុត្តិធម៌កម្ពុជាអាចដំណើរការ។ យ៉ាងណាមិញ វាផ្ទុយស្រឡះនឹងចំនួនរឿងក្តីជាច្រើន ដែលចុងចោទត្រូវជាប់ឃុំបណ្តោះអាសន្នរយៈពេលវែង។
នៅ ខេត្តកណ្តាល អ្នកស្រី សៀង ចំរើន អាយុ ៣៥ឆ្នាំ បានទៅសួរសុខទុក្ខឪពុករបស់ខ្លួន លោក សៀង សារិន ជាប្រចាំដែលជាសន្តិសុខម្នាក់ក្នុងចំណោមសន្តិសុខ ៤ នាក់ដែលត្រូវចាប់ខ្លួនជាមួយនឹងអ្នកភូមិម្នាក់ នៅពេលកោដ្ឋមាសដែលមានសារីរិកធាតុត្រូវបានចោរលួចពីភ្នំឧដុង្គកាលពី ខែធ្នូ។ អ្នកស្រី ចំរើន ថ្លែងថា៖ «ឪពុករបស់ខ្ញុំបំពេញករណីយកិច្ចនៅយប់នោះ ប៉ុន្តែ គាត់មិនដឹងទេថា តើអ្នកណាជាអ្នកលួចសារីរិកធាតុទេ»។
ក្រោយមកសារីរិកធាតុត្រូវបានគេអះអាងថា បានរកឃើញនៅ ខេត្តតាកែវ ហើយលោក កែវ រស្មី អាយុ ២៤ឆ្នាំ ត្រូវបានចោទប្រកាន់បន្ទាប់ពីនគរបាលចុះបង្ក្រាបផ្ទះរបស់គាត់។ ទោះជាយ៉ាងណា មុនពេលនោះ នគរបាលរកឃើញចម្លាក់ដទៃទៀតដែលបានលួចពីភ្នំឧដុង្គក្នុងផ្ទះលោក ផា សុឃឹម ប្រធានសន្តិសុខ។ ដោយចាត់ទុកជាក្រុមតែមួយ ទាំងសន្តិសុខ និងអ្នកភូមិនោះ ពួកគេត្រូវបានចោទប្រកាន់ និងបង្គាប់ឲ្យឃុំឃាំងបណ្តោះអាសន្ន។
អ្នកស្រី ចំរើន បានបន្ថែមថា ចាប់តាំងពីពេលនោះមក ឪពុករបស់អ្នកស្រី និងបុរសផ្សេងទៀត ដែលបានចាប់ខ្លួននៅភ្នំឧដុង្គ ពុំដែលបានឃើញសាលតុលាការទេ។ អ្នកស្រីគូសបញ្ជាក់ថា៖ «[ឪពុករបស់ខ្ញុំ] បានជាប់ឃុំជិត ១ ឆ្នាំហើយ។ គាត់គ្មានកំហុសអីទេ ហើយគួរត្រូវដោះលែង»។
អ្នកលក់មាសម្នាក់ដែលត្រូវបានចាប់ខ្លួននៅថ្ងៃដដែលដូចលោក រស្មី និងដែលត្រូវបានចោទប្រកាន់ពីបទទទួលផលចោរកម្មក៏ត្រូវបានជាប់ឃុំយូរដូចគ្នា ប៉ុន្តែយ៉ាងហោចណាស់ បានទទួលការជំនុំជម្រះ។
ក្នុងសវនាការតុលាការ នៅ ខេត្តកណ្តាល កាលពីថ្ងៃ ទី២៨ ខែតុលា អ្នកស្រី សារ៉េត បានបដិសេធថា ខ្លួនមិនដឹងថា មាសដែលខ្លួនទិញពីលោក រស្មី នោះ គឺជារបស់ចោរលួចពីភ្នំឧដុង្គ ដែលរំលាយពីសារីរិកធាតុនោះទេ។ អ្នកស្រីថ្លែងថា៖ «មាសនោះត្រូវបានរំលាយជាបំណែកតូចៗ។ ខ្ញុំមិនដឹងថា វាជាសារីរិកធាតុទេ។ ខ្ញុំធ្វើជាអ្នកទិញលក់មាសជាង ២០ ឆ្នាំហើយ ហើយខ្ញុំមិនដែលបានធ្វើអ្វីខុសទេ»។
នៅពេលអ្នកស្រី សារ៉េត បានមកដល់តុលាការកាលពីថ្ងៃ ទី១២ ខែវិច្ឆិកា ដែលជាថ្ងៃចេញសាលក្រម គេប្រាប់អ្នកស្រីថា លោក ហុក វ៉ានធីណា ចៅក្រមជំនុំជម្រះ ជាប់រវល់។ បន្ទាប់មក គេបញ្ជូនអ្នកស្រីទៅពន្ធនាគារវិញដោយមិនប្រាប់អ្នកស្រីថា ចេញសាលក្រមនៅពេលណាទេ។
លោក រស្មី មិនទាន់ទទួលបានការជំនុំជម្រះនៅឡើយទេ។ ប៉ុន្តែគាត់ចង់ប្រាប់តុលាការថា គាត់គ្មានកំហុសហើយគាត់ធ្វើសកម្មតែម្នាក់ឯង។
មន្រ្តីនៅតុលាការ ខេត្តកណ្តាល បានផ្តល់សេចក្តីលម្អិតតិចតួចអំពីរឿងក្តីទាំងបីដែលមានភាពស្ងប់ស្ងាត់នេះ។
លោក លឹម សុគន្ថា ចៅក្រមស៊ើបអង្កេតក្នុងរឿងក្តីសន្តិសុខ បានថ្លែងថា លោកបានបញ្ចប់ការស៊ើបអង្កេតហើយ មានន័យថា សេចក្តីសម្រេចរបស់លោកស្តីពីថា តើត្រូវបញ្ជូនរឿងទៅជំនុំជម្រះឬអត់ បានបញ្ជូនទៅព្រះរាជអាជ្ញារួចហើយ។
ប៉ុន្តែ លោក សំ រិទ្ធីវាសនា ព្រះរាជអាជ្ញារងបានថ្លែងថា លោកមិនបានឃើញឯកសារនោះពីលោក សុគន្ថា ទេ។
យោងតាម International Centre for Prison Studies (ICPS) ជាអង្គការមិនមែនរដ្ឋាភិបាលបានឲ្យដឹងថា កម្ពុជាជាប់លេខ ២៧ អាក្រក់បំផុតនៅលើពិភពលោក ទាក់ទងនឹងចំនួនភាគរយនៃការឃុំឃាំងបណ្តោះអាសន្ននៃអ្នកទោសទាំងអស់។ ក្នុងអត្រាប្រហែល ៦០ ភាគរយកម្ពុជាអាក្រក់ជាង ប្រទេសអ៊ីរ៉ាក់ ហើយជាប់លំដាប់អាក្រក់ ទី២ នៅអាស៊ីអាគ្នេយ៍ពីក្រោយប្រទេសហ្វីលីពីន។
និយមន័យរបស់ ICPS នៃការឃុំឃាំងបណ្តោះអាសន្ន រួមបញ្ចូលរយៈពេលដែលបានជាប់ឃុំរហូតដល់ចប់ការជំនុំជម្រះព្រហ្មទណ្ឌ និងបណ្តឹងសារទុក្ខ។ ដោយប្រើប្រាស់និយមន័យដូចគ្នានេះ អង្គការលីកាដូ ដែលជាអង្គការសិទិ្ធមនុស្សក្នុងស្រុក បានថ្លែងថា អ្នកជាប់ពន្ធនាគារ ៦៣ ភាគរយកំពុងជាប់ឃុំឃាំងជាបណ្តោះអាសន្ន ផ្អែកលើតួលេខរដ្ឋាភិបាលពី ខែកញ្ញា។ លីកាដូ បានឲ្យដឹងថា៖ «ចំពោះស្រ្តីគឺ ៧០ ភាគរយ ហើយអនីតិជនវិញគឺ ៨៣ ភាគរយ។ តាមច្បាប់ ជនដែលប្រឈមនឹងបទមជ្ឈិម អាចឃុំឃាំងរហូតដល់ ៦ខែ ហើយជនដែលត្រូវបានចោទប្រកាន់ពីបទល្មើសកាន់តែធ្ងន់ធ្ងរអាចជាប់ឃុំរហូតដល់ទៅ ១៨ ខែ»។
ទោះជាយ៉ាងណា ច្បាប់ចែងថា ការឃុំឃាំងបណ្តោះអាសន្នត្រូវប្រើក្នុងកាលៈទេសៈពិសេសប៉ុណ្ណោះ។ មូលហេតុនៃការឃុំខ្លួនបណ្តោះអាសន្ន រួមមាន ការបង្ការកុំឲ្យប្រព្រឹត្តបទល្មើសទៀត ការធានាថា ជនត្រូវចោទបង្ហាញខ្លួននៅតុលាការនិងការការពារសណ្តាប់ធ្នាប់សាធារណៈ។
លោកស្រី Sharon Critoph ទីប្រឹក្សាពន្ធនាគាររបស់អង្គការលីកាដូបានថ្លែងថា៖ «ចែងច្បាស់ក្នុងក្រមនីតិព្រហ្មទណ្ឌកម្ពុជា ជាគោលការណ៍ ជនត្រូវចោទគួរមានសេរីភាព។ ការឃុំឃាំងបណ្តោះអាសន្នគួរតែជាមធ្យោបាយចុងក្រោយ ហើយក្នុងករណីបទឧក្រិដ្ឋ ឬបទមជ្ឈិម ដែលមានទោសមួយឆ្នាំ ឬច្រើនជាងនេះ»។
អង្គការសិទិ្ធមនុស្សបានឲ្យដឹងថា ខណៈការលួចសារីរិកធាតុជាតិនឹងស្ថិតក្នុងប្រភេទនោះ រយៈពេលឃុំឃាំងយូរ ជារឿយៗប៉ះពាល់ដល់ឱកាសទទួលបានការជំនុំជម្រះដោយយុត្តិធម៌។ នៅដើមឆ្នាំនេះ ចៅក្រមត្រូវបានបង្គាប់ឲ្យសរសេរពីហេតុផលក្នុងការឃុំឃាំងជនណាម្នាក់បណ្តោះអាសន្ន។
លោកស្រី Critoph បានថ្លែងថា៖ «អង្គការលីកាដូ ស្វាគមន៍ចំណាត់ការកំណែទម្រង់នេះ ប៉ុន្តែកត់សម្គាល់ទាំងខកចិត្តថា ហាក់បីដូចជាគ្មានការតាមដានពីកម្រិតដែលនីតិវិធីត្រូវបានអនុវត្តឲ្យបានត្រឹមត្រូវទេ»។
លោកស្រី Critoph បន្ថែមថា អត្រាខ្ពស់នៃការឃុំឃាំងបណ្តោះអាសន្នបានបង្ហាញថា ការផ្លាស់ប្តូរនោះពុំមានផលធំដុំទេ៕
រាយការណ៍បន្ថែមដោយ Shane Worrell
