ដោយ ជិន ជេដ្ឋា
2014-11-19
RFA
ប្រជាពលរដ្ឋចំនួន ២១គ្រួសារ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ស្វែងរកអន្តរាគមន៍ពីសមាគមអាដហុក (Adhoc) បន្ទាប់ពីអាជ្ញាធរប្រកាសថានឹងដាក់គ្រឿងចក្រឈូសឆាយដីស្រែចម្ការរបស់ពួកគាត់ ដើម្បីដាំកូនឈើបង្កើតព្រៃសហគមន៍។ តំណាងប្រជាពលរដ្ឋបញ្ជាក់ថា ក្រុមពលរដ្ឋអាចប្រឈមមុខជាមួយអាជ្ញាធរ ប្រសិនបើមានការឈូសឆាយមែននោះ។
តំណាងពលរដ្ឋបីនាក់ បានដាក់លិខិតភ្ជាប់ស្នាមមេដៃជូនសមាគមអាដហុក ប្រចាំខេត្តពោធិ៍សាត់ ដើម្បីសុំឲ្យផ្ដល់វគ្គបណ្ដុះបណ្ដាលផ្នែកច្បាប់ និងតស៊ូមតិ ព្រមទាំងស្នើសុំម៉ាស៊ីនថតរូបចំនួនពីរគ្រឿង ទុកថតផ្ដិតយកសកម្មភាពរំលោភសិទ្ធិមនុស្ស ឬការឈូសឆាយប៉ះពាល់ដីធ្លីរបស់អ្នកភូមិពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច។
តំណាងពលរដ្ឋម្នាក់ក្នុងចំណោមបីនាក់ គឺលោក សោម សារាវុធ ដែលត្រូវតុលាការខេត្តពោធិ៍សាត់ ចេញដីកាកោះហៅទៅសាកសួររឿងដីធ្លីនេះចំនួនពីរលើករួចមកហើយនោះ បញ្ជាក់នៅថ្ងៃទី១៩ ខែវិច្ឆិកា ថា ដីភូមិឋានចាស់ទំហំដី ៦៣ហិកតាររបស់ពលរដ្ឋភូមិសន្សក្ដាម ចំនួន ២១គ្រួសារ បានកាន់កាប់បន្តពីជីដូនជីតា និងខ្លះកាន់កាប់តាំងពីឆ្នាំ១៩៨៣ មក។ កាលពីឆ្នាំ២០១១ រដ្ឋាភិបាលបានដកដីព្រៃទំហំ ៣០០ហិកតារពីក្រុមហ៊ុន ភាពីម៉ិច (Pheapimix) មកដាក់ជាដីព្រៃសហគមន៍ឃុំស្នាអន្សា ប៉ុន្តែអាជ្ញាធរឃុំមានល្បិចអាក្រក់ បានកាត់ដីផ្នែកខ្លះយកទៅលក់ ហើយមករឹបអូសដីអ្នកភូមិទាំង ២១គ្រួសារ ទៅធ្វើជាដីសហគមន៍វិញ។
លោកថា ពលរដ្ឋមិនចង់ដោះដូរទៅកន្លែងណាផ្សេងក្រៅពីភូមិឋានធ្លាប់រស់នៅ និងប្រឆាំងដាច់ខាតចំពោះការឈូសឆាយរំលោភបំពានលើដីរបស់ពួកគាត់៖ «ខ្ញុំនឹងនាំគ្នាខ្ញុំទៅហាមឃាត់ប្រឈមមុខតទល់គ្នាហ្នឹងចំពោះមុខគ្រឿងចក្រ ចំពោះមុខអាជ្ញាធរ។ ខ្ញុំអត់មានខ្លាចអីទេ បើគ្រាន់តែការពារដីខ្លួនឯងម៉ែឪបន្សល់ទុកឲ្យប៉ុណ្ណឹង គេចាប់ក៏ចាប់ចុះអត់មានខ្លាច ឬមានភ្ញាក់ផ្អើលអីទេបង»។
ទាក់ទងបញ្ហានេះ មេឃុំស្នាអន្សា លោក មោក កោ បដិសេធថា អាជ្ញាធរមិនបានប្រកាសដាក់គ្រឿងចក្រឈូសឆាយអ្វីនោះទេ ប៉ុន្តែបើមានការដាំដុះកូនឈើមែននោះ គឺមិនចាំបាច់ឈូសឆាយឡើយ គឺអាចដាំនៅតាមចន្លោះៗព្រៃតែម្ដង ពីព្រោះដីនោះសម្បូរទៅដោយព្រៃស្រាប់។ លោកបង្ហើបថា ការពិតអ្នកភូមិដែលមានផលប៉ះពាល់ពីដីព្រៃសហគមន៍នេះ មានតែ ៦គ្រួសារប៉ុណ្ណោះ តែបានបំបែកទៅជា ២១គ្រួសារ ហើយអាជ្ញាធរក៏ធ្លាប់បានសម្របសម្រួល និងដោះដូរដីនៅក្បែរនោះក្នុងម្នាក់ ១ហិកតារ ប៉ុន្តែពួកគាត់នៅតែមិនព្រមដោះដូរ៖ «អត់ៗ! អត់បានប្រកាសផង (ប្រកាសដាក់គ្រឿងចក្រ) ដាំកូនឈើឈូសឆាយធ្វើស្អីគេដាំចន្លោះៗព្រៃ។ ដាំកូនឈើអាហ្នឹងនៅលើរដ្ឋបាលព្រៃឈើតើ។ អ្ហឺស! នរណាក៏គេថាបានដូចតែគ្នាហ្នឹង គ្រាន់តែបោះបង្គោលយកអត់ធ្វើវាមានស្អីដីព្រៃហ្នឹង អាដីស្រែគាត់ក្រុមនិស្សិតគេវាស់ឲ្យអស់ហើយ»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តពោធិ៍សាត់ លោក ភួង សុធា ថ្លែងថា ខាងលោកនឹងផ្ដល់វគ្គបណ្ដុះបណ្ដាលផ្នែកច្បាប់ និងតស៊ូមតិដល់ពួកគាត់។ ចំណែកការស្នើសុំម៉ាស៊ីនថតរូប និងជួយព្យាបាលជំងឺអ្នកមានបញ្ហាដីធ្លីម្នាក់នោះ គឺលោកមិនទាន់អាចឆ្លើយតបយ៉ាងណាបាននៅឡើយទេ ប៉ុន្តែលោកនឹងធ្វើសំណើទៅស្នាក់ការកណ្ដាលរបស់លោកបន្តទៀត។ លោកបញ្ជាក់ថា ក្រោយពីចុះអង្កេតករណីដីធ្លីនេះជាច្រើនលើកមក លោករកឃើញថា ទីតាំងដីដែលពលរដ្ឋកំពុងទាមទារនោះ ជាប្រភេទដីស្រែចម្ការធ្លាប់បង្កបង្កើនផលពីមុនមកមែន ប៉ុន្តែពួកគាត់មិនធ្វើជាប់លាប់ទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ជនជាតិព្នងនៅមណ្ឌលគិរីតាំងលំនៅថ្មីលើដីដែលរដ្ឋដកអាជ្ញាប័ណ្ណពីក្រុមហ៊ុនLKL
- តុលាការសម្រេចឃុំខ្លួនឪពុកនិងកូនស្រីក្នុងសំណុំរឿងជម្លោះដីធ្លីនៅបឹងកក់១
- ពលរដ្ឋនៅកោះរ៉ុងចោទក្រុមហ៊ុនថតកុនបេស្តខេមថាឈូសឆាយរំលោភដីចម្ការ
- ពលរដ្ឋនៅក្រុងប៉ោយប៉ែតនាំគ្នាតវ៉ាឲ្យអាជ្ញាធរបើកទំនប់បង្ហូរទឹកចេញពីស្រែ
- ពលរដ្ឋនៅកំពង់ឆ្នាំងស្នើអាជ្ញាធរដកហូតដីព្រៃលិចទឹកដែលអ្នកភូមិកាប់ទន្ទ្រាន
- ទាហានខេត្តឧត្ដរមានជ័យរងការចោទប្រកាន់ថារំលោភយកដីប្រជាពលរដ្ឋនិងបិទផ្លូវចេញចូល
- អ្នកភូមិនៅមណ្ឌលគិរីអះអាងថាអាជ្ញាធរបណ្ដេញដោយប្រើហិង្សារុះរើនិងដុតបំផ្លាញផ្ទះ
- អ្នកមានជម្លោះដីជាមួយក្រុមហ៊ុនចម្ការកៅស៊ូមេមត់ទាមទារអាជ្ញាធរផ្ដល់កម្មសិទ្ធិដីធ្លី
- ពលរដ្ឋតវ៉ាដីធ្លីរកអន្តរាគមន៍ពីតំណាងរាស្ត្រទាំងពីរបក្សឲ្យដោះលែងមនុស្ស១៦នាក់