​ក្រសួង​យុត្តិធម៌​ថា​ការដោះលែង លោក មា​ជ សុវណ្ណា​រ៉ា ទុកឲ្យ​តុលាការ​ជា​អ្នកសម្រេច​​

ដោយ៖​ ញឹម សុខន​
ថ្ងៃពុធ ទី19 វិច្ឆិកា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

​ក្រសួង​យុត្តិធម៌​បំភ្លឺ​ជា​ផ្លូវការ​ទៅ​ក្រសួង​មហាផ្ទៃ​វិញ​ថា ការដោះលែង​សកម្មជន​បក្សប្រឆាំង​លោក មា​ជ សុវណ្ណារ៉ា ឲ្យនៅ​ក្រៅ​ឃុំ​បណ្តោះ​អា​សន្ត ឬ​ទម្លាក់ចោល​បទ​ចោទ គឺ​ទុកឲ្យ​តុលាការ​ជា​អ្នកសម្រេច ។​

ការអះអាង​របស់​ក្រសួង​យុត្តិធម៌​នេះ ធ្វើឡើង​បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ​ផ្ញើ​លិខិត​ទៅ​ក្រសួង​យុត្តិធម៌​កាលពី​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៤ ដោយយោង​តាម​លិខិត​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ដែល​ស្នើ​សុំ​ជួយ​អន្តរាគមន៍​ទម្លាក់​ការចោទប្រកាន់ និង​លើកលែង​លោក មា​ជ សុវណ្ណារ៉ា ។ សកម្មជន​បក្សប្រឆាំង​រូបនេះ​ត្រូវ​តុលាការ​ឃុំខ្លួន​ដោយ​ចោទ​ពាក់ព័ន្ធ​នឹង​អំពើហិង្សា​លើ​ពួក​សន្តិសុខ ដែល​រារាំង​បាតុករ​ទាមទារ​ឲ្យ​បើកទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៤ ។​
​លិខិត​ក្រសួង​សួង​មហាផ្ទៃ​បានស្នើ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ជួយ​ពិនិត្យ និង​ជួយ​យោបល់​មក​ក្រសួង​មហាផ្ទៃ​ដើម្បី​មាន​មូលដ្ឋាន​ចាត់វិធានការ​បន្ត ។​

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ ឲ្យ VOD ដឹង​នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៤​នេះ​ថា ក្រសួង​យុត្តិធម៌​បាន​ផ្ញើ​លិខិត​ផ្លូវការ​មក​ក្រសួង​មហាផ្ទៃ​ហើយ ដោយ​បញ្ជាក់​ថា វិធី​ដែល​អាច​ធ្វើឲ្យ​លោក មា​ជ សុវណ្ណារ៉ា នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ឬ​ទម្លាក់ចោល​បទ​ចោទ​គឺជា​សិទ្ធិ​អំណាច​របស់​ចៅក្រម ដែល​ក្រសួង​យុត្តិធម៌​មិន​អាច​លូក​ដៃ​បាន ។ លោក​បញ្ជាក់ថា «​បង្ហាញ​ពី​នីតិវិធី ដើម្បី​ឲ្យ​សម៉ីខ្លួន​ស្ថិតនៅក្រៅឃុំ អត់​មាន​ដោះលែង​ទេ ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​»

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញ​ឬ​ទ្ធិ មិន​ប្រតិកម្ម​ទៅ​នឹង​ការលើក​ហេតុផល​របស់​រដ្ឋាភិបាល​នេះ​ទេ ហើយ​គណបក្ស​កំពុង​ពិភាក្សា​ជាមួយ​មេធាវី ដើម្បី​ជួយ​ឲ្យមាន​យុត្តិធម៌​ដល់​លោក មា​ជ សុវណ្ណ​រ៉ា ។ ប៉ុន្តែ​លោក​យល់ថា​ប្រព័ន្ធយុត្តិធម៌ នៅ​កម្ពុជា​ត្រូវការ​ពេលវេលា​ច្រើន​ទៀត​ដើម្បី​ធ្វើ​កំណែទម្រង់ ។ លោក​ថា «​យើង​សង្ឃឹមថា ប្រព័ន្ធ​យុត្តិធម៌​ស្រុក​យើង មាន​ការកែលម្អ ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង មិនមែន​ត្រឹមតែ​ករណី​លោក មា​ជ សុវណ្ណារ៉ា ទេ គឺ​ករណី​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​តែ​ម្តង ជា​ពិសេស​រឿង​ជនរងគ្រោះ​ដោយសារ​ដីធ្លី ដែល​រងគ្រោះ​ដោយ​ប្រព័ន្ធ​យុត្តិធម៌​មួយ​មិន​ឯករាជ្យ មិន​អព្យាក្រឹត ហើយ​មិន​យុត្តិធម៌​ទៀត ។ ទាំងអស់​នេះ​កំពុងតែ​សិក្សា​មើល​កំណែទម្រង់​តាម​វិធី​ណាខ្លះ​»

​យ៉ាងនេះ​ក្តី​នៅ​អាណត្តិ​ទី​៥​នេះ តំណាងរាស្ត្រ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា បាន​អនុម័ត​ច្បាប់​៣ ដើម្បី​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ។ ប៉ុន្តែ​សង្គម​ស៊ីវិល​ដាក់​ការព្រួយបារម្ភ​ថា ច្បាប់​ថ្មី​នោះ​មិន​បាន​ជួយ​ឲ្យ​តុលាការ​ឯករាជ្យ​ទេ តែ​បាន​ផ្តល់​អំណាច​ច្រើន​ដល់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ដើម្បី​ត្រួតត្រា​ចៅក្រម និង​ព្រះរាជអាជ្ញា​ដែល​ជា​ដើមចម​ធ្វើ​ឲ្យ​បក្ស​កាន់​អំណាច​កាន់តែ​មាន​ឱកាស ប្រើ​ប្រព័ន្ធយុត្តិធម៌​ដើម្បី​ពង្រីក​អំណាច​របស់​ខ្លួន ៕

សូម​សរសេរ​មក​លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles