​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ថា ចៅក្រម​សាលាដំបូង​រាជធានី​ធ្វើ​ខុស​នីតិវិធី​ច្បាប់​​

ដោយ៖​ ខាន់ លក្ខិណា​
ថ្ងៃពុធ ទី19 វិច្ឆិកា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ថា ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញធ្វើ​ខុស​នីតិវិធី​ច្បាប់ ករណី​សួរចម្លើយ​សកម្មជន​បក្សប្រឆាំង ដោយ​មិន​មាន​មេធាវី​ការពារ​ក្ដី​ចូលរួម​ជាមួយ ​។​

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​បាត់ដំបង​លោកស្រី មូរ សុខ​ហួរ ឲ្យ ​VOD ​ដឹង​នៅ​ថ្ងៃ​ពុធ​នេះ​ថា ការ​ដែល​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កែវ មុនី សួរចម្លើយ​លោក អ៊ុក ពេជ្រ​សំណាង នៅ​ថ្ងៃ​ទី​១៨ ខែវិ​ចិ្ឆ​កា ឆ្នាំ២០១៤ ដោយ​មិន​បាន​ជូន​ដឹង​ដល់​មេធាវី​របស់​គាត់​ជាមុន ដើម្បី​ឲ្យចូល​ការពារ​កូនក្ដី និង​ផ្ដល់​ព្រឹក្សា​យោបល់​ផ្លូវច្បាប់ឲ្យ​កូន​ក្ដីខ្លួន​គាត់​នោះ គឺជា​ការអនុវត្ត​ខុស​នីតិវិធី​ច្បាប់ ​។​

លោក​ស្រី​ថា ការ​សួរ​យក​ចម្លើយ​ជនជាប់ចោទ ដោយ​មិន​មាន​មេធាវី​ការពារ​ក្ដី​ផ្ដល់​ការប្រឹក្សា​យោបល់ ជា​គ្រោះថ្នាក់​ដ៏​ធំ​ដល់​ជនជាប់ចោទ ព្រោះ​គាត់​មិន​ចេះ​ច្បាប់ មិនដឹង​ថា​ចម្លើយ​ទាំងអស់​របស់​គាត់ អាច​នឹង​មក​ចង​គាត់​វិញ​ទេ​ ។​

លោកស្រី ​មូរ សុខ​ហួរ មានប្រសាសន៍ថា  នីតិវិធី​របស់​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​នេះ ជា​ការរំលោភ​សិទិ្ធ​លើ​សិទ្ធិ​ជនជាប់ចោទ ដែល​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ ។ លោក​ស្រី​ថា លោកស្រី​នឹងដាក់​លិខិត​ទៅ​ប្រធាន​រដ្ឋសភា ពេល​ប្រធាន​រដ្ឋសភា​សម្រេច​រួច​ហើយ នឹង​បញ្ជូន​ទៅ​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ដើម្បី​ឲ្យ​កោះហៅ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កែវ មុនី មក​ឆ្លើយបំភ្លឺ​ចំពោះ​ការអនុវត្ត​ខុស​នីតិវិធី​នេះ​ ។

VOD​ បាន​ព្យាយាម​ទាក់ទង​លោក​ចៅក្រម កែវ មុនី ដើម្បី​បាន​ការឆ្លើយតប​នឹង​ការ​ចោទ​​ប្រកាន់​នេះ ប៉ុន្តែ​មិន​មាន​អ្នកទទួល​ទូរសព្ទ​។

​នាយក​ក្រុមអ្នកច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក​មេធាវី ហ៊ុង គឹម​សួន មានប្រសាសន៍ថា តាម​ច្បាប់​រាល់​ការ​សួរ​យក​ចម្លើយ​ពី​ជនជាប់ចោទ ចៅក្រម​ត្រូវតែ​តម្រូវ​ឲ្យ​ជនជាប់ចោទ​រក​មេធាវី​មក​ការពារ​ខ្លួន​ជា​មុន​សិន ​។

​កាលពី​ខែ​សីហា​កន្លងទៅ សកម្មជន​គណបក្ស​សង្គ្រោះ​ជា​តិលោក អ៊ុក ពេជ្រ​សំណាង ត្រូវបាន​តុលាការ​សម្រេច​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការត្រួតពិនិត្យ ពី​បទ​ចូលរួម​ធ្វើ​កុបកម្ម​ប្រឆាំង​នឹង​អ្នករាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់​ទោស និង​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ប្រព្រឹត្ត​នៅ​ចំណុច​ទីលាន​ប្រជាធិបតេយ្យ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ កាលពី​ថ្ងៃ​ទី១៥ ខែកក្កដា ឆ្នាំ២០១៤ បទល្មើស​ព្រហ្មទណ្ឌ​ដែល​មានចែង​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា៤៥៦, ៤៥៧, ៥០៤ និង​មាត្រា​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ៕

សូមសរសេរមកកញ្ញា ខាន់ លក្ខិណា តាមរយៈ khanleakhena@yahoo.com

What Next?

Recent Articles