ដោយ៖ អុឹង ប៊ុនថន
ថ្ងៃព្រហស្បតិ៍ ទី20 វិច្ឆិកា 2014
http://vodhotnews.com
អង្គការអន្តរជាតិដែលធ្វើការលើសិទ្ធិកុមារស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវគោលនយោបាយ និងបទដ្ឋានការពារបន្ថែមទៀតដើម្បីអនាគតកុមារកម្ពុជាជាង៥លាននាក់។
ការស្នើរបស់អង្គការទស្សនៈពិភពលោក អង្គការភ្លែនអន្តរជាតិ និងអង្គការជួយសង្គ្រោះកុមារ នៅថ្ងៃទី២០ ខែវិច្ឆិកានេះគឺស្របពេលដែលពិភពលោក កំពុងប្រារព្ធខួបទី២៥នៃអនុសញ្ញាស្តីពីសិទ្ធិកុមារ ។
សេចក្តីប្រកាសព័ត៌មានរបស់អង្គការទាំងនោះ បានកត់សម្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល បន្ទាប់ពីកម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារតាំងពីឆ្នាំ១៩៩២ ។
ប៉ុន្តែរបាយការណ៍សិក្សាស្រាវជ្រាវកន្លងមករបស់ ក្រសួងកិច្ចការនារី និងអង្គការមូលនិធិសហប្រជាជាតិដើម្បីកុមារ (UNICEF) បានរកឃើញថាអំពើហិង្សាលើកុមារ បានកើតឡើងទូទាំងប្រទេសកម្ពុជា ក្នុងនោះមានជាងពាក់កណ្តាល នៃកុមារនៅក្នុងប្រទេសកម្ពុជាធ្លាប់រងគ្រោះដោយសារហិង្សាលើរាងកាយ មុនពួកគេអាយុ១៨ឆ្នាំ ។ អង្គការទាំងនោះនិយាយថា ប្រសិនជាគ្មានវិធានការណាមួយក្នុងការទប់ស្កាត់អំពើទាំងនេះ តាមការវិភាគទៅថ្ងៃអនាគត កុមារដែលរងគ្រោះដោយសារអំពើហិង្សាពីកុមារភាព នឹងធ្លាក់ខ្លួនទៅប្រព្រឹត្តសកម្មភាពនានាដែលមានគ្រោះថ្នាក់ ឬក្លាយខ្លួនជាអ្នកប្រព្រឹត្តិអំពើហិង្សាបន្តទៅថ្ងៃអនាគត ។
លោកស្រី អិមម៉ីលីន ហ្គាព្រីល ប្រធានផ្នែកការពារកុមារនៃអង្គការទស្សនៈពិភពលោកប្រចាំនៅកម្ពុជា មានប្រសាស៍ថា «តាមរយៈបទពិសោធន៍ការងាររបស់អង្គការទស្សនៈពិភពលោកកន្លងមក មានកត្តាការរំលោភ បំពានកុមារជាច្រើនត្រូវបានដោះស្រាយក្រៅប្រពន្ធ័តុលាការ តាមរយៈការសម្របសម្រួលពីអាជ្ញាធរមូលដ្ឋាន ជាជាងឆ្លងកាត់តាមនីតិវិធីតុលាការ ។ កត្តានេះ រឹតតែជម្រុញឲ្យជនល្មើសដែលមានលុយ អាចកាត់បន្ថយទោស ខ្លួនតាមរយៈការបង់លុយ ហើយរួចផុតពីភាពអយុត្តិធម៌ផ្សេងៗដែលកើតមានឡើងលើជនរងគ្រោះ ។ ការដោះស្រាយបញ្ហាតាមរយៈវិធីសាស្ត្រនេះហើយ ដែលធ្វើឲបញ្ហាផ្សេងៗចេះតែបន្តកើតមានឡើងលើកុមារដូចជាអំពើ ហិង្សាលើកុមារ ពលកម្មកុមារ ការជួញដូរមនុស្ស និងប្រើប្រាស់គ្រឿងញៀនផ្សេងៗ» ។
លោក រានចាន់ ពួយ៉ាល់ នាយកប្រចាំប្រទេសនៃអង្គការជួយសង្គ្រោះកុមារនៅកម្ពុជាមានប្រសាសន៍ថា «តាមរយៈការវិភាគស្ថានភាពរបស់អង្គការមួយចំនួន ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ហាក់ខ្វះខាតនូវយន្តការត្រួតពិនិត្យ ប្រកបដោយប្រសិទ្ធិភាព និងសមត្ថភាពក្នុងការផ្ញើជូននូវរបាយការណ៍អនុសញ្ញាស្តីពីសិទ្ធិកុមារ ទៅដល់គណៈកម្មការអង្គការសហប្រជាជាតិ ។ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ត្រូវដើរតួនាទីឲ្យបានសកម្មជាងនេះ ក្នុងការសម្របសម្រួលក្រុមការងាររដ្ឋាភិបាលថ្នាក់ជាតិ ស្ថាប័ន និងក្រសួងដែលពាក់ព័ន្ធធ្វើយ៉ាងណាសម្រេចឲ្យបាននូវសិទ្ធិដ៏ពេញលេញសម្រាប់កុមារ» ។
លោក ទី សុវណ្ណារី អ្នកជំនាញផ្នែកសិទ្ធិកុមារប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិ មានប្រសាសន៍ថា «ស្របពេលដែលជំនួយឧបត្ថម្ភពីខាងក្រៅ អាចនឹងត្រូវបានកាត់បន្ថយនៅពេលអនាគត ថវិការដ្ឋនៅមានកម្រិត និងមិនទាន់ច្បាស់លាស់ក្នុងផ្នែកសិទិ្ធកុមារនិ ងកិច្ចការពារកុមារ ព្រមទាំងកង្វះសមត្ថភាពក្នុងការសម្របសម្រួលរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារក្នុងគោលដៅបង្កើនតួនាទីយ៉ាងសកម្ម ក្នុងការគោលនយោបាយ ឬកិច្ចសហការនានាជាមួយស្ថាប័នពាក់ព័ន្ធនឹងការការពារកុមារ គឺជាចំណុចដែលគួរពិចារណាដើម្បីជំរុញ ប្រទេសកម្ពុជាបំពេញបាននូវការគោរព ការពារ និងអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ» ៕
សូមសរសេរមកលោក អុឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com
